ក្រុម​ហ៊ុន​​ជប៉ុន​​មួយ​​នៅ​​ថៃ​​ផ្តល់​​សំណង​​ជាង​១​លាន​​ដុល្លារ​​ដល់​​បុគ្គលិក​​ដែល​​ត្រូវ​​បញ្ឈប់​​

រោងចក្រផលិតគ្រឿងអេឡិចត្រូនិចសំខាន់របស់ Mitsubishi នៅឯសួនឧស្សាហកម្ម Amata Nakorn នៅខេត្តឈុនបូរី ប្រទេសថៃ។ (Mitsubishi Electric (Thailand) Co Ltd)

ក្រុមហ៊ុន​ជប៉ុន​មួយ​នៅ​ប្រទេស​ថៃ​ដែល​ផលិត​ម៉ាស៊ីន​ត្រជាក់ និង​គ្រឿងបរិក្ខារ​ម៉ាស៊ីន​ត្រជាក់ ផ្តល់​សំណង​ជា​ទឹកប្រាក់​ចំនួន​ជាង ១លាន ២សែន​ដុល្លារ​ ដល់​បុគ្គលិក​របស់​ខ្លួន​ចំនួន ១១១៩នាក់​ដែល​ត្រូវ​ក្រុមហ៊ុន​បញ្ឈប់។ 

តាម​​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ​មតិ​ឈុន ក្រុមហ៊ុន Mitsubishi Electric Consumer Products (Thailand​) Co​.,LTD បាន​បញ្ឈប់​ការងារ​បុគ្គលិក​ចំនួន ១១១៩នាក់​ ចាប់ពី​ថ្ងៃទី១៦ ខែមេសា​នេះ​តទៅ។ ប្រភព​ដដែល​ឱ្យ​ដឹង​ថា​ ភាគី​ក្រុមហ៊ុន​បាន​យល់ព្រម​ចេញ​ប្រាក់សំណង​ និង​ប្រាក់​ជួស​ការ​ជូនដំណឹង​ជាមុន​តាមច្បាប់​ការពារ​កម្លាំង​ពលកម្ម គិតជា​ទឹកប្រាក់​សរុប​ជាង ៤១លាន​បាត (១២៦១៧៧១ដុល្លារ​) ដោយ​បាន​ផ្ញើ​ជូន​តាម​បញ្ជី​ធនាគារ​របស់​និយោជិត​រួចរាល់​ហើយ ហើយនឹង​ផ្ញើប្រាក់ឈ្នួល​ឱ្យនៅក្នុង​ថ្ងៃនេះ​ផង​ដែ។ 

ក្រុមហ៊ុន Mitsubishi Electric Consumer Products (Thailand​) Co​.,LTD មាន​ស្នាក់​ការ​កណ្តាល​នៅក្នុង​ខេ​ត្ត​ឈុ​នបុ​រី ប្រទេស​ថៃ ជា​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ម៉ាស៊ីន​ត្រជាក់ ​និង​គ្រឿងបន្លាស់​ម៉ាស៊ីន​ត្រជាក់ ដែល​មាន​និយោជិត​ប្រចាំ​ចំនួន ២៥០០នាក់ និង​និយោជិត​ម៉ៅការ ២៦០០នាក់ ដោយ​ការបញ្ឈប់​ការងារ​លើក​នេះ ​គឺជា​ការបញ្ឈប់​ការងារ​និយោជិត​ម៉ៅការ​ពី​ក្រុមហ៊ុន​ទទួល​ម៉ៅការ​ចំនួន ៧ក្រុមហ៊ុន។

លោក ធុ​សា​ភុន ក្រីត​វង់​វិ​ម៉ាន (Todsaphon Kritwongwiman​) លេខាធិការ​ការិយាល័យ​សន្តិសុខ​សង្គម បាន​បញ្ជា​ឱ្យមន្ត្រី​ការិយាល័យ​សន្តិសុខ​សង្គម​ប្រចាំ​ខេ​ត្ត​ឈុ​នបុ​រី លោកស្រី សុ​ផា​ផន យូ​វឌ្ឍ​ណា ចុះទៅ​ពិភាក្សា​ជាមួយ​និយោជក​របស់​ក្រុមហ៊ុន។

តាម​សារព័ត៌មានមតិ​ឈុន លោកស្រី សុ​ផា​ផន យូ​វឌ្ឍ​ណា បាន​មានប្រសាសន៍​ថា ក្រុមហ៊ុន​បាន​គោរព​តាមច្បាប់​ការពារ​កម្លាំង​ពលកម្ម​យ៉ាង​ត្រឹមត្រូវ​ ដោយ​បាន​ចេញ​ប្រាក់​ជួស​ការ​ជូនដំណឹង​ជាមុន​ គិតជា​ទឹកប្រាក់​សរុប​ជាង ១១លាន​បាត ឬប្រហែល​ជាង ៣០ម៉ឺន​ដុល្លា​រ និង​ប្រាក់សំណង​ចំនួន​ជាង ៣០លាន​បាត ឬប្រមាណ​ជាង ៩០ម៉ឺន​ដុល្លារ​បន្ថែម​ទៀត។

លោកស្រី​បាន​បន្ថែម​ថា ​ការ​សងជំងឺចិត្ត​ដោយ​ការបញ្ឈប់​ការងារ​លើក​នេះ និយោជិត​ទទួល​បាន​អត្ថ​ប្រយោជន៍​ច្រើនជាង​មុន ដោយ​និយោជិត​នឹង​ទទួល​បាន​ប្រាក់ខែ ៧០ភាគរយ​នៃ​ប្រាក់ខែ​គោល​រយៈពេល​មិន​លើស​ពី ២០០ថ្ងៃ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ