វិភាគ៖ តើ​ហេតុ​អ្វី​ត្រូវ​យល់​ដឹង​ពី​ជំងឺ​កូវីដ​១៩​?​

ក្រុមអាជ្ញាធរមានសមត្ថកិច្ច ដើរផ្សព្វផ្សាយសារចែករំលែកការយល់ពីជំងឺកូវីដ១៩ នៅម្ដុំស្ដុបបូកគោ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

​ជំងឺរ​លាកផ្លូវ​ដង្ហើម​ធ្ងន់ធ្ង​រ​ ហៅ ​កូ​វី​ដ១​៩ ​បាន​ស​ម្លាប់​មនុ​ស្ស​ជាង ​១​១ម៉ឺ​នាក់ និ​ងឆ្ល​ងដ​ល់​មនុស្សជាង ២លាននាក់ គិតត្រឹមថ្ងៃពុធនេះ​ ក្រោ​យពីវា​បា​នផ្ទុះ​ឡើ​​ងនៅ​ទីក្រុ​ងវូ​ហាន ​ប្រទេ​សចិ​ន ​កាល​ពីជាង​ ៤ខែ​មុន​។

​​ឥទ្ធិពលនៃកូ​វីដ​១៩​​​​ វា​មិនត្រឹមតែវាយលុកទៅលើប្រទេសក្រីក្រមានប្រព័ន្ធសុខាភិបាលទន់ខ្សោយទេ សូម្បីប្រទេសម​ហា​អំណាច រួមទាំងប្រទេសមានប្រព័ន្ធសុខាភិបាលខ្លាំង វាក៏បានវាយលុកចូលដែរ ដូចជាសហរដ្ឋអាមេរិក ចិន បារាំង ជប៉ុ​ន​ និងសង្ហបូរី ជាដើម ។

ចាប់ពីខែមករាមក រហូតដល់ថ្ងៃពុធ ខែមេសានេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ មានសរុប ១២២នាក់។ ក្នុងនោះ ៩៦នាក់ ឬស្មើនឹង ៧៨,៦៩% ត្រូវគ្រូពេទ្យព្យាបាលជា និង ២៦នាក់ កំពុងសម្រាកព្យាបាលបន្ត តែមិនទាន់មានករណីស្លាប់ដូចបណ្តាប្រទេសមួយចំនួនលើពិភពលោកដែលមេរោគនេះកំពុងតែវាយលុកនោះទេ។

មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត
ប្រជាពលរដ្ឋ មកទទួលសេវាព្យាបាលនៅ មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ក្នុងក្រុងភ្នំពេញ នាថ្ងៃទី ៣០ តុលា ២០១៩ (រូបភាព៖បញ្ញា ឆពណ្ណ)​

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង កាលពីថ្ងៃចន្ទ បានអំពាវនាវថ្មីទៀត ឱ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់ជំងឺដ៏កាចសាហាវនេះ តាមរយៈអនាម័យលាងដៃនឹងសាប៊ូ ឬអាល់កុល ជែល និងកាត់បន្ថយការជួបជុំគ្នាជាដើម នូវអ្វីដែលរដ្ឋមន្ត្រីរូបនេះថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលទ្រង់ទ្រាយធំក្នុងសហគមន៍។

ការក្រើនរំឭកថ្មីទៀតរបស់ក្រសួងសុខាភិបាលនេះ ចំពេលដែលក្រសួងប្រកាសថា ករណីរកឃើញអ្នកផ្ទុកថ្មី ជាសញ្ញាលេចឡើងនៃការឆ្លងតាមសហគមន៍ក្នុងទ្រង់ទ្រាយតូចនៅរាជធានីភ្នំពេញ បើប៉ុន្មានថ្ងៃទៀត មន្ត្រីជំនាញរកមិនឃើញប្រភពចម្លងច្បាស់លាស់នោះ។

លោកថា៖ «ក្រសួងសុខាភិបាលសូមកត់សម្គាល់ថា ការរកឃើញអ្នកមានមេរោគវីរុសកូវីដ១៩ នៅរាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នឹងអាចឈានចូល​ដល់​ការ​ចម្លងក្នុ​ងសហគមន៍ក្នុងទ្រង់​ទ្រាយតូច ប្រសិនប្រើក្រុមការងារស្រាវជ្រាវបន្ត អាចរកឃើញថា មិនមានប្រភពនៃការចម្លងមេរោគកូវីដ១៩ ច្បាស់លាស់»។

លោក ម៉ម ប៊ុនហេង អះអាងថា ក្រុមការងារដែលមានតំណាងអង្គការសុខភាពពិភពលោក និងមន្ត្រីជំនាញពីសហរដ្ឋអាមេរិកផងនោះ នឹងបន្តស្រាវជ្រាវយ៉ាងសកម្មស្វែងរកអ្នកមានហានិភ័យខ្ពស់ និងហានិភ័យទាប ដើម្បីចាត់វិធានការទប់ស្កាត់ការចម្លងចូ​លសហគមន៍ក្នុងទ្រង់ទ្រាយធំ។​

សំណួរត្រង់ថា ហេតុអ្វីពលរដ្ឋត្រូវយល់ដឹងពីជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ កូវីដ១៩ នេះ?

អ្នកដែលកើតជំងឺនេះ ត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេអំឡុងពេលព្យាបាល ពោលគឺគ្មានអ្នកនៅកំដរឡើយ សូម្បីមនុស្សជាទីស្រឡាញ់ ក៏មិនឱ្យទៅជិតដែរ ព្រោះមេរោគនេះឆ្លងពីមនុស្សទៅមនុស្ស។

ករណីមិនអាចសង្គ្រោះបានរហូតស្លាប់ សពអ្នកជំងឺមិនត្រូវអនុញ្ញាតិឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំ​ណើត​​តា​មប្រពៃណីទេ សពត្រូវរុំនឹងកៅស៊ូច្រើនជាន់ យកទៅកប់ ឬបូជាភ្លាមៗ តាមការចង្អុលបង្ហាញរបស់មន្ត្រីជំនាញ។

លោក ម៉ម ប៊ុនហេង ព្រមានពីខ្វះលទ្ធភាពជួយសង្គ្រោះអ្នកជំងឺកូវីដ បើពលរដ្ឋមិនប្តូរឥរិយាបថ នៅតែប្រឆាំងនឹងវិធានការរបស់រដ្ឋាភិបាល និងសេចក្តីណែនាំរបស់ក្រសួង។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីស្ថានភាពជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

លោកថា៖ «យើងនឹងឈានដល់ការឆ្លង​ដល់សហគមន៍ ហើយក៏ឈានដល់ទីបញ្ចប់ ឬឈានទៅដល់ក្តីវិនាស​របស់យើង គឺការស្លាប់។ ព្រោះកាលណា​វាច្រើនហួស ការគ្រប់គ្រងខាងផ្នែកវេជ្ជសាស្ត្ររបស់យើង ក៏ជួបការលំបាកដែរ»។

រដ្ឋាភិបាលបានប្រកាសបិទក្លឹបកម្សាន្ត កាស៊ីណូ ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ និងពិធីបុណ្យចូលឆ្នាំផងដែរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃកូវីដ១៩។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ កាលពីសប្តាហ៍មុន បានផ្ញើសារបែបក្រើនរំឭកដែរថា ការជួយសង្គ្រោះនឹងទប់ទល់លែងឈ្នះ បើកម្ពុជាមានអ្នកឆ្លងដល់ម៉ឺននាក់ដូចបណ្តាប្រទេសមួយចំនួននោះ។

រដ្ឋមន្ត្រីរូបនេះបន្តថា៖ «មកដល់បច្ចុប្បន្ន យើងមានជោគជ័យព្រោះអ្នកឆ្លងរោគមានតិច បើសិនជាការឆ្លងរោគឡើ​ងដ​ល់ម៉ឺនដូចប្រទេសគេ សម្ភារយើងទ្រោលមិនរួចទេ ពេទ្យយើងក៏មិនមែនម៉ាស៊ីនធ្វើការ ២៤ម៉ោងដែរ ហើយឈឺ​មិនមានអ្នកកំដរទេ!​ ថែខ្លួនយើង គឺថែគ្រួសារយើង ថែសហគមន៍យើង! កុំភ្លេចថា កើតអេដស៍នៅដើរ​ហើរបាន កូវីដ១៩ គឺគេឃាំងឱ្យនៅមួយកន្លែងម្នាក់ឯងហើយ»។

ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុទ្ធី មានប្រសាសន៍ថា ជំងឺកូវីដ១៩ វាចម្លងលឿនពីមនុស្សម្នាក់ទៅ១០នាក់ និងពី១០នាក់ទៅមនុស្សច្រើនទៀត។

វេជ្ជបណ្ឌិតរូបនេះ ពន្យល់ទៀតថា ជំងឺកូវីដ ពេលវាឆ្លង វាបំផ្លាញប្រព័ន្ធការពាររាង្គកាយ ដូចជា លំពែង សួត និងស្រោមខួរ ជាដើម។ លោកថា បើព្យាបាលជា កូវីដ១៩នេះ វាបន្សល់ទុកនូវសុខភាពទ្រុឌទ្រោម ប្រៀបដូចមនុស្សផ្ទុកមេរោគអេដស៍ ។

លោកថា៖ «យើងរស់បានដោយសារប្រព័ន្ធការពារខ្លួន ដល់មេរោគហ្នឹងចូលទៅ វាបំផ្លាញប្រព័ន្ធការពារ ដូចអ្នកដែលមានផ្ទុកមេរោគអេដស៍អីចឹង»។

អង្គការសុខភាពពិភពលោក WHO ធ្លាប់បង្ហាញការព្រួយបារម្ភថា ប្រទេសមានប្រព័ន្ធសុខាភិបាលទន់ខ្សោយ ឬប្រទេសកំពុងអភិវឌ្ឍន៍ នឹងរងផលប៉ះពាល់ជាងគេ បើគ្មានវិធានការបង្ការទប់ស្កាត់ជាមុន។

ដោយឡែក ប្រធាន​អង្គការសុខភាព​ពិភពលោក​នៅ​កម្ពុជា​ លោក​ស្រី​ លី អៃឡាន (Li Ailan) ក្នុងសន្និសីទនៅថ្ងៃចន្ទ បានឱ្យដឹង​តាម​រយៈអ្នកបកប្រែថា បញ្ហាខ្វះមន្ត្រីជំនាញ ខ្វះសម្ភារ រួមទាំងខ្វះសមត្ថភាពគ្រប់គ្រង គឺជាបញ្ហាប្រឈម និងជាក្តីបារម្ភខ្លាំងសម្រាប់កម្ពុជា ប្រសិនបើ​​ការឆ្លងរីករាលដាលជំងឺកូវីដ១៩​ មានកាន់តែច្រើន។ 

លោកស្រីបន្តតាមរយៈអ្នកបកប្រែថា៖ «អីចឹងហើយបានយើង​ធ្វើកិច្ចការងារ​អន្តរាគមន៍ចាប់តាំងពីជំងឺចាប់ផ្តើម​ដំបូងហ្នឹង គឺយើងចាប់ផ្តើមខ្ទប់វា​កុំឱ្យរីករាលដាលខ្លាំង​»។

តាមគេហទំព័រ Worldometer គិតត្រឹមថ្ងៃពុធនេះ កូវីដ១៩ បានឆ្លងទៅមនុស្សជាង ២លាន់នាក់ និងសម្លាប់មនុស្សជាង ១២ម៉ឺននាក់ លើពិភពលោក ។

ក្នុងនោះ អ្នកស្លាប់នាំមុខគេដោយសហរដ្ឋអាមេរិកស្លាប់ ២ម៉ឺន ៦ពាន់នាក់ជាង តាមពីក្រោយដោយអ៊ីតាលី អ្នកស្លាប់មាន ២ម៉ឺន ១ពាន់នាក់ជាង បារាំង ១ម៉ឺន ៥ពាន់ជាង និងអង់គ្លេស ១ម៉ឺន ២ពាន់នាក់ជាង។

វេជ្ជបណ្ឌិត អ៊ូច វុទ្ធី ក្រើនរំឭកថា វាមានសារសំខាន់ណាស់ដែលពលរដ្ឋម្នាក់ៗស្វែងយល់ និងចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះ ដើម្បីកុំឱ្យប្រទេសធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរដូចប្រទេសមួយចំនួន ដោ​​យ​សា​រខ្វះលទ្ធភាពដោះស្រាយ ដឹកសពទៅទម្លាក់ចោល ។

លោកថា៖ «តិចអីចឹង រដ្ឋយើងអាចនៅជួយបាន តែបើសិនរាលដាលច្រើន រដ្ឋយើងមិនអាចជួយបានទេ ដូចនៅប្រ​ទេសអ៊ីតាលី ឥឡូវដឹកទាំងឡានយកទៅចាក់សពចូលគ្នា។ ពីមុនធ្វើក្តារមឈូសត្រឹមត្រូវ ដល់ពេលច្រើន ពេល​ទប់​​អត់ឈ្នះ អាហ្នឹងដោយសារអី ដោយសារប្រជាពលរដ្ឋមើលងាយមេរោគហ្នឹង ព្រោះមេរោគហ្នឹងមើលមិនឃើ​ញទេ វានៅពេញតែខ្យល់អាកាសទាំងអស់»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ