ថៃ​​ដាក់​​កម្ពុជា​​ក្នុង​​បណ្តា​​ប្រទេស​​មាន​​ហា​និ​ភ័យ​​ខ្ពស់​​នៃ​​ការ​​ឆ្លង​​កូ​វីដ​១៩​

ច្រកព្រំដែនកម្ពុជា-ថៃ ចាំយាម ថតពីក្នុងទឹកដីថៃ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។ (ហង់ សុខហុង)

ប្រទេស​ថៃ កាលពី​ម្សិលមិញ​ បាន​ចេញ​សេចក្តី​ប្រកាស​តាមរយៈ​ក្រសួងសុខាភិបាល​របស់​ខ្លួន ដាក់​ប្រទេស​ជាស​មា​ជិ​កអាស៊ាន​ចំនួន ៥ ក្នុង​បញ្ជី​ប្រទេស​ដែល​មាន​ហា​និ​ភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​កូវីដ១៩ ដែល​ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផង​ដែរ។ 

ប្រទេស​ម៉ាឡេស៊ី កម្ពុជា ឡាវ ឥណ្ឌូ​នេ​ស៊ី និង​មីយ៉ាន់ម៉ា ត្រូវ​បាន​ថៃ​ចាត់ទុកថា ​មាន​អត្រា​ខ្ពស់​នៃ​ការ​ឆ្លង​ជំងឺ​កូ​វីដ១៩ ក្នុងចំណោម​បណ្តា​ប្រទេស​អាស៊ាន​ទាំងអស់។ សេចក្តី​ប្រកាស​ខាងលើ​បានឱ្យ​ដឹង​ថា ស្ថានភាព​នៃ​ជំងឺ​កូ​វីដ១៩ នៅក្នុង​ប្រទេស​ទាំង ៥ ខាងលើ​ មាន​លក្ខណៈ​ខ្លាំង​ឡើងៗ។

សេចក្តី​ប្រកាស​ដដែល​បាន​ឱ្យដឹង​ថា ប្រទេស​ថៃ​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​ជំងឺ​កូ​វីដ១៩ តាមរយៈ​អ្នកធ្វើ​ដំណើរ​មក​ពី​បណ្តា​ប្រទេស​ដែល​មាន​ព្រំដែន​ជាប់​ប្រទេស​ថៃ ​ឬប្រទេស​ដែល​មាន​ព្រំដែន​ជាប់​ប្រទេសដែល​កំពុងតែ​ស្ថិតនៅ​ក្នុង​ស្ថានការណ៍​ឆ្លង​ជំងឺ​ខ្ពស់​ឥត​ឈប់ឈរ។ ក្រសួងសុខាភិបាល​ថៃ​ថា​ សេចក្តី​ប្រកាស​នេះ​ធ្វើឡើងដើម្បី​ជា​ប្រយោជន៍​ដល់​ការ​ការពារ​ខ្លួន ​និង​គ្រប់គ្រង​ជំងឺ​កូ​វីដ១៩ ដែល​អាច​ចូល​មក​ក្នុង​ប្រទេស​ថៃ និង​ដើម្បីឱ្យដំណើរការ​ប្រុងប្រយ័ត្ន ការពារ និង​គ្រប់គ្រង​ជំងឺ​កូ​វីដ១៩ ប្រកបដោយ​ប្រសិទ្ធភាព​ផង​ដែរ។ សេចក្តី​ប្រកាស​របស់ក្រ​សួង​សុខាភិបាល​ថៃ​នេះ ​នឹង​ត្រូវ​បាន​ដកចេញនៅពេល​ដែល​ស្ថានភាព​របស់​ជំងឺ​កូ​វីដ១៩ ក្នុង​បណ្តា​ប្រទេស​ទាំងនោះ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ឡើងវិញ។ 

ប្រទេស​ថៃ កាលពីដើម​ខែមីនា​កន្លងមក ​បាន​ប្រកាស​ដាក់ប្រទេស​ចំនួន ៤ រួមមាន​ ប្រទេស​ចិន (រួមបញ្ចូល​ហុងកុង និង​ម៉ាកាវ​ផង​ដែរ​) កូរ៉េ​ខាងត្បូង អ៊ីតាលី និង​អ៊ីរ៉ាក់ ក្នុង​បញ្ជី​ប្រទេស​ងាយ​នឹង​ឆ្លង​ជំងឺ​កូ​វីដ១៩ ខ្ពស់។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក កុយ គួង បាន​បញ្ជាក់​ថា លោក​មិនទាន់​បាន​ទទួល​ព័ត៌មាន​អំពី​ការ​ដាក់​ប្រទេស​កម្ពុជា​ក្នុងចំណោម​ប្រទេស​ដែល​ឆ្លង​ជំងឺ​កូ​វីដ១៩នៅឡើយ​ទេ។

ទោះជា​យ៉ាងណាក៏ដោយ លោក​បាន​លើកឡើង​ថា ​កម្ពុជា​មិនមែន​ជា​ប្រទេស​ដែល​មាន​ករណី​កូវីដ១៩ ច្រើនជាង​គេ​ក្នុង​តំបន់​អាស៊ាន​នោះ​ទេ។ លោក​បាន​បន្ត​ថា​ ករណី​កន្លងមក ​ច្រើនតែ​នាំចូល​មក​ពី​បរទេស។

លោក​បាន​បន្ថែម​ថា៖ «ក្នុង​អាស៊ាន​ហ្នឹង ថៃ ​និង​កម្ពុជា អ្នកណា​ច្រើនជាង​អ្នកណា​? ហើយ​កម្ពុជា​យើង កន្លងមក ជនជាតិ​យើង ​[ដែល​ឆ្លង​] តិចតួច​ទេ ច្រើនតែ​ភ្ញៀវ​ [ដែល​ឆ្លង​]។ សរុប​កន្លងមក​[កម្ពុជា​] មានតែ ១២២នាក់ ហើយ​ជិត​ជា​អស់ហើយ​ហ្នឹង។ យើង​មើលទៅ​សភាពការណ៍​ហ្នឹង​សមនឹង​ការប្រកាស​របស់​គេ​ ឬអត់​? យើង​គ្រាន់តែ​គិត​មើល យើង​ក៏​ដឹង​ដែរ»។ 

សាស្ត្រាចារ្យផ្នែកសិក្សាពីអាស៊ាន នៅសកលវិទ្យាល័យ Naresuan ប្រទេសថៃ លោក Paul Chambers បានឱ្យ VOD ដឹងតាមសារអេឡិចត្រូនិចអ៊ីម៉ែលថាក្រសួងសុខាភិបាល​ថៃប្រហែល​ជាមិន​ជឿពីចំនួនអ្នកឆ្លងកូវីដ១៩ក្នុងចំនួន​ដ៏តិចដែល​កម្ពុជារកឃើញកន្លងមក ទើបបាន​ជាប្រទេសនេះដាក់កម្ពុជាក្នុងបញ្ជីប្រទេសដែល​មាន​ហានីភ័យនៃការឆ្លងជំងឺនេះខ្ពស់បែបនេះ។

ទោះ​យ៉ាងណាក៏ដោយ រហូត​មកទល់​ពេលនេះ ប្រទេស​ថៃ​មាន​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ខ្ពស់​លំដាប់​ទី ៥ នៃ​បណ្ដា​ប្រទេស​អាស៊ាន​ទាំង ១០ ដែល​មាន​អ្នក​ឆ្លង​ចំនួន ២៨២៦នាក់ ជាសះស្បើយ​ចំនួន ២៣៥២នាក់ និង​អ្នក​ស្លាប់​ចំនួន ៥០នាក់ ខណៈ​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​លំដាប់​ទី ៨ ដែល​មាន​អ្នក​ឆ្លង​ចំនួន ១២២នាក់ ព្យាបាល​ជាសះស្បើយ​ចំនួន ១១០នាក់ និង​មិន​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះនោះ​ទេ។ 

កម្ពុជា និង​ថៃ បាន​បិទ​ព្រំដែន​រវាង​គ្នា​និង​គ្នា​តាំងពី​ចុងខែ​មីនា ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩។ រហូតមកដល់​ពេលនេះ ប្រទេស​ទាំងពីរ​មិនទាន់​បញ្ជាក់​ថា​ នឹង​បើក​ព្រំដែន​ឱ្យ​ដំណើរការ​ជា​ធម្មតា​វិញ​នៅពេល​ណា​នោះ​ទេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ