កម្មករ​​ប្រហែល​៣​ពាន់​​នាក់​​បម្រើ​ការ​ងារ​​នៅ​​រោងចក្រ​​មួយ​​ក្នុង​​ក្រុង​​តាខ្មៅ​ ត្រូវ​​បាន​​បញ្ឈប់​​ពី​​ការងារ​​

កម្មករ-កម្មការិនីដែល​បម្រើការ​ងារ​នៅ​រោងចក្រ​ ប្រឹ​ភី​សឹស (Propitious Cambodia Garment Ltd​) ស្ថិត​ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្ដាល នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។ (កម្មកររោងចក្រប្រឹ​ភី​សឹស)

កម្មករ​អះអាង​ថា ​ពួក​គាត់​ប្រហែល ៣ពាន់​នាក់ បម្រើការ​ងារ​នៅ​រោងចក្រ​មួយ​ ស្ថិត​ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល ត្រូវ​បាន​ថៅកែ​បញ្ឈប់​ពី​ការងារ​ក្រោម​ហេតុផល​គ្មាន​អ្នកបញ្ជា​ទិញ។

កម្មការិនី​ផ្នែក​វេច​ខ្ចប់​ម្នាក់ ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​ដោយ​បារម្ភ​ពី​សុវត្ថិភាព បាន​ប្រាប់​វី​អូ​ឌី​ថា​កម្មករ​-កម្មការិនី​ប្រហែល ៣ពាន់ ​បម្រើការ​ងារ​នៅ​រោងចក្រ​ ប្រឹ​ភី​សឹស (Propitious Cambodia Garment Ltd​) ស្ថិត​ក្នុង​ក្រុង​តាខ្មៅ ត្រូវ​បាន​ថៅកែ​ប្រកាស​បញ្ឈប់​ពី​ការ​ងារ​ភ្លាមៗ កាលពី​ម្សិលមិញ​នេះ ដោយ​មិនបាន​ជូនដំណឹង​ជាមុន​ដល់​កម្មករ​នោះ​ទេ។

កម្មការិនី​រូប​នេះ​បានឱ្យ​ដឹង​ថា ក្រោយ​ថៅកែ​ប្រកាស​បញ្ឈប់​ការងារ​កម្មករ​ដ៏​ច្រើន​នេះ ក្រុម​កម្មករ​កំពុង​បារម្ភ​អំពី​ការ​ដោះស្រាយ​សំណង​មិន​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​ជូន​ពួក​គេ ខណៈ​ថៅកែ​រោងចក្រ​សន្យា​បើកលុយ​សំណង និង​អត្ថ​ប្រយោជន៍​ផ្សេង​ៗជូន​កម្មករ​នៅ​ថ្ងៃទី៣០ ខែមេសា​ខាងមុខនេះ។

កម្មការិនី​រូប​នេះ​បង្ហាញ​ក្តី​ព្រួយបារម្ភ​ថា៖ «ពួក​យើង​ពិបាក​គ្រប់យ៉ាង នៅ​សុ​ខៗ​បែរជា​ត្រូវ​បាត់បង់​ការងារ។ ហើយ​មិនដឹង​ថា គេ​ដោះស្រាយ​សំណង ឬក៏​គិតលុយ​ឱ្យ​យ៉ាងម៉េច។ អីចឹង​ហើយ​ខ្ញុំ​ចង់ឱ្យ​ក្រសួង​ជួយ​ចុះ​ដោះស្រាយ​ដល់​ពួក​ខ្ញុំ ព្រោះ​ពួក​ខ្ញុំ​អត់​ដឹង​អីសោះ​ សូន្យ​តែម្តង ព្រោះ​រោងចក្រ​ហ្នឹង​នៅ​សុ​ខៗ​ប្រកាស​ថា​បិទ​អីចឹង។ […] អីចឹង ​ខ្ញុំ​ចង់ឱ្យ​ក្រសួង​ជួយ​ទៅ​ដោះស្រាយ​ឱ្យ​ពួក​ខ្ញុំ​តាមច្បាប់»។

កម្មការិនី​ផ្នែក​ត្រួតពិនិត្យ ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​ម្នាក់ទៀត និយាយ​ថា ក្រោយ​ថៅកែ​ប្រកាស​បញ្ឈប់​ពី​ការងារ អ្នកស្រី និង​កម្មករ​ផ្សេងទៀត​ កំពុង​ពិបាកចិត្ត​ដោយសារ​បាត់បង់​ការងារ​ធ្វើ ខណៈ​ដែល​ខ្លួន​កំពុង​មាន​វ័យ​កាន់តែ​ចាស់​ពិបាក​រក​ការងារ​កន្លែង​ថ្មី​ធ្វើ និង​រោងចក្រ​មួយចំនួន​ទៀត​កំពុង​ព្យួរការងារ​កម្មករ​ដែរ​នោះ។ កម្មការិនី​រូប​នេះ​លើកឡើង​ថា ពេល​អត់​ការងារ​ធ្វើ​ គ្រួសារ​អ្នកស្រី​នឹង​ប្រឈម​​បញ្ហា​ជីវភាព និង​ប្រឈម​ជំពាក់បំណុល​គេ​ទ្វេដង។

អ្នកស្រី​បន្ថែម​ថា៖ «មិនមែន​ដូច​ក្រុមហ៊ុន​ព្យួរការងារ​ យើង​បាន​លុយ​ខ្លះ ដើម្បី​ដោះស្រាយ​ជីវភាព​ទេ​ណា។ ករណី​ពួក​ខ្ញុំ​នេះ​គឺ​ក្រុមហ៊ុន​បញ្ឈប់​យើង​ផ្តាច់​ចោល​តែម្តង ​ដោយ​មិន​ទទួល​លុយ​ខ្លះ​ជា​រៀងរាល់​ខែ​ទេ។ ហើយ​ឥលូវ រោងចក្រ​នានា​ក៏​លែង​រើស​កម្មករ​ទៀត​ដែរ។ អីចឹង ​ពួក​ខ្ញុំ​ត្រូវ​ប្រឈម​អត់​ការងារ​ធ្វើ។ អីចឹង​ យើង​ប្រឈម​ខ្វះខាត​លុយ​ខ្លាំង​សម្រាប់​ចំណាយ​ហើយ»។

ប្រធាន​រដ្ឋបាល​រោងចក្រ ​ប្រឹ​ភី​សីស អ្នកស្រី គួច ដា​វី ប្រាប់​វី​អូ​ឌី​ថា ​រោងចក្រ​បញ្ឈប់​កម្មករ​ពី​ការងារ​នោះ​គឺ​ដោយសារ​គ្មាន​អ្នកបញ្ជា​ទិញ និង​ពុំ​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​បើក​ជូន​កម្មករ។ ចំពោះ​ការ​ដោះស្រាយ​សំណង​វិញ អ្នកស្រី​ថា រោងចក្រ​កំពុង​ដំណើរការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​ជូន​កម្មករ​ហើយ។

អ្នកស្រី​បន្ថែម​ថា៖ «អត់មាន​អ្នកបញ្ជា​ទិញ។ អ្នកបញ្ជា​ទិញ​គាត់​ផ្អាក​ការ​បញ្ជាទិញ​អស់ហើយ»។

ទោះ​យ៉ាងណាក៏ដោយ​ នៅពេល​វី​អូ​ឌី​សុំ​បញ្ជាក់​ចំនួន​កម្មករ​ដែល​បាន​បញ្ឈប់​នោះ ប្រធាន​រដ្ឋបាល​រូប​នេះ​មិន​ឆ្លើយ​ឡើយ។

វី​អូ​ឌី​មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​ប្រធានមន្ទីរ​ការងារ​ខេត្តកណ្តាល លោក ធុល នាង បានទេ ដោយ​លោក​ប្រាប់​ថា កំពុងរវល់​ប្រជុំ​ មិន​អាច​និយាយ​បាន។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មានប្រសាសន៍​ថា តាមផ្លូវ​ច្បាប់​ នៅពេល​ដែល​រោងចក្រ​ប្រកាស​បិទទ្វារ​ ឬបញ្ឈប់​កម្មករ​ដោយ​មិនបាន​ជូនដំណឹង ត្រូវ​ដោះស្រាយ​សំណង​ជូន​កម្មករ​ចំនួន ៥ចំណុច មាន​ប្រាក់ខែ​ចុងក្រោយ ប្រាក់​ជូនដំណឹង ប្រាក់សំណង​ជំងឺចិត្ត ប្រាក់​អតីតភាព​ការងារ និង​ដំណាច់​ឆ្នាំ​ដែល​នៅសល់។ 

ប៉ុន្តែ​ មេ​សហជីព​រូប​នេះ​មិន​លើកទឹកចិត្ត​ឱ្យ​ថៅកែ​រោងចក្រ​បញ្ចប់​កិច្ចការ​ងារ​ ឬបញ្ឈប់​កម្មករ​ពី​ការងារ ខណៈ​ដែល​រោងចក្រ​មិនបាន​បិទទ្វារ​នោះ​ទេ។

លោក​បន្ថែម​ថា៖ «ប្រសិនជា​ក្រុមហ៊ុន​មានលទ្ធភាព ឬរដ្ឋាភិបាល​ជជែក​ជាមួយ​ក្រុមហ៊ុន​បាន​ត្រឹមតែ​ព្យួរ ខ្ញុំ​គិតថា​ វា​ជា​រឿង​មួយ​ល្អ ដែល​បាន​បង់លុយ​ឱ្យ​គាត់ ៧០ដុល្លារ​ហ្នឹង។ ក្នុងករណី​ក្រុមហ៊ុន​បិទ​ទ្វារ​ដោយក្រុម​ហ៊ុន​មិន​ដំណើរ​បាន អាហ្នឹង​ខ្ញុំ​គិតថា ត្រូវ​គុណ​លុយ​ឱ្យ​គេ​ទៅតាមច្បាប់ ៥ចំណុច​ហ្នឹង​ទៅ។ ប៉ុន្តែ​ យើង​មិន​លើកទឹកចិត្ត​ដាច់ខាត ​ចំពោះ​ការបញ្ឈប់​កម្មករ​ដោយក្រុម​ហ៊ុន​មិនបាន​បិទ ហើយ​បញ្ឈប់​ថ្នាក់ដឹកនាំ​សហជីព​ដោយសារ​ការ​រើស​អើង​ផ្សេង​ៗ ព្រោះ​អាហ្នឹង​វា​ជា​ឥរិយាបថមិនល្អ​របស់​ក្រុមហ៊ុន»។

បើ​តាមកម្ម​ករ​ឱ្យ​ដឹង​ថា កាលពីមុន រោងចក្រ​ ប្រឹ​ភី​សីស​ មានកម្ម​ករ​ប្រហែល ៧០០០ ទៅ ៨០០០នាក់ ប៉ុន្តែ​ មួយ​រយៈ​ចុងក្រោយ​នេះ ​ថៅកែ​ប្រាប់​ថា គ្មាន​អ្នក​គ្មាន​បញ្ជា​ទិញ និង​កង្វះ​ផលិភាព ឬវត្ថុ​ធាតុ​ដើម ​ដែល​បណ្តាល​មក​ពី​ជំងឺ​កូ​វីដ១៩ផង​នោះ បាន​ធ្វើ​ឱ្យ​រោងចក្រ​មួយ​នេះ​កាត់បន្ថយ​កម្មករ ដោយ​នៅ​ប្រមាណ ៥០០០នាក់​ប៉ុណ្ណោះ។

អ្នកនាំ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ លោក ហេង សួរ ប្រាប់​វី​អូ​ឌី​ថា គិត​មកដល់​ថ្ងៃនេះ​មាន​រោងចក្រ ១៣០ បាន​ដាក់​ព្យួរការងារ ​ដែល​ប៉ះពាល់​ដល់​កម្មករ​ប្រមាណ ៩ម៉ឺន​នាក់​ដោយសារ​បញ្ហា​ខ្វះ​វត្ថុធាតុដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ