អធិការរងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលទទួលបន្ទុកផែនសណ្ដាប់ធ្នាប់ចរាចរណ៍ អះអាងថា បុរសម្នាក់ដែលបានដុតម៉ូតូខ្លួនឯងចោលនៅចំពោះមុខនគរបាលចរាចរណ៍ ប្រឈមនឹងបញ្ជូនទៅតុលាការ ប្រសិនបើបុរសរូបនេះ មិនព្រមសុំទោស និងបង់ប្រាក់ផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោកថ្មី។
កាលពីថ្ងៃទី០១ ខែឧសភា កន្លងមក លោក ដូង វិឆ័យ បានដុតម៉ូតូចាស់ខ្លួនឯងចោល បន្ទាប់ប៉ូលីសចុះអនុវត្តច្បាប់ចរាចរណ៍ថ្មី ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥៩ ក្នុងភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ការដែលលោក ដូង វិឆ័យ ដុតម៉ូតូខ្លួនឯងចោល បន្ទាប់ពីប៉ូលីសចរាចរណ៍ផាកពិន័យលោកចំនួន ១២០០០០រៀល។
អធិការរងស្រុកសាលាក្រៅដែលទទួលបន្ទុកផែនសណ្ដាប់ធ្នាប់ចរាចរណ៍ លោក ស៊ុំ សុខ ប្រាប់វីអូឌីថា លោក ដូង វិឆ័យ បានចូលបំភ្លឺនៅអធិការស្រុកកាលពីព្រឹកមិញនេះ ពាក់ព័ន្ធនឹងការដុតម៉ូតូរបស់ខ្លួនឯងចោល កាលដើមខែឧសភាកន្លងមក។
លោក ស៊ុំ សុខ បន្តថា សមត្ថកិច្ចបានអនុញ្ញាតឱ្យលោក ដូង វិឆ័យ ត្រឡប់ទៅផ្ទះវិញហើយ បន្ទាប់ពីឪពុកម្ដាយមកធានា ប៉ុន្តែ ចំពោះម៉ូតូវិញ លោកថា សមត្ថកិច្ចមិនទាន់ប្រគល់ឱ្យវិញទេ។ លោកបន្តថា បើលោក ដូង វិឆ័យ នៅតែមិនព្រមបង់លុយផាកពិន័យទៀត នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
លោកថា៖ «អត់មកចូលបង់ប្រាក់ផាកពិន័យជំនាញទេ គេនឹងបញ្ជូនសំណុំរឿងទៅតុលាការហើយ។ គាត់មិនបានប្រាប់ពីមូលហេតុដែលមិនបង់ប្រាក់នោះទេ គ្រាន់តែម៉ែឪចុះហត្ថលេខា ហើយក៏ចេញទៅ…»។
យោងតាមច្បាប់ចរាចរណ៍ផ្លូវគោកថ្មី មាត្រា១៤ ចែងថា ជនដែលបានប្រព្រឹត្តល្មើសនឹងមាត្រា ៦ – ៧ – ៨ – ៩ និងមាត្រា ១០ថ្មី ត្រូវបង់ប្រាក់ផាកពិន័យអន្តរការណ៍ក្នុងរយៈពេល១៥ថ្ងៃនៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃដែលបានទទួលបង្កាន់ដៃបង់ប្រាក់ពិន័យ។ ប៉ុន្តែ ក្នុងអំឡុងរយៈពេល ១៥ថ្ងៃ មិនបានបង់ប្រាក់ទេ ចំនួនទឹកប្រាក់ពិន័យនេះត្រូវដំឡើងជាពីរដង។
មាត្រា ១៤ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដដែលថា ប្រសិនជនដែលបានប្រព្រឹត្តល្មើសមិនបានបង់ប្រាក់ពិន័យលើសរយៈពេល ៣០ថ្ងៃនៃថ្ងៃធ្វើការ ចំនួនទឹកប្រាក់ពិន័យនេះត្រូវដំឡើងជាបីដង ហើយអំឡុងមិនបានបង់ប្រាក់ពិន័យលើសរយៈពេល ៦០ថ្ងៃនៃថ្ងៃធ្វើការ មន្ត្រីមានសមត្ថកិច្ចត្រូវរៀបចំបញ្ជូនកំណត់ហេតុទៅអយ្យការអមសាលាដំបូង ដើម្បចាត់វិធានការតាមផ្លូវច្បាប់។
ស្នងការនគរបាលខេត្តប៉ៃលិន លោក សេង សុគន្ធ អះអាងថា ប្រសិនបើលោក ដូង វិឆ័យ យល់ព្រមធ្វើការសុំទោស និងបង់ប្រាក់ផាកពិន័យទៅតាមច្បាប់ចរាចរណ៍ផ្លូវគោកថ្មី លោកថា សមត្ថកិច្ចនឹងមិនមានការដាក់ទោសទណ្ឌឡើយ។
លោកថា៖ «មិនមានអីទេ កាលណាគាត់ចូលមក អប់រំគាត់ទៅ មិនមានអីត្រូវ [ដាក់] ទោសទណ្ឌទេ អាហ្នឹងគាត់ខ្លួនគាត់។ ខ្ញុំចង់និយាយថា ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ [បង់ប្រាក់ពិន័យ] បើយើងមិនអនុវត្តម៉េចបាន អានេះវាសកលហើយ អនុវត្តទូទាំងប្រទេសហើយ។ យើងត្រូវនេះ! ក្រោយពីគាត់ផាកពិន័យ យើងត្រូវណែនាំគាត់ឱ្យគាត់មានការរៀបចំម៉ូតូគាត់ឱ្យត្រូវបច្ចេកទេស គាត់អត់មានភ្លើង អត់មានផ្លាកលេខ អាហ្នឹងចាំមើលជំនាញគាត់នឹងចាត់ចែងរឿងហ្នឹង»។
ក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្រី្ត កាលពីថ្ងៃទី៣០ ខែមេសា អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកផ្នែកចរាចរណ៍ លោក ហ៊ឹម យ៉ាន អះអាងថា ប្រាក់ដែលបានពីការផាកពិន័យបទល្មើស គឺ៧០ភាគរយ ផ្ដល់ទៅនគរបាលចរាចរណ៍ដែលចុះអនុវត្តផ្ទាល់ ហើយ ២៥ភាគរយ ប្រគល់ទៅអង្គភាព ចំណែក ៥ភាគរយទៀត ត្រូវបង់ចូលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ពាក់ព័ន្ធនឹងការអនុវត្តច្បាប់នេះដែរ កាលពីថ្ងៃទី ២ ខែឧសភា កន្លងមក អធិការរងទទួលបន្ទុកផ្នែកចរាចរណ៍ផ្លូវគោក ស្រុកចន្ទ្រា ខេត្តស្វាយរៀង បានចាប់វាយ និងដាក់ខ្នោះអ្នកបើកបររ៉ឺម៉កដែលគ្មានលុយបង់ថ្លៃផាកពិន័យចំនួន ១៨ម៉ឺនរៀល។
ការចាប់អ្នកបើកបររ៉ឺម៉កខ្នោះនេះ បានធ្វើឱ្យប្រជាពលរដ្ឋតវ៉ា ក្រោយពីមានការតវ៉ាពីប្រជាពលរដ្ឋនោះ នៅថ្ងៃទី៣ ខែឧសភា អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន បានសម្រេចផ្អាកការងារអធិការរងទទួលបន្ទុកផ្នែកចរាចរណ៍ផ្លូវគោកស្រុកចន្ទ្រា ជាបណ្ដោះអាសន្ន។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា IDEA លោក វន់ ពៅ ចាត់ទុកច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែលសមត្ថកិច្ចចុះអនុវត្តរាល់ថ្ងៃនេះថា កំពុងដាក់បន្ទុកទៅលើប្រជាពលរដ្ឋធ្ងន់ធ្ងរ។ លោកស្នើទៅរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ឱ្យពិនិត្យមើលឡើងចំពោះប្រាក់ផាកពិន័យនៅក្នុងច្បាប់ចរាចរណ៍ផ្លូវគោកជាថ្មីនេះ។
លោកថា៖ «ខ្ញុំមិនប្រឆាំងនឹងការអនុវត្តច្បាប់ តែយើងមើលការពិន័យជាប្រាក់ វាច្រើនពេក វាធ្វើឱ្យប្រជាពលរដ្ឋមិនមានសមត្ថភាពក្នុងការបង់ផាកពិន័យហ្នឹងទេ។ អ៊ីចឹងហើយ នេះជាមូលហេតុដែលធ្វើឱ្យបុរសនោះទប់អារម្មណ៍មិនបាន ធ្វើឱ្យគាត់ដុតម៉ូតូចោល ដោយការផាកពិន័យច្រើន អាហ្នឹងហើយវារឿងបច្ចេកទេសមួយរបស់ច្បាប់។ មុននឹងចេញការដាក់ទោសប្បញ្ញត្តិ ឬក៏ផាកពិន័យ ត្រូវពិនិត្យសេដ្ឋកិច្ច និងប្រាក់ចំណូលពលរដ្ឋ ហើយស្ថិតក្នុងកូវីដ១៩ ផាកពិន័យច្រើនបែបហ្នឹង មិនមានអ្នកណាមានលទ្ធភាពគ្រប់គ្រាន់បង់ទេ»។
សមត្ថកិច្ចបានចាប់ផ្ដើមចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកជាថ្មី កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ បន្ទាប់ពីរដ្ឋាភិបាលបានកែសម្រួលច្បាប់នេះ ដោយបង្កើនប្រាក់ផាកពិន័យធ្ងន់ជាងមុន ដោយថា ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ដែលកំពុងសម្លាប់មនុស្សយ៉ាងគំហុក។
អនុក្រឹត្យកែសម្រួលថ្មី ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បង្គាប់ឱ្យផាកពិន័យចន្លោះពី ៦ម៉ឺន ទៅ ៨០ម៉ឺនរៀល សម្រាប់បទល្មើសម៉ូតូ ខណៈអនុក្រឹត្យចាស់ឆ្នាំ២០១៥ បង្គាប់ត្រឹមចន្លោះពី ១៥០០០រៀល ទៅ ៣ម៉ឺនរៀល ប៉ុណ្ណោះ។
អ្នកបើកបររថយន្តវិញ ត្រូវផាកពិន័យចន្លោះពី ៧៥០០០រៀល ទៅ ២លាន ៤សែនរៀល ខណៈអនុក្រឹត្យចាស់ ផាកចន្លោះពី ៥ម៉ឺន ទៅ ១២ម៉ឺនរៀល៕