ម្ចាស់​​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​​មួយ​​នៅ​​ខេត្ត​​កំពង់ឆ្នាំង​​ត្រូវ​​សមត្ថ​កិច្ច​​ចាប់​ខ្លួន​ ក្រោយ​​ក្រសួង​​សម្រេច​​លុប​​អាជ្ញា​ប័ណ្ណ​​ចោល​​

លោក សុខ ឧត្ដម ម្ចាស់​ស្ថានីយ​វិទ្យុ 99.75MHz និង​គេហទំព័រ «រិទ្ធិ​សែន» នៅ​ខេត្ត​កំពង់ឆ្នាំង។ (រិទ្ធិសែន ព័ត៌មាន)

មេន​គរ​បាល​ខេត្ត​កំពង់ឆ្នាំង បានឱ្យ​ដឹង​ថា ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ដែល​តែងតែ​ផ្សាយ​ពី​រឿង​ជម្លោះដីធ្លី​នៅ​ខេត្ត​កំពង់ឆ្នាំង ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន និង​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃនេះ ក្រោម​ការចោទប្រកាន់​ពី​បទ«ញុះញង់»

ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក ខូវ លី បាន​ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា លោក សុខ ឧត្ដម ម្ចាស់​ស្ថានីយ​វិទ្យុ 99.75MHz និង​គេហទំព័រ «រិទ្ធិ​សែន» នៅ​ខេត្ត​កំពង់ឆ្នាំង ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី១៣ ខែឧសភា​ ឆ្នាំ២០២០។

មន្ត្រី​នគរបាល​រូប​នេះ​បន្ថែម​ថា សមត្ថកិច្ច​នឹង​បញ្ជូន​សំណុំរឿង​របស់​លោក សុខ ឧត្តម ទៅ​តុលាការ​នៅ​ថ្ងៃនេះ ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់ពីបទ «ញុះញង់» ឱ្យ​ប្រជាពលរដ្ឋ​ទៅកាន់​កាប់ដី​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ឱរ៉ាល់ ស្ថិត​ក្នុង​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង។

លោក ខូវ លី ប្រាប់​ថា៖ «គាត់​ផ្សព្វផ្សាយ​ញុះញង់​ឱ្យ​ប្រជាពលរដ្ឋ​ទន្ទ្រាន​យក​ដី​ជម្រក​សត្វព្រៃ​ឱរ៉ាល់ នៅ​ឃុំ​ជៀប [ក្នុង​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង​]»។

ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​នេះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បន្ទាប់ពី​ក្រសួងព័ត៌មាន​សម្រេច​លុបចោល​អាជ្ញាប័ណ្ណ​ព័ត៌មាន​របស់​លោក ​សម្រាប់​ស្ថានីយវិទ្យុ FM99.75MHz និង​គេហទំព័រ​សារព័ត៌មាន​«រិទ្ធិ​សែន»

ក្នុង​ប្រកាស​កាលពី​ថ្ងៃម្សិលមិញ​នេះ ក្រសួង​ចោទ​ថា ម្ចាស់​ស្ថានីយ​វិទ្យុ និង​គេហទំព័រ​រូប​នេះថា បាន​ផ្សព្វផ្សាយ​ព័ត៌មាន «បំផ្លើស​ការពិត ញុះញង់» ឱ្យ​កើតមាន​អំពើ​ហិង្សា បង្ក​ការរើសអើង​ពូជ សាសន៍ បង្ក​អសន្តិសុខ និង​ចលាចល​នៅក្នុង​សង្គម ដែល​រំលោភបំពាន​លើ​ក្រមសីលធម៌​វិជ្ជាជីវៈ និង​កិច្ចសន្យា​ដែល​តម្កល់​ទុក​នៅ​ក្រសួងព័ត៌មាន។

មេន​គរ​បាល​ខេត្ត​កំពង់ឆ្នាំង​រូប​នេះ បាន​ចាត់ទុក​ការ​ផ្សព្វផ្សាយ​របស់​លោក សុខ ឧត្ដម ថា​ជា​បទល្មើស​ជាក់ស្ដែង។

លោក ខូវ លី ប្រាប់​បន្ថែម​ថា៖ «អប់រំ​អី អាហ្នឹង​មាន​បទល្មើស​ហើយ បទល្មើស​ជាក់ស្ដែង»

អ្នកនាំពាក្យ​ក្រសួងព័ត៌មាន លោក មាស សុភ័​ណ្ឌ ប្រាប់​វី​អូ​ឌីកា​លពី​ថ្ងៃម្សិលមិញ​ថា មុននឹង​ក្រសួង​សម្រេច​លុបចោល​អាជ្ញាប័ណ្ណ​របស់​លោក សុខ ឧត្ដម មន្ទីរ​ព័ត៌មាន​ខេត្ត​កំពង់ឆ្នាំង បាន​ធ្វើការ​អប់រំ និង​ណែនាំ​ច្រើនដង​ពាក់ព័ន្ធ​នឹង​ការ​ចុះផ្សាយ​ព័ត៌មាន​របស់​ស្ថាប័ន​នេះ។

លោក មាស សុភ័​ណ្ឌ ប្រាប់​ថា៖ «ក្រោយពី​ណែនាំ​អប់រំ​ហ្នឹង យើង​នៅតែ​សង្កេតឃើញ​ថា ការ​ផ្សព្វផ្សាយ​របស់​គាត់​នៅតែ​ប្រាសចាក​ក្រមសីលធម៌​អ្នកសារព័ត៌មាន រំលោភ​កិច្ចសន្យា​ដែល​ខ្លួន​បាន​តម្កល់​នៅ​ក្រសួងព័ត៌មាន និង​មន្ទីរ​ព័ត៌មាន។ អ៊ីចឹង​បាន​ក្រសួង​ប្រកាស​លុប​អាជ្ញា​ប័ណ្ណ​តែម្ដង»។

ប្រធានមន្ទីរ​ព័ត៌មាន​ខេត្ត​កំពង់ឆ្នាំង លោក ម៉ម ឈឿម សុំ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ចំពោះរឿងនេះ​ទេ ដោយ​លោក​ជំរុញ​ឱ្យទៅ​សួរ​អគ្គនាយក​ព័ត៌មាន និង​សោតទស្សន៍ នៃ​ក្រសួងព័ត៌មាន លោក ផុស សុវណ្ណ ដែល​ពុំ​បាន​លើកទទួល​ទូរសព្ទ​អ្នកសារព័ត៌មាន​វី​អូ​ឌី​នោះ​ឡើយ​នៅ​ថ្ងៃនេះ។

វិទ្យុ FM99.75MHz និង​សារព័ត៌មាន​អន​ឡាញ រិទ្ធិ​សែន របស់​លោក សុខ ឧត្ដម ត្រូវ​បាន​ក្រសួងព័ត៌មាន​ផ្ដល់​អាជ្ញាប័ណ្ណ​នៅ​ឆ្នាំ២០១៤ និង​នៅ​ចុងឆ្នាំ២០១៨។

លោក សុខ ឧត្ដម បាន​ផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​សារព័ត៌មាន​របស់​លោក​កាលពី​ថ្ងៃម្សិលមិញ ដោយ​បាន​រិះគន់​ទៅលើកង្វះការអនុវត្ត​ច្បាប់​មិនទាន់​បាន​ត្រឹមត្រូវ​របស់​ស្ថាប័ន​អនុវត្ត​ច្បាប់​នៅ​ខេត្ត​កំពង់ឆ្នាំង ដែល​លោក​ថា បណ្ដាលមកពី​កត្តា​គ្រួសារនិយម និង​ពាក់ព័ន្ធ​នឹង​កត្តា​លុយកាក់។

កាលពី​ថ្ងៃអង្គារ​កន្លងមក​នេះ លោក សុខ ឧត្តម បាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេសប៊ុក​សារព័ត៌មាន​រិទ្ធិ​សែន បង្ហាញ​ពី​ការ​តវ៉ា​របស់​ពលរដ្ឋ​នៅមុខ​សាលាឃុំ​ជៀប ស្ថិត​ក្នុង​ស្រុក​ទឹកផុស ទៅ​នឹង​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ដែល​អ្នកភូមិ​ទាំងនោះ​ចោទ​ថា បាន​ដកហូត​ដីធ្លី​របស់​ពួក​គាត់។

ក្នុង​ខ្លឹមសារ​វីដេអូ​ឃ្លីបមា​នរ​យៈ​ពេល​ជិត ៥០នាទី លោក សុខ ឧត្ដម បាន​ផ្សាយ​ថា៖ «យើង​ចង់​សួរ​ថា លោក​អភិបាលខេត្ត​ប្រជុំ​ដក​ដី​ពី​ប្រជាពលរដ្ឋ​អាស្រ័យផល សួរ​ថា ​លោក​ធ្វើ​នេះ លោក​កំពុង​ហែក​សន្លឹកឆ្នោត​របស់​រាជរដ្ឋាភិបាល ឬមួយ​លោកជួយរាជរដ្ឋាភិបាល​ដែលឱ្យ​លោក​ធ្វើ​ដូចនេះ»។

នៅ​ថ្ងៃទី១១ ខែឧសភា ទំព័រ​ហ្វេសប៊ុក​សារព័ត៌មាន ​រិទ្ធិ​សែន បាន​ផ្សាយ​ពី​សំណង់​ខុសច្បាប់​មួយ ដែល​លោក សុខ ឧត្ដម អះអាង​ថា ជា​សំណង់​របស់​ជនជាតិ​វៀតណាម ដែល​សាងសង់​ចំកណ្ដាល​ក្រុង​កំពង់ឆ្នាំង សង់​ចំពី​លើ​ស្ពានថ្ម ដែល​ភ្ជាប់ពី​ផ្សារ​លើ​ទៅ​ផ្សារក្រោម ស្ថិត​ក្នុង​ឃុំ​ផ្សារឆ្នាំង។

សមាជិក​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (ខេម​បូ​ចា​) អ្នកស្រី យន់ ស៊ី​នា​ត និយាយ​ថា ចំណាត់ការ​របស់ក្រ​សួង​ក្នុង​ការលុបចោល​អាជ្ញា​ប័ណ្ណ​ ហាក់ដូច​ជា​សន្មត់​ថា គាត់​មានទោស ខណៈ​តុលាការ​មិនទាន់​កាត់សេចក្ដី​នៅឡើយ​នោះ។

អ្នកស្រី ស៊ី​នា​ត និយាយ​បន្ត​ថា ក្រសួងព័ត៌មាន​គួរតែ​រង់ចាំ​សេចក្ដីសម្រេច​ពី​តុលាការ​ជាមុន​សិន មុននឹង​លុប​អាជ្ញាប័ណ្ណ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណាមួយ។

អ្នកស្រី​ចាត់ទុក​សេចក្ដីសម្រេច​ដ៏​ឆាប់រហ័ស​បែបនេះ​របស់ក្រ​សួង​ព័ត៌មាន ជា​ការ​បំភិតបំភ័យ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នកសារព័ត៌មាន​ដែល​ហ៊ាន​និយាយ​ចំណុច​ខ្វះចន្លោះ​របស់​រដ្ឋាភិបាល និង​អ្នកមាន​អំណាច​មួយចំនួន។

អ្នកស្រី យន់ ស៊ី​នា​ត និយាយ​ថា៖ «សារព័ត៌មាន​ណា​ដែល​សរសេរ​ពី​ការរិះគន់​ពី​ភាព​អវិជ្ជមាន ដើម្បី​ឱ្យ​មានការ​កែ​លម្អ​សង្គម ដើម្បី​ឱ្យ​សង្គម​មានការ​រី​កចម្រើន ហើយ​ការ​ផ្ដល់​ព័ត៌មាន​ពិត​ប្រាកដ​ដើម្បី​បម្រើ​ផលប្រយោជន៍​សាធារណៈ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មានលទ្ធភាព​ក្នុង​ការ​ធ្វើ​សេចក្ដីសម្រេច​ចិត្ត មាន​លក្ខណៈ​រិះគន់​ក្នុង​ន័យ​ស្ថាបនា មិនសូវ​មានការ​ទទួលការ​ស្វាគមន៍​ទេ តែងតែ​ទទួលការ​បង្រ្កាប បំភិតបំភ័យ​ជា​រឿយ​ៗ រហូត​ទៅដល់​អ្នកសារព័ត៌មាន​ជាប់ពន្ធ​នា​គារ។ អាហ្នឹង​ជា​ការ​គំរាម​ទៅដល់​សេរីភាព​សារព័ត៌មាន»។

អ្នកសារព័ត៌មាន​កម្ពុជា ២​រូប​​ហើយ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ហើយ​ស្ថាប័ន​សារព័ត៌មាន​អនឡាញ​ចំនួន ៣ ត្រូវ​បាន​ក្រសួង​ព័ត៌មាន​សម្រេច​លុប​ចោល​អាជ្ញា​ប័ណ្ណ​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ដើម​ខែ​មេសា​កន្លង​មក។

និពន្ធ​នាយក​សារព័ត៌មាន​អនឡាញ TVFB លោក សុវណ្ណ រិទ្ធី ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៧ ខែ​មេសា ហើយ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​«ញុះញង់»​ផង​ដែរ​ ក្រោយ​ពី​បាន​ដក​ស្រង់​សម្ដី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​ថ្លែង​ថា រដ្ឋាភិបាល​គ្មាន​លទ្ធភាព​ជួយ​ដល់​ពលរដ្ឋ​រត់​ម៉ូតូ​ឌុប​នោះ​ឡើយ ហើយ​លោក​ជំរុញ​ឱ្យ​ពួកគេ​លក់​យាន​យន្ត​របស់​ពួកគេ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​សិន។ ភ្លាមៗ សារព័ត៌មាន​​អនឡាញ TVFB ត្រូវ​បាន​លុប​ចោល​អាជ្ញា​ប័ណ្ណ។

២០​ថ្ងៃ​ក្រោយ​មក គេហទំព័រ​សារព័ត៌មាន ចក្រវាល ធីវី អនឡាញ (CKV TV Online) របស់លោក ចាន់ ឫទ្ធី ក៏ត្រូវបានក្រសួងព័ត៌មានលុបអាជ្ញាប័ណ្ណចោលដែរ ដោយក្រសួងថា សារព័ត៌មានមួយនេះ បានរំលោភយ៉ាង«ធ្ងន់ធ្ងរ»លើក្រមសីលធម៌វិជ្ជាជីវៈ និងបំពានលើកិច្ចសន្យា។

របាយការណ៍ប្រចាំឆ្នាំ​២០២០ របស់អង្គការអ្នករាយការណ៍ព័ត៌មានគ្មានព្រំដែន (RSF) ដែលទើបចេញផ្សាយកាលពីខែ​មុន បង្ហាញថា សេរីភាពសារព័ត៌មាននៅកម្ពុជា បានធ្លាក់ចុះមួយលេខថែមទៀត មកនៅ​ចំណាត់ថ្នាក់​១៤៤ នៅឆ្នាំនេះ នៅក្នុងចំណោម ១៨០ប្រទេសនៅលើពិភពលោក។

បើ​ធៀប​នឹង​បណ្ដា​ប្រទេស​ក្នុង​តំបន់​វិញ កម្រិត​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ទាប​ជាង​ថៃ ម៉ាឡេស៊ី ឥណ្ឌូ​នេ​ស៊ី ហ្វីលីពីន លើកលែងតែ​សិង្ហបុរី វៀតណាម ប៊្រុយ​ណេ និង​ឡាវប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ