ក្រុងដូនកែវ ខេត្តតាកែវ- អាជ្ញាធរផ្សព្វផ្សាយសារអប់រំតាមឧគ្ឃោសនាសព្ទបំពាក់នៅលើដំបូលរថយន្តដូចជាថា លាងដៃនឹងសាប៊ូ ពាក់ម៉ាស់ ហើយពេលក្អក ឬកណ្តាស់ត្រូវយកកែងដៃខ្ទប់មាត់ ជាដើម។
អ្នកភូមិបានយកសម្លៀកបំពាក់ចាស់ៗ ចំបើង និងរបស់របរផ្សេងទៀត មកធ្វើជារូបទីងមោង ដើម្បីបណ្តេញវីរុសកូរ៉ូណាឱ្យចាកចេញឆ្ងាយ។ ចំណែកព្រះសង្ឃផ្តើមទូងស្គរ សូត្រធម៌ និងរលាស់ទឹកមន្តជូនពុទ្ធបរិស័ទ។
នៅក្នុងខេត្តតាកែវឯណេះវិញ ទីដែលមិនទាន់មានការប្រកាសពីការឆ្លងវីរុសកូវីដ១៩ ក៏ដូចជាតំបន់ផ្សេងទៀតក្នុងប្រទេសនេះ អាជ្ញាធរកំពុងត្រៀមកន្លែង និងបង្កើនការយល់ដឹងដល់សាធារណជនអំពីវិធានការការពារសុខភាព ស្របពេលថ្នាក់ដឹកនាំខាងព្រះពុទ្ធសាសនាក៏បានចូលរួមគ្នាប្រោះព្រំបណ្តេញពពួកអមនុស្ស ខ្មោចព្រាយបិសាច និងជំងឺឆ្លងផ្សេងៗ។
ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងក្នុង និងនៅក្បែរទីរួមខេត្ត គឺក្រុងដូនកែវ បានរៀបចំជារូបទីងមោង និងប្រើអាល់កុល ឬជេលលាងដៃ ដើម្បីការពារក្រុមគ្រួសាររបស់ពួកគាត់ពីការឆ្លងជំងឺ ស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា តើពួកគាត់នឹងត្រូវរកស៊ីទទួលទាន និងការពារសុខភាពរបស់ខ្លួនតាមរបៀបណា ខណៈការរីករាលដាលកំពុងបន្តកើតមាន។
អ្នកស្រី ចាន់ ផា ជាអាជីវករនៅផ្សារតាកែវ បាននិយាយថា៖ «ខ្ញុំមិនហ៊ានប្រថុយទេ ពីព្រោះជំងឺនេះឆ្លងដោយមិនដឹងខ្លួន»។
អ្នកស្រីតាមដានព័ត៌មានក្រែងមានការផ្ទុះឡើងជំងឺនេះនៅក្នុងខេត្តនេះ។ ប្រសិនបើមានការបញ្ជាក់ពីការកើតមាននៅខេត្តតាកែវ អ្នកស្រីនិយាយថា អ្នកស្រីនឹងផ្អាកលក់ទំនិញនៅផ្សារហើយ។
អ្នកស្រីនិយាយថា៖ «បើយើងឮសូរគ្រាប់កាំភ្លើង យើងអាចរត់ទៅជើងទៅត្បូងបាន ប៉ុន្តែ ជំងឺកូវីដនេះ យើងមិនដឹងរត់ទៅណាទេ»។
ពលរដ្ឋសុខចិត្តនៅផ្ទះ
គិតមកត្រឹមថ្ងៃទី១៣ ខែមេសា ក្រសួងសុខាភិបាលបានបញ្ជាក់ថា ករណីឆ្លងកូវីដ១៩ទូទាំងប្រទេសកើនដល់ ១២២នាក់ហើយ រួមមានជនជាតិខ្មែរ ៥១នាក់ និងជនបរទេស ៧១នាក់ ចំណែកមនុស្ស ៧៧នាក់ក្នុងចំណោមនោះ បានជាសះស្បើយ។ ស្របពេលជាមួយគ្នានេះដែរ ករណីឆ្លងសរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ចំនួនជាង ១.៨៥លាននាក់ និងមានអ្នកស្លាប់ជាង ១១ម៉ឺន ៤ពាន់នាក់ នៅបណ្ដា ២០០ប្រទេស ចាប់តាំងពីមានករណីឆ្លងលើកដំបូងនៅប្រទេសចិនកាលពីចុងឆ្នាំមុន។
ខណៈពេលចំនួនអ្នកឆ្លងក្នុងប្រទេសកម្ពុជាកើនឡើងកាលពីខែមុនពីមួយករណីដល់ជាង ១០០ករណី រដ្ឋាភិបាលបានបញ្ជាឱ្យបិទសាលារៀន ខារ៉ាអូខេ ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរជាណ្តោះអាសន្ន និងហាមឃាត់កម្មវិធីប្រគំតន្ត្រី និងការប្រមូលផ្តុំសម្រាប់កម្មវិធីសាសនាផងដែរ។ ការធ្វើដំណើរចូល និងចេញពីប្រទេសនេះ ក៏ត្រូវបានរឹតត្បិតផងដែរ។
ប្រទេសកម្ពុជា និងប្រទេសជិតខាងខ្លួន បានបិទព្រំដែនមិនឱ្យប្រជាពលរដ្ឋឆ្លងកាត់ទៅវិញទៅមកនៅប៉ុន្មានសប្តាហ៍កន្លងទៅនេះ ដែលបណ្តាលឱ្យការវិលត្រឡប់យ៉ាងគំហុករបស់ពលករពីប្រទេសថៃនៅមុនពេលមានការប្រកាសបិទ ហើយនាំឱ្យមានការព្រួយបារម្ភក្នុងចំណោមក្រុមមន្ត្រី និងពលរដ្ឋ អំពីការរីករាលដាលដល់ខេត្តតាកែវ និងខេត្តផ្សេងៗទៀត។
លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ជាប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា៖ «មានពលរដ្ឋច្រើនមកពីប្រទេសថៃ ហើយក្រុមការងាររបស់យើងកំពុងធ្វើការអប់រំពួកគាត់មិនឱ្យដើររហេតរហូត។ ប្រសិនបើសង្ស័យថាមានជំងឺនេះ គ្រូពេទ្យរបស់យើងនឹងទៅយកសំណាកមកធ្វើតេស្ត»។
យោងតាមក្រសួងសុខាភិបាល សំណាកជាង ៥,៧០០ ត្រូវបានធ្វើតេស្តរកវីរុសកូវីដ១៩ ចាប់តាំងពីខែមករាមក។
លោក ស៊ីណាត មានប្រសាសន៍ថា លោកបានត្រៀមប្រហែល ២៤០គ្រែ និងមន្ត្រីសុខាភិបាលប្រហែល ៣០០នាក់ ស្របពេលអាជ្ញាធរបន្តអប់រំ និងតាមដានពលរដ្ឋដែលបានវិលត្រឡប់មកពីបរទេស។
លោក ស៊ីណាត បាននិយាយថា៖ «ប្រសិនបងប្អូនស្រឡាញ់ប្រទេសជាតិ បងប្អូនត្រូវនៅឱ្យឆ្ងាយ និងកុំនាំទុក្ខដល់គ្រួសារ និងសហគមន៍»។
ខណៈពេលត្រួតពិនិត្យមើលមន្ត្រីសុខាភិបាលបាញ់ថ្នាំសម្លាប់មេរោគនៅផ្សារតាកែវ លោកស្រី ចាន់ ធីតា ជាអភិបាលរងក្រុងដូនកែវ បានមានប្រសាសន៍ថា លោកស្រីបានចាប់ផ្តើមផ្សព្វផ្សាយសារអប់រំសុខភាពស្តីពីជំងឺកូវីដ១៩ ដល់សាធារណជនតាំងពីពាក់កណ្តាលខែមីនា។
មន្ត្រីក្រុងបានផ្សព្វផ្សាយទៅកាន់មន្ត្រីថ្នាក់ឃុំអំពីការប្រើសាប៊ូលាងដៃ ពេលក្អក និងកណ្តាស់ ត្រូវយកកែងដៃខ្ទប់មាត់ ប្រើម៉ាស់ និងវិធានការការពារសុខភាពផ្សេងទៀត។ បន្ទាប់មក មន្ត្រីក្នុងមូលដ្ឋានបានបញ្ជូនសារនេះទៅកាន់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយផ្ទាល់ និងតាមរយៈការចាក់ផ្សាយតាមឧគ្ឃោសនាសព្ទ(ឧបករណ៍បំពងសំឡេង)។
យោងតាមលោកស្រី ធីតា បានឱ្យដឹងថា មន្ត្រីសុខាភិបាលខេត្តបានបាញ់ថ្នាំកម្ចាត់វីរុស និងថ្នាំសម្លាប់បាក់តេរីនៅក្នុងផ្សារនេះជាលើកដំបូងកាលពីសប្តាហ៍មុន បន្ទាប់ពីមានសំណើពីអាជីវករ និងពលរដ្ឋក្នុងមូលដ្ឋាន។
លោកស្រីបានមានប្រសាសន៍ថា៖ «យើងចង់បង្ការជាមុន ដើម្បីរក្សាសុវត្ថិភាព និងសុខភាពប្រជាពលរដ្ឋដែលជាអាជីវករនៅក្នុងផ្សារ»។
លោកស្រីបានបន្ថែមថា អាជ្ញាធរនឹងបន្តវិធានការការពារផ្សេងទៀត រួមទាំងបន្តអប់រំប្រជាពលរដ្ឋនៅតាមឃុំទាំង៣ និងទាំង ៤០ភូមិ ក្នុងក្រុងដូនកែវ។
តើមានការបិទភូមិឬទេ?
ស្របពេលមិនទាន់មានសេចក្តីរាយការណ៍ស្តីពីការឆ្លងវីរុសកូវីដ១៩ នៅខេត្តតាកែវ ពលរដ្ឋនិយាយថា ពួកគេបារម្ភអំពីបញ្ហាសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន។
ជាអាជីវករលក់គ្រឿងទេស និងត្រៀមអាល់កុលសម្រាប់លាងដៃនៅពេលទាក់ទងជាមួយអតិថិជននោះ អ្នកស្រី ចាន់ ផា បាននិយាយថា៖
«ខ្ញុំបារម្ភនៅពេលមកផ្សារ [ ឆ្លងវីរុសនេះ ] ហើយបន្ទាប់មក ត្រឡប់ទៅផ្ទះវិញ ឆ្លងទៅកូនចៅ»។
ខណៈរៀបចំដើម្បីបិទតូបលក់ដូររបស់គាត់ ដើម្បីឱ្យអាជ្ញាធរបាញ់ថ្នាំនៅក្នុងផ្សារកាលពីសប្តាហ៍មុន អ្នកស្រី ផា អាយុ ៥៧ឆ្នាំ និយាយថា បើទោះបីជាមិនទាន់មានការអះអាងពីករណីឆ្លងនៅខេត្តតាកែវក៏ដោយ ក៏ចំនួនអ្នកទិញនៅផ្សារចាប់ផ្តើមថយចុះច្រើន ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
អាជីវករម្នាក់ទៀត អ្នកស្រី ប៊ុន គន្ធា និយាយថា ចំណូលរបស់អ្នកស្រីពីការលក់សម្លៀកបំពាក់បានធ្លាក់ចុះចាប់តាំងពីមានការផ្ទុះជំងឺនេះ ហើយអ្នកស្រីនឹងបិទតូប ប្រសិនបើមានការប្រកាសពីករណីផ្ទុះឡើងនៅក្នុងខេត្តនេះ។
អ្នកស្រី គន្ធា អាយុ ៤៦ឆ្នាំ និយាយថា អតិថិជនរបស់អ្នកស្រីបានធ្លាក់ចុះប្រហែល ៧៥ភាគរយក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយ ហើយជាកម្រិតទាបបំផុតជាងពេលណាៗទាំងអស់ក្នុងអាជីពរយៈពេល ២០ឆ្នាំរបស់អ្នកស្រីនៅផ្សារនេះ។
អ្នកស្រីនិយាយថា៖ «ប្រសិនបើមានករណីកើតច្រើនទៀត ខ្ញុំត្រូវបិទតូបហើយ យើងប្រាកដជាគ្មានចំណូលទេ»។
នេះបើតាមការលើកឡើងរបស់អ្នកស្រី គន្ធា នៅពេលអ្នកស្រីចាប់ផ្តើមពាក់ម៉ាស់ និងប្រើប្រាស់គ្រឿងសម្អាតដៃមុនអ្នកផ្សេងទៀតនៅទីនេះ គ្រប់គ្នាសើចចំអកដាក់គាត់ ហើយនិយាយថា អ្នកស្រីហាក់ដូចជាខ្លាចរអាជ្រុលពេក។
ទោះបីជាយ៉ាងណា អ្នកស្រី គន្ធា នៅតែបារម្ភអំពីទំនាក់ទំនងប្រចាំថ្ងៃជាមួយអតិថិជន ដែលអ្នកស្រីដឹងថា ធ្វើឱ្យអ្នកស្រីប្រឈមហានិភ័យនោះ។
អ្នកស្រីបាននិយាយថា៖ «យើងប្រុងប្រយ័ត្ន ប៉ុន្តែ ខ្ញុំមិនដឹងថា អាចការពារបានប៉ុណ្ណាទេ ពីព្រោះខ្ញុំមិនដឹងថា នរណាកើត ឬអត់ទេ»។
បើតាមរបាយការណ៍ដែលផ្តល់ឱ្យដោយលោក មាស អ៊ុយ ជានាយករដ្ឋបាលសាលាខេត្ត គិតមកដល់ថ្ងៃសុក្រនេះ មានមនុស្សប្រហែល ១,៦០០នាក់ បានវិលត្រឡប់ពីបរទេសទៅខេត្តតាកែវវិញ ដែលក្នុងនោះពលរដ្ឋមកពីថៃច្រើនជាងគេ។
លោក មាស អ៊ុយ បានមានប្រសាសន៍ថា ការវិលត្រឡប់យ៉ាងគំហុករបស់ពលរដ្ឋមកពីបរទេសនាពេលថ្មីៗនេះ បានធ្វើឱ្យអាជ្ញាធរ និងពលរដ្ឋមានការបារម្ភ និងកាន់តែងាយរងគ្រោះ។ អាជ្ញាធរខេត្តតាកែវបានបង្កើតក្រុមការងារឃ្លាំមើលការវិលត្រឡប់របស់ពលករចំណាកស្រុកនៅតាមថ្នាក់ឃុំ និងស្រុក ព្រមទាំងអប់រំពួកគាត់អំពីវិធានការការពារ ពិនិត្យកម្តៅក្នុងខ្លួន និងណែនាំពួកគាត់ឱ្យនៅដាច់ដោយឡែក។
លោក មាស អ៊ុយ បានមានប្រសាសន៍ថា៖ «យើងប្រុងប្រយ័ត្នមែនទែននៅត្រង់ចំណុចនេះ ពីព្រោះនៅប្រទេសថៃ ពួកគាត់ធ្វើដំណើរ។ ខ្ញុំចង់និយាយថា មានការប្រមូលផ្តុំច្រើននៅតាមដងផ្លូវ។ នោះគឺជាមូលហេតុដែលនាំឱ្យមានការព្រួយបារម្ភច្រើន»។
លោកបានបន្ថែមថា អាជ្ញាធរក៏មានគម្រោងទៅទទួលពលករពីច្រកព្រំដែនផងដែរ និងជូនពួកគាត់ដល់លំនៅដ្ឋាន ដើម្បីឃ្លាំមើលពួកគេឱ្យបានល្អជាងនេះ នេះបើតាមបទបញ្ជាពីក្រសួងមហាផ្ទៃ។
បើតាមលោក មាស អ៊ុយ អ្នកភូមិប្រហែលជាត្រូវអនុវត្តវិធានចត្តាឡិស័ក(ការដាក់ខ្លួនងឯងឱ្យនៅដាច់ដោយឡែក)។
លោកមានប្រសាសន៍ថា៖ «ប្រសិនបើមានមួយ ឬពីរក្នុងភូមិ យើងអាចនឹងបិទពាក់កណ្តាលភូមិ ឬភូមិទាំងមូល»។
សូត្រធម៌បណ្តេញពួកអមនុស្ស
ស្ថិតនៅចម្ងាយប្រមាណពីរបីគីឡូម៉ែត្រ តំបន់ប្រជុំជនក្រុងដូនកែវ គេឃើញមានការដាក់តាំងរូបទីងមោងជាមួយនឹងការតុបតែងពណ៌ផ្សេងៗពីគ្នានៅដាក់តាមខ្លោងទ្វាររបងផ្ទះរបស់អ្នកភូមិ ដែលនេះគឺជាជំនឿរបស់ពលរដ្ឋខ្មែរដែលពួកគាត់គិតថា ទីងមោងទាំងនេះនឹងជួយបណ្តេញពួកខ្មោច ព្រាយបិសាច និងជំងឺផ្សេងៗ។
ស្របពេលគេឃើញមានមនុស្សមួយចំនួនតូចប្រមូលផ្តុំនៅតាមទីសាធារណៈនៅក្នុងទីប្រជុំជនខេត្តនេះ មន្ត្រីសុខាភិបាល មន្ត្រីនគរបាល ព្រះសង្ឃ និងតាអាចារ្យ ក៏មមាញឹកក្នុងការផ្សព្វផ្សាយសាររបស់ក្រសួងសុខាភិបាលផងដែរ ដើម្បីបង្កើនការយល់ដឹងពីវិធីបង្ការការឆ្លងវីរុសក្នុងចំណោមប្រជាពលរដ្ឋ។
មន្ត្រីសុខាភិបាល និងនគរបាលឃុំ បានបើករថយន្តចុះឡើងផ្សព្វផ្សាយសារអប់រំ និងប្រាប់ពីវិធីលាងដៃនឹងសាប៊ូ ប្រើគ្រឿងលាងដៃ ពាក់ម៉ាស់ និងចៀសវាងការប្រមូលផ្តុំដែលមានមនុស្សច្រើន និងអ្នកដែលមានអាការគ្រុនក្តៅ ហើយត្រូវដាក់ខ្លួននៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ បន្ទាប់ពីវិលត្រឡប់មកពីបរទេស។
ដោយឡែក កាលពីសប្តាហ៍មុនដែរ នៅឃុំលាយបូរ ក្នុងស្រុកត្រាំកក់ រថយន្តភីកអាប់មួយគ្រឿងដែលមានដោតទង់សាសនាពីរនៅសងខាង និងបំពាក់ដោយឧគ្ឃោសនាសព្ទនៅលើដំបូលផងនោះ បានផ្សព្វផ្សាយសារពីវិធីបង្ការការឆ្លងជំងឺនេះ។
ស្របពេលជាមួយគ្នានោះដែរ ព្រះសង្ឃ និងតាអាចារ្យពីរបីអង្គនាក់ គង់ និងអង្គុយនៅផ្នែកខាងក្រោយរថយន្តបានប្រោះព្រំទឹកមន្តជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ព្រះតេជព្រះគុណ ហិន ពីរ៉ាត់ ចៅអធិការវត្តលាយបូរ មានសង្ឃដីកាថា នេះគឺជាលើកទី ២ហើយ ដែលព្រះអង្គស្ម័គ្រចិត្តនិមន្តផ្សព្វផ្សាយសារស្តីពីការថែរក្សាសុខភាព និងប្រោះព្រំទឹកមន្តជូនពុទ្ធបរិស័ទ។
ព្រះតេជព្រះគុណ ហិន ពីរ៉ាត់ មានសង្ឃដីកាថា៖ «អាត្មាសង្ឃឹម និងជឿជាក់ថា ពិធីសាសនានេះ នឹងជួយបាន ៥០ភាគរយ ប៉ុន្តែ យើងក៏ត្រូវចូលរួម និងរក្សាអនាម័យ ៥០ភាគរយផងដែរ។ ប្រសិនបើពឹងតែលើការស្រោចទឹករបស់ព្រះសង្ឃ ហើយយើងមិនរក្សាអនាម័យខ្លួនយើងនោះ មិនអាចជួយបានទេ»។
យោងតាមព្រះសង្ឃលិខិតចុះថ្ងៃទី១៦ ខែមីនា សម្តេច នន្ទ ង៉ែត ព្រះសង្ឃនាយកនៃគណៈមហានិកាយ បានអំពាវនាវដល់ចៅអធិការវត្តគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទទូទាំងប្រទេសឱ្យស្វែងយល់ពីជំងឺ Covid-19 និងស្តាប់សេចក្តីប្រកាសតាមវិទ្យុ និងទូរទស្សន៍។
សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត ក៏បានស្នើដល់ចៅអធិការវត្តទាំងអស់ ទូងស្គរ និងសូត្រធម៌នៅថ្ងៃទី២៣ ខែមីនា ដើម្បីកម្ចាត់គ្រោះមហន្តរាយដែលកើតចេញពីជំងឺនេះ ពពួកអមនុស្ស និងខ្មោចព្រាយ។ ព្រះអង្គក៏ដាស់តឿនឱ្យពុទ្ធបរិស័ទចៀសវាងការជួបជុំទ្រង់ទ្រាយធំផងដែរ។
ព្រះតេជព្រះគុណ ខាន់ សារ៉ាត់ ចៅអធិការវត្តអង្គខ្នារ នៅក្នុងឃុំលាយបូរ មានសង្ឃដីកាថា ព្រះអង្គធ្វើតាមការអំពាវនាវ និងរៀបចំពិធីសាសនានៅក្នុងវត្តកាលពីថ្ងៃទី២៣ ខែមីនា ដែលមានអ្នកចូលរួមប្រហែល ១៥០នាក់ រួមមានព្រះសង្ឃ តាជីយាយជី។
មួយសប្តាហ៍មុន កាលពីថ្ងៃទី១៧ ខែមីនា ក្រសួងសុខាភិបាលបានចេញបម្រាមបណ្តោះអាសន្នមិនឱ្យមានការជួបជុំបែបសាសនាទាំងអស់ក្នុងកិច្ចប្រឹងប្រែងទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩។
ព្រះតេជព្រះគុណ ខាន់ សារ៉ាត់ មានសង្ឃដីកាអំពីពិធីសាសនានេះថា៖ «ការប្រារព្ធពិធីនេះ គឺក្នុងបំណងនាំយកសេចក្តីសុខ បញ្ចៀស និងការពារជំងឺផ្សេងៗកុំឱ្យឆ្លងមកពុទ្ធបរិស័ទ»។
ព្រះអង្គបានបន្ថែមថា៖ «ចាប់តាំងពីសម័យព្រះពុទ្ធអង្គ នៅពេលណាមានទុក្ខលំបាក ព្រះសង្ឃសូត្រធម៌…ដើម្បីបណ្តេញពពួកអនុមនុស្សមិនឱ្យមកបៀតបៀនពុទ្ធបរិស័ទេ»។
លោក មាស អ៊ុយ នាយករដ្ឋបាលសាលាខេត្ត បាននិយាយថា លោកមិនបានដឹងពីការប្រមូលផ្តុំរៀបចំពិធីសាសនានេះទេ បន្ទាប់ពីមានបម្រាមនោះ ប៉ុន្តែ លោកសើច ហើយនិយាយថា លោកនឹងពិនិត្យមើលករណីនេះ។
«មនុស្សខ្លាចគ្នាទៅវិញទៅមក»
នៅភាគខាងជើងទីក្រុងដូនកែវ ដែលតាមធម្មតាមានអ្នកដើរលេងកម្សាន្ត និងអ្នកលក់ហូរហែតាមដងផ្លូវនាពេលរសៀល និងល្ងាចនោះ លោក យ៉ាន់ កុសល អាយុ ៣៧ឆ្នាំ បាននិយាយថា គ្រប់គ្នាសម្តែងការព្រួយបារម្ភអំពីជំងឺកូវីដ១៩។
ខណៈពេលលោករង់ចាំអាហារកុម្មង់ភោជនីយដ្ឋានជាប់ចិញ្ចើមផ្លូវ លោក កុសល ជាអ្នកបើករថយន្តដឹកដី និងជាឪពុកកូនពីរនាក់ផងនោះ និយាយថា សួនក្បែរនេះ តាមធម្មតាមានមនុស្សកកកុញនៅពេលល្ងាច ប៉ុន្តែ នៅពេលនេះ ស្ងាត់ឈឹង ហើយតាមហាងកាហ្វេក៏ដូចគ្នាដែរ។ លោកថា គ្មាននរណាមកលេងទេ។
លោក កុសល បាននិយាយថា៖ «ថ្មើរនេះ មានមនុស្សច្រើនកកកុញ ហើយក្មេងៗរត់លេងពេញនៅលើសួន។ នៅពេលនេះ ខ្ញុំឃើញតែបង្គោលភ្លើង។ មនុស្សចាប់ផ្តើមខ្លាចគ្នាទៅវិញទៅមក»។
ដោយមើលឃើញពីផលប៉ះពាល់ធ្ងន់ធ្ងររបស់វីរុសកូវីដ១៩ លោក កុសល បាននិយាយថា នៅពេលនេះ លោកមិនសូវរវល់នឹងការងារនោះទេ ហើយបារម្ភថា ចំណូលសម្រាប់ក្រុមគ្រួសារ និងសេដ្ឋកិច្ចជាតិ នឹងរងផលប៉ះពាល់។
លោកបាននិយាយថា៖ «ជំងឺនេះ គឺកាចសាហាវណាស់ ពីព្រោះវាប៉ះពាល់សេដ្ឋកិច្ចទាំងអស់ ព្រមទាំងសេដ្ឋកិច្ចប្រទេសយើងផងដែរ។ ប្រសិនបើអូសបន្លាយមួយខែ ឬដល់មួយឆ្នាំ គ្រប់គ្នាគ្មានអ្វីហូបទេ ពីព្រោះពួកគេមិនអាចចេញរកស៊ីអ្វីបានទេ»។
របាយការណ៍របស់ធនាគារពិភពលោកដែលចេញផ្សាយកាលពីថ្ងៃអង្គារបានព្យាករថា កំណើនសេដ្ឋកិច្ច (GDP) របស់ប្រទេសកម្ពុជានៅឆ្នាំនេះ នឹងធ្លាក់ពី ៧ភាគរយនៅឆ្នាំមុន មកនៅត្រឹមកំណើន ២.៥ភាគរយ ឬក៏ទាបដល់ ១ភាគរយ ជាកម្រិតទាបបំផុត។
ដោយមានការបារម្ភពីបញ្ហាសេដ្ឋកិច្ចដូចគ្នា អ្នកស្រី ចាន់ ម៉ាច ជាម្ចាស់ភោជនីយដ្ឋាននៅជាប់ចិញ្ចើមផ្លូវ បាននិយាយថា អតិថិជនរបស់អ្នកស្រីបានធ្លាក់ចុះច្រើនចាប់តាំងពីមានការផ្ទុះឡើងនូវវីរុសនេះ ហើយចំណូលរបស់អ្នកស្រីក៏ធ្លាក់ចុះច្រើនពី ៦០០,០០០រៀលក្នុងមួយថ្ងៃ មកនៅក្រោម ២០០,០០០រៀលក្នុងមួយថ្ងៃ។
អ្នកស្រី ចាន់ ម៉ាច អាយុ ៤៣ឆ្នាំ និយាយថា អ្នកស្រីបារម្ភខ្លាចគ្មានប្រាក់គ្រប់គ្រាន់សម្រាប់ការចំណាយ ដោយសារអ្នកស្រីត្រូវបង់ប្រាក់ដល់ធនាគារក្នុងមួយខែ ២០០ដុល្លារ។ ម្ចាស់ភោជនីយដ្ឋានរូបនេះ បាននិយាយថា អ្នកស្រីមិនមែនជាកសិករ ហើយអ្នកស្រីគ្មានស្រែធ្វើនឹងគេទេ។
អ្នកស្រី ម៉ាច បាននិយាយថា៖ «ខ្ញុំព្រួយបារម្ភ ពីព្រោះខ្ញុំត្រូវបង់ប្រាក់កម្ចីធនាគារ។ ខ្ញុំទិញអង្ករហូប ពីព្រោះខ្ញុំគ្មានស្រែធ្វើទេ»៕