គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាល បានការពារថា សេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» មិនមែនជាការរំលោភសិទ្ធិមនុស្ស ឬឧបករណ៍ប្រមូលអំណាចដូចការចោទប្រកាន់របស់ក្រុមប្រឆាំងនោះទេ។
ក្នុងសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមេសាម្សិលមិញនេះ បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» បង្កើតឡើងស្របតាមមាត្រា២២ថ្មីនៃរដ្ឋធម្មនុញ្ញកម្ពុជា ហើយស្របពេលដែលប្រទេសជាតិប្រឈមមុខនឹងគ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈ បណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ ការគំរាមកំហែង ឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតទូទាំងប្រទេសជាដើម។
សេចក្តីថ្លែងការណ៍ដដែលចាត់ទុកសេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» មិនមានចរិតរំលោភសិទ្ធិមនុស្ស ឬជាឧបករណ៍ប្រមូលអំណាចដូចការចោទប្រកាន់បែបអគតិរបស់ក្រុមប្រឆាំងមួយក្តាប់តូចនោះទេ។ ផ្ទុយទៅវិញ ច្បាប់នេះជាឧបករណ៍គតិយុត្តិជួយការពារសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបាននូវសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍស្របតាមគោលការណ៍ប្រជាធិបតេយ្យ។
អ្នកវិភាគបញ្ហាសង្គម លោក មាស នី មានប្រសាសន៍ថា បើសេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ចូលជាធរមាន ហើយរដ្ឋាភិបាលយកទៅអនុវត្ត ចៀសមិនផុតពីការរឹតត្បិតសេរីភាពរបស់ប្រជាពលរដ្ឋនោះទេ។ ប៉ុន្តែ លោកផ្តល់ជាអនុសាសន៍ថា ដើម្បីកុំឱ្យមានការរិះគន់ពីសាធារណជន រដ្ឋាភិបាលត្រូវអនុវត្តច្បាប់នោះឱ្យមានសមភាព ឬស្មើភាពគ្នា ដោយមិនប្រកាន់បក្ខពួកជាដើម។
លោកផ្តល់ជាអនុសាសន៍ថា៖ «យើងប្រកាសថា វាអត់ប៉ះពាល់សោះ ក៏វាមិនត្រូវដែរ ហើយសំខាន់នៅពេលហ្នឹង ត្រូវការទាំងរដ្ឋាភិបាល ហើយនិងប្រជាពលរដ្ឋ ត្រូវយល់ពីស្ថានភាពទាំងអស់គ្នា ការដាក់ [ប្រទេសក្នុង] ភាពអាសន្ន ដើម្បីការពារប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសហ្នឹង សំខាន់ថាតើច្បាប់ហ្នឹងនៅពេលយកទៅអនុវត្ត វាស្មើភាព ឬអត់ ឬក៏ច្បាប់ហ្នឹងយកទៅប្រើសំរាប់តែក្រុមមួយ ហើយធ្វើបាបក្រុមមួយ បានវាខុស»។
សេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» នេះ ចែកចេញជា ៥ជំពូក និង ១១មាត្រា។
ខ្លឹមសារនៃសេចក្តីព្រាងច្បាប់ក៏បានចែងថា រដ្ឋអាចដកហូតទីតាំង ឬទ្រព្យសម្បត្តិឯកជនបានក្នុងករណីចាំបាច់នៃការអនុវត្តវិធាននេះ។ អ្នកប្រឆាំងនឹងច្បាប់នេះ អាចជាប់ពន្ធនាគារពី១ឆ្នាំ ដល់១០ឆ្នាំ តាមស្ថានទម្ងន់ទោស និងពិន័យជាប្រាក់ចន្លោះពី១លាន ដល់១០០លានរៀល ករណីរកឃើញថា បានបង្កឱ្យមានចលាចលសង្គម និងសន្តិសុខជាតិ។
សេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ត្រូវបានសមាជិកសភាបានលើកដៃយល់ព្រមលើសេចក្តីព្រាងច្បាប់នេះ ក្រោមសំឡេង ១១៥ លើ ១១៥ ទំាងគ្មានសំឡេងជំទាស់។
បច្ចុប្បន្ន សេចក្តីព្រាងនេះ ត្រូវបានរដ្ឋសភាបញ្ជូនទៅព្រឹទ្ធសភា ហើយគណៈកម្មាធិការអចិន្ដ្រៃយ៍ព្រឹទ្ធសភា ប្រកាសថា នឹងប្រជុំអនុម័តនៅថ្ងៃទី១៦ ខែមេសាខាងមុខនេះ វេលាម៉ោង ៨ព្រឹកផងដែរ។
បើទោះជាមិនទាន់មានច្បាប់ស្តីពីការដាក់ប្រទេសក្នុងគ្រាមានអាសន្ន ប៉ុន្តែ កាលពីថ្ងៃទី៩ ខែមេសាកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសចេញបំរាមធ្វើដំណើរឆ្លងរាជធានីខេត្ត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ១៩។ បំរាមធ្វើដំណើរនេះ ចាប់ផ្តើមពីម៉ោង២៤ ថ្ងៃទី៩ ខែមេសា ដល់ថ្ងៃទី១៧ ខែមេសា៕