លោក ហ៊ុន សែន ជំរុញ​​​ពលរដ្ឋ​​ឱ្យ​​គោរព​ច្បាប់​​ចរា​ចរណ៍ ខណៈការ​​ផាក​ពិន័យ​​ធ្ងន់​ធ្ងរ​​នឹង​​ចាប់​ផ្ដើម​​អនុវត្ត​​

ពលរដ្ឋធ្វើចរាចរណ៍តាមដងវិថីមួយកន្លែងក្នុងក្រុងភ្នំពេញ។ (ជន ចាន់រ៉ែន/ មករា ២០២០)

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ទៅ​ប្រជាពលរដ្ឋ​បើកបរ​ត្រូវ​គោរពច្បាប់​ចរាចរណ៍ ដោយ​ថា ការ​រឹត​បន្តឹង​​ច្បាប់​ចរាចរណ៍នេះ គឺ​ដើម្បី​ធានា​សុវត្ថិភាព​អាយុជីវិត​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ព្រឹក​នេះ​ថា នៅពេល​នេះ ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ គឺ​កំពុង​ដំណើរការ​នៅ​ទូទាំង​ប្រទេស ករណីនេះ ប្រជាពលរដ្ឋ ជាពិសេស​យុវជន មុននឹង​បើកបរ​រថយន្ត​ត្រូវ​មាន​បណ្ណ​បើកបរ​ពិតប្រាកដ​ត្រឹមត្រូវ។

លោក​បន្ត​ថា ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​នេះ ដើម្បី​ធានា​សុវត្ថិភាព​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស និង​ចៀសវាង​គ្រោះ​ថ្នា​ក់​ផ្សេង​ៗ ដែល​អាច​បង្ក​របួស​ស្នាម​ធ្ងន់​ស្រាល​រហូតដល់​មានការ​បាត់បង់​អាយុជីវិត​ទៀតផង។

តាម​ទំព័រ​ហ្វេសប៊ុក​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន៖ «យើង​មិន​ចង់​ឃើញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតមាន​នៅក្នុង​ក្រុម​គ្រួសារ​របស់​បងប្អូន​ណា​ម្នាក់​ឡើយ។ សូម​បងប្អូន​ប្រជាពលរដ្ឋ និង​ក្មួយ​ៗយុវជន បើកបរ​ដោយមាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ជាមួយនឹង​ការយោគយល់​ដល់គ្នា​ទៅវិញទៅមក ដើម្បី​សុខ​សុវត្ថិភាព​ទាំងអស់គ្នា​នៅ​ទូទាំង​ប្រទេស»។

ក្រៅពី​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​នោះ លោក ហ៊ុន សែន ថា ចំពោះ​រថយន្ត​វិញ​ត្រូវ​បង់ពន្ធ និង​បង់ថ្លៃ​សេ​វា​ផ្សេង​ៗឱ្យ​បាន​ត្រឹមត្រូវ​មុននឹង​បញ្ជា​យានយន្ត​នៅ​លើ​ដងផ្លូវ​សាធារណៈ​ផង​ដែរ។

កាលពី​ថ្ងៃទី១៧ ខែមីនា​កន្លងទៅ រដ្ឋាភិបាល​បាន​ចេញ​នូវ​អនុក្រឹត្យ​មួយ​ស្ដីពី​ការ​តំឡើង​ការ​ផាកពិន័យ​ចរាចរណ៍​ថ្មី ដែល​មានការ​ដំឡើង​ពី ៣ ដល់ ៥ដង​ នៃ​ប្រាក់ពិន័យ​បច្ចុប្បន្ន ដែល​តម្លៃ​នៃ​ការ​ផាកពិន័យ​ចំពោះ​ការប្រព្រឹត្តបទល្មើស​ចរាចរណ៍​ទាប​បំផុត ក៏​មានតម្លៃ ៦ម៉ឺន​រៀល​ដែរ។ វិធានការ​ផាកពិន័យនៃ​ច្បាប់​ចរាចរណ៍​ថ្មី នឹង​អនុវត្ត​ចាប់​ថ្ងៃទី១ ខែឧសភា​ខាងមុខនេះ​តទៅ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ