លោក ហ៊ុន សែន ថាមាន​អ្នកបង្កើត​ហ្វេសប៊ុក​ដាក់ឈ្មោះ​លោក​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​

ទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានគូសធីកពណ៌ខៀវ (Verified) បញ្ជាក់ពីក្រុមហ៊ុនហ្វេសប៊ុក។ (Facebook/ Screenshot)

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ឱ្យដឹង​ថា មាន​អ្ន​កបង្កើតជាគ​ណនី និង​ផេ​ក​ហ្វេសប៊ុក​ជាច្រើន ដោយ​ប្រើប្រាស់​ឈ្មោះ និង​រូបថត​របស់​លោក ​ក្នុង​ចេតនា​បន្លំ ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ​ធ្វើ​ឱ្យសាធារណជន​មានការ​យល់​ច្រឡំ និងបង្ក​បញ្ហា​ក្នុង​សង្គម។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​ខ្លឹមសារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃនេះ​ថា ក្នុង​ពេល​ដែល​​រាជ​រដ្ឋា​ភិបាល​​កម្ពុជា​ បាន​ដាក់ចេញ​នូវ​យុទ្ធ​សាស្រ្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ក៏​មាន​អ្នកបង្កើត Profile និង Page មិន​ពិតជា​ច្រើន​ក្នុង Facebook ដាក់ឈ្មោះ សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ចេតនា​មិនល្អ រួម​ទាំង​បង្ហោះ​សារ និង​ប្រឌិត​នូវ​ព័ត៌មាន​មិន​ពិតជា​ច្រើន ដើម្បី​បោកប្រាស់ បំភ័ន្ត​ភ្នែក​សាធារណជន ក្នុង​គោលបំណង​បំពុលសង្គម​ជាតិ ​ជាដើម។

​ហ្វេសប៊ុក​ដដែល​បញ្ជាក់​ថា ហ្វេសប៊ុក​ឈ្មោះ សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រ​​កម្ពុជា​ មាន Profile និង Page ផ្លូវការ​តែមួយគត់ក្នុង Facebook ដែល​មាន​សញ្ញា​គូស​ធិ​ក (tick​) ពណ៌​ខៀវ ដែល​បញ្ជាក់​ថា​ ពិត (Verified​) ពី​ក្រុមហ៊ុនហ្វេសប៊ុក (Facebook​)។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​អំពាវនាវ​ទៅ​អ្នកប្រើ​ប្រាស់​បណ្តាញ​សង្គម Facebook មានការ​ទទួលខុសត្រូវ​ និង​ប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​កត់សម្គាល់ Profile​/Page ពិត និង Profile​/Page ក្លែងក្លាយ​ដែល​ដាក់ឈ្មោះ សម្តេច​តេជោ ហ៊ុន សែន កំពុង​បង្ហោះ​សារ និង​ព័ត៌មាន​មិន​ពិត​ ដែល​ធ្វើឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស ​និង​សេចក្តី​ថ្លៃថ្នូរ​របស់​ប្រមុខ​ដឹកនាំ​ផង​ដែរ។ 

បន្ថែម​ពីនេះ លោក ហ៊ុន សែន បាន​ជំរុញ​ទៅ​ក្រសួង​ជំនាញ ធ្វើការ​ស្រាវជ្រាវ​ ពិនិត្យ​ និង​បិទ Profile​/Page ក្លែងក្លាយ​ទាំងនោះ​ជាបន្ទាន់ ដើម្បី​កុំ​ឱ្យ​បន្ត​ផ្សព្វផ្សាយ​សារ​ និង​ព័ត៌​មាន​បោកបញ្ឆោត​បំពុល​បរិ​កាស​សង្គម​ជា​បន្ត​ទៀត​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ