អគ្គ​នាយក​​ដ្ឋាន​​ពន្ធនាគារ​​ថា​ កំពុង​​ស្រាវ​ជ្រាវ​​រក​​អ្នក​​ផ្តើម​​គំនិត​​លួច​​រត់​ចេញ​​ពី​​ពន្ធនាគារ​​ខេត្ត​​កំពង់ស្ពឺ​​

អ្នកនាំពាក្យ​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារក្រសួងមហាផ្ទៃ លោក នុត សាវ​នា។ (Nouth Savna)

អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារក្រសួងមហាផ្ទៃ​ បាន​ឱ្យដឹង​ថា មន្ត្រី​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​អ្នក​ផ្តើម​គំនិត និង​អ្នកសមគំនិត លួច​រត់ចេញ​ពី​ពន្ធនាគារ​នៅ​ខេត្ត​កំពង់ស្ពឺ ដើម្បី​បញ្ជូន​ទៅ​តុលាការ​ចោទប្រកាន់​បន្ថែម។ 

អ្នកនាំពាក្យ​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារក្រសួងមហាផ្ទៃ លោក នុត សាវ​នា មានប្រសាសន៍​ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា នៅ​ម៉ោង​ប្រហែល ៧យប់ម្សិល​មិញ មាន​ជនជាប់ចោទ​ម្នាក់​ដែល​មន្ត្រី​ពន្ធនាគារ​ដាក់ឱ្យនៅ​ដាច់ដោយឡែក ១៤ថ្ងៃ ទើបតែ​បញ្ជូន​ចូល​ឃុំ​ជាមួយ​ពិរុទ្ធជន ជនជាប់ចោទ និង​ជន​ត្រូវ​ចោទ​ជាង ៣០នាក់​ទៀត បាន​ប្រាប់​មន្ត្រី​ពន្ធនាគារ​ថា ឈឺពោះ សុំ​ទៅពេទ្យ។ លោកបន្ថែម​ថា ​នៅពេល​នោះ ​មន្ត្រី​ពន្ធនាគារ​យក​សម្ភារត្រៀម​យក​ទៅពេទ្យ ស្រាប់តែ​ពិរុទ្ធជន ជនជាប់ចោទ និង​ជន​ត្រូវ​ចោទ ប្រមាណ​ជា ៣២នាក់ វាយ​មន្ត្រី​ពន្ធនាគារ​ពីរ​នាក់ បណ្តាល​ឱ្យ​រង​របួស​ក្បាល ចិញ្ចើម និង​ពោះ បម្រុង​រត់គេច។ ប៉ុន្តែ​ លោក​ថា​ ភ្លាម​ៗត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ទាំងអស់​នៅកន្លែង​កើតហេតុ។

មន្ត្រី​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​រូប​នោះ​បញ្ជាក់​ថា ក្រុមការងារ​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​អ្នក​ផ្តើម​គំនិត និង​អ្នកសមគំនិត ដែល​នាំគ្នា​រត់ចេញ​ពី​ពន្ធនាគារ ដើម្បី​បញ្ជូន​ទៅ​តុលាការ​ចាត់វិធានការ​ច្បាប់​បន្ថែម​ទៀត។

លោក​មានប្រសាសន៍​ថា៖ «ការ​ជំនាញ​ពី​ក្រសួង​ [មហាផ្ទៃ​] ចុះទៅ​ធ្វើការ​ស៊ើបអង្កេត ដល់​ពេល​រក​ឃើញ​ចម្លើយ​យ៉ាង​ម៉េច​ៗ យើង​នឹង​មាន​វិធានការ​តាម​ក្រោយ ព្រោះ​នេះ​មិនមែន​ជា​រឿង​តូចតាច​ទេ។ វា​សុទ្ធតែ​បទល្មើស​មួយ​ដែល​មាន​ចរិត​ប្រឆាំង​ជាមួយ​មន្ត្រី​រាជការ ក៏ដូចជា​ប្រឆាំង​នឹង​បញ្ជា​របស់​តុលាការ ហើយ​វា​អាច​បង្ក​វិនាសកម្ម​ធ្ងន់ធ្ងរ​ណាស់ បើ​យើង​ទប់ស្កាត់​មិនទាន់»។ 

មាត្រា ៥៦១ នៅក្នុង​ក្រម​ព្រហ្មទណ្ឌ ចែងថា ​ការ​លួច​រត់ចេញ​ពី​ការ​ឃុំខ្លួន​ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី ១ឆ្នាំ ទៅ ៣ឆ្នាំ ពិន័យ​ជា​ប្រាក់ ២លាន​រៀល ទៅ ៦លាន​រៀល។ ចំណែក​មាត្រា ៥៦៣ នៃ​ក្រម​ដដែល​នេះ ចែងថា អំពើ​លួច​រត់ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី ២ឆ្នាំ ទៅ ៥ឆ្នាំ ពិន័យ​ជា​ប្រាក់ ៤លាន​រៀល ទៅ ១០លាន​រៀល នៅក្នុង​ក្របខ័ណ្ឌ​ព្រមព្រៀង​គ្នា នៃ​សកម្មភាព​ព្រមព្រៀង​គ្នា​រវាង​ជន​ជាប់ឃុំ​ច្រើន​នាក់។

ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លី​កាដ​ូ លោក អំ សំអាត គាំទ្រ​នឹង​ចំណាត់ការ​របស់​មន្ត្រី​ជំនាញ​ ដែល​ស្រាវជ្រាវ​រក​អ្នក​ផ្តើម​គំនិត និង​អ្នកសមគំនិត​ មក​ផ្តន្ទា​ទោស​បន្ថែម។ ប៉ុន្តែ​ លោក​អំពាវនាវ​ទៅ​មន្ត្រី​ជំនាញ​ស្រាវជ្រាវ​ឱ្យមាន​តម្លាភាព ដើម្បី​ជា​គំរូ​កុំ​ឱ្យ​អ្ន​កក្រោយ​ៗប្រព្រឹត្ត​អំពើ​បែបនេះ​បន្ត​ទៀត។

លោក​មានប្រសាសន៍​ថា៖ «ត្រូវ​ធ្វើការ​ស៊ើបអង្កេត​ឱ្យមាន​តម្លាភាព ដើម្បី​រក​បា​តុ​ហេតុ​ដែល​កើតឡើង ជា​វិធានការ​មួយ​ក្នុង​ការទប់ស្កាត់ បង្ការ​ទៅថ្ងៃក្រោយទៀត ក៏ដូចជា​ការអនុវត្ត កុំ​ឱ្យ​អ្នក​ផ្សេងទៀត​យក​គំរូ​តាម នៅ​តាម​ពន្ធនាគារ»។

អ្នកនាំពាក្យ​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារក្រសួងមហាផ្ទៃ លោក នុត សាវ​នា បាន​បញ្ជាក់​ថា ទណ្ឌិត និង​ពិរុទ្ធជន ជនជាប់ចោទ និង​ជន​ត្រូវ​ចោទ ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ​ មាន​ចំនួន​សរុប ១៣០០នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ