រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អះអាងថា មន្ត្រីរាជការពេលនេះបានរងនូវអម្រែក៣ ក្នុងកាលៈទេសៈដែលរដ្ឋាភិបាលបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ការថ្លែងរបស់លោក ស ខេង ធ្វើឡើងក្នុងពិធីប្រគល់រថយន្ត និងសម្ភារការពារជំងឺកូវីដ-១៩ ជូនអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទនេះ នៅរាជធានីភ្នំពេញ ។
លោកថា៖ «ចំណាយរបស់យើង មន្ត្រីម្នាក់ៗយ៉ាងហោចណាស់ក៏បីដែរ ទី១ កាត់ប្រាក់ខែ ទី២ ជួយក្នុងក្រសួងយើង ហើយទី៣ ជួយក្នុងនាមជាក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន»។
លោក ស ខេង ដែលជាអនុប្រធានគណបក្សប្រជាជនកម្ពុជាដែរនោះ ឱ្យដឹងទៀតថា ថវិកាដែលក្រសួងប្រមូលបានមានជាង ៦សែនដុល្លារ និងសម្ភារប្រើប្រាស់មួយចំនួនទៀត សម្រាប់ទប់ស្កាត់ជំងឺកូវីដ១៩នេះ ដូចជា សម្លៀកបំពាក់ពេទ្យ ម៉ាស និងអាល់កុល ជាដើម។ លោកថា សម្ភារទាំងនេះ នឹងបញ្ជូនទៅឱ្យមន្ត្រីនៅតាម ៣១គោលដៅ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអង្គារ សប្តាហ៍មុន បានលើកឡើងថា មន្រ្តីជិត ១៦០០នាក់ (១៥៨៦) បានកាត់ប្រាក់ខែ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។
មេដឹកនាំរូបនេះបញ្ជាក់ថា ការបរិច្ចាគប្រាក់ខែតាមលទ្ធភាពរៀងៗខ្លួន ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រយៈពេលចន្លោះពី៥ ទៅ៨ខែ។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី ហៅការកៀរគរឱ្យមន្ត្រីចេះបរិច្ចាគថវិកាផ្ទាល់ខ្លួននេះ ថាជាវប្បធម៌ចែករំលែកជួយដោះស្រាយបញ្ហាសង្គម។
ប៉ុន្តែ អ្នកឃ្លាំមើលរូបនេះ ផ្តល់ជាយោបល់ថា ដើម្បីជម្រះមន្ទិលពីការកើនឡើងនៃអំពើពុករលួយ រដ្ឋាភិបាលត្រូវបង្កើតគោលនយោបាយត្រៀមកញ្ចប់ថវិកាបម្រុងទុក សម្រាប់ដោះស្រាយប្រសើរជាង។
លោកថា៖ «យើងដឹងហើយថា ប្រទេសកម្ពុជាយើងកំពុងតែទទួលរងនូវការរិះគន់ថា មានការរាលដាលនៃអំពើពុករលួយខ្ពស់ផងដែរ។ អាត្រង់ហ្នឹងដែលពលរដ្ឋខ្មែរគាត់ចេះតែសួរថា បានលុយ [មក] ពីណា ដើម្បីរស់ ឬក៏ពុករលួយបន្តទៀត»។
អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា បង្ហាញការយល់ឃើញថា ការបរិច្ចាគវាជាគុណធម៌របស់មន្ត្រី។ប៉ុន្តែ លោកថា ចរន្តនេះអាចនឹងប៉ះពាល់ជីវភាពមន្ត្រីរាជការដែលមានប្រាក់ខែទាប បើពួកគេបង្ខំចិត្តបរិច្ចាគទាំងខ្លាចមេរើសអើង។
លោកថា៖ «អ្នកដែលលះបង់ ខ្ញុំគិតថា ពួកគេមានលទ្ធភាពហើយ មិនពឹងទៅលើប្រាក់បៀវត្សច្រើនទេ។ ប៉ុន្តែសម្រាប់មន្ត្រីរាជការសាមញ្ញ ខ្ញុំថា ពិបាក ព្រោះគ្រាន់តែប្រាក់ខែគាត់វាពិបាកទៅលើការចំណាយបញ្ហាផ្ទាល់ខ្លួននៅពេលដែលមានវិបត្តិហ្នឹងផង ទំនិញវាឡើងថ្លៃផង»។
លោក ឯម សុវណ្ណរ៉ា ផ្តល់ជាយោបល់ថា ដើម្បីលើកកម្ពស់ជីវភាពមន្ត្រីរាជការដែលមានប្រាក់ខែទាប និងដោះស្រាយបញ្ហាពលរដ្ឋងាយរងគ្រោះពេលប្រទេសមានវិបត្តិ រដ្ឋត្រូវមានគោលនយោបាយត្រៀមកញ្ចប់ថវិកាជាតិ និងស្បៀងបម្រុងទុក រយៈពេលមួយឆ្នាំ ឬពីរឆ្នាំ និងមិនត្រូវពឹងផ្អែកខ្លាំងពេកទៅលើតែវិស័យឯកជននោះទេ ដែលថា វានឹងធ្វើឱ្យរដ្ឋាភិបាលបរាជ័យក្នុងវិធានការដោះស្រាយបន្ទាន់។
យ៉ាងណាក៏ដោយ រដ្ឋាភិបាលធ្លាប់អះអាងថា កញ្ចប់ថវិកាជាតិបានត្រៀមហើយ ចន្លោះពី ៨រយលានដុល្លារទៅ ២ពាន់លានដុល្លារ សម្រាប់ដោះស្រាយវិបត្តិកូវីដ១៩នេះ ប៉ុន្តែ មិនបានបញ្ជាក់ថា កញ្ចប់ថវិកានោះនឹងបែងចែកទៅផ្នែកណាខ្លះពិតប្រាកដទេ។
គិតត្រឹមថ្ងៃម្សិលមិញ កម្ពុជារកឃើញអ្នកផ្ទុកកូវីដ១៩ ចំនួន ១២២នាក់ ព្យាបាលជា ៧៧នាក់ ស្មើនឹងជាង ៦៣ភាគរយ ខណៈអ្នកកំពុងសម្រាកព្យាបាល ៤៥នាក់៕