អ្នកបើកបរម៉ូតូកង់បីដឹកភ្ញៀវមួយចំនួនក្នុងរាជធានីភ្នំពេញ ត្អូញត្អែរជួបការលំបាករកចំណូលមិនបានសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងគ្រួសារ ភ័យខ្លាចមិនមានលុយសងបំណុលធនាគារ និងខ្លាចឆ្លងមេរោគកូវីដ១៩ ដោយសារមុខរបររបស់ពួកគាត់ត្រូវជួបប្រាស្រ័យទាក់ទងជាមួយមនុស្សផ្សេងៗគ្នាច្រើន។
កំពុងអង្គុយចុចទូរសព្ទនៅលើកង់បី រង់ចាំដឹកម៉ូយ នៅម្តុំផ្សារបឹងកេងកង លោក ចាន់ សុបូរ៉ា រៀបរាប់ប្រាប់វីអូឌីថា ចាប់តាំងពីកើតមានជំងឺកូវីដ១៩មក លោករកចំណូលមិនសូវបាននោះទេ ដោយសារពុំសូវមានភ្ញៀវប្រើប្រាស់សេវាជិះ Pass App ដូចមុនៗទៀត។
លោក ចាន់ សុបូរ៉ា ឱ្យដឹងថា រយៈពេលជាង ១០ឆ្នាំ លោករត់ម៉ូតូឌុប ហើយថ្មីៗនេះ លោកទិញកង់បីឥណ្ឌាដឹកភ្ញៀវ។ លោកថា មុនកើតមានជំងឺកូវីដ១៩ លោកអាចរកចំណូលបានចន្លោះពី៧ ទៅ១០ម៉ឺនរៀលក្នុងមួយថ្ងៃ ប៉ុន្តែ ឥលូវនេះ រកចំណូលមួយថ្ងៃមិនបាន ២ម៉ឺនរៀលផង។ លោកបន្តថា ករណីរកចំណូលមិនបាននេះ បានធ្វើឱ្យគ្រួសារគាត់ប្រឈមខ្វះខាតជីវភាព និងជំពាក់បំណុលធនាគារទ្វេដង។
លោកបន្ថែមថា៖ «ប្រាក់ចំណូល គឺធ្លាក់ចុះតែម្តង គឺធ្លាក់ចុះខ្លាំងមែនទែន។ ចំណែកខាងធនាគារ គេមិនមានការយោគយល់ទេ។ គាត់សម្រួលឱ្យបង់ការ តែលូវនេះ យើងរកលុយបង់ការឱ្យគេមិនបានទៀត។ យ៉ាប់មែនទែនហើយ។ រកមួយថ្ងៃដោះស្រាយមួយថ្ងៃ ដោះស្រាយមិនចេញ។ ឥលូវយើងម្នាក់ៗអង្គុយលេងរហូតដោយសារអត់មានអីដឹក។ ហើយយើងមករកនេះ មកទាំងហានិភ័យទេ តែបើយើងមិនមករក អត់លុយទិញម្ហូប»។
បុរសម្នាក់ទៀតកំពុងអង្គុយលើ កង់បី រងចាំដឹកភ្ញៀវមុខសណ្ឋាគារមួយលើកំណាត់ផ្លូវត្រសក់ផ្អែមខណ្ឌចំការមនលោក ពៅ សំអ៊ុលបានត្អូញត្អែរថា រាល់ថ្ងៃនេះលោកក៏រកចំណូលមិនបានដែរ ដោយថា មួយថ្ងៃជួនកាលរកបានចំនួន២ដុល្លារ និងថ្ងៃខ្លះរកចំណូលមិនបានផង។
អ្នកបើកកង់បីរូបនេះបន្តថា រាល់ថ្ងៃលោកមករកស៊ីដឹកភ្ញៀវនេះទាំងភ័យខ្លាច និងបារម្ភពីការឆ្លងជំងឺកូវីដ១៩នេះផងដែរ ប៉ុន្តែ គ្មានជម្រើស។
លោកបន្ថែមថា៖ «បើនិយាយពីផលប៉ះពាល់ គឺរាល់ថ្ងៃហ្នឹងប៉ះពាល់ធ្ងន់មែនទែនហើយ សម្រាប់ពួកខ្ញុំអ្នករត់ម៉ូឌុបរត់រ៉ឺម៉កហ្នឹង។ បើនិយាយពីជីវភាពវិញ វាពិបាកលែងនិយាយហើយ។ យើងត្រូវបង់ធនាគារផង ថ្លៃកូនរៀនផង ចំណាយហូបចុកប្រចាំថ្ងៃផង។ ហើយមានពីណាឧបត្ថម្ភយើង បើមករកតែខ្លួនឯង។ ប្រសិនជាមានលុយកាក់ដូចគេ ក៏មិនមកដែរ។ មកនេះគឺមកទាំងប្រថុយប្រថាន ទាំងភ័យខ្លាចទេ។ អូន [អ្នកសម្ភាសន៍] ដឹងស្រាប់ហើយ គ្រោះថ្នាក់មើលឃើញនៅហ្នឹងមុខៗហ្នឹង»។
ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ មានប្រសាសន៍ថា បញ្ហាជំងឺកូវីដ១៩ បានធ្វើឱ្យអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធជួបបញ្ហាជាច្រើន ដូចជា ការរកប្រាក់ចំណូលមិនបាន ខ្វះលុយបង់ធនាគារ ខ្វះលុយបង់ថ្លៃបន្ទប់ជួល និងគ្មានលុយគ្រប់គ្រាន់សម្រាប់ទិញសម្ភារដើម្បីបង្ការជំងឺកូវីដ១៩ ជាដើម។
ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធរូបនេះ បានអំពាវនាវទៅរដ្ឋាភិបាលឱ្យអន្តរាគមន៍ទៅខាងធនាគារពន្យារពេលដល់អ្នកប្រករបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ក្នុងការបង់ដើម និងការប្រាក់ ហើយត្រូវបញ្ចេញកញ្ចប់ថវិកាសម្រាប់ទិញគ្រឿងឧបភោគបរិភោគចែកជូនដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ខណៈពេលដែលពួកគេជួបបញ្ហាជីវភាពដោយសារបញ្ហាជំងឺកូវីដ១៩នោះ។
លោកបន្ថែមថា៖ «សូមឱ្យរដ្ឋាភិបាលជំរុញទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ម្តងទៀត ពន្យារនៃការបង់លុយសងធនាគារសម្រាប់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយពន្យារទាំងលុយដើម និងការប្រាក់។ ចំណុចទី២ រដ្ឋាភិបាលគួរតែបញ្ចេញកញ្ចប់ថវិកាគ្រឿងឧបភោគបរិភោគប្រចាំថ្ងៃ ដូចជា អង្ករ ត្រី សាច់ ជាដើមហ្នឹង ជួយដល់ពួកគាត់។ ពីព្រោះ ឥលូវ ពួកគាត់កំពុងជួបបញ្ហាទាំងនេះ។ ហើយរដ្ឋជួយអន្តរាគមន៍រឿងថ្លៃទឹកភ្លើងដល់ពួកគាត់ ដើម្បីដោះទាល់នៅពេលដែលជំងឺកូវីដកំពុងរីករាលដាលនេះ»។
លោក វន់ ពៅ ឱ្យដឹងថា បច្ចុប្បន្ន សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានសមាជិកដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធជាង ១ម៉ឺន ២ពាក់នាក់ ស្ថិតក្នុងខេត្តក្រុងចំនួន៦ ដូចជា ភ្នំពេញ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ព្រះសីហនុ និងខេត្តកំពត។
កាលពីថ្ងៃទី៩ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាបន្ទាន់មួយទៅម្ចាស់បំណុល ឱ្យលើកលែងការប្រាក់ និងពន្យារពេលសងបំណុល សម្រាប់កម្មករក្នុងវិស័យកាត់ដេរប្រមាណជា ២ម៉ឺននាក់ ដែលលោកថា អាចនឹងបាត់បង់កាងារធ្វើត្រឹមខែមីនានេះ ដោយសារការរាតត្បាតជំងឺកូវីដ១៩។ ប៉ុន្តែ រហូតមកដល់ពេលនេះ ស្ថាប័នពាក់ព័ន្ធ រួមទាំងសមាគមធនាគារផង មិនឆ្លើយតបថាយ៉ាងណានៅឡើយទេចំពោះបញ្ហានេះ។
ក្រសួងសុខាភិបាល អះអាងថា គិតមកត្រឹមថ្ងៃនេះ អ្នកឆ្លងជំងឺកូវីដ១៩ មានសរុប ១២២នាក់ ក្នុងនោះអ្នកជាសះស្បើយ ៩៦នាក់ ឬស្មើនឹង ៧៨,៦៩% ហើយនៅសល់ ២៦នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕