ឪពុក​ម្តាយ​សិស្ស​រៀន​នៅ​សាលា​អន្តរជាតិ​ចំនួន​៣​តវ៉ា​សុំ​បញ្ចុះ​តម្លៃ​

អាណាព្យាបាលសិស្សដែល​កំពុងសិក្សា​នៅ សាលាស៊ីអាយអេ ក្នុងរាជធានីភ្នំពេញ ប្រមូលផ្តុំគ្នាតវ៉ាឱ្យបញ្ចុះថ្លៃសិក្សាតាមអនឡាញ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០។ (ខាន់ លក្ខិណា)

ឪពុកម្តាយ និងអាណាព្យាបាលសិស្សរៀននៅសាលាឯកជនលំដាប់អន្តរជាតិចំនួន៣ នៅក្នុងរាជធានីភ្នំពេញ បានតវ៉ាទាមទារឱ្យមានការបញ្ចុះតម្លៃ ដោយសារ ពួកគាត់បាត់បង់ចំណូល ព្រោះមេរោគកូវីដ១៩ ឆ្លងរាលដាល។​

សាលាឯកជនលំដាប់អន្តរជាតិទាំង៣នេះ រួមមាន សាលាស៊ីអាយអេ សាលាហ្វូតព្រីន និងសាលាផារ៉ាហ្គន បង្រៀនសិស្សនៅថ្នាក់ចំណេះដឹងទូទៅពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី១២  ដែលតម្រូវឱ្យសិស្សម្នាក់ត្រូវបង់ថ្លៃពីរាប់ពាន់ទៅក្បែរម៉ឺនដុល្លារក្នុង១ឆ្នាំ។​ នៅក្នុងសប្តាហ៍នេះ ឪពុកម្តាយសិស្សនៅតាមសាលាខ្លះផ្ទុះការតវ៉ាម្តង ខ្លះ២ដង ហើយបើមិនទាន់មានដំណោះស្រាយ ពួកគេនឹងតវ៉ាបន្តទៀតនៅដើមសប្តាហ៍ក្រោយ។​

កាលពីថ្ងៃទី២២ ខែមេសា ឪពុកម្តាយសិស្សនៅសាលាស៊ីអាយអេ បានតវ៉ាទាមទារឱ្យបញ្ចុះថ្លៃបង់សាលា ៥០% ចំពោះការបង្រៀនសិស្សតាមអនឡាញ។ ដោយសារការតវ៉ានោះមិនបានផល នៅថ្ងៃសៅរ៍ ទី២៥នេះ ឪពុកម្តាយសិស្សតវ៉ាម្តងទៀត ទាមទារឱ្យបញ្ចុះតម្លៃត្រឹម ៤៥% វិញ ប៉ុន្តែ នៅមិនទាន់មានការឯកភាពគ្នា ទើបឪពុកម្តាយសិស្សសម្រេចដាក់សំណើទៅក្រសួងអប់រំនៅដើមសប្តាហ៍ក្រោយ។​

កាលពីថ្ងៃសុក្រ ទី២៤ ខែមេសា ម្សិលមិញ ឪពុកម្តាយនៅសាលាហ្វូតព្រីន និង នៅសាលាផារ៉ាហ្គន បានផ្ទុះការតវ៉ានៅសាលាដែលកូនពួកគាត់រៀនដូចគ្នា ប៉ុន្តែ មិនទាន់ទទួលលទ្ធផលទេ។​

ក្រោយការតវ៉ា សាលាហ្វូតព្រីនអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ ដោយសម្តែងការសោកស្តាយចំពោះហេតុការណ៍តវ៉ានេះ។ សាលាបញ្ជាក់ថា ពួកគេបានខិតខំប្រឹងប្រែងបណ្តុះបណ្តាលកូនសិស្ស ហើយសូមឱ្យឪពុកម្តាយដែលជួបបញ្ហាស្នើសុំជួបសាលាផ្ទាល់ ដើម្បីដោះស្រាយ ដូចយនុ្តការដែលធ្លាប់ប្រើកន្លងមក។​

ឪពុកម្តាយដែលតវ៉ាបានថ្លែងប្រាប់វីអូឌីថា ការងារ និងមុខរបររបស់ពួកគាត់បានប៉ះពាល់ដោយសារតែមេរោគកូវីដ១៩ ឆ្លងរាលដាល ដូច្នេះ ពួកគាត់សុំឱ្យខាងសាលាមានការយោគយល់ ហើយបញ្ចុះតម្លៃ។​

លោក ប៉ា ចន្ទរឿន មានកូនរៀននៅសាលស៊ីអាយអេ ថ្លែងថា ការរៀនអនឡាញគុណភាពមិនដូចរៀនផ្ទាល់ទេ ដូច្នេះ លោកស្នើឱ្យមានការបញ្ចុះតម្លៃខ្លះ ដើម្បីជួយសម្រួលដល់ឪពុកម្តាយ ឬអាណាព្យាបាលដែលកំពុងជួបការលំបាក។

លោក ប៉ា ចន្ទរឿន៖ «នេះជាការជួបជុំគ្នាទាមទារឱ្យសាលាបញ្ចុះតម្លៃ ដោយសារការសិក្សាអនឡាញដែលបានធ្វើកន្លងមក ដោយសារបញ្ហាកូវីដ មួយទៀតដោយសារការសិក្សាអនឡាញនេះ គុណភាពមិនដូចការសិក្សាផ្ទាល់ទេ»។​

សាលាអន្តរជាតិស៊ីអាយអេ ថ្លៃបង់ពី ៤០០០ ទៅ ៧៨០០ដុល្លារ សាលាអន្តរជាតិហ្វូតព្រីន ថ្លៃបង់ចាប់ពីប្រមាណ ៣ ០០០ ទៅជិត ៧០០០ដុល្លារ ចំណែក សាលាផារ៉ាហ្គន តម្លៃចន្លោះពី ៥ ០០០ ទៅ ៧៧៨០ដុល្លារ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ