លី​កាដូ៖ បំណុល​​មីក្រូ​ហិរញ្ញ​វត្ថុ​​ជំរុញ​​ឱ្យ​​អ្នក​ភូមិ​​ទៅ​​ធ្វើ​​ពលករ​​នៅ​​ថៃ​​

ផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នងនៅខេត្តបន្ទាយមានជ័យ ដែលត្រូវបានទុកចោល ក្រោយពីគ្រួសារម្ចាស់ផ្ទះនាំគ្នាចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ។ (លីកាដូ/ កញ្ញា ២០១៩)

របាយការណ៍​សិក្សា​ស្រាវជ្រាវ​ក្នុង​ភូមិ​មួយ​នៅ​ខេត្ត​បន្ទាយមានជ័យ​របស់​អង្គការ​លី​កាដូ រក​ឃើញថា ​កម្ចី​មីក្រូហិរញ្ញវត្ថុ​បាន​បង្ខំ​ឱ្យ​គ្រួសារ​ខ្លះ​ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ ដែល​អ្នកស្រាវជ្រាវ​យល់ថា ​ជាផ្នែក​មួយ​នៃ​និន្នាការ​ធ្វើ​ចំណាកស្រុក​ដោយសារ​បំណុល។

អង្គការ​សិទ្ធិមនុស្ស​លី​កាដូ​ កាលពី​ថ្ងៃអង្គារ បាន​ចេញផ្សាយ​ការសិក្សា​លើ​ភូមិ​មួយ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ដោយ​បាន​រក​ឃើញថា ភាគច្រើន​នៃ​គ្រួសារ​ដែល​ត្រូវ​បាន​សម្ភាស​ប្រាប់​ថា សមាជិក​គ្រួសារ​ពួក​គេ​ប្រឈមមុខនឹង​បញ្ហា​ផ្សេង​ៗ ដោយសារតែ​ការ​ធ្វើ​ចំណាកស្រុក រួមមាន​ការ​យាយី​ពី​អាជ្ញាធរ ការ​បែកបាក់​គ្រួសារ និង​អារម្មណ៍​នៃ​ការភ័យខ្លាច និង​ការ​បំភិតបំភ័យ​ទាក់ទង​នឹង​បំណុល​ព្រោះ​ជា​រឿយ​ៗបណ្ណ​កម្មសិទ្ធិ​ដីធ្លី​របស់​ពួក​គេ​ត្រូវ​បាន​ដាក់បញ្ចាំ។

របាយការណ៍​សង្ខេប​ដែល​មាន​ចំណងជើង​ថា ​«ការ​នាំ​ឱ្យ​មាន​ចំណាកស្រុក៖ បទពិសោធន៍​នៃ​ភូមិ​មួយ ​អំពី​បំណុលមីក្រូហិរញ្ញវត្ថុ និង​ចំណាកស្រុក​ឆ្លងដែន» ត្រូវ​បាន​អង្គការ​លី​កាដូ​ធ្វើឡើង​ដោយ​សម្ភាស​ជាមួយ​ពលរដ្ឋ ៣០គ្រួសារ ​កាលពី​ខែកញ្ញា ឆ្នាំ២០១៩។ ប្រភព​ដដែល​ឱ្យដឹង​ថា គ្រួសារ​ដែល​ត្រូវ​បាន​សម្ភាស​ទាំង ៣០ មាន​សមាជិក​គ្រួសារ​យ៉ាងតិច​ម្នាក់ ហើយ​ខ្លះ​រហូតដល់ ៧នាក់ បាន​ចេញទៅ​ធ្វើជា​ពលករ​នៅ​បរទេស ដើម្បី​ជួយ​រក​ប្រាក់​សង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថ។ គ្រួសារ​ខ្លះ​ត្រូវ​បង្ខំ​ចិ​ត្ត​បញ្ជូនសមាជិក​ខ្លួន​ទៅ​ធ្វើការ​នៅ​បរទេស ព្រោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាប់​ពួក​គាត់​ថា​ មានតែ​មធ្យោបាយ​នេះ​ទេ ទើប​ពួក​គាត់​អាច​ទទួលបាន​ឥណទាន។

លី​កាដូ​លើកឡើង​ក្នុង​របាយការណ៍​នោះ​ថា៖ «មន្រ្តី​ឥណទាន​ខ្លះទៀត លើកទឹកចិត្ត​ឱ្យ​អ្នកភូមិ​ធ្វើជា​ពលករ​ចំណាកស្រុក ឬទាមទារ​ឱ្យ​ពួក​គាត់​បញ្ជាក់​ថា​ យ៉ាងតិច​មាន​សមាជិក​គ្រួសារ​ម្នាក់​បាន​ទៅ​ធ្វើការ​ជា​ពលករ ទើប​សម្រេច​ផ្តល់​ឥណទាន​ឱ្យ​ពួក​គាត់ ចំណែក​មន្រ្តី​ឥណទាន​ខ្លះទៀត​បង្គាប់​ឱ្យ​អ្នកភូមិ​កុហក​ពី​មូលហេតុ​នៃ​ការប្រើ​ប្រាស់​កម្ចី ឬស្នើសុំ​កម្ចី​បន្ថែម។»

ស្ត្រី​ដែល​មានមុខមាត់​ត្រូវ​បាន​បិទបាំង និយាយ​នៅក្នុង​វីដេអូដែល​ចេញផ្សាយ​ដោយ​លី​កាដូ​ថា៖ «ប្រសិនបើ​ខ្ញុំ​សងបំណុល​អស់ ប្រសិនបើ​ខ្ញុំ​មាន​ប្រាក់​គ្រប់គ្រាន់ ខ្ញុំ​នឹង​មិនទៅ​ប្រទេស​ថៃ​ទេ»។

ក្រុ​មសិ​ទិ្ធ​មនុស្ស​ក៏បាន​រក​ឃើញថា យ៉ាងហោចណាស់​មានកម្ម​ករ​ចំនួន ៥នាក់ ដែល​ធ្វើ​ចំណាកស្រុក​ចេញពី​ភូមិ​ គឺជា​ក្មេង​ជំទង់​ដែល​មាន​អាយុ​ពី ១៤ ទៅ ១៦ឆ្នាំ។ ស្រដៀងគ្នា​នឹង​ច្បាប់​ការងារ​របស់​ប្រទេស​កម្ពុជា​ដែរ នៅ​ប្រទេស​ថៃ ប្រជាជន​អាច​ចាប់ផ្តើម​ធ្វើការ​ស្របច្បាប់ ចាប់ពី​អាយុ ១៥ឆ្នាំ ប៉ុន្តែ​ ពួក​គេ​ត្រូវ​ជូនដំណឹង​ទៅ​មន្រ្តី​អធិ​ការកិច្ច​កា​រងា​រក្នុ​ងរ​យៈ​ពេល ១៥ ថ្ងៃ បន្ទាប់​ពី​ត្រូវ​បាន​ជួល។

អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (ហៅ​កាត់​ថា CMA​) លោក កាំង តុង​ងី បាន​និយាយ​តាម​អ៊ីម៉ែល​ថា របាយការណ៍​លី​កាដូ​បាន​ឆ្លុះបញ្ចាំង​ពី​បទពិសោធន៍​របស់​សហគមន៍​ដែល​មាន​អត្រា​ខ្ពស់​នៃ​ការ​ធ្វើ​ចំណាកស្រុក។ 

លោក​បាន​មានប្រសាសន៍​ថា៖ «ការ​ផ្តោត​លើ​បញ្ហា​ចម្រូង​ចម្រាស​បំផុត​នៅក្នុង​តំបន់ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត ហើយ​ផ្សារភ្ជាប់​បញ្ហា​ទាំងនោះ​ទៅ​នឹង​មីក្រូហិរញ្ញវត្ថុ គឺជា​ការវិនិច្ឆ័យ​មិន​យុត្តិធម៌ និង​បង្ហាញ​ពី​រូបភាព​មិនល្អ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ដែល​កំពុង​គាំទ្រ​ប្រជាជន​ចំនួន ២,២លាន​នាក់ ជាមួយនឹង​សេវាកម្ម​ហិរញ្ញវត្ថុ​ប្រកបដោយ​និរន្តរភាព​ក្នុង​លក្ខណៈ​ទាន់ពេល​វេលា»។ 

លោក តុង​ងី បាន​បន្ថែម​ថា មន្រ្តី​ឥណទាន​មិនដែល​ត្រូវ​បាន​ប្រាប់​ឱ្យ​ណែនាំ​ថា ការ​ធ្វើ​ចំណាកស្រុក​រកការងារ​ ជា​មធ្យោបាយដើម្បី​បង់ប្រាក់​កម្ចី​របស់​ពួក​គេ​នោះ​ទេ ហើយក៏​មិន​មានការ​ហាមឃាត់​ក្នុង​ការ​ផ្តល់​ប្រាក់កម្ចី​ដល់​កម្មករ​ចំណាកស្រុក​នោះដែរ។ លោក​ថា​ មន្រ្តី​ឥណទាន​អាច​នឹង​បដិសេធ​រាល់​សំណើ​ប្រាក់កម្ចី ដែល​អាច​ជះឥទ្ធិពល​ដល់​សុខុមាលភាព​របស់​អតិថិជន។

លោក​បាន​បន្ត​ថា សមាគម​នឹង​ពិនិត្យមើល​វិធីដែល​អាច​ប្រមូល​ទិន្នន័យ​អំពី​ចំនួន​អ្នកខ្ចីដែល​ធ្វើ​ចំណាកស្រុក​ដើម្បី​ទៅ​ធ្វើជា​ពលករ។

យោង​តាម​លី​កាដូ អ្នកខ្ចី​ប្រាក់​នៅកម្ពុជា​ជាង ២,៦លាន​នាក់ ​បាន​ជំពាក់បំណុល​មីក្រូហិរញ្ញវត្ថុ​ជាង ១០ពាន់​លាន​ដុល្លារ គិត​ត្រឹម​ដំណាច់ឆ្នាំ​នេះ ដោយ​ទំហំ​ប្រាក់កម្ចី​ជាមធ្យម​គឺ ៣.៨០៤ដុល្លារ ដែល​ជា​ចំនួន​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក និង​ដែល​បាន​កើនឡើង​ពី ៣.៣៧០ដុល្លារ​ នៅ​ចុងឆ្នាំ២០១៨។

អង្គការ​លី​កាដូ​បាន​លើកឡើង ដោយ​ដកស្រង់​តួលេខ​របស់ក្រ​សួង​មហាផ្ទៃ​ថា នៅពេល​ដែល​ប្រទេស​ថៃ​បាន​បិទ​ព្រំដែន​របស់​ខ្លួន​ជាមួយ​ប្រទេស​កម្ពុជា ក្នុង​ពេល​មាន​ជំងឺរាតត្បាត​កូ​វីដ១៩ទូទាំង​ពិភពលោក ពលករ​ចំណាកស្រុក​ជាង ៨ ម៉ឺន​នាក់ ​បាន​វិលត្រឡប់​មក​ប្រទេស​វិញ ក្នុង​ប៉ុន្មាន​សប្ដាហ៍ថ្មី​ៗនេះ។

ជំនួយការ​សាស្រ្តា​ចារ្យ​នៅ​មហាវិទ្យាល័យ Lewis និង Clark នៅ​សហរដ្ឋអាមេរិក ដែល​បាន​ស្រាវជ្រាវ​ពី​បញ្ហា​មីក្រូហិរញ្ញវត្ថុ​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មក​ហើយ លោកស្រី Maryann Bylander បាន​និយាយ​ថា មីក្រូហិរញ្ញវត្ថុ​គឺជា​កត្តា​ជំរុញក្នុង​ការ​ធ្វើ​ចំណាកស្រុក​អស់​រយៈពេល​ជាយូរមកហើយ ​តាំងពី​លោកស្រី​បាន​ស្រាវជ្រាវ​រឿង​នេះ ហើយ​ស្ថាប័ន​ផ្តល់​ប្រាក់កម្ចី​គួរតែ​បានដឹង​យ៉ាង​ច្បាស់​អំពី​ទំនាក់ទំនង​នៃ​រឿង​នេះ។

ទោះបីជា​លោកស្រី​មិនបាន​ឮមន្រ្តី​ឥណទាន​និយាយ​ដោយ​ផ្ទាល់​ថា ការ​ធ្វើ​ចំណាកស្រុក​ជា​លក្ខខណ្ឌ​នៃ​ការ​ផ្តល់​ប្រាក់កម្ចី​ក៏ដោយ តែ​លាក​ស្រី​បាន​និយាយ​ថា ពាណិជ្ជកម្ម​នៃ​ឧស្សាហកម្ម​នេះ​បាន​ជំរុញ​ឱ្យ​វិស័យ​នេះ​ផ្តល់​ប្រាក់កម្ចី​លើស​ពី​អ្វី​ដែល​គ្រួសារ​ជាមធ្យម​អាច​មានលទ្ធភាព​សង​បាន ខណៈ​ពេល​ដែល​កម្មករ​ចំណាកស្រុក​ត្រូវ​បាន​គេ​ចាត់ទុកថា ​ជា​បេ​ក្ខ​ជន​ទទួល​បានការ​លើកទឹកចិត្ត​ឱ្យខ្ចី ដោយសារតែ​ប្រាក់ខែ​ដែល​ទំនងជា​ច្រើនជាង និង​មាន​ស្ថិរ​ភាព​ជាង។

លោកស្រី​បាន​និយាយ​តាម​អ៊ីម៉ែល​ថា៖ «ទាំងនេះ​មិនមែន​ជា​បទពិសោធន៍​របស់​តែ​សហគមន៍​មួយ​នេះ​ទេ បញ្ហា​ទាំ​ងនេះវាបាន​រីក​រាលដាល ហើយ​ត្រូវ​បាន​ចងក្រង​យ៉ាង​ល្អដោយក្រុម​អ្នកស្រាវជ្រាវ និង​ដោយ​ប្រី​ប្រាស់​វិធីសាស្ត្រ​ស្រាវ​ជ្រាវ​ផ្សេង​ៗគ្នា​។»

កាលពី​ឆ្នាំមុន របាយការណ៍​ពី​អង្គការ​ទេ​សន្ត​ប្រវេសន៍​ (ហៅ​កាត់​ថា IOM​) ដែល​ចងក្រង​ដោយ​លោ​កស្រី ប៊ែន​ឌឺរ (Bylander) បាន​កត់សម្គាល់​ថា ប្រាក់កម្ចី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជាមធ្យម​នៅ​កម្ពុជា មាន​ចំនួន​ច្រើនជាង​ប្រាក់ចំណូល​មធ្យម ហើយ​ប្រហែល ៥០ ភាគរយ​នៃ​កម្មករ​ត្រូវ​បាន​រាយការណ៍​ថា មាន​បំណុល​តិចតួច​ ឬច្រើន។ នេះ​បើ​យោង​តាម​របាយការណ៍​ដែល​មិនបាន​ផ្សព្វផ្សាយ​ប្រចាំឆ្នាំ២០១៧ ពី​វិនិយោគិន​មីក្រូហិរញ្ញវត្ថុ។

នាយក​អង្គការ​លី​កាដូ លោក Naly Pilorge បាន​មានប្រសាសន៍​ថា គ្រួសារ​របស់​កម្មករដែល​បាន​វិលត្រឡប់​មក​ពី​ប្រទេស​ថៃ​ដោយសារ​ប្រឈម​នឹង​ជំងឺ​កូ​វីដ១៩នៅក្នុង​ឆ្នាំនេះ ប្រឈម​នឹង​ការ​ជំពាក់បំណុល​ហួសហេតុ ដោយសារ​កង្វះ​ប្រាក់​ចំ​ណូ​លភ្លាមៗ។

លោក Pilorge បាន​និយាយ​ថា៖ «មានគ្រួសារ​ជាច្រើន​ត្រូវ​ចាកចេញ​ពី​ផ្ទះ​ និង​ប្រទេស​របស់​ពួក​គេ ដើម្បី​រក​ប្រាក់​សង​ទៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។ ឥលូវ ដោយ​អតីត​ពលករ​ចំណាកស្រុក​រាប់​ម៉ឺន​នាក់​មិន​អាច​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​បានដោយសារតែជំងឺ​កូ​វីដ១៩ រដ្ឋាភិបាល និង MFIs ត្រូវ​ជួយ​អ្នកប្រើ​កម្ចី​ទាំងនេះ ដោយ​ព្យួរ​សំណង​ និង​ប្រគល់​បណ្ណ​កម្មសិទ្ធិ​ដី​ធ្លីវិញ»។ 

កាលពី​សប្តាហ៍​មុន អង្គការ​លី​កាដូ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ​ចំនួន ១៣៤ ផ្សេងទៀត ក៏បាន​ជំរុញ​ឱ្យរដ្ឋាភិបាល​ផ្អាក​ការ​សង​ប្រាក់កម្ចី​មីក្រូហិរញ្ញវត្ថុ យ៉ាងហោចណាស់​រយៈពេល ៣ខែ និងប្រគល់​បណ្ណ​កម្មសិទ្ធិ​ដីធ្លីដែល​ត្រូវ​បាន​ដាក់ជា​ទ្រព្យ​បញ្ចាំ។

អ្នកស្រាវជ្រាវ​ លោកស្រី Bylander បាន​ព្រមាន​ថា ជំងឺ​កូ​វីដ១៩ បាន​បង្ហាញ​នូវ «ភាព​ងាយ​រងគ្រោះ​គួរ​ឱ្យ​ព្រួយបារម្ភ»ដល់​ពលករ​ចំណាកស្រុក​ដែល​ជំពាក់បំណុល​គេ។ 

លោកស្រី​បាន​និយាយ​ថា៖ «ការ​រឹបអូស​ដីធ្លី​អាច​កើតមានឡើង ដោយ​មិន​គិត​ពី​គោលការណ៍​ណែនាំ​ដែល​បាន​កំណត់​ដោយ CMA ឬអ្នកធ្វើ​គោលនយោបាយ​ឡើយ។ ប្រសិនបើ​មិន​មាន​ក្រុមដែល​ធ្វើការ​ដើម្បី​អប់រំ​ប្រជាជន​អំពី​សិទ្ធិ​របស់​ពួក​គេ​ក្នុងនាម​ជា​អ្នកប្រើ​កម្ចី កាតព្វកិច្ច​ស្របតាម​ច្បាប់​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​អ្វី​ដែល​ពួក​គេ​អាច​ធ្វើ​បាន ដើម្បី​រាយការណ៍​អំពី​ឥរិយាបថ​មិន​សមស្រប​ណាមួយ​ទេ នោះ​មានន័យថា ​ប្រសិទ្ធភាព​របស់​គោលនយោបាយ​នៅ​មានកម្រិត​នៅឡើយ»៕


អត្ថបទដើម​ជាភាសាអង់គ្លេសពីគេហទំព័រ​ VOD English

បកប្រែដោយ នីន សុផារី

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ