គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) ស្នើទៅរដ្ឋសភាអនុម័តកញ្ចប់ថវិកាពិសេសបន្ថែម ដើម្បីជួយដោះស្រាយបំណុលរបស់ប្រជាពលរដ្ឋនៅអំឡុងពេលឆ្លងរាលដាលជំងឺកូវីដ១៩។
ក្នុងសេចក្តីថ្លែងការណ៍របស់ គបម បានឱ្យដឹងនៅថ្ងៃនេះថា វិបត្តិកូវីដ១៩ កំពុងនាំមកនូវផលវិបាកធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល រួមទាំងវិបត្តិសេដ្ឋកិច្ច សង្គមកិច្ច សន្តិសុខស្បៀង និងវិបត្តិហិរញ្ញវត្ថុជាដើម ហើយច្បាប់ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២០ មិនមានខ្ទង់ចំណាយសំរាប់ដោះស្រាយវិបត្តិជូនប្រជាពលរដ្ឋ និងសង្គមជាតិ នៅអំឡុងឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះបាននោះទេ។
ករណីនេះ គបម ស្នើទៅអង្គនីតិបញ្ញត្តិគឺរដ្ឋសភា ឱ្យជួយអនុម័តបញ្ចេញកញ្ចប់ថវិកាពិសេសបន្ថែម (បរិមាណទុនបម្រុងរបស់ជាតិ និង/ឬ កម្ចីបន្ថែម) ដែលមានការប្រាក់ទាបបំផុត សម្រាប់អនុវត្តគោលនយោបាយហិរញ្ញវត្ថុជួយធនាគារឯកជន និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ដើម្បីឱ្យស្ថាប័នទាំងនោះ សម្រួលដល់ការផ្អាកបង់រំលោះប្រចាំខែរបស់ប្រជាពលរដ្ឋក្នុងរយៈពេលខ្លី និងជួយដល់បុគ្គលិកក្នុង និងក្រៅប្រព័ន្ធទាំងអស់ ដែលអត់ការងារធ្វើ ទទួលបានប្រាក់ប្រាំសែនរៀលក្នុងមួយខែ។
បន្ថែមពីនេះ គបម ក៏ស្នើឱ្យបញ្ជូនគ្រូកសិកម្ម ៥០០នាក់ បណ្តុះបណ្តាលកសិករចំនួន ៣ម៉ឺននាក់ ឱ្យចេះដាំបន្លែ ចិញ្ចឹមសត្វ រួមទាំងផ្តល់ថវិកាដល់រោងម៉ាស៊ីនកិនស្រូវទាំងអស់ ដើម្បីធានាឱ្យមានស្រូវស្តុកទុកក្នុងតម្លៃសមរម្យ និងជួយអនុគ្រោះពន្ធ ដល់ក្រុមហ៊ុន និងសហគ្រាស ជាដើម។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង មានប្រសាសន៍ថា ស្ថាប័នលោកមិនទាន់ទទួលបានសំណើជាផ្លូវការពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាននៅឡើយ។ លោកបន្តថា បើគណបក្សនេះដាក់សំណើមក នោះស្ថាប័នរដ្ឋសភានឹងបញ្ជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិនិត្យ និងសម្រេច។
លោកមានប្រសាសន៍ថា៖ «ខ្ញុំអត់ទាន់ឃើញទេ បើសិនជាមានសំណើមែន យើងនឹងដាក់ជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍ លោកពិចារណា»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុកសំណើរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានទៅរដ្ឋសភាទាក់ទងនឹងការអនុម័តកញ្ចប់ថវិកាពិសេសបន្ថែម មានចរិតនយោបាយច្រើនជាង ដោយលោកថា រដ្ឋាភិបាលបានគិតគូរជួយដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋ អំឡុងពេលការឆ្លងជំងឺកូវីដ១៩ផងដែរ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំយល់ថាសំណើរបស់គាត់ [គបម] មានចរិតនយោបាយទេ! គាត់គ្រាន់តែធ្វើអ្វីឱ្យឃើញស្នាដៃគាត់ ការគិតគូររបស់គាត់ តាមពិតគ្រាន់តែការស្នើផ្នែកនយោបាយ រឿងប៉ុន្មានដែលស្ថិតនៅក្នុងក្របខ័ណ្ឌដែលគាត់ស្នើនេះ គឺរាជរដ្ឋាភិបាលបានគិតគូរហើយ»។
រដ្ឋាភិបាលថៃ កាលពីដើមខែមេសា បានបង្កើនកញ្ចប់ថវិកាជាង ៥០០ពាន់លានបាត (ស្មើ ១៥ពាន់លានដុល្លារ) ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច និងសង្គម ពីវិបត្តិមេរោគកូវីដ១៩ ដែលរាតត្បាតសកល។
ក្រោយមក ធនាគារជាតិថៃ កាលពីថ្ងៃទី៣ ខែមេសា ក៏បានបញ្ចុះតម្លៃការប្រាក់កម្ចីឥណទាន និងកម្ចីបង្វិល ពី១០ភាគរយ មក៥ភាគរយ ហើយអាចពន្យារពេលសងបំណុល ៣ខែ សម្រាប់កម្ចីអាជីវកម្ម តបតាមគោលនយោបាយរដ្ឋាភិបាលក្នុងការបន្ធូរបន្ទុកបំណុលរបស់ពលរដ្ឋ។
រដ្ឋាភិបាលថៃ ក៏បានឱ្យពលរដ្ឋដែលជួបការលំបាកអាចដាក់ពាក្យស្នើសុំថវិកាចំនួន ៥០០០បាត ស្មើនឹង១៥០ ដុល្លារ សម្រាប់ចាយវាយផងដែរ។
រីឯ ហ្វីលីពីនបញ្ចេញប្រាក់មូលនិធិចំនួន ៥១ពាន់លានប៉េសូ ស្មើនឹងប្រមាណ ១ពាន់លានដុល្លារបន្ថែមទៀត ដើម្បីជួយកម្មករ ៣លាន ៤សែននាក់ បម្រើការក្នុងវិស័យអាជីវកម្មខ្នាតតូច ដែលរងផលប៉ះពាល់ពីការបិទតំបន់ផ្ទុះការឆ្លងរាលដាលជំងឺកូវីដ១៩ផងដែរ។
ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវជាបន្តបន្ទាប់ កុំឱ្យស្ថាប័នធនាគាររឹបអូសយក ទ្រព្យសម្បត្តិពលរដ្ឋក្នុងអំឡុងពេលដែលពលរដ្ឋមិនមានលុយសងបំណុល ដោយសារបាត់បង់ចំណូលព្រោះកូវីដ១៩៕