ពលរដ្ឋ​ខ្មែរ​​ដែល​​ជាប់​​នៅ​​ម៉ាឡេស៊ី​​អះ​អាង​​ថា ​ពួក​​គេ​​ប្រឈម​​នឹង​​ដាច់​​បាយ​​ស្លាប់​​

ពលរដ្ឋខ្មែរអង្គុយរងចាំនៅព្រលានយន្តហោះម៉ាឡេស៊ី ខណៈជើងយន្តហោះត្រលប់មកកម្ពុជាវិញ​ត្រូវបានបិទ កាលពីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០។ (Royal Embassy of Cambodia to Malaysia)

ពលរដ្ឋខ្មែរ​ដែល​កំពុង​ជាប់​នៅ​ប្រទេស​ម៉ាឡេស៊ី​មួយចំនួន​មិន​អាច​វិល​ត្រលប់​មក​ប្រទេសកំណើត​វិញ​ ដោយសារតែ​បញ្ហា​ឆ្លង​រាលដាល​មេរោគ​កូ​វីដ១៩ ​ថ្លែង​ថា ពួក​គាត់​ប្រឈម​ស្លាប់​ដោយសារ​អត់អាហារ និង​មិន​មាន​លុយ​ចំណាយ​លើ​តម្រូវ​ការ​ផ្សេង​ៗ។ 

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី៧ ខែមេសា បាន​ថ្លែង​ថា ការ​មិន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ខែ្មរ​ចំនួន ១៥០នាក់ ចូល​ប្រទេស​កម្ពុជា​ក្នុងអំឡុងពេល​នេះ ដោយ​លោក​បារម្ភ​ខ្លាច​អ្នក​ទាំងនោះ មាន​ផ្ទុក​ជំងឺ​កូ​វីដ១៩។ លោក ហ៊ុន សែន អំពាវនាវ​ទៅ​ពលរដ្ឋខ្មែរ​ទាំង ១៥០នាក់ បន្ត​ស្នាក់នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​សិន ដើម្បី​ការពារ​ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេស។

ពលរដ្ឋខ្មែរ​ចំនួន ១៥០នាក់ ដែល​មានបំណង​វិល​មក​ប្រទេស​កម្ពុជា​វិញ តែ​ត្រូវ​បាន​រារាំង​ក្រោម​ហេតុផល​បារម្ភ​ឆ្លង​រាលដាល​មេរោគ​កូ​វីដ១៩នេះ ​រួមមាន​ទាំងពលករ និស្សិត និង​អ្នកទេសចរផង។

ពលរដ្ឋខ្មែរ​ម្នាក់​ក្នុងចំណោម​ពលរដ្ឋ ១៥០នាក់ អ្នកស្រី ស៊ាង សំ​អូន ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា ពួក​គាត់​រង់ចាំ​ការ​ឆ្លើយតប​ពី​រដ្ឋាភិបាលថានឹង​អនុញ្ញាត​ឱ្យ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅពេល​ណា ដោយសារ បច្ចុប្បន្ន​ ពួក​គាត់​ទាំងអស់គ្នា​កំពុង​ជួប​ការ​លំបាក​ខ្លាំង ដោយ​មិន​មាន​ប្រាក់​សម្រាប់​បង់ថ្លៃ​ឈ្នួល​ផ្ទះ និង​ទិញ​អាហារ​ឡើយ។

អ្នកស្រី​ថា៖ ​«ពិបាក​ដូចគ្នា ខ្ញុំ​ក៏​ពិបា​កដែរ ខ្ញុំ​ថ្លៃផ្ទះ​គេ​ក៏​ដល់ លុយ​ហូប​ក៏​អត់មាន ខ្ញុំ​រាល់ថ្ងៃ​បាន​មិត្តភក្តិ​គេ​ឱ្យ​ហូប​តើ! ខ្ញុំ​ក៏​អត់មាន​ដែរ»។

អ្នកស្រី​ សៀក អ្នក​ជាប់​នៅ​ប្រទេស​ម៉ាឡេស៊ី​ដែរ​ លើកឡើង​ថា កន្លងមក នៅពេល​ដែល​ទទួល​ព័ត៌មាន​ថា រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ត្រឡប់​មក​កម្ពុជា​វិញ​នោះ ពួក​គាត់​សប្បាយចិត្ត ប៉ុន្តែ​ រហូតមកដល់​ថ្ងៃនេះ បែរជា​ស្ងាត់​ទៅវិញ។

អ្នកស្រី​ សៀក៖ «ខ្ញុំ​ដេក​ឡើង​រាប់​ខែ​ហើយ នៅ​ម៉ាឡេស៊ី​ហ្នឹង។ ឥលូវ ខ្ញុំ​សំណូមពរ​ឱ្យ​លោកពូ​ជួយ​ពួក​ខ្ញុំ​ទៅ​ ធ្វើ​ម៉េច​ឱ្យ​ពួក​ខ្ញុំ​បាន​ចេញទៅ​ផ្ទះ»។

ពលរដ្ឋ​ម្នាក់ទៀត អ្នកស្រី ម៉ាត់ តោស​រី ដែ​លមាន​ផ្ទៃពោះ ៨ខែ អះអាង​ថា ប្រសិនបើ​រដ្ឋាភិបាល​នៅតែ​មិន​អនុញ្ញាត​ឱ្យ​ពួក​គាត់​វិល​មក​កម្ពុជា​ក្នុង​ពេល​ឆាប់​ៗនេះទេ អ្នកស្រី​ថា ពួក​គាត់​នឹង​ដាច់​បាយ​ស្លាប់​មិនខាន ។ 

អ្នកស្រី​ថា៖ «ពោះធំ​ទៀត ពិបាក​មែន អត់មាន​លុយ អត់មាន​អីទិញ​បាយ​ហូប និយាយ​អ៊ីចឹង​យ៉ាប់​មែន​ហ្នឹង»។

ស្ត្រី​រូប​នេះ​រៀបរាប់​ថា គាត់​ និង​ស្វាមី​បាន​មក​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​រយៈពេល​បី​ឆ្នាំ​ហើយ ប៉ុន្តែ​ ស្វាមី​គាត់​បាន​ធ្លាក់ខ្លួន​ឈឺ​ និង​ស្លាប់​កាលពី​ខែមេសា ឆ្នាំ២០២០ នៅ​ប្រទេស​នេះ បន្ទាប់​ពីដែក​ធ្លាក់​ត្រូវលើ ក្នុងអំឡុងពេល​កំពុងធ្វើការ​សំណង់​នៅ​ម៉ាឡេស៊ី។ អ្នកស្រី​ស្នើ​ទៅ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ចំពោះរឿងនេះ ដោយ​គាត់​ទ្រាំ​រស់នៅ​ទីនោះ​ទាំង​ទឹកភ្នែក។ 

អ្នកស្រី​បន្ត​ថា៖ «ល្ងាច​យំ​រាល់​យប់ យំ​អស់​ទឹកភ្នែក​រលីង​ រាល់ថ្ងៃ​ចាំ​មើល​គេ​បើកផ្លូវ​ឱ្យមក​ខ្មែរ។ នៅ​អត់​ស្រួល​ទៀត ពោះ​ហ្នឹង​វា​ចេះតែឈឺ ពោះធំ​នៅ​អត់​ស្រួល ដេក​អត់​លក់​រាល់​យប់។ អ៊ីចឹង​បាន​ទៅ​ស្រុកខ្មែរ​ជួបជុំ​កូន​ វា​ស្រួល​ក្នុងចិត្ត​ នៅ​នេះ​ហត់​មែន ​ពិបាក»។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក កុយ គួង មានប្រសាសន៍​ថា ពលរដ្ឋ​ខែ្មរ​ដែល​ជាប់​នៅ​ប្រទេស​ម៉ាឡេស៊ី​ នឹង​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ បន្ទាប់ពី​អាជ្ញាធរ​នៅ​ប្រទេស​ម៉ាឡេស៊ី​បញ្ជាក់​ពី​សុខភាព​របស់​ពួក​គេ​ទាំងអស់គ្នា​រួច។

លោក​ថា៖ «ទូត​យើង​កំពុងធ្វើការ​យ៉ាង​ស្វិតស្វាញ​ជាមួយ​អាជ្ញាធរ​ម៉ាឡេស៊ី​ហើយ ដែល​យើង​សុំ​ធ្វើ​ម៉េច​ឱ្យ​គាត់​មានការ​ពិនិត្យ​សុខភាព​ជាមុន​សិន។ កន្លងមក​ ស្ថានទូត​យើង​ក៏បាន​ធ្វើការ​ជាមួយ​​សប្បុរសជន​ ក៏ដូចជា​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយចំនួន ហើយនិងយក​ថវិកា​ពី​ស្ថានទូត​ប៉ុន្មាន​ច្រក​ហ្នឹង​ទៅ​ជួយ​ដល់​គាត់​ផ្ទាល់​ដែរ ទិញ​សម្ភារទៅ​ជូន​គា​ត់​ផ្ទាល់​ៗ។ យើង​កំពុង​ជំរុញ​ឱ្យ​អាជ្ញាធរ​ម៉ាឡេស៊ី​ជួយ​ពិនិត្យ​សុខភាព​ឱ្យ​គាត់ ឱ្យ​បាន​លឿន ដើម្បី​អាច​គាត់​ត្រឡប់មកវិញ»។

មន្ត្រី​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់​ត្រា​ល់ (Central​) លោក ឃុន ថា​រ៉ូ ចាត់ទុក​ការ​ត្រួតពិនិត្យ​របស់​ពួក​គាត់​ជា​រឿង​ល្អ ប៉ុន្តែ​ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​ស្បៀងអាហារ ថវិកា​ជាដើម ដើម្បី​ជួយ​ពួក​គាត់។

លោក​ថា៖ «រឿង​ដែល​សំខាន់ ​រដ្ឋ​ធ្វើ​យ៉ាងណា ត្រូវ​ផ្ដល់​ការ​គាំពារ​ទៅដល់​ពួក​គាត់ ឧទាហរណ៍​ផ្ដល់​ការ​គាំពារ​ផ្នែក​ស្បៀងអាហារ ការ​ហូបចុក ការរស់នៅ ព្រោះ​ពួក​គាត់​ខ្លះ​ គាត់​ត្រូវ​ជួលផ្ទះ ​គាត់​ត្រូវ​ទិញ​អាហារ​អី​ហូបចុក ហើយ​ពួក​គាត់​ត្រូវ​ចំណាយ​ជា​មូលដ្ឋាន​ប្រចាំថ្ងៃ​ក្នុងនាម​ជា​មនុស្ស។ អ៊ីចឹង ​សិទ្ធិ​រស់រាន​មានជីវិត រដ្ឋាភិបាល​ត្រូវ​ផ្ដល់​ការ​គាំពារ​ដល់​ពួក​គាត់ ​ទោះបីជា​ពួក​គាត់​ជា​ពលករ​ចំណាកស្រុក​ក៏​ដោយ ​ក៏​ពួក​គាត់​ចូលរួម​នៅក្នុង​ការ​បង់ពន្ធ​ជូន​រដ្ឋ​ដែរ»។

គិត​មក​ត្រឹម​ថ្ងៃទី១១ ខែឧសភា​នេះ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ចំនួន ១២២នាក់ ក្នុង​នោះ អ្នកជំងឺ ១២១នាក់ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ ហើយ​នៅសល់​ម្នាក់ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ