ថៃ និង​វៀតណាម ចំណាយ​​លុយ​​ដឹក​​ពលរដ្ឋ​​ដែល​​ជាប់​​នៅ​​ប្រទេស​​គេ​​មក​​ស្រុក​កំណើត​​វិញ​​

អ្នកបម្រើតាមយន្តហោះក្នុងសម្លៀកបំពាក់ការពារ បម្រើដល់ពលរដ្ឋវៀតណាមក្នុងការហោះហើរធ្វើមាតុភូមិនិវត្តន៍ពីប្រទេសជប៉ុន នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០។ (Vietnam Airlines/ VNExpress)

វៀតណាម និង​ថៃ​ ចំណាយ​លុយ​ជាតិ បើក​យុទ្ធនាការ​ដឹកជញ្ជូន​ពលរដ្ឋ​ពួក​គេ​ដែល​ជាប់​នៅ​ក្រៅប្រទេស​ដោយសារ​វិធានការ​បិទ​ប្រទេស ហើយ​កំពុង​ជួប​បញ្ហា​ធ្ងន់ធ្ងរ​ដូចជា​សេដ្ឋកិច្ច និង​បញ្ហា​សុខភាព​ មក​ស្រុកកំណើត​វិញ។

យុទ្ធនាការ​នេះ ធ្វើឡើង​ខណៈ​ស្ថានភាព​ឆ្លង​រាលដាល​នៅ​ប្រទេស​ទាំង ២ អាច​គ្រប់គ្រង​បាន ប៉ុន្តែ កំពុង​កើនឡើង​នៅ​បណ្តា​ប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក ពិសេស​នៅ​អាមេរិក រុស្ស៊ី និង​​អឺរ៉ុប។

យ៉ាងណា អ្នកដំណើរ និង​បុគ្គលិក​បម្រើការ​លើ​យន្តហោះ​ទាំងអស់ ត្រូវ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​សុខភាព​មុន​ពេល​ឡើង​យន្តហោះ និង​ពាក់​ម៉ាស់​មុខ​អំឡុង​ពេល​ធ្វើដំណើរ ហើយ​ត្រូវ​នៅ​ដោយឡែក១៤ថ្ងៃ​ ពេល​មកដល់​ប្រទេស​របស់​ពួក​គេ​វិញ មុននឹង​អាច​ទៅផ្ទះ​បាន។ 

តាម​ប្រភព​ពី​កាសែត Vietnam Times ឱ្យ​ដឹង​ថា អាជ្ញាធរ​អាកាសចរ​ប្រទេស​នេះ​ទើប​បញ្ចេញ​យន្តហោះ​ជើង​ពិសេស​នាំ​ពលរដ្ឋ​ខ្លួន ៣៤០នាក់ពី​ប្រទេស​រុស្ស៊ី​មកដល់​មាតុប្រទេស​វិញ​នៅ​ថ្ងៃម្សិលមិញ បន្ទាប់ពី​បាន​ជម្លៀស​ពលរដ្ឋ ២៧០នាក់​ផ្សេងទៀត​ពី​ប្រទេស​ម៉ាឡេស៊ី​កាលពី​ចុង​សប្តាហ៍​មុន។

តាម​ប្រភព​ដដែល ពួក​គេ​ទាំងអស់​នោះ មាន​រាប់បញ្ចូល​ទាំង​កុមារ​អាយុ​ក្រោម ១៨ឆ្នាំ មនុស្សចាស់ អ្នកមាន​បញ្ហា​សុខភាព និស្សិត​គ្មាន​លទ្ធភាព​បង់ថ្លៃ​ជួល​កន្លែង​ស្នាក់នៅ ពល​ករ​ចំណាក​ស្រុក និង​អ្នកទេស​ចរជាប់​គាំងដំណើរ ហើយ​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​ជួយ​នាំ​ពួក​គេ​មក​ប្រទេសកំណើត​វិញ។

កាលពី​ថ្ងៃសុក្រ​ផង​ដែរ ពលរដ្ឋ​វៀតណាម ៣៤៣នាក់ ត្រូវ​បាន​ដឹក​តាម​ជើងហោះហើរ​ត្រង់​ពី​អាមេរិក​មក​ដល់​ព្រលា​នយន្តហោះ​ខេត្ត Quang Ninh បន្ទាប់ពី​ក្រុមហ៊ុន​ដឹក​ពួក​គេ​មក​ឈ្មោះ Vietnam Airlines បាន​បំពេញ​គ្រប់​នី​តិ​វិធី​ដែល​អាជ្ញាធរ​អាមេរិក​តម្រូវ។

តាម​ប្រភព​ដដែល នៅ​សប្តាហ៍​ក្រោយ នឹង​មាន​ជើង​យន្តហោះ​មួយទៀត​ចេញទៅ​ដឹក​ពលរដ្ឋ​វៀតណាម​ជិត ៣រយ​នាក់​ពី​អូស្ត្រាលី ដោយស្ថាន​ទូត​វៀតណាម​នៅ​ទីនោះ កំពុង​ជំរុញ​ឱ្យ​ពួក​គេ​ប្រញាប់​ចុះឈ្មោះ​ឱ្យ​បាន​រួចរាល់​នៅមុន​ថ្ងៃទី១៨ ខែឧសភា។

សកម្មភាព​ទាំងនេះ ធ្វើឡើង​ក្រោម​ការ​ជួយគាំទ្រ​លើ​ថ្លៃ​ចំ​ណាយ​ផ្សេង​ៗពី​ក្រសួង​ការបរទេស និង​ក្រសួង​ដឹកជញ្ជូន​វៀតណាម ក្រោម​កិច្ចសហការ​ជាមួយ​ភ្នាក់ងារ​អាកាសចរ​ក្នុង​ស្រុក តប​តាម​សំ​ណើ​ពលរដ្ឋ​ដែល​កំពុង​ជួប​បញ្ហា​នៅ​ក្រៅប្រទេស​ដោយសារ​កូ​វីដ១៩ និង​ស្រប​ស្ថានភាព​វិ​វដ្ត​ន៍​នៃ​ជំងឺ​ក្នុង​ស្រុក។ 

កាលពី​ខែមេសា និង​នៅដើម​ខែឧសភា អាជ្ញាធរ​អាកាសចរ​វៀតណាម​ ក៏បាន​រៀបចំ​ជើងហោះហើរ​ពិសេស​ចំនួន ១១ជើង ទៅ​ដឹក​ពលរដ្ឋ​វៀតណាម​ប្រមាណ ១ពាន់ ៧រយ​នាក់ ពី​ប្រទេស​កាណាដា ជប៉ុន បារាំង ថៃ និង​ប្រទេស​អារ៉ាប់ បន្ទាប់ពី​ករណី​រាលដាល​ក្នុង​ប្រទេស​ចាប់ផ្តើម​ធូរស្បើយ។

ដោយឡែក រដ្ឋាភិបាល​ថៃ កំពុង​គ្រោង​ជម្លៀស​ពលរដ្ឋ​ខ្លួន​ពីក្រៅ​ប្រទេស​ចំនួន ៧ពាន់​នាក់​ថែមទៀត ចាប់ពី​សប្តាហ៍​នេះ​រហូតដល់​មុន​ដំណាច់ខែ​ឧសភា បន្ទាប់ពី​បាន​ជួយ​ពលរដ្ឋ​ជាង ៤ពាន់ ៦រយ​នាក់ចេញពី​ប្រទេស​ចំនួន ២៧ ចាប់ពី​ដើមខែ​មេសា ពោល​គឺ ក្រោយ​កំណើន​ករណី​ឆ្លង​ថ្មី​បង្ហាញ​សញ្ញាណ​ថមថយ។

អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​កូ​វីដ១៩របស់​ថៃ លោក Taweesilp Visanuyothin ប្រាប់​កាសែត Bangkok Post កាល​ពី​ថ្ងៃ​ព្រ​ហស្ប​តិ៍សប្តាហ៍​មុន​ថា ខ្លួន​កំពុងធ្វើការ​យ៉ាង​ជិតស្និទ្ធជាមួយ​ក្រសួង​ការបរទេស និង​ភ្នាក់ងារ​ពាក់​ព័ន្ធ​ផ្សេង​ៗ ដើម្បី​នាំ​ពលរដ្ឋ​ថៃ​ជាប់​នៅ​បរទេស​មក​ផ្ទះ​ពួក​គេ​វិញ។ 

គិត​ត្រឹម​ថ្ងៃពុធ​នេះ វៀតណាម​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ១៩ សរុប​ទូទាំង​ប្រទេស​ ចំនួន ២៨៨ករណី ក្នុង​នោះ ជាសះស្បើយ​មាន ២៥២ករណី និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មាន ៣៦នាក់ ឯថៃ​រក​ឃើញ​ករណី​ឆ្លង​សរុប​ជាង ៣ពាន់​ករណី ប៉ុន្តែ​ ក្នុង​នោះ មានតែ ១៦៣នាក់​ប៉ុណ្ណោះ ស្ថិតនៅ​មន្ទីរពេទ្យ។ នេះ​បើ​យោង​តាម​តួលេខ​ពី​ក្រសួងសុខាភិបាល​ប្រទេស​ទាំងពីរ​នៅ​ថ្ងៃពុធ​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ