សភា​យល់​ព្រម​ការ​ស្នើ​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ក្នុង​ភាព​ប្រញាប់​

ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន លើក​ដៃ​ចូលរួម​អនុម័ត​សំណើ​​ច្បាប់​ស្ដី​ពីការដាក់ប្រទេសក្នុងគ្រាអាសន្ន នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០២០។ (ជន ចាន់រ៉ែន)

រដ្ឋសភាបានឯកភាពទាំងស្រុងទៅនឹងសំណើរដ្ឋាភិបាល ដែលស្នើសុំពន្លឿនច្បាប់ដាក់ប្រទេសក្នុងគ្រាមានអា​សន្ន​ក្នុងភាពប្រញាប់ ដោយសំអាងថា ដើម្បីបុព្វហេតុសង្គ្រោះសុខភាពពលរដ្ឋពីជំងឺកូវីដ១៩ និងសន្តិសុខជាតិ។

ក្នុងកិច្ចប្រជុំនៅមន្ទីររដ្ឋសភា នៅថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានឡើងការពារថា ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសគ្រាអាសន្ន ជាតម្រូវការចាំបាច់សម្រាប់រដ្ឋាភិបាល ក្នុងការការពារសន្តិសុខជាតិ សង្គ្រោះសុខភាពពលរដ្ឋ អំឡុងពេលជំងឺកូវីដ១៩ កំពុងរាតត្បាត។

លោកថា៖ «ការរៀបចំឱ្យមានច្បាប់ដើម្បីគ្រប់គ្រងប្រទេសក្នុងភាពអាសន្ន ពុំមែនជាការដាច់ដោយឡែកមួយស​ម្រា​ប់​ព្រះរាជាណាចក្រកម្ពុជានោះឡើយ ជាក់ស្តែង ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ នៅទូទាំងពិភពលោ​ក ​​​មានប្រទេសជាច្រើនបានសម្រេចប្រើច្បាប់ក្នុងគ្រាអាន្ន ក៏ដូចជាការដាក់ចេញនូវវិធានការចាំបាច់នានា ក្នុងគោល​បំ​ណងសង្គ្រោះអាយុជីវិតប្រជាជន និងស្តារឡើងវិញនូវសុខភាពសាធារណៈ»។

ទោះជាយ៉ាងណា សមាជិកសភាបានលើកដៃយល់ព្រមលើសេចក្តីព្រាងច្បាប់នេះ ក្រោមសំឡេង ១១៥ លើ ១១៥ ទំាងគ្មានសំឡេងជំទាស់ ដោយប្រើពេលជិត ២ម៉ោង។

ច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» មាន ៥ជំពូក និង ១២មាត្រា។ ច្បាប់នេះមិនត្រូវបានចែកឱ្យអ្នកសារព័ត៌មានដែលបានចូលតាមដានក្នុងមន្ទីររដ្ឋសភាទេ ក្រៅពីសេចក្តីប្រកាសហេតុរបស់នាយករដ្ឋមន្ត្រី។

តាមសេចក្តីប្រកាសហេតុ ច្បាប់ដាក់ប្រទេសក្នុងភាពអាសន្ននេះ ជាតម្រូវការចំបាច់មិនអាចខ្វះបាន ដើម្បីឆ្លើយតបទៅនឹងភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ គ្រោះថ្នាក់បង្កឡើងដោយសង្គ្រាមឈ្លានពានពីកម្លាំងបរទេស ព្រមទាំងមហន្តរាយធ្ងន់ធ្ងរ ដែលគំរាមកំហែងបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតទូទាំងប្រទេស។

ប៉ុន្តែ បើតាមការឡើងថ្លែងរបស់ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌នៃ​រដ្ឋសភា លោក ប៉ែន បញ្ញា ច្បាប់នេះប្រកាសក្នុងការប្រញាប់ ការដាក់ប្រទេសក្នុងគ្រាមានអាសន្នមិនលើសពី ៣ខែ តែអាចបន្តបានបើមានសំណើពីនាយករដ្ឋមន្ត្រី។

រដ្ឋអាចដកហូតទីតាំង ឬទ្រព្យសម្បត្តិឯកជនបាន ក្នុងករណីចាំបាច់នៃការអនុវត្តវិធាននេះ។ អ្នកប្រ​ឆាំង​នឹងច្បាប់នេះ អាចជាប់ពន្ធនាគារពី១ឆ្នាំ ដល់១០ឆ្នាំតាមស្ថានទម្ងន់ទោស ពិន័យជាប្រាក់ចន្លោះពី១លាន ដល់១០០លា​នរៀល ករណីរកឃើញថា បានបង្កឱ្យមានចលាចលសង្គម និងសន្តិសុខជាតិ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ