អ្នក​​វិទ្យា​សាស្រ្ត​​បារាំង​​អះ​អាង​​ថា កូ​វីដ​១៩​បង្កើត​​ឡើង​​ជា​​មួយ​​ហ្សែន​​មេរោគ​​អេដស៍​​

អ្នក​វិទ្យាសាស្រ្ត​បារាំង លោក Luc Montagnier។ (Wikimedia)

អ្នក​វិទ្យាសាស្រ្ត​បារាំង​ម្នាក់​ដែល​ទទួល​បាន​រង្វាន់​ណូ​ប៊ែល​សម្រាប់​ការ​រក​ឃើញ​វីរុស​អេដស៍​នៅ​ឆ្នាំ២០០៨ អះអាង​ថា មេរោគ​កូ​រ៉ូ​ណា​ថ្មី ឬហៅ​ កូ​វីដ១៩ ដែល​មាន​ប្រភព​ចម្លង​ចេញពី​ប្រទេស​ចិន មិនមែន​កកើត​ឡើង​តាម​លក្ខណៈ​ធម្មជាតិ​នោះ​ទេ ប៉ុន្តែ វា​កើត​ចេញពី​មន្ទីរ​ពិសោធ។

អ្នក​វិទ្យាសាស្រ្ត​បារាំង លោក Luc Montagnier បាន​ថ្លែង​នៅក្នុង​កិ​ច្ច​សម្ភាស៍​មួយ​ជាមួយ​ទូរទស្សន៍​បារាំង CNews កាលពី​ដើម​សប្តាហ៍មុន​នេះ​ថា ក្រុម​អ្នកឯកទេស​ខាង​ផ្នែក​ជីវសាស្រ្ត​ម៉ូលេគុល ​គឺជា​អ្នកបង្កើត​វីរុស​នោះ។

យ៉ាងណា ​លោក​ថា លោក​មិនដឹង​ពី​ប្រភព​អ្នកបង្កើត និង​គោលបំណង​ក្នុង​ការបង្កើត​នោះ​ទេ ដោយ​ថា តួនាទី​របស់​លោក គឺ​លាតត្រដាង​ការពិត។

ជ័យ​លា​ភី​រង្វាន់​ណូប៊ែល​ផ្នែក​វេជ្ជ​សាស្រ្ត និង​សរីរវិទ្យា​រូប​នេះ អះអាង​ថា វីរុស​កូ​វីដ១៩ ផ្សំ​ឡើង​ដោយ​ធា​តុ​ហ្សែ​នរ​បស់​វីរុស​អេដស៍ ឬហ៊ីវ (HIV​/AIDs​) រួម​ជាមួយ​វីរុស​កូ​រ៉ូ​ណា​ក្នុង​សត្វ​ប្រចៀវ ហើយ​ថា បុគ្គលិក​លក្ខណៈ​របស់​វា​មិនមែន​កើតឡើង​តាម​លក្ខណៈ​ធម្មជាតិ។ 

លោក​អះអាងបន្ថែម​ថា វីរុស​នេះ​កើតឡើង​ក្រោម​ការ​អភិវឌ្ឍ​សម្ងាត់​កម្រិតខ្ពស់ ប្រកបដោយ​វិជ្ជាជីវៈ និង​យ៉ាង​ល្អិតល្អន់​បំផុត ហើយ​ថា បណ្តុំDNA ឬហ្សែ​នរ​បស់​វីរុស​មាន​លក្ខណៈ​ដូចជា​លំដាប់​កង​រណារ​ក្នុង​ម៉ាស៊ីន​នាឡិកា​មួយ​អីចឹង ដោយ​ហ្សែ​នវី​រុ​សហ៊ីវ​ជា​អ្នកបំពេញបន្ថែម​លំដាប់​កង​នោះ។

នៅក្នុង​វីដេអូ​សម្ភាស៍​រយៈពេល ៤នាទី​កន្លះ ដែល​ត្រូវ​បាន​អង្គការ​មូលនិធិ​សុខភាព Dr.Rath យក​មក​ចុះផ្សាយ​នៅ​ថ្ងៃទី២៧ ខែមេសា លោក​សាស្រ្តា​ចារ្យ Montagnier បញ្ជាក់​ថា លោក​មិនបាន​ធ្វើ​ពិសោធ​ដោយ​ផ្ទាល់​នោះ​ទេ តែ​លោក​ថា ការ​សន្មត​នេះ ធ្វើឡើង​ដោយ​ផ្អែក​តាម​ការសិក្សា​លើ​ទិន្នន័យ​ប្រមូល​បាន​ពី​វីរុស​ផ្ទាល់ និង​លទ្ធផល​ពិសោធ​លើ​អ្នកជំងឺ​នៅ​តាម​មន្ទីរ​ពិ​សោ​ធផ្សេង​ៗ។

លោក Montagnier លើកឡើង​ទៀត​ថា លោក​មិនមែន​ជា​មនុស្ស​ដំបូង​ដែល​អះអាង​បែបនេះ​នោះ​ទេ។ លោក​ថា កន្លងមក​ ក៏​មាន​ក្រុម​អ្នកស្រាវជ្រាវ​ឥណ្ឌា​ល្បីល្បាញ​មួយ​ក្រុម​បាន​អះអាង​ដូច្នេះដែរ ប៉ុន្តែ ក្រោយមក ​ពួក​គេ​ត្រូវ​បាន​បង្ខំ​ឱ្យ​បិទ​រឿង​នោះ​ចោល។ 

សាស្រ្តា​ចារ្យ​រូប​នេះ​បន្ត​ថា សម្រាប់​លោក គ្មាន​សម្ពាធ​ណាមួយ​អាច​បង្ខំ​លោក​ឱ្យធ្វើ​រឿង​អ្វីមួយ​ផ្ទុយ​ពី​ឆន្ទៈ​របស់​លោក​បាន​នោះ​ទេ ព្រោះ​លោក​គឺជា​ម្ចាស់​រង្វាន់​ណូប៊ែល​ផ្នែក​វេជ្ជ​សាស្រ្ត​ម្នាក់​ដែល​ធ្វើការ​ដោយ​ឯករាជ្យ និង​មិន​ស្ថិត​ក្រោម​ស្ថាប័ន​ណាមួយ​ឡើយ។ 

កន្លងមក មានការ​អះអាង​ជាច្រើន​ថា មេរោគ​កូ​វីដ១៩ គឺ​មាន​ប្រភព​ចេញពី​មន្ទីរ​ពិសោធ​នៅ​ក្រុង​វូហាន​របស់​ចិន ប៉ុន្តែ អំណះអំណាង​ទាំងនោះ ត្រូវ​បាន​ប្រធានមន្ទីរ​ពិសោធ​ចេញមុខ​បដិសេធ ដោយ​ថា ការចោទប្រកាន់​ទាំងនោះ​ធ្វើឡើង​មិន​ផ្អែកលើ​ការពិត។

នាយក​មន្ទីរ​ពិសោធ​ជីវ​សុវត្ថិភាព នៅ​វិទ្យាស្ថាន​មេរោគ​វិទ្យា​ក្រុង​វ៉ូ​ហាន លោក​សាស្រ្តា​ចារ្យ Yuan Zhiming លើកឡើង​ប្រាប់​សារព័ត៌មាន Reuters របស់​អង់គ្លេស​នៅ​ថ្ងៃអង្គារ​ថា វិទ្យាស្ថាន​មិន​មានការ​ប៉​ុនប៉ង ហើយក៏​គ្មាន​សមត្ថភាព​អាច​រចនា ឬបង្កើត​មេរោគ​កូ​រ៉ូ​ណា​ណាមួយ​ឡើយ។ 

លោក Yuan បញ្ជាក់​បន្ថែម​ថា មកទល់​ពេលនេះ គ្មាន​ព័ត៌មាន​ណាមួយ​នៅ​ក្នុង​បណ្តុំហ្សែ​នរ​បស់​មេរោគ​កូ​វីដ១៩ ដែល​ចង្អុលបង្ហាញ​ថា វា​ជា​ស្នាដៃ​មនុស្ស​បង្កើត​ឡើយ។ 

គិត​ត្រឹម​ថ្ងៃ​ព្រ​ហស្ប​តិ៍នេះ ជំងឺ​កូ​វីដ១៩ បាន​សម្លាប់​មនុស្ស​អស់​ជាង ២សែន ២ម៉ឺន​នាក់​ហើយ ក្នុងចំណោម​អ្នកជំងឺ​ឆ្លង​ជាង ៣លាន ២សែន​នាក់​ នៅ​ជុំវិញ​សកល​លោក។ អាមេរិក​ជា​ប្រទេស​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ ជាមួយ​តួលេខ​ស្លាប់​ជាង ៥ម៉ឺន ៦ពាន់​ករណី ក្នុងចំណោម​ករណី​ឆ្លង​ជាង ១លាន​ករណី និង​កំពុង​កើនឡើង​រៀងរាល់​ថ្ងៃរាប់​ម៉ឺន​ករណី។ 

ទាក់ទិន​ជំងឺ​នេះ ប្រធានាធិបតី​អាមេរិក លោក ដូ​ណាល់ ត្រាំ បាន​ប្រកាស​កាលពី​ថ្ងៃទី១៥ ខែមេសា ​ថារដ្ឋបាល​របស់​លោក​កំពុង​បើក​ការស៊ើបអង្កេត​ឱ្យ​ដឹង​ច្បាស់​ថា តើ​មេរោគ​នោះ​ពិតជា​មាន​ដើមកំណើត​ចេញពី​មន្ទីរ​ពិសោធ​ក្រុង​វូហាន​មែន ឬយ៉ាងណា។

លោក​ព្រមាន​ថា ចិន​នឹង​មានរឿង​ធំ បើ​អាមេរិក​រក​ឃើញ​ភស្តុតាង​បញ្ជាក់​ថា ​មេរោគ​នោះពិតជា​មាន​ប្រភព​ពី​មន្ទីរ​ពិសោធ​ក្រុង​វូហាន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ