ពលរដ្ឋ និងអាជ្ញាធរស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បង្ហាញការព្រួយបារម្ភដូចគ្នាថា ពលរដ្ឋរាប់ពាន់គ្រួសាររស់នៅតាមដងស្ទឹងសែន នឹងជាប់បំណុលវ័ណ្ឌក បើគ្មានការជួយសង្គ្រោះទឹកទាន់ពេល។
លោក ព្រំ ឃុត ពលរដ្ឋរស់នៅភូមិពាមគ្រែង ឃុំក្តីដូង ស្ថិតក្នុងស្រុកកំពង់ស្វាយ បា្រប់VODនៅថ្ងៃនេះថា ពលរដ្ឋរាប់ពាន់គ្រួសារកំពុងខ្វះទឹកប្រើប្រាស់ និងបារម្ភអត់ទឹកបូមដាក់ស្រែផងដែរ បន្ទាប់ពីទឹកស្ទឹងសែនរីងស្ងួតរហូតជិះម៉ូតូឆ្លងបាន។
បុរសរូបនេះ អះអាងទៀតថា ត្រឹម ១សប្តាហ៍ទៀត បើគ្មានភ្លៀងធ្លាក់ទេ ស្រូវរាប់ពាន់ហិកតានឹងងាប់ ហើយពលរដ្ឋនឹងរកប្រាក់សងត្រឡប់ទៅធនាគារលែងបាន។
លោក ព្រំ ឃុត ប្រាប់ថា៖ «បើអត់មានទឹក ស្រូវងាប់អស់ អ្នកជំពាក់លុយអង្គការក៏ច្រើន ប្រជាពលរដ្ឋមានតែយំទេ»។
មេឃុំក្តីដូង លោក ថូ ថាំ បារម្ភដែរថា ត្រឹម ១០ថ្ងៃទៀត សំណាបដែលទើបនឹងព្រោះរាប់ពាន់ហិកតានឹងងាប់អស់ លោកថា បញ្ហានេះនឹងធ្វើឱ្យពលរដ្ឋជាប់បំណុលទ្វេដង ក្រៅពីបញ្ហាកូវីដ១៩។
លោក ថូ ថាំ ប្រាប់ថា៖ «កូវីដ គាត់រកស៊ីអត់បាន ខ្ចីគេបាទ! ឥលូវ ប្រសិនបើរាំងស្ងួតទៀត គាត់យកលុយអង្គការមកធ្វើស្រែ ដឹងរាំងទៀត គាត់ជំពាក់គេពីរជាន់ ហើយអត់ដឹងទៅណាទេ»។
អភិបាលរងស្រុកកំពង់ស្វាយ លោក ថន ពុទ្ធា អះអាងដែរថា បញ្ហាទឹកស្ទឹងសែនរីងស្ងួតដល់បាត់ស្ទឹងនេះ លោកមិនមានទិន្នន័យច្បាស់លាស់ទេ ប៉ុន្តែ ថា ប៉ះពាល់ពលរដ្ឋចូលពាន់គ្រួសារ។ មន្ត្រីមូលដ្ឋានរូបនេះ អះអាងទៀតថា បញ្ហានេះ ក្រុមការងារបានរកជំនួយពីមន្ត្រីខេត្ត ថ្នាក់ជាតិហើយ។
អភិបាលខេត្តកំពង់ធំ លោក សុខ លូ អះអាងថា ចំណាត់ការណាមួយជួយសង្គ្រោះទឹក មិនទាន់ត្រូវបានធ្វើឡើងទេ គិតត្រឹមថ្ងៃចន្ទនេះ ប៉ុន្តែ លោកថា ផលប៉ះពាល់ធំធេងនឹងមិនកើតឡើងទេ ដោយថា រដូវភ្លៀងបានមកដល់ហើយដែរ។
លោក សុខ លូ ប្រាប់ថា៖ «នៅស្ទឹងសែនយើងនេះ យើងឃើញថា ទឹកស្ទឹងសែនយើងនេះរីងខុសពីរាល់ឆ្នាំ។ វិធានការជារួម បើវាអស់ទឹកក្នុងស្ទឹងហើយ មិនទាន់ដឹងធ្វើម៉េចទេ ប៉ុន្តែ សង្ឃឹមថា រដូវវស្សាបានមកដល់ហើយនៅប៉ុន្មានថ្ងៃនេះ តាមឧតុនិយមគាត់ទស្សន៍ទាយក៏មានភ្លៀងធ្លាក់ដែរ»។
អ្នកនាំពាក្យអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ឃុន សុខា អះអាងថា ករណីកង្វះទឹកនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនេះ ថ្នាក់ជាតិខាងធនធានទឹក និងមន្ត្រីជំនាញខេត្ត កំពុងចុះសិក្សាស្វែងរកដំណោះស្រាយ។
របាយការណ៍ធនាគារពិភពលោកឆ្នាំ២០១៨ ឱ្យដឹងថា កម្ពុជាត្រូវបានគេចាត់ទុកថា ជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុត ដោយសារបម្រែបម្រួលអាកាសធាតុក្នុងពិភពលោក។
របាយការណ៍បញ្ជាក់ថា ភាពងាយរងគ្រោះរបស់កម្ពុជា គឺដោយសារប្រទេសនេះពឹងផ្អែកយ៉ាងខ្លាំងទៅនឹងកត្តាអាកាសធាតុ។
កាលពីឆ្នាំ២០១៨ ប្រទេសកម្ពុជាជួបគ្រោះទឹកជំនន់ទ្រង់ទ្រាយធំ ដែលប៉ះពាល់ប្រជាពលរដ្ឋជាង ១០ម៉ឺនគ្រួសារ និងនៅឆ្នាំ២០១៩ បាតុភូតអែលនីណូ ឬការប្រែប្រួលនៃរលកកម្ដៅលើផែនដី បានធ្វើឱ្យប្រទេសកម្ពុជាជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ដែលប៉ះពាល់ស្រូវ ២ម៉ឺនហិកតានៅក្នុងខេត្តចំនួន១៣៕