អាកាស​ចរ​​ស៊ី​វិល​​ថា ​ក្រុមហ៊ុន​​សុំ​​លុប​ចោល​​ការ​​វិ​និ​យោ​គ​ព្រ​លា​ន​យន្ត​ហោះ​​ក្នុង​​ខេត្ត​កោះ​កុង​​

ភ្ញៀវទេសចរធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២០។ (រូបភាព៖ បញ្ញា ឆពណ្ណ)

អាកាសចរ​ស៊ីវិល អះអាង​ថា គម្រោង​វិ​និ​យោ​គព្រលា​នយន្តហោះ​ក្នុង​ខេត្តកោះកុង ត្រូវ​ក្រុមហ៊ុន​លើក​សំណើសុំ​ធ្វើ​នៅកន្លែង​ថ្មី​វិញ ក្រោយ​សិក្សា​រក​ឃើញថា​ ផល​ប៉ះពាល់​សង្គម ​និង​បរិស្ថាន​មាន​ទំហំ​ធំ។

ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ នៅ​រាជធានី​ភ្នំពេញ អគ្គនាយករង និង​ជា​អ្នកនាំពាក្យ​អាកាសចរ​ស៊ីវិល លោក ស៊ិន ចាន់​សិរី​វុត្ថា មានប្រសាសន៍​ថា ការ​វិនិយោគ​អាកាសយាន​ដ្ឋាន​ខេត្តកោះកុង គឺជា​ការ​វិនិយោគ​រួមគ្នារវាង​ក្រុមហ៊ុនបាង​កកអ៊ែ​វេ និង​ក្រុមហ៊ុន​លីយ៉ុង​ផាត់។

មន្ត្រី​រូ​បនេះ​បន្ត​ថា ដំបូង​ឡើយ ​ក្រុមហ៊ុន​ឯកភាព​វិ​និយោ​គអាកាសយានដ្ឋានដែល​មានស្រាប់​នៅក្នុង​ខេត្ត​នេះ។ ប៉ុន្តែ បន្ទាប់ពី​សិក្សា​ច្រើនដង រក​ឃើញ​ផល​ប៉ះពាល់​សង្គម និង​បរិស្ថាន​មាន​ទំហំ​ធំ ​និង​ទៅ​អនាគតមិន​អាច​ពង្រីក​អាកាសយាន​ដ្ឋាន​នេះ​ឱ្យធំ​បាន​នោះ ​ក្រុមហ៊ុន​បាន​លើក​សំណើសុំ​ការ​ផ្លាស់​ប្តូរ​ទីតាំង​ថ្មី មាន​ចម្ងាយ ២០គីឡូ​ម៉ែ​តពីទី​រួម​ខេត្ត។

លោក​ថា៖ «យោង​តាម​ការសិក្សា​នេះ ​ក្រុមហ៊ុន​បាន​លើក​សំណើសុំ​ផ្លាស់​ប្តូរ​ទីតាំង​ពី​អាកាស​យាន្ត​ដ្ឋាន​ថ្មីនេះ​ទៅ​ទីតាំង​ថ្មី​វិញ​ ដែល​មាន​ចម្ងាយ​ប្រហែល ២០គីឡូម៉ែត្រ​ពីទី​រួម​ខេត្ត។ អីចឹង ​ដំណើរការ​នៃ​អាកាស​យាន្ឋដ្ឋាន​នេះ​ស្ថិត​ក្នុង​ការសិក្សា​បន្ថែម​ទៀត​ពី​ផល​ប៉ះពាល់​សង្គម​ និង​បរិស្ថាន​ ហើយនិង​ការ​អភិ​វឌ្ឍ​ផ្សេង​ៗទៀត»។

ប៉ុន្តែ​ មន្ត្រី​ជាន់ខ្ពស់​អាកាសចរ​ស៊ីវិល​រូប​នេះ មិនបាន​បញ្ជាក់​ថា ផល​ប៉ះពាល់​ទំហំ​ធំ​នោះ ប៉ះពាល់​ទៅលើ​អ្វីខ្លះ​ពិតប្រាកដ​ទេ ហើយក៏​មិនបាន​បញ្ជាក់​ថា ទីតាំង​ថ្មី​នោះ​ក្រុមហ៊ុន​បាន​ស្នើសុំ​ដី​ប៉ុន្មាន​ហិ​កតា​ដែរ។

អ្នកនាំពាក្យ​អាកាសចរ​ស៊ីវិល​មួយ​រូប​ទៀត​ គឺ​លោក ជា អូន សុំ​មិនធ្វើ​អត្ថា​ធិប្បាយ​ពាក់ព័ន្ធ​នឹង​សំណួរ​នេះ ដោយ​ជំរុញ​ឱ្យ​សួរ​លោក ស៊ិន ចាន់​សិរី​វុត្ថា វិញ​ តែ VOD មិន​អាច​ទាក់ទង​បាន គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

មន្ត្រី​សម្របសម្រួល​អង្គការ​លី​កាដ​ូ​ប្រចាំ​ខេត្តកោះកុង លោក ប៉ែន វុទ្ធា អះអាង​ថា ព្រលា​នយន្តហោះ​ចាស់​ដែល​ក្រុមហ៊ុន​គ្រោង​អភិវឌ្ឍ​នោះ មាន​ពលរដ្ឋ​រស់នៅ​ជុំវិញ​នោះ​ច្រើនរហូតដល់​រយ​គ្រួសារ។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​រូប​នេះ ហៅ​ការ​បង្វែរ​ទិស​វិនិយោគ​នេះ ជា​គំរូ​ល្អ​មួយ ព្រោះ​វា​បាន​ទប់ស្កាត់​មិន​ឱ្យមានការ​បណ្តេញ​ពលរដ្ឋ​ចេញពី​លំនៅឋាន​ទាំង​បង្ខំ ។

លោក​ថា៖ «គាត់​ធ្វើការ​ស្នើសុំ​កន្លែង​ផ្សេង ​វា​ជា​រឿង​មួយ​ល្អ​ហើយ កុំ​ឱ្យមានការ​បណ្តេញ​ចេញ​ប្រជាពលរដ្ឋ​ដើម្បី​វិនិយោគ។ អីចឹង​ មើលទៅ ​វា​ដូចជា​ល្អ​ប្រសើរ​ម្យ៉ាង​ដែរ»។

នៅ​ខេត្តកោះកុង ក៏​ក្រុមហ៊ុន​វិនិយោគ​ចិន​មួយ​ឈ្មោះ ​ញ៉ូ​ញៀន (Union Development Group (UDG​)) ក៏​ទទួល​បាន​សិទ្ធិ​សាងសង់​អាកាសយាន​ដ្ឋាន​នៅ​ស្រុក​តារា​សាគរ​ដែរ។

របាយការណ៍ និង​ការវិភាគ​ផ្លូវច្បាប់​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ (CLEC​) ឆ្នាំ២០១២ បាន​រក​ឃើញថា គម្រោង​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន ញូ​ញៀន (UDG​) បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ ១១៤៣គ្រួសារ ត្រូវ​បង្ខំ​ឱ្យ​បោះបង់ចោល​ដីធ្លី​ប្រមាណ​ជាង ១ម៉ឺន​ហិ​កតា និង​ផ្ទះ ១៥០០ខ្នង ត្រូវ​បង្ខំ​ឱ្យ​រុះរើ និង​ឈូស​ឆាយ។ ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ជាមួយ​ការអភិវឌ្ឍ​នេះ​ តែង​ចេញមុខ​តវ៉ា​ជាបន្តបន្ទាប់​ទាំង​នៅ​ខេត្តកោះកុង និង​តវ៉ា​នៅ​រាជធានី​ភ្នំពេញ។

បើ​តាម​មន្ត្រី​អាកាសចរ​ស៊ីវិល បច្ចុប្បន្ន​ កម្ពុជា មាន​អាកាសយាន​ដ្ឋាន​អន្តរជាតិកំពុង​ដំណើរ​ការ​ធំៗ២ គឺមួយនៅ​ភ្នំពេញ និង​មួយទៀត​នៅ​ខេត្តសៀមរាប និង​កំពុង​សិក្សា​ពី​លទ្ធភាព​កសាង​នៅ​មណ្ឌលគីរី ប៉ោយប៉ែត​ក្នុង​ខេត្ត​បន្ទាយមានជ័យ និង​នៅ​ខេត្តបាត់ដំបង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ