លោក ស ខេង ថា​ការ​​រឹត​​បន្តឹង​​ច្បាប់​​ចរាចរ​ណ៍​ទប់​ស្កាត់​​ការ​​សម្លាប់​​មនុស្ស​​យ៉ាង​​គំហុក​​

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងកិច្ចប្រជុំពិនិត្យសេចក្ដីព្រាង សេចក្ដីណែនាំស្ដីពីតួនាទីភារកិច្ច និងរបៀបរបការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក ឬអង្គភាពប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃ ប្រារព្ធនៅទីស្ដីការក្រសួងមហាផ្ទៃ ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ស ខេង)

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ហៅ​កា​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ពេលនេះ​ថា ជា​វិធានការ​ឆ្លើយតបទៅនឹង​គ្រោះអាសន្ន ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​គំហុក​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មកនេះ។

ការ​ថ្លែង​របស់​លោក ស ខេង នេះ ​ធ្វើឡើង​ក្នុង​ពិធី​មួយ​នៅ​ក្រសួងមហាផ្ទៃ​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ។

លោក ស ខេង បញ្ជាក់​ដូចនេះ​ថា៖ «វិធានការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ គឺ​ដាក់ចេញ​ដើម្បី​ឆ្លើយតប​នឹង​ភាព​អាសន្ន​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​មាន​កំណើន​យ៉ាង​គំហុក​កាលពី​ឆ្នាំ​កន្លងទៅ បាន​បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់ របួស​ ពិការ បង្ក​ឱ្យ​មាន​កុមារ​កំព្រា និង​ការ​វិនាស​ព្រាត់​ប្រាស​ក្នុង​គ្រួសារ ទាំង​នៅក្នុង​ស្ថានភាព​ដែល​ប្រទេសជាតិបាន​ចាក​ផុត​ពី​ភ្លើងសង្គ្រាម មាន​សន្តិភាព និង​ការអភិវឌ្ឍ​ទៅ​ហើយ​នោះ»។

ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ សមត្ថកិច្ច​នឹង​ចាប់ផ្តើម​អនុវត្ត​ពី​ថ្ងៃទី១ ខែឧសភា​ស្អែកនេះ​ទៅ គឺ​ចំ​ពេល​ដែល​ពលរដ្ឋ​កំពុង​រង​ផល​ប៉ះពាល់​ពី​ការ​គំរាមកំហែង​នៃ​ជំងឺ​កូ​វីដ១៩។

ច្បាប់​នោះ រដ្ឋាភិបាល​បាន​បង្កើន​ការ​ផាកពិន័យ និង​ទោសទណ្ឌ​ដល់​អ្នក​ដែល​បាន​ប្រព្រឹត្ត​កំហុស។

បើ​តាម​អនុក្រឹត្យ​ថ្មី អ្នកបើកបរ​ល្មើស​គំនូស​សញ្ញា ភ្លើង និង​ច្បាប់​ចរាចរណ៍ នឹង​ត្រូវ​មន្ត្រី​នគរបាល​ផាកពិន័យ​យ៉ាង​ទាប​បំផុត ៦ម៉ឺន​រៀល រហូតដល់​ចំនួន ៨០ម៉ឺន​រៀល ​សម្រាប់​អ្នកបើកបរ​ទោចក្រយាន​យន្ត ឬម៉ូតូ។ សម្រាប់​អ្នកប្រើ​ប្រាស់​រថយន្ត ពួក​គេ​នឹង​ត្រូវ​រង​ការ​ផាក​យ៉ាង​ទាប​បំផុត ៧ម៉ឺន ៥ពាន់​រៀល រហូតដល់​ខ្ពស់​បំផុត ២លាន ៤សែន​រៀល។

លោក ស ខេង អំឡុង​ដើមឆ្នាំ​នេះ បាន​អះអាង​ថា សមត្ថកិច្ច​បាន​បរាជ័យ​ក្នុង​ការអនុវត្ត​ច្បាប់​នេះ ដោយ​ថា កំណើន​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ២០១៨ និង២០១៩ វា​ឆ្លុះបញ្ចាំង​ថា ដល់​ចំនុច​ត្រូវ​ប្រកាស​អាសន្ន ។

របាយការណ៍​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​របស់​រដ្ឋាភិបាល​បង្ហាញថា ឆ្នាំ២០១៩ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ជាង ៤ពាន់​ករណី (៤១២១​) អ្នក​ស្លាប់ ​និង​របួស​ជាង ៨ពាន់​នាក់ ​(៨១២២​) កើន ១២​% បើ​ធៀប​នឹង​ឆ្នាំ២០១៨ ។

ស្ថាប័ន​ជំនាញ​មួយ​នេះ អះអាង​ថា គិតជា​មធ្យម​ អ្នក​ស្លាប់​ក្នុង ១ថ្ងៃ ជាង ៥នាក់ ​(៥,៤​) អ្នករបួស​ជិត ១៧នាក់ ​ក្នុង១ថ្ងៃ។

ប៉ុន្តែ​ អ្នកជំនាញ​សុវត្ថិភាព​ចរាចរណ៍ក្រៅ​រដ្ឋាភិបាល អះអាង​ថា ការ​បរាជ័យ​នៃ​ការ​ទប់​ស្កា​ត់គ្រោះថ្នាក់​ចរាចរណ៍ ដោយសារតែ​រដ្ឋាភិបាល​លុបចោល មិន​ចាំបាច់​ឱ្យមាន​ប័ណ្ណបើកបរសម្រាប់​អ្នកបើកបរ​ម៉ូតូ១២៥CCចុះ បញ្ហា​គ្រឿងញៀន និង​គ្រឿងស្រវឹង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ