ពលរដ្ឋ​​អះអាង​​ថា តម្លៃ​​កសិផល​​នៅ​តែ​​ទាប​​ខុស​ពី​​តម្លៃ​​ទីផ្សារ​​អះអាង​​ដោយ​​រដ្ឋា​ភិបាល​​

ប្រជាកសិករដែលដាំដំណាំស្វាយ លើកដាក់រៀបចំផ្លែស្វាយដើម្បីយកទៅលក់ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ប្រជាកសិករ​មួយចំនួន អះអាង​ថា តម្លៃ​កសិផល​របស់​ពួក​គេ​នៅតែ​មានតម្លៃ​ទាប​ជាង​ទីផ្សារ ដែល​វា​ផ្ទុយ​ទៅ​នឹង​អ្វី​ដែល​រដ្ឋាភិបាល​បាន​អះអាង​អំពី​តម្លៃ​ទីផ្សារ​នៅតែ​ខ្ពស់​សម្រាប់​ផលិតផល​កសិកម្ម។

ក្រសួង​ពាណិជ្ជកម្ម​បាន​ចេញ​ការ​បកស្រាយ​មួយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី២៥ ខែមេសា​ចុង​សប្ដាហ៍​មុន ដោយ​រៀបរាប់​ថា ផ្លែស្វាយ​មានគុណ​ភាពល្អ ត្រូវ​បាន​ប្រមូល​ទិញ​ក្នុង​តម្លៃ​ចន្លោះ​ពី ៥០០ ទៅ ៥៥០រៀល ​ក្នុង​មួយ​គីឡូក្រាម ​ពីសំណាក់​រោងចក្រ​ផលិត​ដំណាប់​ស្វាយ។

ក្រសួង​ស្រាយ​បំភ្លឺ​បែបនេះ​បន្ទាប់ពី​បាន​ចុះទៅ​ពិនិត្យ​ដល់ទី​តាំង​ចម្ការ​មួយ​កន្លែង​ស្ថិត​ក្នុង​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ជាទី​ដែល​មានការ​បង្ហោះ​រូបថត​បង្ហាញ​នូវ​គំនរ​ស្វាយ​ដ៏​ច្រើន។

ទោះជាយ៉ាងណា កសិករ​ដាំ​ស្វាយ​នៅ​ស្រុក​កោះធំ ខេត្ត​កណ្ដាល អ្នកស្រី ម៉ៃ ស្រើ​ន និយាយ​ថា បច្ចុប្បន្ន​នេះ ឈ្មួញ​ទិញ​ស្វាយ​ពី​កសិករ​តម្លៃ ១៥០រៀល ទៅ ៣៥០រៀល​ប៉ុណ្ណោះ ​ក្នុង​មួយ​គីឡូក្រាម។ កសិករ​រូប​នេះ អះអាង​ថា ពលរដ្ឋ​សម្រេច​លក់​ក្នុង​តម្លៃ​បែបនេះ ដោយសារ​គ្មាន​ជម្រើស។

អ្នកស្រី ម៉ៃ ស្រើ​ន និយាយ​ថា៖ «វា​អត់​បាន​ចំណេញ​ឯណា ព្រោះ​វា​ថោក​ធ្វើ​ម៉េចទៅ ដល់​អ៊ីចឹង យើង​ទុក​វា​ម៉េច យើង​បេះ​វា​លក់​ទៅ កុំ​ឱ្យវា​ខាត​ច្រើនពេក ជ្រុះ​អស់​ យើង​ស្តាយ​អត់​បាន​លុយ»។

អ្នកស្រី ខៀវ សាវឿ​ន ជា​កសិករ​ដាំ​ស្វាយ​នៅ​ស្រុក​សន្ទុក ខេត្តកំពង់ធំ និយាយ​ថា ស្វាយ​នៅ​ស្រុក​គាត់​ឈ្មួញ​ទិញ ១គីឡូ​ តម្លៃ១០០រៀល​តែប៉ុណ្ណោះ។

អ្នកស្រី​អំពាវនាវ​ទៅ​ក្រសួង​ពាណិជ្ជកម្ម​ចាត់​មន្ត្រី​ជំនាញ​ចុះទៅ​ខេត្ត​របស់​គាត់ ដើម្បី​ជួយ​អន្តរាគមន៍​រក​ទីផ្សារ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ផង ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ។

អ្នកស្រី ខៀវ សាវឿ​ន ប្រាប់​ថា៖ «សូមឱ្យ​ក្រសួង រដ្ឋាភិបាល​ចុះ​មក​មើល​ រក​ទីផ្សារ​ឱ្យប្រជាជន​ផង ព្រោះ​ស្វាយ​ឥលូវកំ​ពុង​ដោន [ធ្លាក់ចុះ​] គ្រប់គ្នា ហើយ​អត់មាន​លក់​បាន​សោះ ជ្រុះ​ចោល​នៅ​ស្រុក ​[ស្រុក​សន្ទុក​] ខ្ញុំ ព្រោះ​ទុំ​គ្រប់​គ្រា ១គីឡូ ១០០រៀល លក់​ម៉េច បេះ​ចោល​ពាក់កណ្តាល»។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ាង ថៃ មានប្រសាសន៍​បន្ថែម​ថា បើ​ប្រជាកសិករ​ចង់​លក់​ស្វាយ​ឱ្យ​បាន​តម្លៃ​ខ្ពស់ ត្រូវ​ទំនាក់ទំនង​ទៅ​លេខ​រោងចក្រ​ដំណាប់​ស្វាយ​ដែល​មាននៅ​លើ​វេបសាយ​ក្រសួង​ពាណិជ្ជកម្ម ឬមុននឹង​ដាំ​ស្វាយ​ត្រូវ​ធ្វើ​កុងត្រា ឬកិច្ច​សន្យា​ជាមួយគ្នា​ជាដើម។

លោក ស៊ាង ថៃ មានប្រសាសន៍​ថា៖ «អ្នកលក់​ មុននឹង​គាត់​ដាំ ​[ស្វាយ​] គាត់​ត្រូវ​ធ្វើ​កិច្ចសន្យា​ជាមួយ​អ្នកទិញ​ឱ្យ​ច្បាស់លាស់​ទៅ​ថា ​បរិមាណ​ផលិតផល​របស់​គាត់មាន​ខ្ទង់​ប្រហែល​ប៉ុននេះ ហើយ​ថ្លៃ​ប៉ុណ្ណោះ ស៊ីញ៉េកុងត្រា​ជាមួយគ្នា ជាមួយ​អ្នកទិញ​ទៅ ដើម្បី​ធានា​និរន្តរភាពនៅក្នុង​ការ​ផ្គត់ផ្គង់​ផ្លែស្វាយ​ហ្នឹង ជួនកាល​យើង​មិន​អាច​ថា​បាន​ដែរ ក្រែង​លោដល់ ​[ផ្លែ​ទុំទាន់ស្មើគ្នា​] ទាំងអស់គ្នា ​វា​ច្រើន​ទៅ អ្នកទិញ​គាត់​ក៏​ឆ្លៀតឱកាស​ទំលាក់​ថ្លៃ​ក៏​ថា​បាន​ដែរ»។

នាយិកា​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា លោកស្រី តុង ចាន់​ធាង និយាយ​ថា ដើមចម​ដែល​នាំ​ឱ្យ​ស្វាយ​ធ្លាក់ចុះ​តម្លៃ​នោះ ដោយសារ​ជំងឺ​កូវីដ១៩ រីក​រាលដាល​ទូទាំង​ពិភពលោក ធ្វើ​ឱ្យ​បណ្តា​ប្រទេស​មួយចំនួន​ដែល​ធ្លាប់​ទិញ​ស្វាយ​ពី​កម្ពុជា បាន​ផ្អាក​បណោ្តះ​អាសន្ន ឬទិញ​យក​តិចតួច​ក្នុង​តម្លៃ​ទាប​ជាដើម។

អ្នកជំនាញ​កសិកម្ម​រូប​នោះ​បញ្ជាក់​ថា នៅ​ថ្ងៃខាងមុខ ក្រសួង​គួរតែ​រៀបចំផែនការ​ទុកមុន បើ​កម្ពុជា​ជួបបញ្ហា​ប្រឈម​នានា ជាពិសេស​ដូចជា​បញ្ហា​ជំ​ងឺ​កូ​វីដ១៩ គឺ​ក្រសួង​ត្រូវ​មាន​វិធានការ​ជួយ​អន្តរាគមន៍​រក​ទីផ្សារ​ជូន​ប្រជាកសិករ ដើម្បី​ឱ្យ​តម្លៃ​ស្វាយ​ទទួល​បាន​សមរម្យ​ជាដើម។

លោកស្រី តុង ចាន់​ធាង មានប្រសាសន៍​ថា៖ «យើង​ [ក្រសួង​ពាណិជ្ជកម្ម​] រៀបចំ​ផែន​កា​របង្ការ​ទុកមុន ឧទាហរណ៍​ថា នៅក្នុង​ខណៈ​ពេល​ដែល​មាន​បញ្ហា​ជួបប្រទះ​កើតឡើង​ដូច​ឆ្នាំ​ហ្នឹង យើង​អត់​ដឹងមុន​ទេ​ទាំងអស់គ្នា ធ្វើ​ម៉េច​យើង​អាច​ពាំនាំ​ព័ត៌មាន​ទាំងអស់​ហ្នឹង មក​ប្រាប់​ប្រជាកសិករ​ជា​អ្នក​ដាំដុះ ជាការល្អ​មួយ​ដែរ ដើម្បីឱ្យកសិករ​គាត់​ដឹង​ព័ត៌មាន​ទាំងអស់​ហ្នឹង ហើយ​គាត់​អាច​ត្រៀមខ្លួន​គាត់ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​គាត់​ជួប​ប្រឈម​នៅពេល ​[ថ្ងៃខាងមុខ​] បន្ត​ទៀត»។

ស្ថិតិ​នៃ​ការនាំចេញ​កសិផល​កសិកម្ម​ឆ្នាំ២០១៩ ឱ្យ​ដឹង​ថា គិត​ត្រឹម​ដើមខែ​តុលា កម្ពុជា​នាំចេញ​ស្វាយ​ប្រមាណ ៤ម៉ឺន ២ពាន់​តោន ទៅកាន់​ប្រទេស​វៀតណាម ថៃ និង​សឹង្ហ​បុរី​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ