ក្រសួង​​ថា​​ការ​​ផាក​ពិន័យ​​ករណី​​ចរា​ចរណ៍​​មិន​មែន​​ចង់​បាន​​លុយ​​នោះ​​ទេ​​

សកម្មភាពផាកពិន័យលើអ្នកបើកបរដែលប្រព្រឹត្តល្មើសនឹងច្បាប់ចរាចរណ៍ថ្មី នៅរាជធានីភ្នំពេញ នាដើមខែឧសភា ឆ្នាំ២០២០។ (ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

មន្ត្រី​ជាន់ខ្ពស់​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​អាណិត​អា​សូ​រដល់​នគរបាល​ចរាចរណ៍​ផង​ ហើយ​បញ្ជាក់​ថា ការ​ចាប់​ផាកពិន័យ​មិនមែន​ដើម្បី​ចង់បាន​លុយ​នោះ​ទេ​គឺចង់ឱ្យ​ប្រជាពលរដ្ឋ​មាន​សុវត្ថិភាព។

រដ្ឋលេខាធិការ​ក្រសួងសាធារណការ និង​ដឹកជញ្ជូន​ លោកស្រី មឹន មាណវី ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃនេះ​ថា លុយ​ដែល​បាន​ពី​ការ​ផាកពិន័យ​មិនមែន​យក​ទៅ​ផ្គត់ផ្គង់​សេដ្ឋកិច្ច​ជាតិ ឬយក​ទៅ​ឱ្យ​បុគ្គល​ណាមួយ​នោះ​ទេ ​គឺ​គ្រាន់តែ​យក​ទៅ​ចំណា​យលើ​ផ្នែក​ពាក់​ព័ន្ធ​ខ្លះ​ៗ ដើម្បី​ពង្រឹង​សុវត្ថិភាព​ចរាចរណ៍​តែប៉ុណ្ណោះ។

រដ្ឋលេខាធិការ​ក្រសួងសាធារណការ និង​ដឹកជញ្ជូន​ លោកស្រី មឹន មាណវី ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក​ ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។ (ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT)

លោកស្រី ​មឹន មាណវី៖ «កង​កម្លាំង​ប៉ូលិសរបស់​យើង​ធ្វើ​នេះ​មិនមែនចង់បាន​លុយ​យក​មក​ធ្វើ​អី​ទេ។ មិនមែន​យក​មក​ដាក់​ថវិកាជាតិ ឬក៏​ដាក់​ក្នុង​ហោប៉ៅ​ផ្ទាល់​របស់​មន្ត្រ​ី​ប៉ូលិសរបស់យើង​ទេ។ គ្រាន់តែ​ភាគរយ​ខ្លះ ​យើង​កាត់​ទុក​ដើម្បី​លើកទឹកចិត្ត។»

លោកស្រី​ក៏បាន​អំពាវនាវ​ឱ្យ​សាធារណជន​អាណិត​អា​សូ​រដល់​មន្ត្រី​នគរបាល​ចរាចរណ៍ ព្រោះ​ពួក​គាត់​ធ្វើការ​ទាំង​លំបាក និង​ប្រឈម​គ្រោះថ្នាក់។

លោកស្រី មឹន មាណវី៖ «សូម​មេត្តា​អាណិត​អា​សូ​រដល់​ប៉ូល​ិសចរាចរណ៍​របស់​យើង ដោយ​យើង​គិតថា បើសិនជា​មានបុណ្យ​ទាន បើសិនជា​អត់មាន​ជំងឺ​ដង្កាត់​អី​ឆ្លង​កូ​វីដ១៩ហ្នឹង​ទេ បើ​ស្ទះចរាចរណ៍​ សួរ​ថា ប៉ូល​ិសទៅ​ណា ប៉ូល​ិសចរាចរណ៍ទៅណា ​ម៉េច​មិន​ជួយ ហើយ​គាត់​ធ្វើ​ទាំងយប់​ទាំង​ថ្ងៃ។»

រដ្ឋាភិបាល​ចាប់ផ្តើម​បង្កើន​ការ​ផាកពិន័យ​ចរាចរណ៍​ពី៣ ទៅ៥ដង ដែល​ចាប់ផ្តើម​ពី​ថ្ងៃទី១ ខែឧសភា ​ឆ្នាំ២០២០។ ចំនួន​លុយ​ដែល​ផាក​បាន​គឺ ៧០ភាគរយ​ផ្តល់​ឱ្យ​កម្លាំង​នគរបាល ២៥ភាគរយ​ប្រគល់​ឱ្យ​អង្គភាព​នគរបាល និង ៥ភាគរយ​ដាក់​ចូលក្នុង​ថវិកាជាតិ។

នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃនេះ ក្រសួង​មិនបាន​បង្ហាញថា ចាប់ពី​ថ្ងៃទី១ ដល់​ថ្ងៃទី១២ ខែឧសភា​នេះ លុយ​ដែល​បាន​ពី​ការ​ផាកពិន័យ​លើ​អ្នកបើកបរ​មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ