មន្ត្រី​នគរបាល​នៅ​ខ្សាច់កណ្តាល​បាញ់​គ្នា​ស្លាប់​ដោយសារ​ការ​ប្រច័ណ្ឌ​

ទីតាំងកើតហេតុដែលមន្ត្រីនគរបាល​ប៉ុស្តិ៍​កោះឧកញ៉ាតីម្នាក់បាញ់សម្លាប់បុរសម្នាក់ នៅចំណុចភូមិ ចុងកោះ ឃុំ កោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នៅវេលាម៉ោង ១៨.៣០នាទី។ (ស្នងការដ្ឋាននគរបាលខេត្តកណ្តាល – Police Commissariat Of Kandal Province)

អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឱ្យដឹង​ថា បុរស​ជាម​ន្ត្រី​នគរបាល​ប៉ុស្តិ៍​បាក់ខែង បាន​ប្រើប្រាស់​កាំភ្លើង​បាញ់​បុរស​ជាម​ន្ត្រី​នគរបាល​ប៉ុស្តិ៍​កោះឧកញ៉ាតី ស្រុក​ខ្សាច់​កណ្តា​ល ខេត្តកណ្តាល បណ្តាល​ឱ្យស្លាប់​នៅផ្ទះ​ជនរងគ្រោះ ដោយសារ​ភ្លើង​ប្រច័ណ្ឌ។

ក្នុង​គេហទំព័រ​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ចុះផ្សាយ​កាលពី​ម្សិលមិញ​ថា មន្ត្រី​នគរបាល​ប៉ុស្តិ៍​បាក់ខែង​ខណ្ឌ​ឬស្សី​កែវ រាជធានី​ភ្នំពេញ ត្រូវជា​បងថ្លៃ បាន​បាញ់សម្លាប់​មន្ត្រី​នគរបាល​ប៉ុស្តិ៍​កោះឧកញ៉ាតី​ដែល​ជា​ប្អូនថ្លៃ បណ្តាល​ឱ្យស្លាប់​ក្នុង​ថ្លុកឈាម នៅផ្ទះ​របស់​ឪពុក​ជនរងគ្រោះ ស្ថិត​ក្នុង​ភូមិ​ចុង​កោះ ឃុំ​កោះឧកញ៉ាតី ស្រុក​ខ្សាច់កណ្តាល កាលពី​ថ្ងៃ១៥ ខែមេសា វេលា​ម៉ោង ៧យប់។

ក្រោយពី​កើតហេតុ​ ស្នងការ​នគរបាល​ខេត្តកណ្តាល លោក ឈឿន សុចិត្ត បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ពិ​និត្យកន្លែង​កើតហេតុ​ផ្ទាល់ និង​ស្វែងរក​ចាប់​ជន​ដៃដល់ ប៉ុន្តែ​ ត្រូវ​បាន​ជនល្មើស​រត់គេច​ខ្លួន​បាត់។

អ្នកនាំពាក្យ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ លោក ឆាយ គឹម​ខឿន មានប្រសាសន៍​នៅ​ថ្ងៃនេះ​ថា ដើមចម​ដែល​នាំឱ្យមន្ត្រី​ប៉ុស្តិ៍​បាក់ខែង ធ្វើសកម្មភាព​បាញ់សម្លាប់​មន្ត្រី​នគរបាល​ប៉ុស្តិ៍​កោះឧកញ៉ាតី ដោយសារតែ​ប្រច័ណ្ឌ​ប្រពន្ធ។ 

ទោះជាយ៉ាងណា លោក គឹម​ខឿន បញ្ជាក់​ថា រហូតមកដល់​ថ្ងៃនេះ សមត្ថកិច្ច​មិនទាន់​ស្រាវជ្រាវ​ចាប់​ជនល្មើស​មក​ផ្តន្ទា​ទោស​នៅឡើយ។

លោក​មានប្រសាសន៍​ថា៖ «អ្នក​ប្រព្រឹត្ត​ជាម​ន្ត្រី​ប៉ូល​ី​សទៀ​ត គាត់​មិន​ឈរឱ្យយើង​ចាប់​ទេ​ ប្រហែលជា​ហត់​ក្នុង​ការស្រាវជ្រាវ​បន្តិច ទំនាស់​ជាបឋម​ថា​ប្រច័ណ្ឌ​ប្រពន្ធ»។

មេធាវី សុក សំ​អឿន មានប្រសាសន៍​ថា ជា​បទពិសោធន៍ បើ​រឿង​នោះ​កើត​ចេញពី​ការ​ប្រច័ណ្ឌ​រហូតដល់​បាញ់សម្លាប់​គ្នា​បែបនេះ អាច​ចាត់​ចូលក្នុង​បទល្មើស​ឃាតកម្ម​គិតទុកជាមុន និង​ការប្រើ​ប្រាស់​អាវុធ​ខុសច្បាប់។ ប៉ុន្តែ​លោក​បញ្ជាក់​ថា នៅក្នុង​មាត្រា​ច្បាប់​ណាដែល​ចែង​ដាក់ទោស​ធ្ងន់ជាង​គេ គឺ​តុលាការ​នឹង​សម្រេច​យកទោស​នោះ​មក​អនុវត្ត។

មេធាវី​រូប​នោះ​បញ្ជាក់​ថា បើ​អ្នក​ប្រព្រឹត្ត​បទល្មើស​ជាម​ន្ត្រី​រាជការ ច្បាប់​ក៏​ចែង​ដាក់ទោស​បុគ្គល​នោះ​ធ្ងន់ធ្ងរ​ផង​ដែរ។

លោក​មានប្រសាសន៍​ថា៖ «ភាគច្រើន​ កាលណា​អ្នក​ប្រព្រឹត្ត​ជាម​ន្ត្រី​រាជការ វា​ចូល​ស្ថាន​ទម្ងន់​ទោស គឺ​មានទោស​ធ្ងន់ជាង​អ្នក​ប្រព្រឹត្ត​ធម្មតា»។

នាយករង​អង្គការ​ការពារ​សិទ្ធិមនុស្ស​លី​កាដ​ូ លោក អំ សំអាត មានប្រសាសន៍​ថា សមត្ថកិច្ច​ត្រូវ​ស្រាវជ្រាវ​ចាប់​ជនល្មើស​មក​ផ្តន្ទា​ទោស​តាមច្បាប់ ដើម្បី​ជា​គំរូ​ល្អ​ដល់​សង្គម។

លោក​មានប្រសាសន៍​ថា៖ «ជា​តួនាទី​ ជា​ភារកិច្ច​របស់​មន្ត្រី​ពាក់ព័ន្ធដែល​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​ជនល្មើស​មក​ផ្តន្ទា​ទោស​តាមផ្លូវ​ច្បាប់​ ដើម្បី​ជា​គំរូ ហើយ​ឬក៏​ជា​ការអនុវត្ត​ច្បាប់ ព្រោះ​អ្នក​ដែល​ប្រព្រឹត្ត ឬអ្នក​ដែល​ធ្វើ​មនុស្សឃាត ឬក៏​ការ​សម្លាប់​មនុស្ស ជា​បទឧក្រិដ្ឋ ​ត្រូវ​ចាប់​យក​មក​ផ្តន្ទា​ទោស​​ទៅតាម​ផ្លូវច្បាប់»។

ច្បាប់​ស្ដីពី​ការគ្រប់គ្រង​អាវុធ គ្រឿងផ្ទុះ និង​គ្រាប់រំសេវ ឆ្នាំ២០០៥ ក្នុង​មាត្រា ២០ បាន​ចែងថា ជន​ណា​ដែល​បំពាក់​ដាក់​តាម​ខ្លួន កាន់កាប់ ប្រើប្រាស់ លក់ ទិញ ឱ្យខ្ចី ផ្ទេរ ចែកចាយ ជួល កែ​ឆ្នៃ តម្លើង ជួសជុល​នូវ​អាវុធ គ្រឿងផ្ទុះ និង​គ្រាប់រំសេវ​គ្រប់​ប្រភេទ ដោយ​គ្មាន​ការអនុញ្ញាត ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារពី ៦ (ប្រាំមួយ​) ខែ ទៅ ២ (ពីរ​) ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៥០០,០០០ (ហាសិប​ម៉ឺន​) រៀល ដល់ ២ ០០០ ០០០ (ពីរ​លាន​) រៀល ដោយ​ពុំ​ទាន់​គិត​ពី​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេងទៀត។ 

ចំណែក មាត្រា ៤៩០ នៃ​ក្រម​ព្រហ្មទណ្ឌ ​ចែងថា គ្រប់​បុគ្គល​ដែល​នៅ​ក្រៅ​លំនៅឋាន​របស់​ខ្លួន​ យក​តាម​ខ្លួន ឬដឹក​ជញ្ចូន​អាវុធ​គ្រឿងផ្ទុះ ​ឬគ្រាប់រំសេវ ដោយ​គ្មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​មានសមត្ថកិច្ច ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី ៦ខែ ​ទៅ ៣ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី ១លាន​រៀល ​ទៅ ៦លាន​រៀល។

រី​ឯមាត្រា ២០០ នៃ​ក្រម​ព្រហ្មទណ្ឌ ចែងថា ការ​សម្លាប់​មនុស្ស​ដោយ​គិតទុកជាមុន និង​ដោយ​រៀប​ផែនការ ពួនស្ទាក់ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់មួយជីវិត​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ