កម្ពុជា​​នាំ​​អង្ករ​​ចេញ​ទៅ​​ក្រៅ​ប្រទេស​​កើន​ឡើង​​ជាង​៨​ម៉ឺន​​តោន​​

ដេប៉ូលក់អង្ករមួយកន្លែងក្នុងក្រុងភ្នំពេញ។ (ណាត សុភាព/ មករា ២០១៩)

រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អះអាង​ថា រយៈពេល ៤ខែ​ដើមឆ្នាំ២០២០នេះ កម្ពុជា​បាន​នាំ​អង្ករ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​កើនឡើង​ជាង ៨ម៉ឺន​តោន ខណៈ​ជំងឺ​កូ​វីដ១៩ រីក​រាល​ដាល​ជាស​កល​នោះ។

រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោ​ក វេង សា​ខុន ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា អំឡុង​ពេល​ជំងឺ​កូ​វីដ១៩ រាតត្បាត​នៅ​លើ​ពិភពលោក​នោះ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​ពិភពលោក​ កើនឡើង ៨៦ ៤៨៩តោន ស្មើនឹង ៤០,៤៦​% បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៩។

លោក​ថា៖ «៤ខែ​ដើមឆ្នាំ​នេះ វា​កើនឡើង​ជាង ៤០ភាគរយ ដែល​ខ្ញុំ​បញ្ជាក់​នៅក្នុង​ហ្វេសប៊ុក​ខ្ញុំ​ហ្នឹង កើនឡើង ៤០,៤៦​% បើ​បៀ​បធៀប ៤ខែ​ដើមឆ្នាំ២០១៩ វា​កើន ៨៦ ៤៨៩តោន ប៉ុន្តែ​យើង​មិនដឹង​ថា ទៅ​មុខ​ទៀត​យ៉ាងម៉េច​ទេ»។

ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿ​ន មានប្រសាសន៍​ថា ប្រសិនបើ​ការនាំចេញ​អង្ករ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​កើនឡើង​រហូត​នោះ លោក​ថា វា​ជា​សញ្ញា​ល្អ​មួយ​សម្រាប់​កសិករ​ក្នុង​ការ​លក់​កសិផល​របស់​ពួក​គាត់​នៅពេល​ខាងមុខ។

លោក​ថា៖ «បើសិនជា​ទីផ្សារ​នៅតែ​ល្អ​ក្នុង​ការនាំចេញ សម្រាប់​ទៅ​ខែៗ​ខាង​មុ​ខៗ​ទៀត ធ្វើ​ឱ្យ​ផលិតកម្ម​ស្រូវអង្កររបស់​ប្រជាពលរដ្ឋ​ អាច​មាន​ភាពល្អ​ប្រសើរ»។

របាយការណ៍​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឱ្យ​ដឹង​ថា នៅក្នុង​រយៈពេល​នេះ កម្ពុជា​បាន​នាំចេញ​អង្ករទៅកាន់​ប្រទេស​ចិនជិត ៤១ភាគរយ ទៅ​អឺរ៉ុប​ជាង ៣២ភាគរយ អាស៊ាន ប្រមាណ​ជាជាង ១២ភាគរយ នៃ​ការនាំចេញ​សរុប ។

បើ​តាម​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក ហ៊ុន ឡាក់ ប្រាប់​វី​អូ​ឌីកា​លពី​ថ្ងៃទី៣០ ខែមីនា ​ឆ្នាំ២០២០ ថា ក្នុង​ឆ្នាំ២០១៩ កម្ពុជា​បាន​នាំចេញ​ស្រូវ​ទៅ​លក់​ក្រៅប្រទេស​ជាង ៩លាន​តោន ហើយ​លោក​ថា សម្រាប់​តម្រូវការ​ប្រើប្រាស់ ឬហូបចុក​ក្នុង​ស្រុក​វិញ ក្នុង​មួយឆ្នាំ​មាន​តម្រូវការ​ប្រមាណ​ជាង ២លាន​តោន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ