សមាគមរោងចក្រស្នើសុំម្ចាស់អគារបញ្ចុះតម្លៃឈ្នួលពី៣ទៅ៦ខែ

ទិដ្ឋភាពនៅខាងមុខរោងចក្រ​ផលិត​ស្បែកជើង គុន ដា ហ្វូ​តវែរ (KUN DA Footwear Co​,. Ltd​) ស្ថិត​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សុំឲ្យម្ចាស់អគារទាំងអស់ដែលកំពុងជួលកន្លែងឲ្យរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ចុះថ្លៃឈ្នួលយ៉ាងតិច៣០ភាគរយរយៈពេល៣ទៅ៦ខែ ដើម្បីជួយសម្រួលដល់ការចំណាយរបស់រោងចក្រ និងសេដ្ឋកិច្ចកម្ពុជា។

ក្នុងលិខិតអំពាវនាវមួយចុះថ្ងៃទី៨ ខែឧសភា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានលើកឡើងថា ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលផ្សេងទៀតធ្វើនៅកម្ពុជាកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩។

សមាគមមួយនេះបញ្ជាក់ថា ដោយសារឧស្សាហកម្មនេះរងគ្រោះធ្ងន់ធ្ងរពេក បានធ្វើឲ្យរោងចក្រចំនួន១៨០បានព្យួរផលិតកម្មរបស់ខ្លួន ខណៈរោងចក្រចំនួន៦០ផ្សេងទៀត នឹងព្យួរផលិតកម្មរបស់ខ្លួននៅពេលខាងមុខដែរ ដោយសារមិនអាចទ្រទ្រង់បាននូវបន្ទុកចំណាយរបស់រោងចក្រ ខណៈចំណូលរបស់ពួកគេកាន់តែធ្លាក់ចុះខ្លាំង។

GMAC ឲ្យដឹងទៀតថា ការចំណាយរបស់រោងចក្រទៅលើថ្លៃឈ្នួលអគារ និងទីតាំងក៏ជាបន្ទុកចំណាយដ៏ធ្ងន់ធ្ងរមួយដែរ ខណៈដែលសមាជិករបស់ខ្លួនកំពុងរងគ្រោះដោយសារការលុបចោលនៃការបញ្ជាទិញជាច្រើន  និងគ្មានការបញ្ជាទិញថ្មីទៀតនោះ។

GMAC អះអាងថា ការចុះថ្លៃឈ្នួលរបស់ម្ចាស់អគារ និងម្ចាស់ទីតាំងនឹងអាចជួយសម្រាលដល់បន្ទុកចំណាយរបស់រោងចក្រ និងចូលរួមចំណែកស្តារសេដ្ឋកិច្ចនៅកម្ពុជា ដើម្បីទ្រទ្រុងវិស្ស័យនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ