កម្មករ​​នៅ​​រោង​ចក្រ​​មួយ​​ក្នុង​ខណ្ឌ​ដង្កោ​​ផ្ទុះ​​ការ​​តវ៉ា​ ក្រោយ​​ថៅកែ​​រត់​ចោល​​ដោយ​​មិន​បាន​​ដោះ​ស្រាយ​​សំណង​​

កម្មករ-កម្មការិនីរោងចក្រ គុន ដា ហ្វូ​តវែរ (KUN DA Footwear Co​,. Ltd​) នៅ​ភូមិ​ម័រ សង្កាត់​ដង្កោ តវ៉ាករណីថៅកែបិទទ្វាររោងចក្រ ដោយមិនបានដោះស្រាយសំណង កាលពីព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០។ (ដូនកែវ)

កម្មករ​-កម្មការិនី​បម្រើការ​ងារ​នៅ​រោងចក្រ​ផលិត​ស្បែកជើង​មួយ ស្ថិត​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​ផ្ទុះ​ការ​តវ៉ា បន្ទាប់ពី​ថៅកែ​ប្រកាស​បិទ​ទ្វា​ររោងចក្រ​ ដោយ​មិន​ដោះស្រាយ​សំណង​ជូន​ពួក​គេ។

ក្នុង​សេចក្តី​ជូនដំណឹង​ចុះ​ថ្ងៃទី២៩ ខែមេសា ថៅកែ​រោងចក្រ គុន ដា ហ្វូ​តវែរ (KUN DA Footwear Co​,. Ltd​) នៅ​ភូមិ​ម័រ សង្កាត់​ដង្កោ បាន​ប្រាប់​កម្មករ​ថា រោងចក្រ​មួយ​នេះពុំ​មានលទ្ធភាព​បន្តដំណើរ​ការផលិត​កម្មទៀត​នោះ​ទេ ដោយ​ថៅកែ​សម្រេច​លក់​ឡាយ​ឡុង​សម្ភារ​ទាំងអស់​របស់​ក្រុមហ៊ុន ដើម្បី​យក​លុយ​ទូទាត់ប្រាក់​អតីតភាព​ការងារ​ជូន​កម្មករ។

កម្មការិនី​ផ្នែក​បិទ​បាត​ស្បែកជើង អ្នកស្រី ឈិន វណ្ណា ឱ្យដឹង​ថា ចាប់តាំងពី​ថៅកែ​ប្រកាស​លក់​សម្ភាររហូតមកដល់​ថ្ងៃ​ចន្ទ​នេះ គឺ​ក្រុម​កម្មករ​មិនទាន់​ទទួល​បានការ​ទូ​ទា​ត់សំណង​នៅឡើយ​ទេ ខណៈ​ដែល​សម្ភារ​មួយចំនួន​ក្នុង​រោងចក្រ ​ត្រូវ​គេ​លួច​ដឹក​ចេញ​ជិត​អស់ទៅហើយ​នោះ។

កម្មការិនី​រូប​នេះ បាន​ដាក់​ការសង្ស័យ​ថា សម្ភារ​មួយចំនួន​ដែល​បាត់​ពី​ក្នុង​រោងចក្រ​នោះ គឺ​ក្រុម​រដ្ឋបាល និង​អ្នកបកប្រែ និង​បក្ខ​ពួក​ ជា​អ្នក​លួច​លក់​ដោយ​មិន​ប្រាប់​កម្មករ។

អ្នកស្រី​បន្ថែម​ថា៖ «ពួក​គាត់​អ្នកបកប្រែ និង​រដ្ឋបាល គឺ​គ្នា​គាត់​ហ្នឹងហើយ​ដែល​លួច​លក់​អីវ៉ាន់​មិន​ឱ្យកម្មករ​ដឹង ហើយ​ពួក​គាត់​អត់​ចេញមុខ​មក​ដោះស្រាយ​ឱ្យ​ពួក​ខ្ញុំ ទុកឱ្យ​ពួក​ខ្ញុំ​ជួប​ផល​លំបាក​ច្រើន»។

កម្មការិនី​ផ្នែក​បិទ​បាត​ស្បែកជើង​ម្នាក់ទៀត អ្នកស្រី ខុន គុន​នេញ រៀបរាប់​ថា ថៅកែ​រោងចក្រ គុន ដា នៅ​ជំពាក់ប្រាក់​ឈ្នួល​ចុងក្រោយ និង​អត្ថ​ប្រយោជន៍​ផ្សេង​ៗរបស់​កម្មករ។

កម្មការិនី​រូប​នេះ​បន្ត​ថា ការ​ពន្យារពេល​មិន​ដោះស្រាយ​បញ្ហា​នេះ បាន​ធ្វើឱ្យ​រូប​គាត់ រួម​ទាំង​កម្មករ​ផ្សេងទៀត​ជួប​ការ​លំបាក​ច្រើន​ក្នុង​ការ​ចំណាយ និង​ខាតពេល​វេលា​មិន​អាច​ទៅ​រក​កន្លែង​ការងារ​ធ្វើ​ផ្សេងទៀត​បាន។

អ្នកស្រី​បន្ថែម​ថា៖ «គាត់​ថា ​[រដ្ឋបាល​] រោងចក្រ​ក្ស័យធន ហើយ​ថា លក់​របស់​ក្នុង​ក្រុមហ៊ុន​ហ្នឹង​ដើម្បី​ទូទាត់​លុយ​ជូន​កម្មករ​ទាំងអស់គ្នា។ ហើយ​គាត់​សន្យា​ថ្ងៃនេះ​ថ្ងៃ​នោះ។ ហើយ​កម្មករ​ទាំងអស់គ្នា​រង់ចាំ​លុយ​ហ្នឹង​រហូត​ការងារ​អី​ក៏​អត់​បាន​ធ្វើ​ដែរ។ ហើយ​លុយ​ផ្ទះ​ជួល​ក៏​គ្នា​អត់មាន​បង់​ដែរ។ អីចឹង​សំ​ណូម​ពរ​ឱ្យគាត់​ចេញមុខ​ដោះស្រាយ ​ដោយ​លក់​របស់​ក្នុង​រោងចក្រ​ហ្នឹង​ទូទាត់​សំណង​ជូន​កម្មករ​ទៅ។ កម្មករ​លែង​មក​តវ៉ា​ហើយ»។

ខណៈ​ពេល​តវ៉ា​នៅ​ថ្ងៃនេះ កម្មករ​ម្នាក់​សុំ​មិន​ប្រាប់​ឈ្មោះ បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​អ្នកបកប្រែ​នៅ​រោងចក្រ ​គុន​ដា ដោយ​ចោទ​ថា អ្នកបកប្រែ​រូប​នោះ និង​ប្រធាន​រដ្ឋបាល​ បាន​ឃុបឃិត​គ្នា​លួច​លក់​សម្ភារក្នុង​រោងចក្រ​ យក​លុយ​បែងចែក​តែ​បក្ខ​ពួក​ខ្លួន ដោយ​មិនព្រម​ទូទាត់​សំណង​ជូន​កម្មករ។

លោក​បន្ថែម​ថា៖ «លោក​ឯង​ [អ្នកបកប្រែ​] លួច​លក់​សម្ភារក្នុង​រោងចក្រ។ លោក​ឯង​មិន​រួចខ្លួន​ទេ។ លោក​ឯង​ល្មើសច្បាប់។ លោក​ឯង​ស៊ី​ញើស​ឈាម​កម្មករ»។

វី​អូ​ឌី​បាន​ព្យាយាម​សាកសួរ​បុរស​ម្នាក់​ដែល​កម្មករ​អះអាង​ថា ជា​អ្នកបកប្រែ​ដែរ ប៉ុន្តែ លោក​មិន​ឆ្លើយ។

បើ​តាមកម្ម​ករ នៅ​ថ្ងៃនេះ ពួក​គេ​បាន​ហៅ​អ្នកទិញ​សម្ភារ​ឱ្យមក​មើ​លស​ម្ភា​រក្នុង​រោងចក្រ​ គុន​ដា ​ដែរ ប៉ុន្តែ រដ្ឋបាល និង​អ្នកបកប្រែ​មិនព្រម​បើកទ្វារ​ឱ្យ។

វី​អូ​ឌី​មិន​អាច​សុំ​ការ​ឆ្លើយតប​ពីរ​ដ្ឋ​បាល​រោងចក្រ​ គុន​ដា អ្នកស្រី ឆាយ ឈុន​អ៊ា​ង បានទេ ដោយ​ទូរសព្ទ​របស់​គាត់​មិន​អាច​ទាក់ទង​បាន។

អ្នកនាំពាក្យ​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​ប្រាប់​វី​អូ​ឌីតា​មតេឡេ​ក្រាម​ថា ក្រសួង​បានដឹង​ដំណឹង​ពី​វិវាទ​នៅ​រោងចក្រ​នេះ​ហើយ ហើយ​កំពុង​ដោះស្រាយ​តាម​នីតិវិធី។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ធ្លាប់​បញ្ជាក់​ថា តាមផ្លូវ​ច្បាប់ នៅពេល​ដែល​រោងចក្រ​ប្រកាស​បិទទ្វារ ឬបញ្ឈប់​ការងារ​កម្មករ​ដោយ​មិនបាន​ជូនដំណឹង​មុន​នោះ គឺ​ថៅកែ​ត្រូវ​ទូទាត់​សំណង​ជូន​កម្មករ​ចំនួន ៥ចំណុច មាន​ប្រាក់ខែ​ចុងក្រោយ ប្រាក់​ជូនដំណឹង ប្រាក់សំណង​ជំងឺចិត្ត ប្រាក់​អតីតភាព​ការងារ និង​ប្រាក់​ដំណាច់ឆ្នាំ​ដែល​នៅសល់។

លោក អាត់ ធន់ បន្ត​ថា ប្រសិនបើ​ថៅកែ​ក្ស័យធន​គ្មាន​លុយ​បើកឱ្យកម្មករ​ទេ ត្រូវ​លក់​ឡាយ​ឡុង​សម្ភារ​ក្នុង​រោងចក្រ ដើម្បី​ទូទាត់​សំណង​ជូន​កម្មករ។

ប្រធាន​សហព័ន្ធ​សហជីព​ស្មារតី​កម្មករ​ឯករាជ្យ លោក អ៊ុន ដារ៉ា ដែល​ចុះ​ឃ្លាំមើល​វិវាទ​ការងារ​នៅ​រោងចក្រ គុនដា នេះ មានប្រសាសន៍​ថា ក្រុម​កម្មករ​ពឹង​ឱ្យសហជីព​របស់​លោក​ជួយ​រក​ដំណោះស្រាយ។ លោក​ថា សហជីព​របស់​លោក​កំពុង​ប្រមូល​ស្នាមមេដៃ​ពី​កម្មករ និង​រៀប​ចំ​បណ្តឹង​ដាក់​ទៅ​ក្រសួងការងារ​ ដើម្បី​រក​អន្តរាគមន៍ពី​ក្រសួង​ឱ្យជួយ​ដោះស្រាយ​បន្ត​ទៀត។

លោក អ៊ុន ដារ៉ា បន្ថែម​ថា៖ «យើង​នឹង​ដា​ក់​បណ្តឹង​ទៅ​ឯកឧត្តម អ៊ិ​ត សំ​ហេង ឱ្យគាត់​ជួយ​ដោះស្រាយ​ ពីព្រោះ​ក្រុមហ៊ុន​ ថៅកែ​រត់ចោល​ហើយ មិនព្រម​ចេញមុខ​មក​ដោះស្រាយ​សំណង​ឱ្យកម្មករ»។

បើ​តាមកម្ម​ការិនីម្នាក់ ​អ្នកស្រី ឈិន វណ្ណា រោងចក្រ គុន ដា មាន​ថៅកែ​ជា​ជនជាតិចិន និង​កម្មករ​ជាង ៣៧០នាក់​ បម្រើការ​ងារ។

កាលពី​ថ្ងៃទី១ ខែ​ឧស​ភា ប្រធាន​សម្ព័ន្ធ​សហជីព​ស៊ី​ខៅ​ឌូ លោក គង់ អាទិត្យ មានប្រសាសន៍​ថា តាម​របាយការណ៍​ដែល​ស៊ី​ខៅ​ឌូទទួល​បាន គឺ​មាន​រោងចក្រ​ចំនួន ៣ បាន​បិទទ្វារ ក្រោម​ហេតុផល​គ្មាន​អ្នកបញ្ជា​ទិញ និង​បិទ​ទាំង​ខុស​នីតិវិធី​ច្បាប់។

លោក គង់ អាទិត្យ អះអាង​ថា ថៅកែ​រោងចក្រ​ទាំងនោះ​បាន​គំរាមកំហែង និង​បង្ខិតបង្ខំ​ឱ្យ​កម្មករ​រួម​ទាំង​សហជីព​ ឱ្យ​លាឈប់​ពី​ការងារ ដោយ​មិនបាន​ដោះស្រាយ​សំណង​ត្រឹមត្រូវ​ជូនពួក​គេ​នោះ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ