ក្រសួង​អប់រំ​ផ្ដើម​បង្រៀន​សិស្ស​ពី​ចម្ងាយ​ចំពោះ​មុខ​ការ​រីក​រាល​ដាល​នៃ​កូវីដ​១៩​

សកម្មភាព​នៃ​ការ​ថត​វីដេអូ​បង្រៀន សម្រាប់​ចាក់​ផ្សាយ​ក្នុង​វេទិកា​អប់រំ​ឌីជីថល​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ប្រព័ន្ធ​ទូរទស្សន៍​ជាតិ​កម្ពុជា ទទក២ និង App របស់​ក្រសួង​ព័ត៌មាន ក្នុង​គោលដៅ​លើក​កម្ពស់​ការ​សិក្សា​ពី​ចម្ងាយ និង​ការ​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិច ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។ (ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK)

«ជំងឺ​កូ​វីដ១៩ ដើម្បី​ថែ​រក្សាខ្លួន​ពី​ជំងឺ​នេះ​ កូន​ត្រូវ​ឧស្សាហ៍​លាងដៃ​ជាប្រចាំ​ជាមួយ​សាប៊ូ ជែ​លលាងដៃ ​ឬអាល់កុល ។ កូន​ៗត្រៀមលក្ខណៈ​រៀន​ហើយ​ឬនៅ​? កូន​ត្រូវ​មានសៀវ​ភៅសិក្សា​គោលភាសាខ្មែរ​ថ្នាក់​ទី៣ ខ្មៅដៃ ​និង​សៀភៅ​សរសេរ​ដាក់​ក្បែរ​ខ្លួន»។ នេះ​ជា​ប្រសាសន៍​របស់​អ្នកគ្រូ ចន សុទ្ធា​វី គ្រូបង្រៀន​នៅ​សាលាបឋមសិក្សា ហ៊ុន សែន ទួល​សុ​ភា​ឃួ​ន ស្ថិតនៅ​រាជធានី​ភ្នំពេញ។ 

អ្នកគ្រូ​ ចន សុទ្ធា​វី ចាប់ផ្ដើម​បង្រៀន​មុខវិជ្ជា​ភាសាខ្មែរ​ថ្នាក់​ទី៣ នៅក្នុង​កម្មវិធីការសិក្សា​ពី​ចម្ងាយ និង​ការសិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និច ដែល​បាន​ចាក់​ផ្សាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​(Facebook​) យូ​ធូប (YouTube​) និង​ទូរទស្សន៍​នា​ថ្ងៃទី២០ ខែមេសា​កន្លងទៅ។

សេចក្ដីប្រកាស​ព័ត៌មាន​របស់ក្រ​សួង​អប់រំ​ចេញពី​ថ្ងៃម្សិលមិញ លើកឡើង​ថា ​កម្ម​វិ​ធីសិក្សា​ពី​ចម្ងាយ ពី​ថ្ងៃទី២០ ខែមេសា រហូត​តទៅ​ដោយ​មិនទាន់​កំណត់​ថេរវេលា​បញ្ចប់​ឡើយ។ ការ​បង្រៀន​នេះ​ផ្សាយ​តាមរយៈ​ទូរទស្សន៍​ខ្សែកាប​តាម​បណ្ដា​ខេត្ត​ទូទាំង​ប្រទេស ទូរទស្សន៍​ជាតិ​កម្ពុជា​ទី២ TVK2 ដែល​ផ្សាយ​សាកល្បង​តាម​ប្រព័ន្ធ​ផ្កាយរណប DTV ប៉ុស្តិ៍​លេខ២២ ផ្សាយ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ យូ​ធូប​ផ្លូវការ ​និងមជ្ឈមណ្ឌល​សិក្សា​អេ​ឡិច​ត្រូ​និច​របស់ក្រ​សួង​អប់រំ។ 

រដ្ឋមន្ត្រី​ក្រសួងអប់រំ យុវជន​ និងកីឡា លោក ហង់ ជួន​ណា​រ៉ុន តាមរយៈ​បទសម្ភាសក្នុង​ទូរទស្សន៍​ជាតិ​កម្ពុជា​ទី២ ឬ TVK2 ថ្លែង​ថា ការ​បង្រៀន​តាមរយៈកម្មវិធី​សិក្សា​ពី​ចម្ងាយ​នេះ ជា​យុទ្ធសាស្ត្រ​មួយ​ដើម្បី​ពង្រឹង​សមត្ថភាព​សិស្ស​ និង​គ្រូ​ ក្នុង​គ្រា​ប្រទេស​កម្ពុជា​ប្រឈម​នឹង​ជំងឺ​កូ​វីដ១៩នេះ។ 

លោក ហង់ ជួន​ណា​រ៉ុន មានប្រសាសន៍​ថា៖ «ទូរទស្សន៍​អប់រំ​នេះ​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ មិន​ត្រឹមតែ​ជួយ​សិស្ស​ទេ ក៏​ជួយ​បណ្ដុះបណ្ដាល​គ្រូ​បន្ត អ៊ីចឹង​គ្រូ​នៅ​ខេ​ត្ត​ឆ្ងាយ​ៗដែល​មិនសូវ​បាន​ទទួលការ​បណ្ដុះបណ្ដាល​ផង​នោះ ពួក​គាត់​អាច​មើល​ពី​វិធីសាស្ត្រ​បង្រៀនលើ​ការ​បង្រៀន​លើ​មុខ​វិ​ជ្ជា​ផ្សេង​ៗផង ហើយ​ពង្រឹង​សមត្ថភាព​របស់​គាត់​ឈាន​ទៅ​ពង្រឹងគុណភាព​អប់រំ​នៅ​តាម​គ្រឹះស្ថានសិក្សា​នានា»។

បើ​តាម​សេចក្ដីប្រកាស​របស់ក្រ​សួង​អប់រំ កម្មវិធី​នេះ​នឹង​បង្រៀន​សិស្ស​ចាប់ពី​ថ្នាក់​មត្តេយ្យ​រហូតដល់​ថ្នាក់​ទី១២ ដែល​ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​ទូរទស្សន៍​ជាតិ​កម្ពុជា​ទី២ និង​យូ​ធូប​របស់ក្រ​សួង ចាប់ពី​ម៉ោង ៧ព្រឹក ​ដល់ម៉ោង ១០យប់។ នៅ​កម្រិត​បឋមសិក្សា​ ក្រសួង​អប់រំ​សម្រេច​បង្រៀន​មុខវិជ្ជា​ភាសាខ្មែរ​ និង​គណិតវិទ្យា ខណៈ​ដែល​ថ្នាក់​មធ្យមសិក្សា​ ក្រសួង​បង្រៀន​មុខវិជ្ជា​ចម្រុះ។

ទោះជាយ៉ាងណា​ក្ដី កុមារ​មួយចំនួននៅ​ក្រុង​សិរីសោភ័ណ ​ខេត្ត​បន្ទាយមានជ័យ ​នៅ​មិនទាន់​ដឹង​ថា ពួក​គេ​អាច​រៀន​តាម​អន​ឡាញ ​ឬរៀន​តាម​ទូរទស្សន៍នេះ​បាន​នោះ​ទេ ។ 

កុមារា​ម្នាក់​អាយុ ១៣ឆ្នាំ រៀន​ថ្នាក់​ទី៧ នៅ​វិទ្យាល័យ​អូរអំបិល ក្រុង​សិរីសោភ័ណ ឈ្មោះ​ សាន សុភា បាន​ប្រាប់​វី​អូ​ឌី​ថា រូប​គាត់​មិនទាន់​ទទួល​បាន​ដំណឹង​ពី​គ្រូ​របស់​គាត់​ ចំពោះការ​រៀន​តាម​ទូរទស្សន៍ ​ឬតាម​អន​ឡា​ញនេះ​នៅឡើយ។ សុភា បន្ត​ថា គាត់​រៀន​នៅផ្ទះ​តាម​សៀវភៅ​សិក្សា​គោល​ ដោយមាន​ឪពុក​ជា​អ្នក​ពន្យល់​បន្ថែម។ 

សាន សុភា ប្រាប់​ថា៖ «ខ្ញុំ​អត់​ទាន់​ដឹងរឿង​ហ្នឹង​ផង (រៀន​តាម​អន​ឡា​ញ និង​តាម​ទូរទស្សន៍​)។ ប៉ា​ខ្ញុំ​ជួយ​បង្រៀន​ពេល​ខ្ញុំ​នៅផ្ទះ តែ​បង្រៀន​បានតែ​មុខវិជ្ជា​ខ្មែរ​ និង​គណិ​តខ្លះ​ៗទេ ប៉ា​ខ្ញុំ​គាត់​រវល់​ដែរ​ រៀន​បាន​ពេល​យប់​ៗ»។

មិត្តភក្ដិ​របស់ សាន សុភា​ ដែល​កំពុង​លេង​បាល់​ជាមួយគ្នា​នោះ គឺ​កុមារា​ម្នាក់ទៀត​ឈ្មោះ ឈុន លាង ប្រាប់​ថា រូប​គាត់​ក៏​មិនដឹង​ថា ​មានកម្ម​វិធី​សិក្សា​តាម​អន​ឡា​ញ និង​តាម​ទូរទស្សន៍​នោះ​ដែរ។ ឈុន លាង បន្ត​ថា ​គាត់​នឹង​ទៅ​សួរ​គ្រូ​របស់​គាត់​ចំពោះ​ការ​រៀន​តាមមធ្យោបាយ​នេះ។

ឈុន លាង ប្រាប់​ថា៖ «អត់​ដឹង​ទេ​ពូ! ចាំ​ខ្ញុំ​សួរ​លោកគ្រូ​ខ្ញុំ​សិន ​មិនដឹង​ថា គេ​រៀន​ម៉ោង​ណា​ម៉ោង​ណា​អី​ផង»។

តាមរយៈ​វីដេអូ​បង្រៀន​តាម​យូ​ធូប​របស់ក្រ​សួង​អប់រំ ដែល​ផ្សាយ​ផ្ទាល់​ពេញមួយថ្ងៃ​កាលពី​ថ្ងៃទី២០ ខែមេសា មាន​អ្នក​ចូល​មើល​ប្រមាណ​រាប់​សិប​នាក់​ប៉ុណ្ណោះ។ នៅ​វេលា​ម៉ោង៥ និង៣០នាទីល្ងាច​ ថ្ងៃទី២០ ខែមេសា​នេះ យូ​ធូប​ក្រសួង​អប់រំ​ដែល​កំពុង​ផ្សាយ​កម្មវិធី​សិក្សា​ពី​ចម្ងាយ​នេះ ​មាន​មនុស្ស​កំពុង​ទស្សនា​ជាង ១០នាក់។ ចំណែក​ឯវីដេអូ​បង្រៀន​តាម​ហ្វេសប៊ុក​មាន​អ្នកទស្សនា​ប្រមាណ​ជាង ១ពាន់​នាក់ ក្នុង១វីដេអូ។

នាយក​សាលាបឋមសិក្សា​វត្ត​បូព៌​ ខេត្តសៀមរាប លោក ពឹង គឹម​ឆេន កត់សម្គាល់​ថា ការ​បង្រៀន​តាម​ប្រព័ន្ធ​ពី​ចម្ងាយ​នេះ ​អាច​មាន​ប្រសិទ្ធភាព​ទៅ​បាន ប្រសិនបើ​មានការ​ជួយ​ជំរុញ​ខ្លាំងក្លា​ពី​គ្រូបង្រៀន​ផ្ទាល់ ឬអាណាព្យាបាល​សិស្ស។ លោក​ថា ក្រសួង​អប់រំ ​ក៏​គួរ​ណាស់​ពិចារណា​ខ្លឹមសារ​មេរៀន​ និង​វិធីសាស្ត្រ​ពិសេស​ជាង​វិធី​ធម្មតា ដើម្បី​ឱ្យ​សិស្ស​ចូលចិត្ត​រៀន ​និង​រៀន​ឆាប់​ចេះ។

លោក ពឹង គឹម​ឆេន មានប្រសាសន៍​ថា៖ «កន្លងមក​ ធ្វើ​ទៅ​ហាក់ដូច​ទូលាយ​ពេក​ ធ្វើ​ដូច​ក្រសួង ដឹង​ស្រាប់ហើយ​ សួរ​ថា​ សិស្ស​ប៉ុន្មាន​នាក់​មាន​អារម្មណ៍​រៀន​? ហើយក្រសួង​ឡាយ ​(Live​) មក​ហ្នឹង ​មេរៀន​វែង​ពេក​ ធ្វើ​ឱ្យ​សិស្ស​ហ្នឹង​វា​អត់​រៀន​ វា​ខ្ជិល វា​អត់​បាន​សួរ​ផង​អី​ផង​ វា​ធុញថប់ ព្រោះ​ការ​រៀន​ទាមទារ​ឱ្យ​សប្បាយ​ៗ មិន​អ៊ីចឹង​! ខ្ញុំ​គ្រាន់តែ​គិតថា​ ដំណាក់កាល​រៀន​ពី​ចម្ងាយ​បែបនេះ គ្រូ​ចាំបាច់​ត្រូវ​សង្ខេប​ខ្លឹមសារ​ឱ្យ​ខ្លី ឱ្យ​ងាយ ​និង​ឱ្យ​ខ្លឹម»។

តាមរយៈ​កម្មវិធី​សិក្សា​ពី​ចម្ងាយ​នេះ ក្រសួង​អប់រំ ទើប​​ចេញ​សេចក្ដីប្រកាស​ថ្មី​មួយទៀត នៅ​ថ្ងៃទី២១ ខែមេសា ដោយ​សម្រេច​ប្រើប្រាស់​ស្ថានីយ៍​វិទ្យុ​ផ្សាយសម្លេង​ពហុ​ភាសា​ជា​ភាសា​ទំពួន និង​ភាសា​គ្រឹង សម្រាប់​កុមារជនជាតិ​ដើម​ភាគតិច​រៀន​ថ្នាក់​មត្តេយ្យ​ដល់​ថ្នាក់​ទី៣ នៅ​ខេត្តរតនគិរី​ និង​មណ្ឌលគិរី ចាប់ពី​ខែមេសា ​ដល់​ខែមិថុនា។

គ្រូឧទ្ទេស​កម្រិត​ឧត្តម​សិក្សា​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ និងជា​អ្នកនិពន្ធ​សៀវភៅ​វិធីសាស្ត្រ​បង្រៀន លោក ឃិន វណ្ឌី មានប្រសាសន៍​ថា លោក​គាំទ្រ​ចំពោះ​យុទ្ធសាស្ត្រ​របស់ក្រ​សួង​អប់រំ​នេះ ប៉ុន្តែ​លោក​ថា ​ក្រសួង​ចាំបាច់​ត្រូវ​ពង្រឹង​ការងារ​តាម​សាលា​បន្ថែម​ទៀត ដើម្បី​ឱ្យ​យុទ្ធសាស្ត្រ​ដែល​បាន​ដាក់ចេញ​មាន​ប្រសិទ្ធភាពខ្ពស់។

លោ​ក ឃិន វណ្ឌី ថ្លែង​ថា៖ «បង្រៀន​តាម​ទូរទស្សន៍ បានតែ​មើល​ទូរទស្សន៍​ តែ​អត់​បាន​ឆ្លើយឆ្លង​ជាមួយ​គ្រូ​ទេ បើ​កន្លែង​ហ្នឹង​អត់​យល់​ សិស្ស​មិនដឹង​ទៅ​សួរ​អ្នកណា​ទេ​? បើ​សួរ​ទៅ​ទូរទស្សន៍​ សួរ​អត់​កើត ហើយ​តំបន់​ខ្លះ​ក៏​ពិបាក​ទទួល​សេវាទូរទស្សន៍​ដែរ មើល​មិនឃើញ​ទេ តែ​ទោះជាយ៉ាងណា ក៏​គ្រាន់​ជាង​អត់​ធ្វើ​ដែរ»។

លោក​បន្ត​ថា ក្រសួង​អប់រំ​ចាំបាច់​ត្រូវ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ជាង​នេះ ដើម្បី​ឱ្យ​អាណាព្យាបាល​សិស្ស​ជួយ​ជំរុញ​សិស្ស​ឱ្យ​ចូលរៀន​កម្មវិធី​នេះ។ ចំណែក​ឯនាយ​កសាលា ​ត្រូវចាត់ចែង​បន្ត​ទៅ​គ្រូ​ ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន ​និង​ចំណេះដឹង​ទៅ​សិស្ស​តាមដែល​អាច​ធ្វើ​ទៅ​បាន។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួន​ណា​រ៉ុន ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍​របស់ TVK2 ថា ក្រសួង​អប់រំ​នឹង​យក​ឱកាស​នៃ​ការអនុវត្ត​កម្មវិធី​សិក្សា​ពី​ចម្ងាយ​នេះ​ ដើម្បី​រៀបចំ​គោលនយោបាយ​អប់រំ​ជាក់លាក់​សម្រាប់​បង្រៀន​ពី​ចម្ងាយ ​ដើម្បី​ឱ្យ​ការ​បង្រៀន និង​រៀន​មាន​ប្រសិទ្ធភាព​ខ្ពស់។

លោក ហង់ ជួន ណា​រ៉ុន៖ «យើង​នឹង​យក​បទពិសោធន៍​ក្នុង​ពេល​ដ៏​លំបាក​នេះ ដើម្បី​រៀបចំ​គោលនយោបាយ​អប់រំ​ពី​ចម្ងាយ អប់រំ​តាម​អេ​ឡិច​ត្រូ​និច​ទៅ​ថ្ងៃមុខ។»

ទិន្នន័យ​ស្ថិតិ​ចងក្រង​ដោយ​ក្រសួង​អប់រំ​ឆ្នាំ​សិក្សា២០១៩ បង្ហាញថា កម្ពុជា​មាន​គ្រឹះស្ថាន​អប់រំ​ចំណេះ​ទូទៅ​ និង​មត្តេយ្យ​សាធារណៈ​ចំនួន​ជាង ១៣៣០០ ក្នុង​នោះ​ សាលារៀន​នៅ​តំបន់​ទីប្រជុំជន​មាន ១៤២២ និង​សាលារៀន​នៅ​ទី​ជនបទ​មាន ១១ ៨៧៨។

សាលារៀន​ជួប​ការ​លំបាក​មាន​ចំនួន ២៤៨កន្លែង ដែល​ភាគច្រើន​ជា​សាលាបឋមសិក្សា។ សិស្ស​ដែល​រៀន​ក្នុង​ឆ្នាំ​សិក្សា២០១៨ -២០១៩ មាន​ចំនួន ជាង ៣លាន ១សែន ៨ម៉ឺន​នាក់​ (៣ ១៨៩ ១៧២នាក់​) និង​មាន​បុគ្គលិក​បង្រៀន​ជាង ៩ម៉ឺន​នាក់ ​(៩៣ ៧០៣នាក់​) និង​បុគ្គលិក​មិន​បង្រៀន​ជាង ១ម៉ឺន ៩ពាន់​នាក់​ (១៩ ០៦៦នាក់​)។

សាលារៀន​ទាំងអស់​បាន​ចាប់ផ្ដើម​បិទទ្វារ​តាំងពី​ថ្ងៃទី១៦ ខែមីនា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​មេរោគ​កូ​វីដ១៩។ ជាង​មួយ​ខែក្រោយ​មក​ គឺ​នៅ​ថ្ងៃទី១៧ ខែមេសា ក្រសួង​អប់រំ​បាន​ប្រកា​សព​ន្យា​រពេលចូលរៀន​ឡើងវិញ ដោយ​មិនទាន់​កំណត់កាល​បរិច្ឆេទ​ចូលរៀន​នៅឡើយ​ទេ។

កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ចំនួន ១២២ករណី ខណៈ​ដែល​មនុស្ស​ចំនួន ១១០នាក់​ បាន​ជាសះស្បើយ​រួច​ទៅ​ហើយ។ ទោះជាយ៉ាងណា​ក្ដី ក្រសួងសុខាភិបាល​បាន​ព្រមាន​ថា ​ប្រជាពលរដ្ឋ​កម្ពុជា​មិន​ត្រូវ​ធ្វេសប្រហែស​នោះ​ឡើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ