សិង្ហបុរី​​ត្រៀម​​សាល​​ដាក់​​អ្នក​ជំងឺ​​កូ​វីដ​ ១ម៉ឺន​៥ពាន់​​នាក់​ ខណៈ​​ករណី​​ឆ្លង​​បន្ត​​កើន​​

ទិដ្ឋភាពនៅតំបន់ដែលកំពុងសាងសង់ទីតាំងសម្រាប់ផ្ទុកអ្នកជំងឺកូវីដ១៩ នៅកំពង់ផែ Tanjong Pagar Terminal ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។ (ST)

សិង្ហបុរី កំពុង​ដំណើរការ​សាងសង់​សាល​ត្រៀម​សម្រាប់​អ្នកជំងឺ​កូ​វីដ១៩ ចំនួន ១ម៉ឺន ៥ពាន់​នាក់ នៅ​កំពង់ផែ Tanjong Pagar Terminal ខណៈ​ករណី​ឆ្លង​ក្នុង​ប្រទេស​បន្ត​កើនឡើង​ខ្លាំង​ជាប់ៗគ្នា​ប្រមាណ ១ពាន់​ករណី​ក្នុង​មួយថ្ងៃ ដែល​ភាគច្រើន​លើ​ពលករ​បរទេស​ស្នាក់នៅ​ជុំគ្នា។ នេះ​ដោយ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន​សិង្ហបុរី​មួយ​ចុះផ្សាយ​នៅ​ថ្ងៃម្សិលមិញ។ 

តាម​ប្រភព​ពី​កាសែត The StraitTimes ដែល​បាន​ស្រង់​សម្តី​អ្នកនាំ​ពាក្យឱ្យ​ក្រសួង​អភិវឌ្ឍន៍​ជាតិ​សិង្ហបុរី បានឱ្យ​ដឹង​ថា សាល​នេះរៀបចំឡើង​ដើម្បី​ការពារ​កង្វះខាត​ទីតាំង ឬគ្រែ​សម្រាប់​ដាក់​អ្នកជំងឺ​កូ​វីដ១៩ថ្មី​ៗនៅ​ថ្ងៃខាងមុខ រាប់ទាំង​ពលករ​ជាប់សង្ស័យ​ឆ្លង បាន​ឆ្លង និង​បាន​ជាសះស្បើយ។

តាម​ប្រភព​ដដែល នៅ​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ អាជ្ញាធរ​សិង្ហបុរី​បាន​រៀបចំ​ទី​តាំង​ផ្សេង​ៗជាច្រើន​កន្លែង រួមមាន ​បន្ទាយ​យោធា អាគារ​រដ្ឋ និង​កប៉ាល់​ទេសចរណ៍​ណា​ដែល​ទំនេរ​ជាដើម ដើម្បី​ដាក់​ពលករ​បរទេស​ដែល​មាន​សុខភាព​ល្អ​ធម្មតា​ឱ្យ​នៅ​ដាច់ដោយឡែក។

ការ​ត្រៀម​ដូច្នេះ គឺ​ដោយសារ​ប្រទេស​អាស៊ាន​មួយ​នេះ​កំពុង​ប្រឈម​នឹង​រលក​ចម្លង​ដំណាក់កាល​ទី៣ កើត​លើ​ពលករ​បរទេស​ប្រមាណ ២សែន​នាក់ ​រស់នៅ​ផ្តុំគ្នា​តាម​អន្តេវាសិក​ដ្ឋាន​ចំនួន ៤៣កន្លែង និង​ខណៈ​រលក​ទី២ ដែល​បណ្តាល​ឱ្យ​មានការ​ចម្លង​ជា​លក្ខណៈ​សហគមន៍​មិនទាន់​សាបរលាប។ 

រលក​ថ្មីនេះ ក្រុម​អ្នកជំនាញ​សុខភាព​សាធារណៈ​ មើលឃើញ​ថា គឺ​ដោយសារ​អាជ្ញាធរ​មើល​រំលង​ហានិភ័យ​នៃ​ការ​ឆ្លង​រាតត្បាត​ក្នុងចំណោម​ពលករ​ចំណាក​ស្រុក ដែល​ជា​ក្រុម​មនុស្ស​ងាយ​រងគ្រោះ​ពី​ជំងឺឆ្លង​បំផុត។

គិត​ត្រឹម​ថ្ងៃសុក្រ​នេះ រដ្ឋ​អាស៊ាន​ដែល​មាន​ប្រជាជន​ជាង ៥លាន ៦សែន​នាក់​នេះ រក​ឃើញ​ករណី​ឆ្លង​កូ​វីដ១៩ ជាង ១ម៉ឺន​ករណី ​(១១ ១៧៨​) ក្នុង​នោះ ​ជិត ៧ពាន់​ករណី​ រក​ឃើញ​ក្នុងរយៈពេល ១សប្តាហ៍​ចុងក្រោយ ដោយ​ភាគច្រើន​ជា​ពលករ​អន្តោប្រវេសន៍។ នេះ​បើ​យោង​តាម​របាយការណ៍​ពី​ក្រសួងសុខាភិបាល​សិង្ហបុរី។

នាយក​រដ្ឋមន្រ្តី​សិង្ហបុរី លោក លី ស៊ាន​ឡុង កាលពី​ថ្ងៃអង្គារ បាន​ប្រកាស​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក ឱ្យ​បន្ត​វិធានការ​រឹ​តបន្ដឹង​ការ​ធ្វើដំណើរ និង​ជួបជុំ​ រហូតដល់​ថ្ងៃទី៤ ខែឧសភា ហើយនឹង​បន្ថែម ៤សប្តាហ៍​ទៀត បើ​ស្ថានភាព​ឆ្លង​រាលដាល​មិន​ធ្លាក់ចុះ។

ក្រៅពី​សិង្ហបុរី ប្រទេស​អាស៊ាន ៣ទៀត រួម​មាន ​ឥណ្ឌូ​នេ​ស៊ី ម៉ាឡេស៊ី និង​ហ្វីលីពីន ក៏​កំពុង​បង្កើន​វិធានការ​កាត់​ផ្តាច់​ចរន្ត​ចម្លង​របស់​មេរោគ និង​ពន្យារ​ពេល​ដកចេញវិធានការ​ទាំងនេះ ខណៈ​វៀតណាម​កំពុង​បន្ធូរបន្ថយ ឯថៃ​កំពុង​គ្រោង ដើម្បី​ខ្យល់​ដង្ហើម​សេដ្ឋកិច្ច​ដែល​កំពុង​រាំងស្ទះ​ដោយសារ​វិបត្តិ​ជំងឺឆ្លង​សកល។

តាម​ទីភ្នាក់ងារសារព័ត៌មាន Reuters ចុះផ្សាយ​នៅ​ថ្ងៃម្សិលមិញ អាជ្ញា​ធរ​ឥណ្ឌូ​នេ​ស៊ី​បាន​ប្រកាស​បិទ​ចរាចរ​ណ៍តាមផ្លូវអាកាស និង​ផ្លូវទឹក ​នៅ​ទូទាំង​ប្រទេស ពី​ថ្ងៃសុក្រ​នេះ​រហូតដល់​ដំណាច់ខែ​ឧសភា ដើម្បី​បញ្ចៀស​ការ​ឆ្លង​រាលដាល​បន្ថែម​ទៀត និង​ទប់ស្កាត់​ការ​ប្រមូល​ផ្តុំគ្នា​ធ្វើពិធី​ស្រាយ​បួស​របស់​ពលរដ្ឋ។

នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី​ថ្មី លោក Muhyiddin Yassin បាន​ប្រកាស​លើកពេល​ដក​បម្រាមអាជីវកម្ម និង​ការ​ធ្វើដំណើរ ជា​លើក​ទី៣ ដោយ​ត្រូវ​បន្ត​រហូតដល់​ថ្ងៃទី១២ ខែឧសភា បើ​ទោះជា​ករណី​ឆ្លង​ថ្មី​ថមថយ​ក្តី។ 

តាម​សម្រង់​សម្តី​លើ​ទំព័រ​កាសែត Malaymail ចុះផ្សាយ​នៅ​ថ្ងៃ​មិ្ស​លមិញ លោក Yassin បញ្ជាក់​ថា វិធានការ​នេះ​នឹង​បន្ត​រហូតដល់​ការ​រាលដាល​នៃ​មេរោគ​អាច​គ្រប់គ្រង​បាន​ទាំងស្រុង ហើយ​លោក​នឹង​តាមដាន​ស្ថាន​ការ​វិ​វដ្ត​របស់​វា​ដើម្បី​កំណត់​ជំហាន​បន្ទាប់។ 

ដោយឡែក ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បានសម្រេច​បន្ត​ការ​បិទ​រដ្ឋធានី​ម៉ានីល រួម​ទាំង​កោះ Luzon ដដែល រហូតដល់​ពាក់កណ្តាល​ខែឧសភា ប៉ុន្តែ អ្នកនាំពាក្យ​របស់​លោក​ថា អាជ្ញាធរ​នឹង​បន្ធូរ​ការ​រឹត​បន្តឹង​នៅ​តំបន់​ដែល​មាន​ហានិភ័យ​ទាប។

ថៃ​វិញ តាម​ប្រភព​ពី​កាសែត Bangkok Post បានឱ្យ​ដឹង​ថា ក្រុមប្រឹក្សា​សន្តិសុខជាតិ កំពុង​ត្រៀម​សំណើ​ទៅ​នាយក​រដ្ឋមន្រ្តី​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ លើ​ការ​គិត​គូ​របន្ធូរ​វិធានការ​រឹត​បន្តឹង​ការ​ធ្វើដំណើរ ដោយ​បើក​ឱ្យ​អាជីវកម្ម និង​សកម្មភាព​ប្រចាំថ្ងៃ​មួយចំនួន​អាច​ដំណើរការ​វិញ ខណៈ​ករណី​ឆ្លង​ថ្មី​ប្រចាំថ្ងៃ​ធ្លាក់ចុះ​ទាប​ក្រោម ២០ករណី​នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ។

វៀតណាម បាន​ចាប់ផ្តើម​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​ការ​ធ្វើដំណើរ និង​គម្លាត​សុវត្ថិភាព​ចាប់ពី​ថ្ងៃម្សិលមិញ បន្ទាប់ពី​វិធានការ​ដាក់​នៅ​ដោយឡែក និង​បង្កើន​ការ​តេ​ស្តរ​កអ្នក​ប៉ះ​ប្រាស្រ័យ​អ្នកជំងឺ​ក្នុង​ទ្រង់ទ្រាយ​ធំ​ធ្វើឡើង​ទាន់ពេល​វេលា ដែល​ធ្វើ​ឱ្យ​ករណី​ឆ្លង​ថ្មី​ធ្លាក់ចុះ​ដល់​សូន្យ​ករណី ៨ថ្ងៃ​ជាប់​ៗគ្នា។

បើ​តាម​តួលេខ​ពី The Asean Post នៅ​ថ្ងៃសុក្រ​នេះ អាស៊ាន​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ១៩ សរុប​ជាង ៣ម៉ឺន ៥ពាន់​ករណី ក្នុង​នោះ សិង្ហបុរី​ឈរ​នៅ​លំដាប់​លេខ១ មាន​ជាង ១ម៉ឺន​ករណី តាម​ពីក្រោយ​ដោយ​ឥណ្ឌូ​នេ​ស៊ី​ មាន​ជិត ៨ពាន់​ករណី ​(៧៧៧៥​) ហ្វីលីពីន​ ជិត ៧ពាន់​ករណី (៦៩៨១​) ម៉ាឡេស៊ី​ មាន​ជាង ៥ពាន់​ករណី ​(៥៦០៣​) ថៃ​ មាន​ជិត ៣ពាន់​ករណី ​(២៨៣៩​) វៀតណាម​ មាន ២៦៨ករណី ប៊្រុយ​ណេ កម្ពុជា និង​ឡាវ មាន​ជាង ១រយ​ករណី ឯឡាវ​ មាន ១៩ករណី​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ