ក្រសួង​​សង្គម​កិច្ច​​ហៅ​​ការ​​ដោះ​ស្រាយ​​បញ្ហា​​ជន​អនាថា​ «ស្មុគ​ស្មាញ​​ដូច​​វែក​​ចក​»

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច លោក តូច ចាន់​នី ថ្លែងក្នុងពិធីសន្និសីទសារព័ត៌ មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅអនុវត្តបន្ដរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា» ដែលរៀបចំឡើងដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។ (ហ្វេសប៊ុក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា)

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច លោក តូច ចាន់​នី បាន​អះអាង​ថា ការ​ដោះស្រាយ​បញ្ហា​ជនអនាថា វា​មានការ​លំបាក​ប្រៀប​បាន​នឹង​ការ​វែក​ចក ដោយ​ថា ជន​ងាយ​រងគ្រោះ​ទាំងនោះ មិន​ទទួលយក​សេវា​របស់​រដ្ឋ​ឡើយ។

ការ​ថ្លែង​របស់​មន្ត្រី​ជាន់ខ្ពស់​នៅ​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជន និង​យុវនីតិសម្បទា​នេះ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃអង្គារ​នេះ។

លោក តូច ចាន់​នី ថ្លែង​ថា៖ «មែនទែន​ទៅ ​បញ្ហា​ជនអនាថានេះ ​ជា​បញ្ហា​ស្មុគស្មាញ​ខ្លាំង​ណាស់ ដូច​វែក​ចក​អ៊ីចឹង​ ខ្ញុំ​សូមជម្រាប។ ក្រសួង​មាន​វិធានការ មាន​ចំណាត់ការ​គ្រប់គ្រាន់​សម្រាប់​ដោះស្រាយ​បញ្ហា​នេះ។ ប៉ុន្តែ ខ្ញុំ​សូមជម្រាប​ថា បញ្ហា​ជនអនាថានេះ​ យើង​ពិបាក​ដោះស្រាយ​បំផុត»។

មន្ត្រី​រូប​នេះ អះអាង​ថា ការ​លំបាក​ទាំងនោះ ដោយសារ​ជន​ងាយ​រងគ្រោះ​ទាំងនោះ​មិន​ទទួលយក​សេវា​ដែល​ក្រសួង​រៀបចំ​ឱ្យដូចជា​ អាហារ ៣ពេល​ក្នុង​មួយថ្ងៃ ការអប់រំ និង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ជាដើម។

ការ​លំបាក​មួយទៀត ​លោក​ថា ជនអនាថា​ខ្លះ ត្រូវ​បាន​គេ​យក​ធ្វើអាជីវកម្ម​ឱ្យដើរ​សុំទាន និង​ខ្លះ​មានការ​លូកដៃ​ពីនយោបាយ​ដែល​មិន​គាំទ្រ​រដ្ឋាភិបាល។

ប៉ុន្តែ មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​មិនបាន​បញ្ជាក់​ថា មាន​ជន​ងាយ​រងគ្រោះ​ប៉ុន្មាន​ភាគរយ​ពិតប្រាកដ ដែល​មិន​ទទួលយក​សេវា​របស់​រដ្ឋាភិបាល​នេះ​ទេ។

លោក តូច ចាន់​នី ឱ្យVODដឹង​បន្ថែម​ថា ក្នុង​ឆ្នាំ២០១៩ ក្រសួង​បាន​ប្រមូល​ជនអនាថា​ជាង ១០០០នាក់ ដាក់​ចូល​កក្នុង​មណ្ឌល ​ដើម្បី​អប់រំ ផ្តល់​សេវា និង​បញ្ចូល​ពួក​គាត់​ក្នុង​សហគមន៍​វិញ។ ប៉ុន្តែថា​ ការ​ខំប្រឹង​ប្រែង​នោះ​ទទួល​បាន​ជោគជ័យ​តិចតួច​បំផុត។

លោក តូច ចាន់​នី ប្រាប់​ថា៖ «ខ្ញុំ​ជម្រាប​តាមត្រង់ ជោគជ័យ​នៃ​កិច្ចការ​នេះ ​វា​តិចតួច​ណាស់ ទី១ គាត់​មិនព្រម​ទទួលយក។ ទី២ គាត់​មិន​សហការ​ជាមួយ​យើង​ទេ។ អ៊ីចឹង​ ដូច​ខ្ញុំ​បាន​បញ្ជាក់​អ៊ីចឹង ការងារ​សង្គមកិច្ច​នេះ ​វា​ត្រូវការ​ចូលរួម​គ្រប់មុខ​សញ្ញា បើ​គាត់​មិន​ចូលរួម​ជាមួយ​យើង យើង​ធ្វើ​អី​ក៏​មិន​ជោគជ័យ​ដែរ។ នេះ​ជា​បញ្ហា»។

នាយករង​អង្គការ​លី​កាដ​ូ​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិមនុស្ស លោក អំ សំអាត ផ្តល់​ជា​យោបល់​ថា ភាព​ជោគជ័យ​នៃ​វិធានការ​នេះ វា​ចាំបាច់​ណាស់ ហើយ​មណ្ឌល​ត្រូវ​ធានា​សិទ្ធិ​រស់នៅ​សមរម្យ និង​សេរីភាព​នៃ​ការ​ដើរហើរ​ផង​ដែរ។

លោក អំ សំអាត ប្រាប់​ថា៖ «ខ្ញុំ​ជឿ​ថា ពលរដ្ឋ​គ្រប់រូប​គ្មាន​នរណា​ចង់​ប្រកបមុខរបរ​ហ្នឹង​ទេ។ ប៉ុន្តែ បើ​គាត់​មានមុខ​របរ​អី​ផ្សេង​អាច​ទ្រទ្រង់​ជីវភាព​គាត់​បាន គាត់​នឹង​ជ្រើសរើស​យក​ហើយ ពីព្រោះ​វា​ជា​រឿង​មួយ​ត្រឹមត្រូវ​សម្រាប់​ពួក​គាត់»។

អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា និយាយ​ថា រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ដោះ​ស្រាយ​បញ្ហា​សង្គម បើ​ការ​ដោះស្រាយ​ណាមួយ​បរាជ័យ វា​ជា​ម៉ែត្រ​វាស់​សមត្ថភាព​រដ្ឋាភិបាល មិនមែន​ជា​ការ​ទម្លាក់កំហុស​ទៅលើ​ក្រុម​អ្នកនយោបាយ​ផ្សេង​នោះ​ទេ។

លោក មាជ សុវណ្ណារ៉ា ប្រាប់​ថា៖ «ក្នុង​សង្គម​ប្រជាធិបតេយ្យ រដ្ឋាភិបាល​ជា​ខ្ញុំ​កញ្ជះ​របស់​ប្រជាពលរដ្ឋ ​[…] ហើយ​បើ​យើង​អត់​ចេះ​ថ្នមម៉ែឪ​យើង​ជា​ម្ចាស់​ប្រទេស​នោះ អាហ្នឹង​ជា​បញ្ហា យើង​កុំ​ចោទ​ដាក់គ្នា ដោយសារ​យើង​អសមត្ថភាព»។

ទោះ​យ៉ាងណា ​ក្នុង​សន្និសីទ​នោះ លោក តូច ចាន់​នី បាន​ត្អូញ​ត្អែ​រពី​ការ​លំបាក​បញ្ហា​ធនធានមនុស្ស ដែល​លោក​ថា មិន​សមាមាត្រ​ទៅ​នឹង​បញ្ហា​សង្គម​ដែល​បាន​កើតឡើង​សម្រាប់​ពលរដ្ឋ​ជាង ១៥លាន​នាក់​នោះ។

បើ​តាម​លោក តូច ចាន់​នី ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​បច្ចុប្បន្ន​ ក្រសួង​សម្រេច​ទុក​តែ ២២៣មណ្ឌល​ប៉ុណ្ណោះ ក្នុង​នោះ​មណ្ឌល​ថែទាំ​ក្មេង ១២៣កន្លែង និង​មាន​អង្គការ​ជា​ដៃគូ​ចំនួន ១៤១ ហើយ​ថា នៅ​ភ្នំពេញ​មាន​មណ្ឌល​ព្រៃ​ស្ពឺ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គំរាម​ពី​លទ្ធភាព​បិទ​មណ្ឌល​ព្រៃ​ស្ពឺ​កាលពី​ឆ្នាំ២០១៦ បើ​គ្មាន​ការ​កែប្រែ​ប្រព័ន្ធ​គ្រប់គ្រង​នោះ។

សារ​ព្រមាន​របស់​នាយក​រដ្ឋមន្ត្រី បាន​កើតឡើង​ក្រោយពី​សង្គម​ស៊ីវិល​រក​ឃើញថា មណ្ឌល​ស្ដារ​កាយសម្បទា​មួយ​នេះ ប្រៀប​បាន​នឹងកន្លែង​ធ្វើទារុណកម្ម និង​បង្ខាំង​មនុស្ស​រហូត​មាន​អ្នក​ស្លាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ