អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ អះអាងថា គិតមកដល់ថ្ងៃនេះ អ្នកជាប់ឃុំចំនួន ៥នាក់ ដែលត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅធ្វើតេស្តរកមេរោគកូវីដ១៩ បន្ទាប់ពីពួកគេមានអាការក្ដៅខ្លួន និងក្អក។
ប្រាប់អ្នកសារព័ត៌មានក្នុងពិធីប្រគល់សម្ភារអនាម័យនៅពន្ធនាគារព្រៃស នាថ្ងៃនេះ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគាររបស់ក្រសួងមហាផ្ទៃ លោក ចាន់ គឹមសេង លើកឡើងថា អ្នកជាប់ឃុំចំនួន ៥នាក់ ដែលក្រសួងសុខាភិបាលយកសំណាកទៅធ្វើតេស្ត ក្នុងនោះ គឺនៅពន្ធនាគារព្រៃសម្នាក់ នៅពន្ធនាគារខេត្តកំពង់ចាមម្នាក់ និង៣នាក់ទៀតនៅតាមបណ្ដាខេត្តផ្សេងៗ។
លោកបន្តថា ការដែលក្រុមគ្រូពេទ្យយកសំណាកអ្នកជាប់ឃុំទាំង ៥នាក់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ដោយសារ ពួកគេមានអាការក្ដៅខ្លួន និងក្អក ប៉ុន្តែ បើតាមលទ្ធផលគឺអវិជ្ជមាន។
លោក ចាន់ គឹមសេង បន្តថា អ្នកជាប់ឃុំដែលក្រុមគ្រូពេទ្យយកសំណាកទៅធ្វើតេស្តនោះ គឺជាអ្នកទើបចូលថ្មី។
លោកថា៖ «នៅពេលដែលមានរោគសញ្ញាសង្ស័យ យើងត្រូវផ្ដាច់ជាបន្ទាន់ពីអ្នកជាប់ឃុំផ្សេងទៀតភ្លាមបន្ទាប់មកផ្ដល់ព័ត៌មានទៅពេទ្យជំនាញ ដើម្បីពិនិត្យសំណាកក្នុងករណីដែលវិជ្ជមាន ពេទ្យជំនាញនឹងមកទទួលយកភ្លាម។ គ្រូពេទ្យបានពិនិត្យប្រហែលមិនលើសពី ៥ករណីទេ ប៉ុន្តែ អវិជ្ជមាន សំណាងល្អ។ គាត់គ្រាន់តែក្ដៅខ្លួន ក្អកអីអ៊ីចឹងទៅ ហើយយើងមានការសង្ស័យ ទើបឱ្យពេទ្យជំនាញពិនិត្យ»។
ប្រធាននាយកដ្ឋានអប់រំកែប្រែ និងស្តារនីតិសម្បទា លោក ព្រុំ ចាន់នី លើកឡើងថា ចាប់តាំងពីមានផ្ទុះជំងឺកូវីដ១៩ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ រដ្ឋាភិបាលបានសម្រេចផ្អាកឱ្យក្រុមគ្រួសារចូលសួរសុខទុក្ខអ្នកជាប់ឃុំដូចពេលមុនៗទៀត។
ក្រៅពីមិនអនុញ្ញាត លោកថា ខាងពន្ធនាគារដាក់វិធានការការពារ ដោយអ្នកចូលថ្មីត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ដោយធ្វើការតាមដានសុខភាពរបស់ពួកគេ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។
ដោយឡែក សម្រាប់អ្នកជាប់ឃុំនៅបន្ទប់ផ្សេងៗទៀត លោក ព្រុំ ចាន់នី ថា៖ «យើងបានធ្វើអនាម័យជាប្រចាំ ខាងពេទ្យពន្ធនាគារ គាត់បានណែនាំជាប្រចាំ គឺសម្អាតបន្ទប់ សម្អាតកន្លែងស្នាក់នៅ ទាំងខាងក្រៅ ទាំងខាងក្នុង សូម្បីតែសម្ភារប្រើប្រាស់ ខោអាវរបស់គាត់ ក៏ត្រូវលាងសម្អាតដោយក្លរសម្លាប់មេរោគដែរ»។
គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ប្រចាំប្រទេសកម្ពុជា បានធ្វើពិធីប្រគល់សម្ភារអនាម័យចំនួន ២០តោន ទៅពន្ធនាគារទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងពន្ធនាគារ ខណៈអ្នកជាប់ឃុំនៅពន្ធនាគារបច្ចុប្បន្នមានចំនួន ៣៨, ០០០នាក់ នៃពន្ធនាគារទូទាំងប្រទេស។
ប្រធានបេសកកម្មកាកបាទក្រហមប្រចាំប្រទេសកម្ពុជា លោក រ៉ូម៉ាន៍ ប៉ារ៉ាម៉ូណូវ ប្រាប់អ្នកសារព័ត៌មានតាមរយៈអ្នកបកប្រែ ក្នុងពិធីប្រគល់សម្ភារដល់ពន្ធនាគារ នៅថ្ងៃនេះថា ការដែលកាកបាទក្រហមផ្ដល់សម្ភារដល់ពន្ធនាគារ ដោយមើលឃើញថា អ្នកជាប់ឃុំនៅពន្ធនាគារបច្ចុប្បន្ន រស់នៅក្នុងស្ថានភាពចង្អៀតណែន ងាយនឹងឆ្លងជំងឺ។
លោកថា៖ «ពួកគាត់កំពុងរស់នៅស្ថានភាពដែលចង្អៀត ខណៈឥឡូវហ្នឹង គេកំពុងចាប់ផ្ដើមអនុវត្តគម្លាតសង្គម។ ដូច្នេះហើយ នេះជាចំណុចសំខាន់ និងគួរតែយកចិត្តទុកដាក់អំពីការបង្ការ ដើម្បីទប់ស្កាត់នៃវីរុសនេះ នៅក្នុងតំបន់ដែលពួកគាត់រស់នៅ ព្រោះវាឆ្លងលឿនមែនទែននៅក្នុងពន្ធនាគារ»។
សម្ភារអនាម័យចំនួន ២០តោន គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ប្រចាំប្រទេសកម្ពុជា ផ្ដល់ឱ្យពន្ធនាគារ មានដូចជា ថ្នាំសម្លាប់មេរោគ ម៉ាស់ សម្លៀកបំពាក់ ស្បែកជើង និងវ៉ែនតាការពារភ្នែក ជាដើម។ ក្រៅពីសម្ភារទាំងនោះក៏មាន អាកុល ជែល សាប៊ូទឹក និងសាប៊ូដុំ ជាដើម។
អតីតបុគ្គលិកវិទ្យុអាស៊ីសេរីដែលធ្លាប់ជាប់ពន្ធនាគារ លោក យាង សុធារិន្ទ ចាត់ទុកការផ្ដល់សម្ភាររបស់គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ប្រចាំប្រទេសកម្ពុជា ថាជារឿងល្អ ប៉ុន្តែថា វាជាហានិភ័យនៃការឆ្លងកូវីដ១៩ដដែល បើពួកគាត់នៅតែត្រូវបានដាក់ក្នុងបន្ទប់ចង្អៀតណែន។
លោកថា៖ «បើសិនមានអ្នកជំងឺណាឆ្លងនៅក្នុងបន្ទប់ វាប្រាកដជាឆ្លងពេញហ្នឹងហើយ ព្រោះអីវាណែន ទោះបីជាអនាម័យខ្លាំងប៉ុណ្ណាក៏ដោយ ព្រោះអីនៅជាមួយគ្នាហើយដេកលើគ្នា។ អ៊ីចឹង ហានិភ័យនៃការមិនឆ្លង វាតិចណាស់ »។
តាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធនាគារបង្ហាញថា ពេលនេះនៅតាមពន្ធនាគារមានលក្ខណៈចង្អៀតណែន។ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អះអាងនៅដើមឆ្នាំ២០២០នេះថា ករណីពន្ធនាគារចង្អៀតណែនទូទាំងប្រទេស ដោយសារតែចាប់ខ្លួនអ្នកពាក់ព័ន្ធគ្រឿងញៀនច្រើន។
នាយករងអង្គការលីកាដូ លោក អំ សំអាត លើកឡើងថា បញ្ហាចង្អៀតណែនក្នុងពន្ធនាគារ ប៉ះពាល់ដល់អនាម័យ របបអាហារ ស្ថានភាពរស់នៅផ្សេងៗ នាំឱ្យកើតជំងឺផ្សេងៗទៀត៕
ក្រសួងសុខាភិបាល អះអាង គិតមកដល់ថ្ងៃនេះ អ្នកឆ្លងជំងឺកូវីដ១៩ មានចំនួន ១១៩នាក់។ ក្នុងនោះព្យាបាលជាសះស្បើយ ៧២នាក់ ស្មើនឹងជាង ៦០% និងកំពុងព្យាបាលមាន ៤៧នាក់។