គណៈ​កម្មការ​ទន្លេ​មេគង្គ​អំពាវ​នាវ​ឱ្យ​ប្រទេស​ក្នុង​តំបន់​ចែក​រំលែក​ព័ត៌មាន​ដោយ​តម្លា​ភាព​

ប្រជានេសាទកំពុងបង់សំណាញ់នៅទន្លេមេគង្គ។ (រូបភាព៖គេហទំព័រគណៈកម្មការទន្លេមេគង្គ)

គណៈកម្មការទន្លេមេគង្គ ហៅកាត់ថា MRC បានស្នើឱ្យប្រទេសក្នុងតំបន់ចែករំលែកទិន្នន័យ និង​កិច្ចសហប្រតិបត្តិការប្រកបដោយតម្លាភាព ដើម្បីធ្វើឱ្យការគ្រប់គ្រងទន្លេមេគង្គកាន់តែល្អឡើង។

ក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីម្សិលមិញ គណៈកម្មការទន្លេមេគង្គបាន​លើក​ឡើង​​ថា ភាពធំទូលាយនៃការចែករំលែកទិន្នន័យ តម្លាភាព និងកិច្ចសហប្រតិបត្តិការរវាង​ប្រទេស​​ជាសមាជិក និងដៃគូសន្ទនា នឹងជួយធ្វើឱ្យការគ្រប់គ្រងទន្លេមេគង្គកាន់​តែប្រសើរ​ឡើង។

ភាពប្រសើរឡើងនៃការចែករំលែកទិន្នន័យ និងព័ត៌មាន នឹងជួយពង្រឹងសមត្ថភាព​របស់ប្រទេស​កម្ពុជា ឡាវ ថៃ និងវៀតណាម ក្នុងការគ្រប់គ្រងធនធានទឹក និងធនធានចែករំលែកដទៃទៀត​របស់ទន្លេមេគង្គ សម្រាប់ជាប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងជួយដោះស្រាយ​ជម្លោះផ្សេងៗ​ផង​ដែរ។ នេះបើតាមសេចក្តីអត្ថាធិប្បាយបច្ចេកទេសរបស់គណៈ​កម្មការទន្លេមេគង្គលើការ​សិក្សា​​មួយ​របស់​ក្រុមហ៊ុន​ពិគ្រោះយោបល់ Eyes on Earth ដែលសិក្សាពីផលប៉ះពាល់នៃទំនប់​នានាក្នុងប្រទេសចិន លើលំហូរដោយធម្មជាតិនៃទន្លេមេគង្គ។

នាយកក្រុមហ៊ុនពិគ្រោះយោបល់ Eyes on Earth លោក Alan Basist បានលើកឡើងក្នុងបទ​សម្ភាសន៍​ជាមួយសារព័ត៌មាន​រ៉យទ័រកាលពីថ្ងៃទី១៣ ខែមេសា ថាចិនបាន​រឹតត្បិតបរិមាណទឹក​ហូរចេញ​មកនៅរដូវវស្សា ដែល​ធ្វើឱ្យបណ្តាប្រទេសខ្សែទឹកខាងក្រោម​ទទួលនូវគ្រោះរាំងស្ងួត​ដ៏ធ្ងន់ធ្ងរ។ ការសិក្សារបស់ក្រុមហ៊ុន​ Eyes on Earth ដែល​ទទួលថវិកាពីក្រសួងការបរទេស​សហរដ្ឋអាមេរិក តាម​រយៈគម្រោងគំនិតផ្តួចផ្តើមស្តីពីតំបន់មេគង្គក្រោម បាន​លើកឡើងថា ទឹក​ទាំងនោះត្រូវចិន​រក្សាទុក​ក្នុងទំនប់វារីអគ្គិសនីដែល​សាងសង់ក្នុងទឹក​ដីខ្លួន។ ទោះយ៉ាងណា​ក៏​ដោយ ​​ក្រសួង​ការបរទេស​ចិនបាន​ទាត់ចោលការសិក្សានេះ ដោយថា​ កាលពីឆ្នាំមុន ពិតជាមាន​ការរាំងស្ងួតខ្លាំងពិតមែន​។

នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ លោក អាន ពេជ្រហត្ថដា បានថ្លែង​ក្នុងសេចក្តីប្រកាសព័ត៌មានថា តម្រូវការសម្រាប់ប្រទេសទាំងអស់នៅតាមបណ្តោយទន្លេមេគង្គ ដើម្បីសម្រេចឱ្យបាននូវតុល្យភាពមួយរវាងអត្ថប្រយោជន៍នៃការអភិវឌ្ឍ យុត្តិធម៌សង្គម និង​ចីរ​ភាព​បរិស្ថាន គឺសំខាន់ខ្លាំងណាស់។ ការរៀបចំចែករំលែកទិន្នន័យប្រកបដោយតម្លាភាពមួយ ស្តីពីរបៀបប្រតិបត្តិការទឹក និងហេដ្ឋារចនាសម្ព័ន្ធនានា នឹងជួយឱ្យយើងគ្រប់គ្នាគ្រប់គ្រង​ហានិភ័យ និងចៀសវាងការភាន់ច្រឡំបាន។

លោកបន្ថែម​ទៀតថា​ ដើម្បីសម្រេចបានគោលដៅនេះ កិច្ចសហប្រតិបត្តិការ​​ពីគ្រប់​ប្រទេសតាម​អាងទន្លេ ការចែករំលែកទិន្នន័យ និងព័ត៌មានរបស់ប្រទេសទាំងនោះ ឱ្យទាន់ពេលវេលា និងមាន​តម្លាភាពស្តីពីការប្រើប្រាស់ទឹក និងហេដ្ឋារចនាសម្ព័ន្ធ គឺមានភាពចាំបាច់ណាស់។

អគ្គលេខាធិការគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា​ លោក សូ សុភ័ទ្ទ​ បានប្រាប់វីអូឌីតាម​ប្រព័ន្ធតេឡេក្រាម (Telegram) នៅថ្ងៃនេះថា ការចែករំលែកទិន្នន័យ និងព័ត៌មានក្នុង​ចំណោម​ប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ ដែលក្នុងនោះមានកម្ពុជា ឡាវ ថៃ និងវៀតណាម និងរួមទាំងជាមួយប្រទេសដៃគូសន្ទនា រួមមានចិន និងមីយ៉ាន់ម៉ា គឺមានលក្ខណៈល្អប្រសើរ។

លោកបានសរសេរបន្ថែមថា ៖ «កិច្ចការនេះត្រូវធ្វើជាបន្តដោយឈរលើកិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់​តែល្អប្រសើរថែមទៀត រវាងគ្នានិងគ្នា ដើម្បីបន្តរួមគ្នាពុះពារជម្នះ និងដោះស្រាយនូវបញ្ហា​ប្រឈមរួមក្នុងអាងទន្លេមេគង្គ ក្នុងបរិបទនៃបម្រែបម្រួលអាកាសធាតុ សម្រាប់ធានាបាននូវ​សន្តិសុខ​ទឹក ស្បៀងអាហារ ថាមពល និងនិរន្តរភាពបរិស្ថាននៃអាងទន្លេមេគង្គ»។

បើតាមលោក សូ សុភ័ទ្ទ ប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គបានអនុម័ត និងបាននឹង​កំពុង​​អនុវត្តនីតិវិធី​ស្តីពីការចែករំលែក និងផ្លាស់ប្តូរទិន្នន័យ និងព័ត៌មាន។ ​នាពេលបច្ចុប្បន្ន គណៈ​កម្មការ​ទន្លេមេគង្គ ក៏បាននឹងកំពុងធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានរបស់ខ្លួន ដើម្បីរួមគ្នាជាមួយ​ប្រទេស​ជាសមាជិក ទទួលបាននូវទិន្នន័យ ព័ត៌មាន ជួយគាំទ្រដល់ការរៀបចំផែនការ ការ​យល់​ដឹង​អំពីស្ថានភាពអាងទន្លេ និងការគ្រប់គ្រង និងអភិវឌ្ឍធនធានទឹក និងធនធាន​ពាក់ព័ន្ធក្នុង​អាង​ទន្លេ​មេគង្គប្រកបដោយចីរភាព ក្នុងក្របខ័ណ្ឌតំបន់ និងសម្រាប់ប្រទេសតាមដងទន្លេមេគង្គ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ