គណៈ​សង្ឃ​​ជាន់​ខ្ពស់​​ប្រតិកម្ម​​នឹង​​ការ​​បង្រៀន​​តាម​​អន​​ឡា​ញ​រ​បស់​​គ្រូ​បង្រៀន​​ម្នាក់​​

លោកសាស្ត្រាចារ្យ ឡុង សារិន កំពុងបង្រៀនផ្នែកភាសាខ្មែរលើមុខវិជ្ជាតែងសេចក្ដីតាមអនឡាញដែលផ្សាញកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។ (E-School Cambodia/ Screenshot)

គណៈសង្ឃ​នាយក​កម្ពុជា ស្នើ​ទៅ​ក្រសួង​អប់រំ​ឱ្យធ្វើ​ការណែនាំ​សាស្ត្រា​ចារ្យ​មួយ​រូប​ដែល​ផ្ដល់​ការអប់រំ​តាម​អន​ឡា​ញនៅ E-School Cambodia ដោយ​ថា ការ​បង្រៀន​របស់​សាស្ត្រាចារ្យ​រូប​នេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​តម្លៃ​ព្រះសង្ឃ​គណៈមហានិកាយ​យ៉ាង​«ធ្ងន់ធ្ងរ»។

គណៈសង្ឃ​នាយក​កម្ពុជា បាន​លើកឡើង​តាម​លិខិត​កាលពី​ថ្ងៃម្សិលមិញ​ថា លោក ឡុង សារិ​ន ដែល​បង្រៀន​តាម​អន​ឡាញ​ដល់​សិស្សានុសិស្ស​ ដោយ​ប្រៀបធៀប​រវាង​ព្រះសង្ឃ​គណៈមហានិកាយ និង​ព្រះសង្ឃ​គណៈ​ធម្មយុត្តិក​និកាយ ដោយ​បន្តុះ​បង្អាប់​ម្ខាង ហើយ​លើក​ម្ខាងទៀត ដោយ​គណៈសង្ឃ​ថា ផ្ទុយ​ទៅ​នឹង​ភាព​ពិត​ជាក់ស្ដែង​នា​ពេល​បច្ចុប្បន្ន។

លិខិត​គណៈសង្ឃ​នាយក បញ្ជាក់​ថា ចំណុច​ដែ​លសាស្ត្រា​ចារ្យ​រូប​នេះ​ប្រៀបធៀប ដោយ​លើក​ឧទាហរណ៍​នោះ ព្រះសង្ឃ​គណៈ​ធម្មយុត្តិក​និកាយ​ប្រព្រឹត្ត​វិន័យ​តឹងរ៉ឹង​ដូច​លោកធុតង្គ មិន​កាន់លុយ​ទោះ​ក្នុង​សម័យ​គេ​មាន​លុយ មិន​ប្រើ​ទូរសព្ទ និង​មិន​ពាក់​ស្បែកជើង​ជាដើម។ 

លិខិត​គណៈសង្ឃ​នាយក រៀបរាប់​ថា៖ «ដោយ​ប្រើពាក្យ​សម្ដី​ឡក​ឡើយ​ បន្តុះ​បង្អាប់ និង​ដាក់​បន្ទាប​ព្រះសង្ឃ​គណៈមហានិកាយ​ស្នើ​ដោយ​បព្វជិត​គ្មាន​វិន័យ ប្រព្រឹត្ត​ធូររលុង​ប្រាសចាក​ធម៌​វិន័យ​របស់​ខ្លួន ហាក់ដូចជា​អាក្រក់​ណាស់ ​ពិបាក​នឹង​ការគោរព»។

គណៈសង្ឃ​នាយក ចាត់ទុក​ការ​បង្រៀន​របស់​លោក ឡុង សារិ​ន ត្រង់​ចំណុច​ប្រៀបធៀប​ព្រះសង្ឃ​ទាំងពីរ​គណៈ​គ្មាន​មូលដ្ឋាន​ពិតប្រាកដ ខ្វះ​សុចរិត​ភាព ខ្វះ​ការស្រាវជ្រាវ​ស៊ីជម្រៅ គ្មាន​វិជ្ជាជីវៈ​ជា​គ្រូបង្រៀន គ្មាន​យុត្តិធ​ម៌ គ្មាន​សច្ចធម៌ ហៅ​ការ​បង្រៀន​របស់​សាស្ត្រាចារ្យ​រូប​នេះ​ថា ជា​កា​រសន្និដ្ឋាន​ខុសពី​ស្ថានភាព​ពិត និង​ផ្ទុយពី​គោលការណ៍​របស់​រដ្ឋាភិបាល​ស្ដីពី​សុខដុម​នី​យក​ម្ម​សាសនា ដែល​គណៈសង្ឃ​មហានិកាយ​ពុំ​អាច​ទទួលយក​បាន។

លិខិត​គណៈសង្ឃ​នាយក រៀបរាប់​បន្ត៖ «មួយទៀត ការ​បង្រៀន​ប្រកបដោយ​កំហុសឆ្គង​នេះ ពិតជា​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ផ្នត់គំនិត​យុវជន​គ្រប់​ជំនាន់ និង​ពុទ្ធបរិស័ទ​ទូទៅ​ ដែល​ធ្វើ​ឱ្យ​មានការ​យល់​ច្រឡំ និង​អាច​មានការ​រើសអើង​ព្រះសង្ឃ​គណៈមហានិកាយ​ទៀតផង»។

គណៈសង្ឃ​នាយក​ស្នើ​ទៅ​ក្រសួង​អប់រំ​ឱ្យធ្វើ​ការណែនាំ​សាស្ត្រា​ចារ្យ ឡុង សារិ​ន ដែល​បង្រៀន​នៅ​ក្រុមហ៊ុន E-School Cambodia ឱ្យ​កែតម្រូវ​ការ​បង្រៀន​របស់​ខ្លួន​ត្រង់​ចំណុច​ប្រៀបធៀប និង​ចេញ​សុំទោស​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ជា​សាធារណៈ។

ក្រសួង​អប់រំ យុវជន និងកីឡា នៅ​ថ្ងៃនេះ បាន​ចេញ​លិខិត​ឆ្លើយតប​នឹង​ការ​ស្នើសុំ​របស់​គណៈសង្ឃ​នាយក​ថា ក្រសួង​នឹង​លុបចេញ និង​កែ​វីដេអូ​បង្រៀន​នៅត្រង់​មេរៀន​នេះ​ឡើងវិញ។

ក្រសួង​អប់រំ រៀបរាប់​ថា៖ «នៅ​ថ្ងៃខាងមុខ​ ក្រសួង​នឹង​ខិតខំ​ពិនិត្យពិច័យ​នូវ​រាល់​ខ្លឹមសារ​នៃ​ការ​បង្រៀន​បន្ថែម​ទៀត ដើម្បី​ជា​គុណប្រយោជន៍​នៃ​ការសិក្សា​របស់​សិស្សានុសិស្ស​កម្ពុជា»។

ក្នុង​វី​អូ​ឃ្លី​បរ​យៈ​ពេល​ជាង ២នាទី ដែល​ត្រូវ​បាន​ចែករំលែក​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក លោក ឡុង សារិ​ន និយាយ​ថា៖ «មហានិកាយ​ពាក់​ស្បែកជើង កាន់​ទូរសព្ទ ​[ទំនើប​] មាន​អង្គរក្ស​ទៀត វិន័យ​ជិះឡាន​ក្រុង ​ជិះ​បានគ្នា​ច្រើន។ ដល់​ធម្មយុត្តិក​និកាយ វិន័យ​តឹង សម័យ​មាន​លុយ​ហើយ​កាន់លុយ​មិនបាន ហើយ​លោក​ដើរ​ថ្នល់​កៅស៊ូ ឬស៊ីម៉ង់ ទីក្រុង​ លោក​ក៏​អត់​ប្រើ​ស្បែកជើង​ដែរ»។

ក្រុមហ៊ុន E-School Cambodia បាន​បំភ្លឺ​តាមលិខិត​កាលពី​ថ្ងៃម្សិលមិញ​ថា លោក ឡុង សារិ​ន បង្រៀន​លើ​មុខវិជ្ជា​តែងសេចក្ដី ដោយ​នៅក្នុង​ការ​បង្រៀន​ លោក​បាន​ពន្យល់​អំពី​មតិផ្ទុយ និង​មតិស្រប។

ក្រុមហ៊ុន​នេះ​បញ្ជាក់​ថា អត្ថន័យ​ដែល​លោក ឡុង សារិ​ន បង្រៀន​រួចហើយ​នោះ មិនបាន​លើក​អ្វី​ក្នុង​ន័យ​បន្តុះបង្អាប់​ព្រះពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ​នោះ​ទេ។ ផ្ទុយទៅវិញ លោក​ចង់​លើកតម្កើង​ក្រើនរំលឹក​ជ្រោមជ្រែង​ព្រះពុទ្ធ​សាសនា​ឱ្យ​បាន​រឹងមាំ។ 

ក្រុមហ៊ុន E-School Cambodia រៀបរាប់​ថា៖ «ជាង​នេះ​ទៀត នៅពេល​បង្រៀន​ លោក​សាស្រ្តា​ចារ្យ​បាន​បង្ហាញ​ពី​ទស្សនៈ​មើលឃើញ យល់ឃើញ​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ»។

ប្រធាន​មជ្ឈមណ្ឌល​ទស្សនវិជ្ជា​អនុវត្ដ​ន៍ និង​សីលធម៌​កម្ពុជា លោក ប៉ា ចន្ទ​រឿន លោក​បាន​មើល​បញ្ហា​នេះ​ដែរ ហើយ​លោក​បង្ហាញ​ការយល់ឃើញ​ថា ការ​បកស្រាយ​របស់​លោកគ្រូ ឡុង សារិ​ន ថា គ្រាន់តែ​ជា​ការយល់ឃើញ​បែប​ទស្សនៈ​បុគ្គល​តែប៉ុណ្ណោះ។ លោក​បន្ថែម​ថា ការប្រៀបធៀប​ព្រះពុទ្ធ​សាសនា​ទាំងពីរ​គណៈ​នេះ ក៏​គ្រាន់តែ​ជា​ការ​ឆ្លុះបញ្ចាំង​ពី​បុគ្គល​របស់​ខ្លួន​គាត់ ហើយ​ចំពោះការ​ប្រើពាក្យ​ ក៏​មិនមែន​ជា​ការវាយប្រហារ​ទៅលើ​គណៈសង្ឃ​ណាមួយ​ឡើយ។

លោក ប៉ា ចន្ទ​រឿន ប្រាប់​ថា៖ «បើសិន​យើង​ពិនិត្យ​ទៅលើ​វិន័យ​របស់​ព្រះសង្ឃ​នៅក្នុង​ធម្មយុត្ត និង​មហានិកាយ កន្លងមក នៅក្នុង​សង្គម​ខ្មែរយើង និង​ការពិនិត្យ​ទិដ្ឋភាព​ជាក់ស្ដែង​របស់​ព្រះសង្ឃ ឃើញថា ព្រះសង្ឃ​មួយចំនួន ខ្ញុំ​មិន​និយាយ​ទាំងអស់​ទេ ព្រះសង្ឃ​មួយចំនួន​នៅក្នុង​គណៈមហានិកាយ​ហាក់បីដូចជា​មាន​វិន័យ​រាង​ធូរ​រលុង​ជាង​ព្រះសង្ឃ​នៅក្នុង​គណៈ​ធម្មយុត្ត​ដូចដែល​យើង​តែ​ងបានឃើញ​តាម​សារព័ត៌មាន តាម​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​ពី​ភាព​មិន​ប្រក្រតី ឬទង្វើ​អសីលធម៌​របស់​ព្រះសង្ឃ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ