កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ មានការចែកចាយវីដេអូបង្ហាញពីយុវជនខ្មែរពីរនាក់បងប្អូនដែលដើរពីខេត្តឈុនបុរី ទៅទីក្រុងផាត់តាយ៉ា ក្នុងបំណងទៅរកបាយដែលគេចែកឱ្យ និងរកកន្លែងស្នាក់នៅ។ វីដេអូនេះថតដោយជនជាតិថៃ ផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសបុក និងមានអ្នកទស្សនាជាង ៩សែនដង។ អ្នកទាំងពីរប្រាប់ជនជាតិថៃទាំងនោះថា ពួកគាត់ធ្វើដំណើរចូលប្រទេសថៃដើម្បីស្វែងរកការងារធ្វើ ប៉ុន្តែ ប៉ះចំពេលមានខូវីដ១៩ផ្ទុះឡើង គ្មាននរណាទទួលយកធ្វើការ។
មិនមែនតែបងប្អូន ២នាក់នេះទេដែលលំបាក ពលករដែលមានការងារធ្វើស្រាប់នៅប្រទេសថៃនោះ ក៏មានបញ្ហាជីវភាពដែរ។ ក្រុមពលករមួយចំនួនដែលវីអូឌីបានជួបសម្ភាសន៍ប្រាប់ថា ប្រាក់ចំណូលពួកគាត់បានធ្លាក់ចុះខ្លាំងបន្ទាប់ពីការរីករាលដាលនៃកូវីដ១៩នេះ។
ពលករខ្មែរនៅខេត្តរយ៉តដែលធ្វើការនៅថៃ ១០ឆ្នាំមកហើយនោះ លោក ជុំ សំណាង លើកឡើងថា ពលករខ្មែរដែលធ្វើការផ្នែកសិប្បកម្មចំណីអាហារ ធ្វើការតាមចំការ អ្នកចិញ្ចឹមសត្វជាដើមនោះ នៅធ្វើការធម្មតាទេ ប៉ុន្តែ អ្នកដែលប៉ះខ្លាំងគឺពលករខ្មែរធ្វើការឱ្យអ្នកម៉ៅការបន្ត (Sub Contract) ធ្វើការក្នុងវិស័យរោងចក្រ ព្រោះរោងចក្រនៅថៃបានកាត់បន្ថយម៉ោងធ្វើការដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩។
លោកបន្ថែមថា៖ «ចំពោះពួកខ្ញុំ Sub Contact នេះ ខាងរោងចក្រគេផ្អាកការងារ គេកាត់បន្ថយថ្ងៃធ្វើការ។ ក្នុងខែមេសានេះ ខ្ញុំទើបធ្វើការបាន ២ថ្ងៃប៉ុណ្ណោះ បានមួយថ្ងៃ ៣៣៥បាត (ជាងបួនម៉ឺនរៀល) ជួលបន្ទប់ ២៣០០បាត (គ្នាបួននាក់) ថ្លៃម្ហូបអាហារ បង់ទឹកភ្លើង។ ពួកខ្ញុំកាន់តែលំបាកមែនទែនហើយ នៅនេះគ្រប់គ្នាធ្លាក់ការងារធ្លាក់ចំណូលខ្លាំងតែម្ដង បើនៅបន្តទៀតមិនដឹងបានលុយឯណាទិញបាយហូបទេ។»
កម្មការិនីរោងចក្រផលិតគ្រឿងអគ្គិសនីនៅខេត្តសមុទ្រប្រាកាន កញ្ញា ខែម សុហេង ឱ្យដឹងថា កញ្ញាបានធ្វើការនៅប្រទេសថៃ ៦ឆ្នាំមកហើយ ដើម្បីចិញ្ចឹមគ្រួសារនៅឯស្រុកខ្មែរ។
កញ្ញាប្រាប់ថា ប្រាក់ចំណូលរបស់គាត់ធ្លាក់ចុះជាងពាក់កណ្ដាលចាប់ពីការរីករាលដាលនៃកូវីដ១៩នេះ។
កញ្ញាបន្តថា៖ «កាលមុនកូវីដហ្នឹង ខ្ញុំធ្វើការលើសម៉ោងផងអីផង បាន ៧ពាន់ជាងអីដែរ (ក្នុង ២អាទិត្យ) អាលូវអស់ហើយ បាន ៣ពាន់ជាងអីហ្នឹង កាលមុន ផ្ញើលុយទៅស្រុករាល់ខែឱ្យម៉ែឪនៅស្រុក តែ ២ខែចុងក្រោយនេះ អត់មានលុយផ្ញើទេ។ ទុកចាយនៅនេះ ព្រោះនៅនេះ បើយើងខ្វះខាតឈឺថ្កាត់ យើងមិនដឹងទៅរកអ្នកណាទេនៅទីនេះ។ នេះនៅការងារគ្រាន់បើ បើអស់ទៀត រកអីហូបអត់បានទេ មានតែទៅស្រុកវិញ ធ្វើស្រែវិញទៅ តែគេបិទព្រំដែនទៀត មិនដឹងទៅតាមណា»។
មេការ និងជាអ្នកបកប្រែប្រចាំរោងចក្រមួយនៅខេត្តឈុនបុរី និងជាបុគ្គលិកបណ្ដាញប្រចាំនៅប្រទេសថៃ របស់អង្គការសង់ត្រាល់ផងនោះ លោក លឹង សុផុន មានប្រសាសន៍ថា រោងចក្រជាច្រើននៅថៃបានកាត់បន្ថយម៉ោងធ្វើការ នាំឱ្យកម្មករខ្មែររាប់ពាន់នាក់បាត់បង់ការងារ និងប្រាក់ចំណូល។
លោក លឹង សុផុន មានប្រសាសន៍ថា៖ «រោងចក្រទាក់ទងគ្រឿងបន្លាស់ គ្រឿងអេឡិចត្រូនិចគ្រឿងអគ្គីសនីអីហ្នឹង មានបិទច្រើន។ មុនចូលឆ្នាំហ្នឹង ខាងរោងចក្រជាច្រើនបានបញ្ឈប់ពលករខ្មែរយើងហ្នឹង អត់មានបានថ្លៃជំងឺចិត្តថ្លៃអីទេ ព្រោះពលករខ្មែរយើងគាត់ធ្វើការតាមក្រុមហ៊ុនបញ្ជូនពលករពីខ្មែរទៅ គេហៅថា sub contact ហ្នឹង ឈប់អត់មានសំណងអីទេ»។
មន្ត្រីកម្មវិធីជាន់ខ្ពស់ ផ្នែកទេសន្តប្រវេសន៍ នៃអង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវមានយន្តការអន្តរាគមន៍ជួយសម្រួលការលំបាករបស់ពលករខ្មែរនៅប្រទេសថៃ ពិសេសមិនត្រូវបណ្ដោយឱ្យពលរដ្ឋខ្មែរដាច់ស្បៀងនោះឡើយ។
លោក ឌី ថេហូយ៉ា មានប្រសាសន៍ថា៖ «រដ្ឋាភិបាលខ្មែរយើងត្រូវសហការជាមួយរដ្ឋាភិបាលថៃហ្នឹង ធានាឱ្យពលករខ្មែរយើងរស់បានហ្នឹង វាអត់ឃើញមាន រដ្ឋត្រូវតែធានារឿងនេះ ផ្ដល់ស្បៀងអាហារដល់ពួកគាត់។ ធម្មតា មនុស្សអាចរស់បានត្រូវការការហូបចុក បើយើងអត់ធានាការហូបចុកឱ្យគ្នាផង ហើយមិនអោយត្រលប់មកវិញ អ្នកលួចរត់មកអីប្រឈមនឹងជាប់គុក និងចាប់ឱ្យបង់លុយបួនម៉ឺនបាតអីនោះ ខ្ញុំគិតថា វាអយុត្តិធម៌សម្រាប់ពួកគាត់ជាកម្មករណាស់ គាត់រងគ្រោះពីរជាន់ រងគ្រោះខ្លាចឆ្លងកូវីដផង អត់អីហូបផង។»
ទោះជាយ៉ាងណាក្ដី ស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃបានចេញសេចក្ដីប្រកាសប្រាប់ពលរដ្ឋពីការពន្យារទិដ្ឋការស្នាក់នៅក្នុងប្រទេសថៃ ដោយមិនជាប់ពិន័យរហូតដល់ដំណាច់ខែកក្កដាឆ្នាំ២០២០។ ស្ថានទូតក៏បាន អំពាវនាវដល់ពលរដ្ឋខ្មែរដែលរស់នៅប្រទេសថៃសហការជាមួយអាជ្ញាធរថៃ និងថែរក្សាអនាម័យផ្ទាល់ខ្លួន ដើម្បីទប់ទល់នឹងកូវីដ១៩។ ស្ថានទូតបានប្រកាសឱ្យអ្នកមានបញ្ហាប្រឈមនានា ទាក់ទងទៅកាន់ស្ថានទូតបន្ទាន់តាមលេខទូរសព្ទ ២ខ្សែ ០៩២ ៨០ ៥០ ៥៦៦ និងលេខ ០៩៤ ៦៩២ ៥៩០៥ និងតាមទំព័រហ្វេសប៊ុករបស់ស្ថានទូត ដើម្បីជួយអន្តរាគមន៍ទាន់ពេលវេលា។
ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ លោក អូក សោភ័ណ បានថ្លែងក្នុងកិច្ចសម្ភាសន៍មួយនៅវិទ្យុបារាំងអន្តរជាតិ RFI ដោយបញ្ជាក់ថា ទូតខ្មែរបានស្នើទៅភាគីថៃជាប្រចាំ ដើម្បីជួយអន្តរាគមន៍លើបញ្ហាប្រឈមរបស់ពលករខ្មែរនៅប្រទេសថៃ។
លោកបញ្ជាក់ថា៖ «ពលករនៅនេះ ពួកគាត់ចាំស្ដាប់ព័ត៌មានផ្លូវការពីស្ថានទូត ស្ថានទូតយើងនៅបន្តធ្វើការជាមួយផ្នែកពាក់ព័ន្ធនានា ដើម្បីជួយពលករខ្មែរនៅថៃ។»
ឯកអគ្គរាជទូតខ្មែរប្រចាំទីក្រុងបាងកក លោក អូក សោភ័ណ បញ្ជាក់ថា ពលករខ្មែរនៅកំពុងធ្វើការនៅប្រទេសថៃ មានចំនួនជាង ១លាន ២សែននាក់។ តួលេខដែលផ្ដល់ដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឱ្យដឹងថា គិតមកដល់ដើមខែមេសា ពលករខ្មែរប្រមាណជាង ៩ម៉ឺននាក់ បានត្រលប់ពីថៃមកកាន់កម្ពុជាវិញ។
តាមគេហទំព័រ worldometers អ្នកឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសថៃ មានចំនួន ២៩៤៧នាក់ និង ៥៤នាក់ បានស្លាប់ គិតត្រឹមថ្ងៃច័ន្ទទី៣០ ខែមេសា។ ក្នុងនោះ មនុស្សប្រមាណជិត ៤ម៉ឺននាក់ កំពុងស្ថិតក្រោមការតាមដាន និងដាក់ឱ្យនៅដាច់ដោយឡែក បង្ការការចម្លងរីករាលដាលនៃកូវីដ១៩។
របាយការណ៍ចេញផ្សាយដោយអង្គការអន្តរជាតិខាងការងារ (ILO) ចេញផ្សាយកាលពីសប្ដាហ៍មុន បង្ហាញថា យ៉ាងតិចណាស់មានពលករចំណាកស្រុកស្របច្បាប់ជាង ២លាន ៧សែននាក់និងពលករខុសច្បាប់ជាច្រើនម៉ឺននាក់ផ្សេងទៀត ជាប់ក្នុងប្រទេសថៃ ដែលភាគច្រើនជាពលករមកពីកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ របាយការណ៍បន្ថែមទៀតថា ការងារចំនួនជាង ៧លាន បានបាត់បង់រួចទៅហើយ បន្ទាប់ពីជាប់គាំងផ្នែកខ្លះនៃសេដ្ឋកិច្ចរយៈពេល ១ខែចុងក្រោយនេះ។
របាយការណ៍បានកត់សម្គាល់ថា៖ «ពលករចំណាកស្រុកជាច្រើននៅក្នុងប្រទេសថៃ កំពុងគ្មានការងារ គ្មានប្រាក់ចំណូល គ្មានលទ្ធភាពទទួលបានការថែទាំសុខភាព និងហានិភ័យនៃកង្វះខាតស្បៀងអាហារ និងភាពគ្មានផ្ទះសម្បែង»៕