នគរ​បាល​​ជាតិ​​ប្រកាស​​ពី​ចាប់​ផ្ដើម​​អនុវត្ត​​ការ​​ផាក​ពិន័យ​​ធ្ងន់​ធ្ងរ​​លើ​​អ្នក​បើក​បរ​​ល្មើស​ច្បាប់​​ចរា​ចរណ៍​​

ពលរដ្ឋធ្វើចរាចរណ៍តាមដងវិថីមួយកន្លែងក្នុងក្រុងភ្នំពេញ។ (ជន ចាន់រ៉ែន/ មករា ២០២០)

អគ្គស្នងការ​នគរបាល​កម្ពុជា បាន​ប្រកាសប្រាប់​ពលរដ្ឋ​អំពី​ការ​ចាប់ផ្ដើម​អនុវត្ត​ការ​ផាកពិន័យ​ថ្មី​ទៅលើ​អ្នកបើកបរ​ល្មើសច្បាប់​ចរាចរណ៍ ហើយក៏​បាន​បញ្ជា​ទៅ​មន្ត្រី​នគរបាល​ចរាចរណ៍​ទូទាំង​ប្រទេស ឱ្យ​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ចាប់ពី​ដើមខែ​ក្រោយ។

អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿ​ន បាន​ប្រកាស និង​ចេញ​បញ្ជា​បែបនេះ​នៅក្នុង​សេចក្ដីជូនដំណឹង​មួយ​កាលពី​ថ្ងៃម្សិលមិញ​នេះ តែ ២ថ្ងៃ​ប៉ុណ្ណោះ​មុន​ការ​ចាប់ផ្ដើម​អនុវត្ត​ការ​ផាកពិន័យ​ថ្មី​ទៅតាម​អនុក្រឹត្យ​ចេញ​ដោយ​រដ្ឋាភិបាល​កាលពី​ពាក់កណ្ដាល​ខែមីនា​កន្លងមក​នេះ។

អ្នកនាំពាក្យ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹម​ខឿន មានប្រសាសន៍​ថា ការ​រឹត​បន្តឹង​ក្នុង​ការ​ផាកពិន័យ​ធ្ងន់ធ្ងរ ដើម្បីឱ្យប្រជាពលរដ្ឋ​ខ្លាច និង​ប្រុងប្រយ័ត្ន​ខ្ពស់​នៅពេល​បើកបរ ទើប​កាត់បន្ថយ​អត្រា​អ្នក​ស្លាប់ និង​រង​របួស​បាន។

លោក ឆាយ គឹម​ខឿន មានប្រសាសន៍​ថា៖ «ការ​រឹត​បន្តឹង​នេះ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​…គឺ​គាត់​នាំគ្នា​គោរពច្បាប់​ទាំងអស់គ្នា គ្រោះថ្នាក់​ចរាចរ​ណ៍មានការ​ថយ​ចុះ មនុស្ស​ស្លាប់ ឬរបួស​គ្រោះថ្នាក់​ចរាចរ​ណ៍ក៏​ថយ​ចុះ ជីវភាព​សង្គម និង​ជីវភាព​គ្រួសារ​ពលរដ្ឋ​ក៏​មានការ​កើនឡើង»។

បើ​តាម​អនុក្រឹត្យ​ថ្មី អ្នកបើកបរ​ល្មើស​គំនូស​សញ្ញា ភ្លើង និង​ច្បាប់​ចរាចរណ៍ នឹង​ត្រូវ​មន្ត្រី​នគរបាល​ផាកពិន័យ​យ៉ាង​ទាប​បំផុត ៦ម៉ឺន​រៀល រហូតដល់​ចំនួន ៨០ម៉ឺន​រៀល​សម្រាប់​អ្នកបើកបរ​ទោចក្រយាន​យន្ត ឬម៉ូតូ។ សម្រាប់​អ្នកប្រើ​ប្រាស់​រថយន្ត ពួក​គេ​នឹង​ត្រូវ​រង​ការ​ផាក​យ៉ាង​ទាប​បំផុត ៧ម៉ឺន ៥ពាន់​រៀល រហូតដល់​ខ្ពស់​បំផុត ២លាន ៤សែន​រៀល។

នៅ​ថ្ងៃនេះ​ផង​ដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ទៅ​ប្រជាពលរដ្ឋ ជាពិសេសយុវជន មុននឹង​បើកបរ​រថយន្ត ត្រូវ​មាន​បណ្ណ​បើកបរ​ពិតប្រាកដ​ត្រឹមត្រូវ។ រី​ឯរថយន្ត​វិញ ត្រូវ​បង់ពន្ធ និង​បង់ថ្លៃ​សេ​វា​ផ្សេង​ៗឱ្យ​បាន​ត្រឹមត្រូវ ​មុននឹង​បញ្ជា​យានយន្ត​នៅ​លើ​ដងផ្លូវ​សាធារណៈ។

លោក សុខ ឌី​ណា ពលរដ្ឋ​រស់នៅ​ភ្នំពេញ អះអាង​ថា ការ​ពិន័យ​លើ​អ្នក​ល្មើសច្បាប់​ចរាចរណ៍​ធ្ងន់ធ្ងរ​បែបនេះ ធ្វើឱ្យ​អ្នក​ដែល​ជួប​បញ្ហា​ប្រឈម​ជាងគេគឺ​អ្នក​ដែល​មាន​ជីវភាព​ទាល់ក្រ។ លោក​អំពាវនាវ​ទៅ​រដ្ឋាភិបាល បន្ថយ​ការ​ផាកពិន័យ​ធ្ងន់ធ្ងរ​មក​ត្រឹម ២ម៉ឺន​ទៅ ៣ម៉ឺន​រៀល​វិញ​ ទើបសមរម្យ។

លោក សុខ ឌី​ណា និយាយ​ថា៖ «ខ្ញុំ​សំណូមពរ​ឱ្យគោរពច្បាប់​ទាំងអស់គ្នា ហើយ​ធ្វើឱ្យសុ​ក្រឹត​ទាំងអស់គ្នា កុំ​ឱ្យលម្អៀង​ទៅ​ម្ខាង មាន​បក្ខ​ពួក មាន​ខ្សែ​ រួចពី​សំណាញ់​ច្បាប់ រី​ឯអ្នកតូច​តាច​ដូចជា​តាក់ស៊ី ឬម៉ូតូឌុប កង់​បី​ កៀប​សង្កត់​គ្នា។ ខ្ញុំ​សំណូមពរ​ប៉ុ​ណ្ណឹង ឱ្យផាកពិន័យ​ត្រឹមតែ ២ម៉ឺន​ទៅ ៣ម៉ឺន​រៀល​ទៅ​បាន​ហើយ កុំ​ឱ្យវា​លើសច្រើន​ណាស់»។

អ្នក​រត់​កង់​បី​នៅ​ម្តុំ​ផ្សារ​ដើម​គ លោក កែវ ធារី និយាយ​ថា មិន​គាំទ្រ​រដ្ឋាភិបាល​ផាកពិន័យ​ធ្ងន់ធ្ងរ​លើ​អ្នក​ល្មើសច្បាប់​ចរាចរ​ណ៍នោះ​ទេ។ ប៉ុន្តែ​ លោក​ថា ការ​ផាកពិន័យ​ធ្ងន់ធ្ងរ អាច​ធ្វើឱ្យ​រូប​គាត់ និង​អ្នក​ផ្សេងទៀត បើកបរ​មានការ​ប្រុងប្រយ័ត្ន​ជាង​មុន​ផង​ដែរ។

លោក កែវ ធារី និយាយ​ថា៖ «ដំឡើង ​[ផាកពិន័យ​] ច្រើន ដូចជា​ខ្ញុំ​អ្នកបើកបរ​ប្រុងប្រយ័ត្ន​ជាង​មុន ច្បាស់លាស់​ជាង​មុន ដោយសារ​គេ​ផាកពិន័យ​ច្រើន ដ៏​អញ្ចឹង​យើង​ប្រយ័​ត្នប្រ​យែង​ខ្លួនឯង​ដែរ ណាមួយ​យើង​ការពារ​សុវត្ថិភាព​ទាំងអស់គ្នា​ផង ទោះជាយ៉ាងណា ​ព្យាយាម​ធ្វើឱ្យបាន​ល្អ​ដែរ»។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិម​អេង មានប្រសាសន៍​ថា កងកម្លាំង​នគរបាល​ត្រូវ​អនុវត្ត​ច្បាប់ និង​អនុក្រឹត្យ​ឱ្យស្មើភាព និង​តម្លាភាព បើ​ពុំ​ដូច្នេះ​ទេ បទល្មើស​ចរាចរណ៍​នៅតែ​បន្ត​កើតមាន​ដដែល។

លោក​មានប្រសាសន៍​ថា៖ «សមត្ថកិច្ច​ចរាចរ​ណ៍ត្រូវតែ​អនុវត្ត​ច្បាប់​ដោយ​មិនរើសមុខ អាច​ធ្វើឱ្យប្រសើរ​បាន​ហើយ បើសិនជា​នៅតែ​មានការ​លើកលែង ករណី​យោគយល់​ទេ អត់​អាច​កែប្រែ​ស្ថានភាព​ចរាចរ​ណ៍នៅ​ស្រុក​យើង​បានទេ ទោះបី​ដំឡើង​ការ​ផាកពិន័យ​ប៉ុន្មានទៀត​ ក៏​នៅតែ​អត់​ធ្វើឱ្យប្រសើរ​ជឿនលឿន​ខ្លាំង​បាន​ដែរ»។

របាយការណ៍​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​របស់​រដ្ឋាភិបាល បង្ហាញថា ឆ្នាំ២០១៩ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ជាង ៤ពាន់​លើក ​(៤១២១​) កើនឡើង ៨៥៤លើក ឬនឹង​ស្មើ ២១ភាគរយ ក្នុង​នោះ អ្នករងគ្រោះ ៧៨ភាគរយ​ជា​អ្នកបើកបរ​ម៉ូតូ។

របាយការណ៍​ដដែល ឱ្យដឹង​ទៀត​ថា គ្រោះថ្នាក់​នេះ​បាន​សម្លាប់​មនុស្ស​អស់​ជិត ២ពាន់​នាក់​(១៩៨១​) កើនឡើង ២២០នាក់ ស្មើ ១២ភាគរយ ខណៈ​ឆ្នាំ២០១៨ មានតែ ១៧៦១នាក់។ អ្នករបួស​ជាង ៦ពាន់​នាក់​ (៦១៤១​) កើនឡើង​ជាង ១៣០០នាក់​ (១៣៧១​) ស្មើ ២៩ភាគរយ ខណៈ​ឆ្នាំ២០១៨ មានតែ ៤៧៧០នាក់។

ស្ថាប័ន​ជំនាញ​មួយ​នេះ អះអាង​ថា ចំនួន​អ្នករងគ្រោះ​សរុប​ពេល​មួយឆ្នាំ​នេះ គិតជា​មធ្យម អ្នក​ស្លាប់​ក្នុង ១ថ្ងៃ ជាង ៥នាក់ ​(៥,៤​) អ្នករបួស​ក្នុង ១ថ្ងៃ ជិត ១៧នាក់ ​(១៦,៨​)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ