កម្ម​ករ​រោង​ចក្រ​ជាង១ពាន់​នាក់​នៅ​ក្រុង​តាខ្មៅ​ផ្ទុះ​ការ​តវ៉ា​ទាមទារ​ប្រាក់ឈ្នួល ​ក្រោយ​ថៅកែ​ពន្យារពេល​

កម្មករ​បម្រើការ​ងារ​នៅ​រោងចក្រ អេ​ហ្វ អឹម អេ​ហ្វ មេនូ​ហ្វេ​កធឺ​រីង (FMF MANUFACTURING CO​.,LTD​) ស្ថិត​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល បាន​ផ្ទុះ​ការទាមទារ​ទៅ​ថៅកែ​ឱ្យបើកប្រាក់​ឈ្នួល ក្រោយពេលថៅកែពន្យារពេលបើកប្រាក់ឈ្នួល និងបញ្ចប់កិច្ចសន្យាការងារ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។ (ឃុត សុគន្ធ)

កម្មករ​ជាង ១ពាន់​នាក់​ បម្រើការ​ងារ​នៅ​រោងចក្រ អេ​ហ្វ អឹម អេ​ហ្វ មេនូ​ហ្វេ​កធឺ​រីង (FMF MANUFACTURING CO​.,LTD​) ស្ថិត​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល បាន​ផ្ទុះ​ការ​តវ៉ា ២ថ្ងៃហើយ ដើម្បី​ទាមទារ​ទៅ​ថៅកែ​ឱ្យបើកប្រាក់​ឈ្នួល ដោយ​ពួក​គេ​ប្រាប់​ថា ជីវភាព​របស់​ពួក​គេ​កំពុង​ខ្វះខាត។

កម្មករ​ផ្នែក​តុ​កាត់ លោក ស្រេង ចំរើន ប្រាប់​វី​អូ​ឌី​នៅកន្លែង​តវ៉ា​មុខ​រោងចក្រ​ថា រោងចក្រ FMF មានកម្ម​ករ​-កម្មការិនី​ប្រហែល​ជាង ១ពាន់​នាក់ បាន​ផ្ទុះ​ការ​តវ៉ា​អត់​ធ្វើការងារ​ទាំងអស់គ្នា​នៅ​ថ្ងៃនេះ បន្ទាប់ពី​ថៅកែ​ពន្យា​រពេល​បើកប្រាក់​ឈ្នួល និង​បញ្ចប់​កិច្ចសន្យា​ការងារ​កម្មករ ២៥០នាក់។

លោក ស្រេង ចំរើន អះអាង​ថា លោក​ត្រូវ​បាន​ថៅកែ​បញ្ចប់​កិច្ចសន្យា​ការងារ​នៅក្នុង​ខែ​នេះ ហើយ​ថៅកែ FMF បាន​ជំពាក់ប្រាក់​ឈ្នួល​រប​ស់លោក និង​កម្មករ​ដទៃទៀត ១ខែពេញ ដោយ​ចាប់តាំងពី​ថ្ងៃទី១០ ខែមេសា រហូតដល់​ថ្ងៃទី១៣ ខែឧសភា​នេះ គឺ​ថៅកែ​មិនទាន់​បាន​បើកលុយឱ្យ​កម្មករ​នៅឡើយ​ទេ​ ទាំង​កម្មករ​ដែល​ត្រូវ​បាន​បញ្ចប់​កិច្ចសន្យា​ការងារ និង​កម្មករ​ដែល​មិន​ត្រូវ​បាន​បញ្ចប់​កិច្ចសន្យា​ការងារ។

លោក​បន្ថែម​ថា៖ «គាត់​ [ថៅកែ​] បញ្ឈប់​ពួក​ខ្ញុំ​ភ្លាម​ៗបាន ចុះ​ហេតុ​អី​គាត់​មិន​បើកលុយឱ្យ​ពួក​ខ្ញុំ​ភ្លាម​ៗបាន ហើយ​អូស​បន្លាយ ១ខែ​ហើយ​? អ៊ីចឹង ខ្ញុំ​សុំ​អំពាវនាវ​ដល់​អាជ្ញាធរ និង​ក្រសួងការងារ ជួយ​ដល់​កម្មករ​នៅ​រោងចក្រ FMF ផង​ ដោយ​ជួយ​ជំរុញ​ឱ្យថៅកែ​រោងចក្រ​ហ្នឹង​បើកឱ្យលុយ​ពួក​ខ្ញុំ​ផង»។

កម្មការិនី​ដែល​ជា​ស្ត្រី​មេម៉ាយ អ្នកស្រី ស្រស់ ធី អាយុ ៥០ឆ្នាំ បាន​រៀបរាប់​ថា អ្នកស្រី​បារម្ភ​ពី​ការ​ខ្វះខាត​ក្នុង​ជីវភាព​គ្រួសារ និង​ជំពាក់បំណុល​គេ​ទ្វេដង ខណៈ​ដែល​អ្នកស្រី​ក៏​ត្រូវ​បាន​ថៅកែ​បញ្ឈប់​ពី​ការងារ ហើយ​មាន​វ័យ​កាន់តែ​ចាស់ ពិបាក​រក​ការងារ​កន្លែង​ថ្មី​ធ្វើ និង​ត្រូវ​ទទួលបន្ទុក​ចិញ្ចឹម​កូន ៤នាក់​ក្នុង​គ្រួសារ​ទៀត​នោះ។

អ្នកស្រី​បន្ថែម​ថា៖ «ពេល​អត់​ការងារ​ធ្វើ គឺ​ខ្ញុំ​អត់​លុយ​ឱ្យថ្លៃ​ផ្ទះ​ជួល ទឹក​ភ្លើង ថ្លៃ​កូន​ចាយវាយ។ ឥលូវ ខ្ញុំ​ជំពាក់​លុយ​ថ្លៃផ្ទះ​ជួល​គេ ១ខែ​ហើយ គេ​មក​ទារ ខ្ញុំ​អត់មាន​អី​ឱ្យគេ ខ្ញុំ​អង្វរ​សុំ​គេ​ពន្យា​រពេល។ ហើយ​ខាង​រោងចក្រ​បញ្ឈប់​ខ្ញុំ​ អត់បើ​កលុយ​ឱ្យខ្ញុំ​អ៊ីចឹង ខ្ញុំ​បាន​លុយ​ណា​បង់​សង​គេ ហើយ​ខ្ញុំ​ជា​ស្ត្រី​មេម៉ាយ​មានកូន ៤នា​ក់​តូច​ៗនៅផ្ទះ គ្នា​បាន​អី​ញ៉ាំ បើ​គេ​មិន​ឱ្យលុយ​​អ៊ីចឹង»។

ប្រធាន​រដ្ឋបាល​រោងចក្រ FMF លោក សុខ ផេង ប្រាប់​ថា ក្រុមហ៊ុន​បើកប្រាក់​ឈ្នួល​ឱ្យកម្មករ​យឺតយ៉ាវ គឺ​ដោយសារ​ក្រុមហ៊ុន​មាន​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ ពោល​គឺ​គ្មាន​អ្នកបញ្ជា​ទិញ។ លោក​បន្ត​ថា ដោយសារ​គ្មាន​លុយ​បង្វិល​បើកឱ្យ​កម្ម​ករទាន់ពេល​នោះ គឺ​ថៅកែ​បាន​សុំ​ពន្យារ​បើក​ដល់​ថ្ងៃទី២២ ខែឧសភា ប៉ុន្តែ លោក​ថា ក្រុមហ៊ុន​នឹង​ខិតខំ​កៀរគរ​លុយ​យក​មក​បើក ឱ្យបាន​មុន​ថ្ងៃទី២២ ខែឧសភា។

ប្រធាន​រដ្ឋបាល​រោងចក្រ​រូប​នេះ បាន​អំពាវនាវ​ឱ្យកម្មករ​យោគយល់ និង​កុំ​ស្តាប់​សហជីព​មក​ពី​ខាងក្រៅ ដែល​លោក​ថា សហជីព​ទាំងនោះ​កំពុង​ញុះញង់​ឱ្យកម្មករ​តវ៉ា ហើយ​ធ្វើឱ្យកម្មករ​បាត់បង់​ការងារ​ធ្វើ។

លោក​បន្ថែម​ថា៖ «រោងចក្រ​នេះ ​រាល់​ខែ គឺ​បើកលុយឱ្យកម្មករ​មុន​ថ្ងៃ​រហូត​ហ្នឹង។ ទើបតែ​ខែ​នេះ​ទេ​ដែល​មាន​បញ្ហា​ ដោយសារ​រឿង​កូ​វីដ​ហ្នឹង។ យើង​ថា បើ​កឱ្យគាត់​នៅ​ថ្ងៃទី១២ ហ្នឹង ប៉ុន្តែ​ ដល់​ថ្ងៃទី១២ យើង​មានការ​រាំងស្ទះ​លុយ។ យើង​ក៏បាន​ជួប​ជាមួយ​គាត់​ សុំ​គាត់​លើក​ទៅ​បើក​នៅ​ថ្ងៃទី២២ ដោយ​មូលហេតុ​ទំនិញ​យើង​ចេញ​អត់​បានទេ។ ហើយ​ការ​ផ្លាស់​ប្តូរ​ទំនិញ ឬវត្ថុ​ធាតុ​ដើម​គឺ​អត់​បាន​ទាំងអស់។ អ៊ីចឹង​ យើង​សុំ​ឱ្យកម្មករ​គាត់​យោគយល់ ប៉ុន្តែ​ កម្មករ​គាត់​អត់​ព្រម​ទេ គាត់​ខឹង ហើយ​គាត់​ព្យាយាម​ហៅ​អ្នកនេះ អ្នកនោះ​មក​ដោះស្រាយ​វិញ»។

បើ​តាមលោក សុខ ផេង រោងចក្រ FMF មានកម្ម​ករ ១០៤០នាក់ ប៉ុន្តែ កម្មករ​អះអាង​ថា រោងចក្រ​នេះ​មានកម្ម​ករ ១៦០០នាក់ ក្នុង​នោះ ២៥០នាក់ ត្រូវ​ថៅកែ​បញ្ឈប់​ពីការងារ​កាលពី​ខែមុន។

ប្រធានមន្ទីរ​ការងារ​ខេត្តកណ្តាល លោក ធុល នាង ប្រាប់​វី​អូ​ឌី​ថា ករណី​វិវាទ​ការងារ​នៅ​រោងចក្រ FMF គឺ​លោក​បាន​ចាត់​មន្ត្រី​ចុះ​សម្របសម្រួល​ដោះស្រាយ​ហើយ។ លោក​ថា ថៅកែ​សន្យា​បើកលុយឱ្យកម្មករ​នៅ​ថ្ងៃទី២២ ខែឧសភា​ខាងមុខនេះ ហើយ​កម្មករ​ក៏​យល់​ព្រមដែរ។

លោក​បន្ថែម​ថា៖ «យើង​សម្របសម្រួល​ដោះស្រាយ​រួចហើយ។ ក្នុង​កំណត់ហេតុ​ គាត់​បាន​ឯកភាព​គ្នា​ហើយ។ ក្រុមការងារ​យើង​កំពុង​ធ្វើ​បន្ត​ទៀត ដោយ​ក្នុង​កំណត់ហេតុ​ហ្នឹង ថៅកែ​គាត់​សន្យា​បើកលុយ​ដែល​កម្មករ​ទាមទារ​ហ្នឹង​នៅ​ថ្ងៃទី២២ ខែឧសភា ហើយ​កម្មករ​ក៏​គាត់​យល់ព្រម​ដែរ»។

កាលពី​ថ្ងៃទី៨ ខែឧសភា សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC​) បាន​លើកឡើង​ថា ឧស្សាហកម្ម​កាត់ដេរ​សម្លៀកបំពាក់ ផលិត​ស្បែកជើង និង​ផលិតផល​ផ្សេងទៀត​នៅ​កម្ពុជា កំពុង​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដោយសារតែ​គ្មាន​អ្នកបញ្ជា​ទិញ ខណៈ​ដែល​ជំងឺ​កូ​វីដ១៩ កំពុង​រីក​រាលដាល។

សមាគម​មួយ​នេះ អះអាង​ថា ដោយសារ​ឧស្សាហកម្ម​នេះ​រងគ្រោះ​ធ្ងន់ធ្ងរ​ពេក បាន​ធ្វើ​ឱ្យ​រោងចក្រ​ចំនួន ១៨០ បាន​ព្យួរ​ផលិតកម្ម​របស់​ខ្លួន ខណៈ​រោងចក្រ​ចំនួន ៦០ផ្សេងទៀត នឹង​ព្យួរ​ផលិតកម្ម​របស់​ខ្លួន​នៅពេល​ខាងមុខ​ដែរ ដោយសារ​មិន​អាច​ទ្រទ្រង់​បាន​នូវ​បន្ទុក​ចំណាយ​របស់​រោងចក្រ ខណៈ​ចំណូល​របស់​ពួក​គេ​កាន់តែ​ធ្លាក់ចុះ​ខ្លាំង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ