គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានសម្រេចផ្អាកអាជីវកម្មចែកចាយសារធាតុសម្លាប់មេរោគ ដែលជាកម្មសិទ្ធិរបស់ជនជាតិចិនមួយកន្លែងនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីរកឃើញលាក់ទុកផលិតផលខុសច្បាប់ជាង ៣តោន។
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានចុះផ្សាយលើហ្វេសប៊ុករបស់ខ្លួនថា កម្លាំងសមត្ថកិច្ចនៅថ្ងៃម្សិលមិញ បានចុះបង្ក្រាបទីតាំងនាំចូល ស្តុកទុក និងចែកចាយសារធាតុសម្លាប់មេរោគរបស់ជនជាតិចិនមួយកន្លែងនៅសង្កាត់ទឹកថ្លា ដោយរកឃើញទឹកសម្លាប់មេរោគ អាល់កុលខុសច្បាប់ចំនួន ៣ ២៩៣លីត្រ និងសម្ភារមួយចំនួនសរុបរួមជាង ៣តោន។
គណៈកម្មាធិការអះអាងថា ម្ចាស់អាជីវកម្មបានផ្សព្វផ្សាយលក់ផលិតផលទាំងនោះ តាមបណ្តាញសង្គមហ្វេសប៊ុកដោយមិនមានការស្នើសុំការអនុញ្ញាតពីក្រសួងសុខាភិបាលឡើយ។
គណៈកម្មាធិការ បញ្ជាក់ថា ក្រោយពីបានពិនិត្យឃើញថាផលិតផលទាំងនោះខុសច្បាប់ សមត្ថកិច្ចចម្រុះបានសម្រេចផ្អាកអជីវកម្មនោះបណ្តោះអាសន្ន ហើយផលិតផលទាំងនោះត្រូវឃាត់ទុកនៅទីតាំងដដែល និងដកហូតវត្ថុតាងមួយចំនួនយកទៅធ្វើការពិសោធន៍ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕