វិភាគ៖ ការ​​បង្កើន​​ប្រាក់​​ផាក​ពិន័យ​​អាច​​ទប់​ស្កាត់​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​បាន​​កម្រិត​​ណា​​?​

សកម្មភាពផាកពិន័យលើអ្នកបើកបរដែលប្រព្រឹត្តល្មើសនឹងច្បាប់ចរាចរណ៍ថ្មី នៅរាជធានីភ្នំពេញ នាដើមខែឧសភា ឆ្នាំ២០២០។ (ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

រដ្ឋាភិបាល​បាន​កែ​សម្រួ​លច្បាប់​ចរាចរណ៍​ផ្លូវគោក​ជាថ្មី​ទៀត ដោយ​បង្កើន​ប្រាក់​ផាកពិន័យ​ធ្ងន់ជាង​មុន ដែល​មន្ត្រី​ថា ដើម្បីឱ្យអ្នកប្រើ​ប្រាស់​ផ្លូវ​រាងចាល ងាក​មក​គោរពច្បាប់​ ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ដែល​កំពុង​ស្លាប់​មនុស្ស​យ៉ាង​គំហុក។

ប៉ុន្តែ ​អ្នកឃ្លាំមើលកត់សម្គាល់​ថា ភាព​ជោគជ័យ​នៃ​ការទប់ស្កាត់​បទល្មើស​ចរាចរណ៍ មិនកើត​ចេញពី​ការ​ធ្វើឱ្យ​ពលរដ្ឋ​ខ្លាច​សមត្ថកិច្ច​ដែល​ចុះ​អនុវត្ត​ច្បាប់​ទេ តែ​ត្រូវ​ធ្វើឱ្យពលរដ្ឋ​យល់ដឹង​ពី​គុណ​តម្លៃ​នៃ​ការចូលរួម​គោរ​ព​ច្បាប់។

បញ្ហា​នេះ​បង្កើត​ជា​សំណួរ​ថា តើ​ការ​បង្កើន​ប្រាក់​ផាកពិន័យ​បទល្មើស​ចរាចរណ៍ ​អាច​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​បាន​កម្រិត​ណា​?

អនុក្រឹត្យ​កែសម្រួល​ថ្មី​ ចុះ​ថ្ងៃទី១៧ ខែមេសា ​ឆ្នាំ២០២០ ដោយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោក ស ខេង បង្គាប់​ឱ្យផាកពិន័យ​ចន្លោះ​ពី ៦ម៉ឺន ទៅ ៨០ម៉ឺន​រៀល សម្រាប់​បទល្មើស​ម៉ូតូ ខណៈ​អនុក្រឹត្យ​ចាស់​ឆ្នាំ២០១៥ បង្គាប់​ត្រឹម​ចន្លោះ​ពី ១៥០០០រៀល ទៅ ៣ម៉ឺន​រៀល ​ប៉ុ​ណ្ណោះ។

អ្នក​បើក​បរ​រថយ​ន្ត​វិញ ត្រូវ​ផាកពិន័យ​ចន្លោះ​ពី ៧៥០០០រៀល ទៅ ២លាន ៤សែន​រៀល ខណៈ​អនុក្រឹត្យ​ចាស់ ផាក​ចន្លោះ​ពី ៥ម៉ឺន ទៅ ១២ម៉ឺន​រៀល។

លោក ស ខេង ក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៅ​រាជធានី​ភ្នំពេញ កាល​ថ្ងៃទី២៨ ខែមករា​ដើមឆ្នាំ​នេះ បាន​ក្រើន​រំឭក​មន្ត្រី​ថា វិធានការ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ដល់កម្រិត​«ប្រកាស​អាសន្ន»

លោក​ថា៖ «ខ្ញុំ​គិតថា សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ មិនថា​ផ្នែក​ណា​ទេ ត្រូវតែ​ប្រកាស​អាសន្ន​ហើយ​ពេល​ហ្នឹង ព្រោះ​វា​ឡើង​ច្រើនពេក»។

មេដឹកនាំ​រូប​នេះ ណែនាំ​ឱ្យមន្ត្រី​កែសម្រួល​ច្បាប់​ចរាចរណ៍​ឡើងវិញ បង្កើន​ការ​ផាក​ពិន័យ​បទល្មើស​ធ្ងន់ជាង​មុន រហូត​ដក​ប័ណ្ណបើកបរ ឬបញ្ឈប់​អាជីព​មួយ​រយៈ​បើ​មិន​រាង​ចាល នូវ​អ្វី​ដែល​លោក​ថា ដើម្បី​ទប់ស្កាត់​គ្រោះអាសន្ន​នៃ​គ្រោះថ្នាក់​ចរាចរណ៍។

របាយការណ៍​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោករបស់​រដ្ឋាភិបាល បង្ហាញថា​ឆ្នាំ២០១៩ គ្រោះថ្នាក់​ចរាចរណ៍​បាន​សម្លាប់​មនុស្ស​ជិត ២ពាន់​នាក់ ​(១៩៨១​) កើនឡើង ២២០នាក់ ស្មើនឹង ១២​% បើ​ធៀប​នឹង​ឆ្នាំ២០១៨។ ក្នុង​នោះ អ្នករងគ្រោះ ៧៨​% ជា​អ្នកបើកបរ​ម៉ូតូ។

បើ​តាម​របាយការណ៍​ដដែល អ្នករបួស​វិញក៏បាន​កើនឡើង​ដែរ គឺ​នៅ​ឆ្នាំ២០១៩ មាន​អ្នករបួស ជាង ៦ពាន់​នាក់ ​(៦១៤១​) កើនឡើង​ជាង ១៣០០នាក់ ​(១៣៧១​) ស្មើ ២៩​% ខណៈឆ្នាំ២០១៨ មានតែ ៤៧៧០នាក់។

សរុបទៅ អ្ន​កសា្លប់​ និង​របួសដោយ​គ្រោះថ្នាក់​ចរាចរណ៍នៅ​ឆ្នាំ២០១៨ មាន ៦៥៣១នាក់ ហើយឆ្នាំ២០១៩ មាន ៨១២២នាក់។ ជាមធ្យម ១ថ្ងៃ​ ស្លាប់៥នាក់។

ប្រធាន​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក លោក គង់ រតនៈ និយាយ​ថា គ្រោះថ្នាក់​ចរាចរណ៍​បច្ចុប្បន្ន វា​កើត​ចេញពី​បញ្ហា​ធំៗ៣គឺ​ កត្តា​មនុស្ស កត្តា​ផ្លូវ និង​កត្តា​ច្បាប់។

លោក គង់ រតនៈ អះអាង​ថា ការ​តម្លើង​ប្រាក់​ផាកពិន័យ​តែមួយមុខ មិន​អាច​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កំពុង​ហក់​ឡើង​ដូច​បច្ចុប្បន្ន​បានទេ បើ​គ្មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​នោះ។

លោក​ថា៖ «ខ្ញុំ​គិតថា​ ទាំង​បី​ហ្នឹង​ត្រូវ​ដើរ​ទន្ទឹមគ្នា ទាំង​កត្តា​មនុស្ស កត្តា​ផ្លូវ និង​កត្តា​ច្បាប់ ​ទើប​យើង​ទទួល​បាន​នូវ​ប្រសិទ្ធភាព។ យើង​អត់​ចង់បាន​រូបភាព​ផ្លាស់​ប្តូរ​ទាំង​ចាប់បង្ខំ​ទេ ឱ្យមានការ​ចូលរួម​ប្រកបដោយ​ភាព​ស្ម័គ្រចិត្ត​ ឱ្យគាត់​យល់​ពី​តម្លៃ​ពី​ការអនុវត្ត​ច្បាប់»។

បើ​តាម​លោក គង់ រតនៈ ភាព​ជោគជ័យ​នៃ​វិធានការ​ទប់​ស្កា​ត់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ពេល​នេះ គឺ​បង្កើន​ការអប់រំឱ្យ​ពលរដ្ឋ​យល់ដឹង​ពី​គុណ​តម្លៃ​នៃ​ការអនុវត្ត​ច្បាប់ មិន​បង្កើន​ការ​ផាកពិន័យ​ចំ​ពេល​ពលរដ្ឋ​ជួប​បញ្ហាជីវភាព​ដោយសារ​កូ​វីដ១៩ ដូច​ពេលនេះ​ទេ ។

អ្នកឃ្លាំមើល​រូប​នេះ​យល់ថា ការ​រឹត​បន្តឹង​ច្បាប់​ក្នុង​កាលៈទេសៈ​បែបនេះ អាច​នឹង​គ្មាន​កិច្ច​សហ​ការពី​ប្រជាពលរដ្ឋ​ទេ។ លោក​ថា បើ​រដ្ឋ​លើកពេល​បាន ជា​ជម្រើស​ល្អ​ប្រសើរ​មួយ។

លោក គង់ រតនៈ កត់សម្គាល់​ទៀត​ថា ការ​បរាជ័យ​ក្នុង​ការទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​កន្លងទៅ មានក​ត្តា​ធំ៤គឺ​ ធនធានមនុស្សសម្រាប់​ចុះ​ផ្សព្វផ្សាយ​ឱ្យពលរដ្ឋ​យល់ដឹង​ពី​គុណ​តម្លៃ​នៃ​ការគោរព​ច្បាប់ ធនធាន​ថវិកា​សម្រាប់​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ចាប់​ល្បឿន​រថយន្ត បញ្ហា​គ្រឿងស្រវឹង និង​សារ​ធា​តុញៀ​ន។

លោក​ថា៖ «គ្រឿង​ញៀ​នហ្នឹង ​វា​ច្បាស់​ណាស់ ​វា​ធ្វើឱ្យយើង​វង្វេង អាហ្នឹង​វា​ជា​មូលហេតុ​ចម្បង​ហើយ ហើយ​ក្នុង​ពិភពលោក​ វា​រួមចំណែក​ដល់ទៅ១៣ ទៅ១៥ភាគរយ ​ដែល​បណ្តាល​ឱ្យមនុស្ស​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍។»

នាយក​ប្រតិបត្តិ​មជ្ឈ​មណ្ឌប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព ​លោក យង់ គិម​អេង ហៅ​វិធាន​ការ​បង្កើន​ប្រាក់​ផាកពិន័យ នឹង​មិន​ទទួល​បាន​ជោគជ័យ​ទេ បើ​ស្ថាប័ន​ជំនាញ​គ្មាន​លទ្ធភាព​អប់រំ​អ្នកប្រើ​ប្រាស់​ផ្លូវឱ្យ​ប្តូរ​ឥរិយាបថ​ពី​ខ្លាច​សមត្ថកិច្ច មក​ចូលរួម​គោរពច្បាប់​នោះ។

លោក​ថា៖ «ការ​ផាកពិន័យ​ដូច​យើង​វែក​ចក​អ៊ីចឹង កាលណា​មាន​ប៉ូលី​សដា​ក់​ព្រោង​ព្រាត ខ្លាច​មួយ​ភ្លែត​អ៊ីចឹង​ទៅ។ នៅពេល​ប៉ូលី​សដក​អស់ ឬប្តូរ​ទៅ​គោលដៅ​ផ្សេង​ អាចនឹង​មកវិញ​ដដែល​ទៀត។ អ៊ីចឹង​ អត់​អាច​កែប្រែ​បានទេ កាលណា​មនុស្ស​អត់​យល់​ មិន​កែប្រែ​ឥរិយាបថ​ហ្នឹង ​មិន​ងាយ​ធ្វើ​ទៅ​បានទេ»។

លោក យង់ គិម​អេង ផ្តល់​ជា​យោបល់​ដែរ​ថា កា​រប​ញ្ជ្រាប​ចំណេះ​ដឹងពីបញ្ហាចរាចរណ៍នេះ រដ្ឋ​ត្រូវ​ដាក់បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​ផង​ដែរ ដើម្បីឱ្យយុវជន​ដឹង​ថា ការប្រើ​ប្រាស់​គ្រឿងស្រវឹង គ្រឿង​ញៀ​ន រួម​ទាំង​ឥរិយាបថមិន​ចូលរួម​គោរពច្បាប់ វា​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​កម្រិត​ណាដល់​ខ្លួន​គេ គ្រួសារ និង​សង្គមជាតិ ។

ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវ​គោក បាន​កែតម្រូវ​ជាបន្តបន្ទាប់នៅ​ឆ្នាំ២០១៥ ២០១៧ និង​ឆ្នាំ២០២០ ដែល​ការ​កែតម្រូវ​នោះ​បាន​បង្កើន​ទំហំ​ទឹកប្រាក់​ផាកពិន័យ​ជាបន្តបន្ទាប់​ចំពោះ​អ្នក​ល្មើស​ច្បាប់ចរាចរណ៍។

បើ​តាម​អ្នកឃ្លាំមើល ការ​ផាកពិន័យ​ជា​ជម្រើស​ចុងក្រោយ តែ​ប្រសិទ្ធភាព​នៃ​ការទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កំពុង​សម្លាប់​មនុស្ស​យ៉ាង​គំហុក​នោះ គឺ​ការ​បង្កើន​ការអប់រំ ដល់​ពលរដ្ឋ​ឱ្យចូលរួម​គោរពច្បាប់៕


អត្ថបទទាក់ទង៖ អ្នក​ឃ្លាំ​មើល​​ហៅ​​ការ​​រឹត​​បន្តឹង​​ច្បាប់​​ចរាចរណ៍​​ពេល​នេះ ​បាន​​ដាក់​បន្ទុក​​បន្ថែម​​ទៅ​លើ​​ពល​រដ្ឋ​​ងាយ​​រង​គ្រោះ​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ