អតីត​​បុគ្គលិក​ The Great Duke ជាង​១០០​នាក់​ បិទ​ផ្លូវ​​មុខ​​សណ្ឋាគារ ដើម្បី​​ទាម​ទារ​​ប្រាក់​​អតីត​ភាព​​ការងារ​​

ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ អតីត​បុគ្គលិក​សណ្ឋាគារ The Great Duke​ បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា និង​បិទផ្លូវនៅមុខ​សណ្ឋាគារ​ផ្ទាល់ ដើម្បី​ទាមទារ​ការ​ទូទាត់ប្រាក់​សំណង​ ទៅតាម​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាលកាលពី​ខែកុម្ភៈ ឆ្នាំ២០២០។ (ណាត សុភាព)

អតីត​បុគ្គលិក​ជាង ១០០នាក់​ ដែល​បម្រើការ​ងារ​នៅ​សណ្ឋាគារ The Great Duke ឬអតីត​សណ្ឋាគារ InterContinental បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា និង​បិទផ្លូវ​ជិត ១ម៉ោង​ នៅមុខ​សណ្ឋាគារ​ផ្ទាល់ ដើម្បី​ទាមទារ​ការ​ទូទាត់ប្រាក់​សំណង​ពី​ថៅកែ​សណ្ឋាគារ​នេះ ទៅតាម​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល កាលពី​ខែកុម្ភៈ ឆ្នាំ២០២០។

ក្រោយពី​បិទផ្លូវ អាជ្ញាធរ​ពាក់ព័ន្ធ និង​មន្ត្រី​ក្រសួងការងារ​បាន​ចុះ​អន្តរាគមន៍​ស្នើសុំ​ឱ្យ​បើកផ្លូវ​វិញ និង​នាំ​តំណាង​សហជីព​ទៅ​ជួប​អ្នកគ្រប់គ្រង​សណ្ឋាគារ ដើម្បី​ជជែកគ្នា​រក​ដំណោះស្រាយ។

បន្ទាប់ពី​ជួប​ជជែកគ្នា​ជាមួយ​ភាគី​ក្រុមហ៊ុន​នៅ​ព្រឹក​ថ្ងៃនេះ ប្រធាន​សហព័ន្ធ​សហជីពកម្មករ​និយោជិត​វិស័យ​ទេសចរណ៍​កម្ពុជា​ប្រចាំ​នៅ​សណ្ឋាគារ The Great Duke លោក ទូច កុសល និយាយ​ថា ពួក​គេ​បាន​ព្រមព្រៀង​គ្នា​ជាមួយ​ភាគី​សណ្ឋាគារ The Great Duke ដោយ​កំណត់​ជួបគ្នា​រក​ដំណោះស្រាយ​នៅ​ក្រសួងការងារ​នា​ម៉ោង ២រសៀល​ថ្ងៃស្អែក។

លោក ទូច កុសល និយាយ​ថា៖ «មាន​តំណាង​ខាង​ក្រសួង ហើយ​មានសមត្ថកិច្ច មាន​ប៉េអឹមមក​ច្រើន​ដែរ ហើយ​គាត់​សំណូមពរ​ហើយ យើង​ធ្វើ​ទៅតាម​សំណូមពរ​របស់​គាត់​ម្តង​ទៀត​ទៅ តើ​ការ​ដោះស្រាយ​ [នៅ​ក្រសួងការងារ​នៅ​ថ្ងៃស្អែក​ម៉ោង ២រសៀល​] ​យ៉ាងម៉េច​ទៀត យើង​តាមដាន​ទាំងអស់គ្នា»។

អនុប្រធាន​ផ្នែក​អន្តរាគមន៍ និង​ដោះស្រាយ​បាតុកម្ម​កូដកម្ម​គ្រប់មុខ​សញ្ញា​នៃ​ក្រសួងការងារ លោក អ៊ូ រតនា ដែល​បាន​ចុះទៅ​ដល់កន្លែង​តវ៉ា​នោះ បាន​ស្នើសុំ​ទៅ​កម្មករ​ឱ្យ​អត់ធ្មត់ និង​រង់ចាំ​ការ​ដោះស្រាយ​នៅ​រសៀល​ថ្ងៃស្អែក​ផង​ដែរ។

លោក អ៊ូ រតនា មានប្រសាសន៍​ថា៖ «យើង​ទាំងសងខាង​ព្រម​អនុវត្ត​ទៅតាម​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល យើង​ឯកភាព​អនុវត្ត​ទៅតាម​សេចក្តី​បង្គាប់​របស់​អាជ្ញា​កណ្តាល ហើយ​ដល់​ថ្ងៃនេះ មិនទាន់​អនុវត្ត​តាម ខាង​ក្រសួងការងារ​ក៏បាន​ចុះ​ដាក់កំហិត​ហើយ បើសិនជា​ស្អែក [ម៉ោង ២រសៀល​] យើង​ហៅ​គាត់​ទៅ​ជួប​ទៀត បើសិន​គាត់​មិន​អនុវត្ត​តាម គឺ​ក្រសួង​នឹង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់»។

ក្រោយពី​មានការ​សម្របសម្រួល​គ្នា​នៅ​ព្រឹក​នេះ តំណាង​កម្មករ លោក ជា ចាន់​ម៉ន ដែល​អះអាង​ថា​ធ្វើការ​នៅ​សណ្ឋាគារ​អស់​រយៈពេល​ប្រហែល ២០ឆ្នាំ​មក​ហើយ​នោះ និយាយ​ថា គាត់​រង់ចាំ​ភាគី​ទាំងសងខាង​ដោះស្រាយ​នៅ​ក្រសួងការងារ​នៅ​ថ្ងៃស្អែក​នេះ។ ប៉ុន្តែ លោក​ថា បច្ចុប្បន្ន ពួក​គាត់​ជួប​បញ្ហា​ប្រឈម​ច្រើន​ក្នុង​ជីវភាព​គ្រួសារ បើ​ម្ចាស់​សណ្ឋាគារ​មិនព្រម​ទូទាត់ប្រាក់​អតីតភាព​ការងារ​ជូន​អតីត​បុគ្គលិក​ជាង ១៥០នាក់​នេះ​ទេ។

តំណាង​កម្មករ​រូប​នេះ អះអាង​ថា គិត​ត្រឹម​ថ្ងៃទី១១ ខែឧសភា​នេះ មាន​រយៈពេល​ជាង ៥ខែ​ហើយដែល​ភាគី​និយោជក​មិនទាន់​ដោះស្រាយ​នៅឡើយ ហើយ​មិន​មាន​ភាគី​ណា​ប្តឹង​ជំទាស់​នឹង​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​នោះ​ទេ។

លោក ជា ចាន់​ម៉ន និយាយ​ថា៖ «ខ្ញុំ​ធ្វើការ​នៅ​ទី​ហ្នឹង​រយៈពេល ២០ឆ្នាំ​ហើយ ឧទា​ហ​រណ៍​បើសិនជា​យើង​ចង់ទៅ​រក​ការងារ​ខាងក្រៅ​ ក៏​អត់​បាន​ដែរ បើ​ខ្ញុំ​វ័យ​កាន់តែ​ចាស់ ភ្នែក​ក៏​អន់​ដែរ ហើយ​ខ្ញុំ​ដាក់ CV វាបី​បួន​កន្លែង​ដែរ ប៉ុន្តែ​ គេ​មិនទាន់​ហៅ ការងារ​ខ្ញុំ​ទៅ​ថ្ងៃមុខដូច​សឹង​មិន​មានតែ​ម្តង។ ឧទាហរណ៍​បាន​លុយ​មក​មួយ​កញ្ចប់ ខ្ញុំ​អាច​ទៅ​ទិញ​ម៉ូតូ​កង់​បី​រត់​ឌុប ដើម្បី​ចិញ្ចឹម​ប្រពន្ធ​កូន​ដែល​មាន​បន្ទុក​តូច»។

កម្មករ​ផ្នែក​ចុងភៅ​នៅ​សណ្ឋាគារ The Great Duke អ្នកនាង ឆោម សម្ផស្ស ព្រមាន​ថា បើ​ម្ចាស់​សណ្ឋាគារ​នៅតែ​មិន​ដោះស្រាយ​តាម​ការ​ស្នើសុំ​របស់​កម្មករ​ទេ ពួក​គេ​នឹង​នាំគ្នា​បាតុកម្ម​នៅមុខ​សណ្ឋាគារ​រហូត​មាន​ដំណោះស្រាយ។

អ្នកនាង​និយាយ៖ «បើសិនជា​គាត់​អត់មាន​ដំណោះស្រាយ បងប្អូន​ទាំងអស់គ្នាគឺ​គាត់​បន្ត​នូវ​ការ​បិទផ្លូវ ឬក៏​គាត់​អាច​បោះតង់​សម្រាក​នៅ​ទី​ហ្នឹង គឺ​គាត់​ធ្វើ​រហូត​មាន​ដំណោះស្រាយ»។

ប្រធាន​ផ្នែក​កម្មវិធី​ចងក្រង នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់​ត្រា​ល់​) អ្នកស្រី ឆន សុខា ប្រាប់​ថា រដ្ឋាភិបាល​ត្រូវ​ជំរុញ​ឱ្យ​ម្ចាស់​សណ្ឋាគារ​គោរព និង​អនុវត្ត​តាមច្បាប់ ដើម្បី​កុំឱ្យ​មាន​បញ្ហា​តវ៉ា​កើតឡើង​បន្ត​ទៀត ធ្វើ​ឱ្យ​ខាត​ប្រយោជន៍​ទាំង​ភាគី​និយោជក និង​និយោជិត។

អ្នកស្រី​មានប្រសាសន៍​ថា៖ «យើង​ចង់ឱ្យ​និយោជក​អនុវត្ត​តាម​នីតិវិធី​នៃ​ច្បាប់​ទៅ ព្រោះ​ច្បាប់​គឺជា​កម្រិត​អប្ប​បរមា​ហើយ ហើយ​អ្វី​ដែល​ពួក​គាត់​ទាមទារ គឺ​គ្រាន់តែ​ទាមទារ​នូវ​ការ​បិទ​សណ្ឋាគារ​ហ្នឹង ​គឺ​ត្រូវ​ទូទាត់​ប្រាក់អត្ថ​ប្រ​យោ​ជន៍ដែល​ត្រូវ​មាននៅ​ក្នុង​ច្បាប់ ហើយ​បើ​តាមផ្លូវ​ច្បាប់​ កាលណា​បញ្ចប់​កិច្ចសន្យា​កម្មករ​ ត្រូវ​ទូទាត់​រយៈពេល ៤៨ម៉ោង។»

សណ្ឋាគារ The Great Duke ឬអតីត​សណ្ឋាគារ​អាំង​ទែ​កុង​ទី​ណង់​តាល់ (InterContinental​) បាន​ប្រកាស​បិទ​ប្រតិបត្តិ​ការ​អាជីវកម្ម​របស់​ខ្លួន​ កាលពី​ថ្ងៃទី៣១ ខែធ្នូ​ កាលពី​ឆ្នាំមុន បន្ទាប់ពី​ប្រតិបត្តិ​ការ​អាជីវកម្ម​របស់​ខ្លួន​អស់​រយៈពេល ២៣ឆ្នាំ។ 

ក្រោយពី​បិទ​ទ្វារ ​មិនទាន់​ទូទាត់ប្រាក់​អតីតភាព​ការងារ ធ្វើ​ឱ្យ​អតីត​បុគ្គលិក​នៅ​សណ្ឋាគារ​នេះ នាំគ្នា​ធ្វើញត្តិ​ដាក់​ទៅ​ស្ថាប័នរដ្ឋ ដូចជា ក្រសួងការងារ ខុទ្ទកាល័យ​រដ្ឋាភិបាល និង​ដាក់​ទៅ​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​ ដើម្បី​ជួយ​អន្តរាគមន៍​ផង​ដែរ។

រហូតដល់​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ប្រធាន​លេខាធិការ​ដ្ឋាន​ក្រុមប្រឹក្សា​កណ្តាល​ បាន​ចេញ​សេចក្តី​សម្រេច​ជូន​ដំណឹងទៅ​ភាគី​កម្មករ​និយោជិត និង​ភាគី​និយោជក ដើម្បី​ឱ្យ​និយោជក​ផ្តល់​សំណង​ដល់​កម្មករ​នូវ​ប្រាក់ដំណាច់​ទូទាត់​ជួស​ការ​ជូនដំណឹង​មុន និង​ប្រាក់​រំលឹក​អតីតភាព​ការងារ​មុន​ឆ្នាំ២០១៩ ដោយ​យក​ប្រាក់ឈ្នួល​គោល និង​ប្រាក់បន្ទាប់បន្សំ​មក​គណនា​ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ