រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ទម្លាយពីភាពមិនប្រក្រតីនៃការជាប់គាំងគម្រោងទម្លាក់លុយទិញរថយន្តពន្លត់អគ្គិភ័យសម្រាប់ពង្រាយតាមស្រុក ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ។
ការថ្លែងរបស់លោក ស ខេង ធ្វើឡើងក្នុងពិធីប្រគល់រថយន្ត និងសម្ភារការពារជំងឺកូវីដ-១៩ ជូនមន្ត្រីក្រោមឱវាទ នៅរាជធានីភ្នំពេញ នាថ្ងៃចន្ទនេះ។
ក្នុងពិធីនេះ លោក ស ខេង ថ្លែងដោយចោទជាសំណួរថា៖ «ខ្ញុំមិនយល់ដែរទេ ពីព្រោះថា គម្រោងថវិកាកាលហ្នឹងឱ្យ ម៉ៅ ប៊ុនរិន ទិញ។ យើងទិញជា ២ជំហាន ដល់ទិញលើកទី១ មកឃើញថា បានថោកលែងឱ្យលុយបណ្តោយ។ ខ្ញុំមិនដឹងថា មកពីមូលហេតុអី?គម្រោងមានហើយ ស្រាប់[តែ]កាត់លុយហ្នឹងចោលទៅ។ អេ! ខ្ញុំអត់មានយកមកឱ្យម៉ែខ្ញុំទេ និយាយឱ្យត្រង់ហ្មង យកទៅឱ្យប្រជាជន»។
លោក ម៉ៅ ប៊ុនរិន ជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ភស្ដុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។
មេដឹកនាំរូបនេះថ្លែងទៀតថា៖ «ព្រោះអាឡានហ្នឹងវាមានអ្នកចង់ទិញ ១៩ម៉ឺន ចង់លក់ឱ្យយើង ១៩ម៉ឺនដុល្លារ។ តែដល់ទិញមែនទែន ឡានហ្នឹងតែ ៩ម៉ឺន? មួយជាពីរ។ ដល់បានឃើញគ្នាទិញថោក គួរលើកទឹកចិត្តទៅកាត់បោះគ្នាទៀត ដាក់ពិន័យគ្នាអាធ្វើល្អហ្នឹងទៀត។ ខ្ញុំមិនយល់អារឿងហ្នឹង? ហ្អេនិយាយជាសាធារណៈអីចឹងចុះ ព្រោះជួនអីវាតឹងទ្រូងពេក និយាយទៅឱ្យវាធូរបន្តិច បើមិនអីចឹង វាឡើងឈាម»។
ទោះជាយ៉ាងណា លោក ស ខេង មិនបានបញ្ជាក់ថា ក្រសួងមហាផ្ទៃបានស្នើទិញរថយន្តពន្លត់អគ្គិភ័យប៉ុន្មានគ្រឿងពិតប្រាកដទេ។
ប៉ុន្តែ បើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ កាលពីខែឧសភា ឆ្នាំ២០១៦ ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងពិធីប្រគល់ និងទទួលរថយន្ដពន្លត់អគ្គិភ័យថ្មី ១១៣ ពីប្រទេសចិនថា ក្រសួងបានស្នើរដ្ឋាភិបាលទិញ ២០០គ្រឿងបន្ថែមទៀត រយៈពេល ៣ឆ្នាំ ទោះមានរថយន្តសរុប ២០០គ្រឿងហើយក៏ដោយ៕