លោក ផៃ ស៊ី​ផាន ព្យាករ​​ថា​​សេដ្ឋ​កិច្ច​​កម្ពុជា​​នឹង​​ហក់​​ឡើង​​ខ្លាំង​​ពេល​​អស់​​កូ​វីដ​១៩​​

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ប្រធាន​ក្រុម​អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក ផៃ ស៊ី​ផាន ព្យាករ​ថា ​សេដ្ឋកិច្ច​កម្ពុជា​នឹង​ហក់​ឡើង​ខ្លាំង​រាង​ជា​អក្សរ V ពេល​អស់​ជំងឺ​កូ​វីដ១៩ ខណៈ​មានការ​លើកឡើង​ថា​ វិស័យ​ដឹកជញ្ជូន​តាមផ្លូវអាកាស​ធ្លាក់ចុះ​ជិត ១០០ភាគរយ។

ក្នុង​សន្និ​សីទសារ​ព័ត៌មាន​ស្តី​ពី​ «វឌ្ឍនភាព ទិសដៅ​ការងារ​បន្ដ របស់​រដ្ឋលេខាធិការ​ដ្ឋាន​អា​កាស​ចរ​ស៊ីវិល» នា​ថ្ងៃ​ព្រហស្បតិ៍​នេះ មន្ត្រី​អាកាសចរ​ស៊ីវិល​មួយ​រូប អះអាង​ថា កត្តា​វាស់វែង​សេដ្ឋកិច្ច គេ​ប្រើ​សេ​ណា​រី​យ៉ូ​ពីរគឺ មួយ​រាង​អក្សរ U និង​មួយទៀត​រាង​អក្សរ V។

មន្ត្រី​នោះ​ពន្យល់​ថា អក្សរ U ពេល​សេដ្ឋកិច្ច​ធ្លាក់ចុះ វា​នៅ​ទ្រឹង​មួយ​រយៈ​ ទើប​ហក់​ឡើងវិញ។ ចំណែក​ទម្រង់​អក្សរ V វា​ធ្លាក់ចុះ​លឿន តែ​ហក់​ឡើងវិញ​លឿន។ លោក ផៃ ស៊ី​ផាន អះអាង​ថា សេដ្ឋកិច្ច​នៅ​កម្ពុជា​នឹង​ហក់​ឡើង​តាម​អក្សរ V ដោយ​សំអាង​ថា កម្ពុជា​មាន​សក្តា​នុ​ពល​ធំ​មួយចំនួន​សម្រាប់​ទាក់ទាញ។

បើ​តាម​លោក ផៃ ស៊ី​ផាន កត្តា​ទាក់ទាញ ដោយសារ​កម្ពុជា​មាន​អគ្គ​ស្ថាបនិក​សន្តិភាព គ្មាន​ការ​បាញ់រះ​ជា​ក្រុម​ដូច​ប្រទេស​មួយចំនួន មាន​តំបន់​ទេសចរណ៍ វប្បធម៌ គ្មាន​បន្ទុក​ខ្លាំង​ពី​ជំងឺ​កូ​វីដ១៩ ដែល​លោក​ថា ជា​ការ​នាំមុខ​ពិភពលោក។

លោក​ថា៖ «យើង​សួរ​ទៀត​ថា​ តើ​កូ​វីដ១៩ នឹង​វា​ដាក់បន្ទុក​មក​លើ​ខ្មែរ​ច្រើន​ទេ ដូចជា​អត់​សូវ​មាន​ប៉ុន្មាន​ទេ ​អាហ្នឹង​ទី២។ បើ​សុវត្ថិភាព​សុខុមាលភាព ​ដូចជា​ខ្មែរ​នាំ​មុន​ក្នុង​រឿង​ហ្នឹង​ក្នុង​ពិភពលោក។ កត្តា​ទាំងអស់​ហ្នឹង​ដែល​យើង​ទស្សន៍​ទា​យ​បាន​ថា កម្ពុជា​នឹង​ជួប​ដូច​អក្ស V មានន័យថា ​វា​ស្រុត​ខ្លាំង តែ​វា​ឡើងវិញ​ក៏​ឡើង​ខ្លាំង​ដែរ»។

ការ​អះអាង​របស់​លោក ផៃ ស៊ី​ផាន នេះ ក្រោយ​ពីអ្នកនាំពាក្យ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល លោក ស៊ិន ចាន់​សេ​រី​វុត្ថា ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា វិស័យ​ដឹកជញ្ជូន​តាមផ្លូវអាកាស​ចាប់ពី​ខែមករា​មក បាន​ធ្លាក់ចុះ​ជាបន្តបន្ទាប់​ស្ទើរ ១០០ភាគរយ ។

លោក​ថា​៖ «នៅ​ខែ​មួយ ​ភ្ញៀវ​ចុះ​ជាមធ្យម​ប្រហែល ២០ភាគរយ ដោយឡែក​ខែ២ ដោយសារ​មាន​វិធានការ​បិទ​ជើង​ហោះ​ហើរ​ផ្សេង​ៗផង ​ចុះ​ដល់ ៥០ភាគរយ ខែ៣ ចុះ​ជាង ៧០ភាគរយ ដល់​ខែ៤ នៅ​ប៉ុន្មាន​ថ្ងៃនេះ ​ដឹង​ចុះ​ប៉ុន្មាន​អត់​? ជាង ៩០ភាគរយ​ សឹងតែ ១០០ភាគរយ»។

ប៉ុន្តែ​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ លោក ម៉ម ប៊ុ​នហេង កាលពី​ថ្ងៃ​ច័ន្ទ​ បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ថា ការ​ឆ្លង​រាលដាលក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ​នៃ​ជំងឺ​កូ​វីដ១៩ វា​អាច​កើតឡើង ​បើ​ពលរដ្ឋ​មិន​ចូលរួមអនុវត្ត​តាម​សេចក្តី​ណែនាំ​របស់ក្រ​សួង​សុខាភិបាល និង​បំរាម​នានា​រដ្ឋាភិបាល​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នោះ។

លោក​ថា៖ «យើង​នឹង​ឈាន​ដល់​ការ​ឆ្លង​ដល់​សហគមន៍ ហើយក៏​ឈាន​ដល់ទី​បញ្ចប់ ឬឈាន​ទៅដល់​ក្តី​វិនាស​របស់​យើង គឺ​ការ​ស្លាប់។ ព្រោះ​កាលណា​វា​ច្រើនហួស ការគ្រប់គ្រង​ខាង​ផ្នែក​វេជ្ជសាស្ត្រ​របស់​យើង ក៏​ជួប​ការ​លំបាក​ដែរ»។

អ្នកស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ លោក​បណ្ឌិត មាស នី បង្ហាញ​ការយល់ឃើញ​ថា ការ​ស្តារ​សេដ្ឋ​កិច្ចឡើងវិញ កម្ពុជាទំនងជា​ត្រូវការ​ពេល​ច្រើនជាង​ប្រទេស​ជាស​មា​ជិ​កអាស៊ាន បើ​កម្ពុជា​ត្រូវ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប និង​ចាក់​ស្រេះ​ដោយ​អំពើពុករលួយ ​និង​គ្រួសារនិយម​នោះ។

លោក​ថា៖ «អំពើពុករលួយ​ហ្នឹង​ជា​កត្តា​មួយ​ទាញ​សេដ្ឋកិច្ច​មិន​ឱ្យទៅ​លឿន​ដូច​គេ​ទេ ដោយសារ​ប្រទេស​យើង​ហ្នឹង​វា​រឹតរួត​ដោយ​គ្រួសារនិយម ​បក្ខ​ពួក​និយម»។

អង្គការ​តម្លាភាព​អន្តរជាតិ ហៅ​កាត់​ថា TI​ កាលពី​ឆ្នាំ២០១៩ បាន​ចេញ​របាយការណ៍​មួយ​រក​ឃើញថា កម្ពុជា មានអំពើ​ពុករលួយ​ខ្ពស់​ជាងគេ​ក្នុង​ប្រទេស​ជាស​មា​ជិ​កអាស៊ាន។

របាយការណ៍​បញ្ជាក់​ថា៖ «អ្វី​ដែល​ទាញ​កម្ពុជា​ឱ្យ​ធ្លាក់​ពិន្ទុ មក​ពី​អំពើពុករលួយ​នយោបាយ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌»។

ក្នុងអំឡុងពេល​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆ្លង​រាលដាល​មេរោគ​កូ​វីដ១៩នេះ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​បាន​ប្រកាស​កាត់​ថវិកា​ចំណាយ​ពី​ក្រសួង​នានា ហើយ​លោក​ក៏​ប្រកាស​ដាក់​ថវិកា​ផ្ទាល់ខ្លួន​មួយចំនួន និង​អំពាវនាវ​ឱ្យ​សប្បុរសជន រួម​ទាំង​មន្ត្រី​រាជការ​ចូលរួម​ថវិកា​សម្រាប់​រដ្ឋាភិបាល​ប្រើប្រាស់​ក្នុងអំឡុងពេល​ប្រយុទ្ធ​ប្រឆាំង​កូ​វីដ១៩នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ