ក្រសួង​សុខា​ភិបាល​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​ លើ​ស្ត្រី​ជន​ជាតិ​ចិន​ម្នាក់​ទៀត​

មន្ត្រីជំនាញសុខាភិបាល ចុះពិនិត្យសុខភាពអ្នកសង្ស័យថាមានផ្ទុកកូវីដ១៩។ (នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC)

ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ លើស្ត្រីជនជាតិចិនម្នាក់ទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងជំងឺនេះបានកើនដល់ ១២០នាក់។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ឱ្យដឹងថា ស្ត្រីជនជាតិចិនដែលផ្ទុកជំងឺកូវីដ១៩នេះ មានអាយុ ៣១ឆ្នាំ ជាអ្នកទេសចរ និងជាមិត្តភក្ដិរបស់ស្ត្រីជនជាតិចិនអាយុ ៣០ឆ្នាំ ដែលបានរកឃើញមានវីរុសកូវីដ១៩ កាលពីថ្ងៃទី០៨ ខែមេសាកន្លងទៅ។

ក្រសួងសុខាភិបាល ឱ្យដឹងទៀតថា ស្ត្រីជនជាតិចិនដែលផ្ទុកជំងឺកូវីដ១៩នេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ក្រៅពីរកឃើញអ្នកឆ្លងម្នាក់ទៀត ក្រសួងថា ក៏មានអ្នកជំងឺកូវីដ១៩ ជាសះស្បើយចំនួន ៣នាក់បន្ថែមទៀតផងដែរ។

បើតាមក្រសួងសុខាភិបាលឱ្យដឹងថា គិតមកដល់ថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុប ១២០នាក់។ ក្នុងចំណោមមនុស្សអ្នកឆ្លង ១២០នាក់ គឺអ្នកជាសះស្បើយចំនួន ៧៥នាក់ ឬស្មើនឹង ៦២,៥០% ហើយនៅសល់ ៤៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ