អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​ពលករ​ខ្មែរ​១៧​រូប​ដែល​ប្រមូល​ផ្តុំ​គ្នា​ផឹក​គ្រឿង​ស្រវឹង​បំពាន​​បម្រាម

សមត្ថកិច្ចថៃបានឃាត់ខ្លួនពលករខ្មែរប្រុសស្រីចំនួន ១៧នាក់ ខណៈពេលដែលពួកគេប្រមូលផ្តុំគ្នាផឹកគ្រឿងស្រវឹងនៅមុនបន្ទប់ជួល ដោយបំពានបម្រាមរបស់រដ្ឋាភិបាលថៃដែលហាមមិនឱ្យមានការជួបជុំ​សេពគ្រឿងស្រវឹងអំឡុងពេល​ចូលឆ្នាំ ថ្ងៃទី​១៤​ ខែ​មេសា​ ឆ្នាំ​២០២០ ​ស្ថិត​ក្នុង​ភូមិ​១២​ ឃុំ​ខ្លងលួង​ ស្រុក​ខ្លងលួង​ ខេត្ត​ផាធុមថានី​ ប្រទេស​ថៃ​។ (ហ្វេសប៊ុក ប្រាក់ ភក្ត្រា Prak Pheaktra)

សមត្ថកិច្ចថៃបានឃាត់ខ្លួនពលករខ្មែរប្រុសស្រីចំនួន ១៧នាក់ ខណៈពេលដែលពួកគេប្រមូលផ្តុំគ្នាផឹកគ្រឿងស្រវឹងនៅមុនបន្ទប់ជួល ដោយបំពានបម្រាមរបស់រដ្ឋាភិបាលថៃដែលហាមមិនឱ្យមានការជួបជុំ​សេពគ្រឿងស្រវឹងអំឡុងពេល​ចូលឆ្នាំ ដើម្បីទប់ស្កាត់ការរីករាល​ដាលនៃជំងឺកូវីដ១៩។

តាមសារព័ត៌មាន​ ប៉ាធុមថានី (Pathumthani News) ពលករខ្មែរទាំង ១៧រូបនោះ ត្រូវបាន​ចាប់ខ្លួននាវេលា​ម៉ោង​ ៥ល្ងាច ថ្ងៃទី១៤ ខែ​មេសា ​ម្សិលមិញ ​នៅ​ភូមិ​ទី១២​ ឃុំខ្លងសង ស្រុក​ខ្លងលួង​ ខេត្ត​ប៉ាធុមថានី​ ប្រទេស​ថៃ​។

អភិបាលស្រុកខ្លងលួង លោក និតិឆ័យ វិរិយានុន ត្រូវបាន​សារព័ត៌មាន​ប៉ាធុមថានីដកស្រង់សម្តីមកចុះ​ផ្សាយថា ក្រោយពីបានទទួលដំណឹងច្បាស់ការពីប្រជាពលរដ្ឋថា បន្ទប់ស្នាក់នៅរបស់ពលករមានការជួបជុំគ្នាផឹកស៊ីរាល់ថ្ងៃ លោកក៏បានបញ្ជាឱ្យកងកម្លាំងចុះមកស៊ើបអង្កេតមុននឹងឈានដល់ការចាប់ខ្លួនបានពលករបរទេស។ លោកថា ពលករខ្មែរដែលជួបជុំគ្នាទាំងនោះមិនបានពាក់ម៉ាស់ការពារនោះឡើយ។ លោកបន្ថែ​មថា ពលករ ៣នាក់ ព្យាយាមរត់គេចខ្លួនផងដែរ តែត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន។

ប្រភពដដែលឱ្យដឹងថា បច្ចុប្បន្ន​ ពលករ​ខ្មែរ​ទាំង​អស់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ថៃ​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​តម្រួត​ខ្លងលួង​ ដើម្បីត្រួតពិនិត្យមើលថា មានឯកសារអន្តោប្រវេសន៍ស្របច្បាប់ឬទេ និងចាត់វិធានការតាមផ្លូវច្បាប់របស់ប្រទេស​ថៃ​។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង ប្រាប់វីអូឌីថា លោកពុំទាន់ទទួលបានព័ត៌មាន​នេះនៅឡើយទេ។ លោកអំពាវនាវឱ្យពលករ​ខ្មែរត្រូវគោរពច្បាប់ប្រទេសដែល​ខ្លួនកំពុងបំពេញ​ការងារ។ ទោះយ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះអះអាងថា​ ក្រសួងមិនទុក​ពលករ​ទាំងនោះចោលនោះទេ។

លោក កុយ គួង បញ្ជាក់ថា៖ «នៅក្នុងប្រទេសណា ត្រូវគោរពច្បាប់ប្រទេសនោះ។ ស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជានៅប្រទេសថៃ មិននៅស្ងៀមទេ ទោះពលរដ្ឋយើងស្ថិតក្នុងកាលៈទេសៈណាក៏ដោយ»។

តាមសារព័ត៌មាន​ប៉ាធុមថានី ពលករទាំងនោះត្រូវបានជាប់ចោទពីបទល្មើសជួបជុំ និងប្រមូលផ្តុំគ្នា ដែលស្ថិតក្រោម​ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសក្នុងគ្រា​អាសន្ន និងច្បាប់ស្តីពីរោគឆ្លងរបស់ប្រទេសថៃ។ រដ្ឋាភិបាលថៃបានប្រកាសដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសក្នុងគ្រា​អាសន្នពីថ្ងៃទី២៦ ខែមីនាកន្លងមក។ អ្នកដែលល្មើសនឹងច្បាប់នេះ អាចមានទោសជាប់ពន្ធនាគាមិនលើសពី ២ឆ្នាំ ឬពិន័យប្រាក់មិនលើស ៤ម៉ឺនបាត ឬទាំងជាប់គុក និងពិន័យជាប្រាក់។

កាលពីថ្ងៃទី១២ ខែមេសា រដ្ឋាភិបាល​ថៃបានដាក់បម្រាមលើការលក់គ្រឿងស្រវឹង ព្រមទាំងបញ្ជាឱ្យបិទហាង ឬដេប៉ូលក់ស្រា និងស្រាបៀរនៅទូទាំង ៧៧ខេត្ត-រាជធានី ក្នុងអំឡុងរដូវបុណ្យចូលឆ្នាំថ្មី ដើម្បីបញ្ចៀសការជួបជុំ និងប្រមូលផ្តុំគ្នាផឹកគ្រឿងស្រវឹងដែលនាំឱ្យមានការរីករាលដាលនៃកូវីដ១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ