ក្រុម​​សង្គម​​ស៊ីវិល​​ស្នើ​​រដ្ឋា​ភិបាល​​កែ​​ច្បាប់​​គ្រប់​គ្រង​​ប្រទេស​​ក្នុង​​ភាព​​អាសន្ន​​ដោយ​​មា​ន​ការ​ចូល​​រួម​​ពី​​តំណាង​ UN​​

​កងកម្លាំង​រាជរដ្ឋាភិបាល​កម្ពុជា យាម​ការពារ​នៅតំបន់​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត កាលពី​ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩​។ ​(រូបភាព៖ ជន ចាន់រ៉ែន)

ក្រុម​អង្គការ​សមាគម អំពាវនាវ​ទៅ​រដ្ឋាភិបាល​ឱ្យធ្វើ​វិសោធនកម្ម​បន្ទាន់​ ចំពោះ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​ ដោយមាន​ការចូលរួម​ពី​អ្នកជំនាញ​អន្តរជាតិ ដោយ​ថា ដើម្បី​បញ្ចៀស​ការ​គំរាមកំហែង «យ៉ាងធ្ងន់ធ្ងរ​ដល់​សិទ្ធិមនុស្ស» ធានា​ដោយ​រដ្ឋ​ធម្ម​នុញ។

សេចក្តី​ថ្លែងការណ៍​រួម​ចុះផ្សាយនៅ​ថ្ងៃពុធ​ម្សិលមិញ បណ្ដុំ​អង្គការ​សមាគម ៦៥ស្ថាប័ន បាន​លើកឡើង​ថា ច្បាប់​ដែល​រដ្ឋាភិបាល​ប្រកាស​ចូល​ជា​ធរ​មាន​ថ្មី​ៗនេះ តាក់តែង​ឡើង​ដោយ​មិន​មានការ​ពិគ្រោះ​គ្រប់គ្រាន់​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទេ។

​ពួក​គេ​ថា ខ្លឹមសារ​ច្បាប់​នេះ ត្រង់​មាត្រា៥ មាត្រា៧ មាត្រា៨ និង​មាត្រា៩ បាន​ដាក់កំហិត​សេរីភាព​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​គ្មាន​ដែន​កំណត់ និង​បំពាន​មាត្រា៨៦ និង១០២ នៃ​រដ្ឋធម្មនុញ្ញ។ក្រុង​អង្គការ​សង្គម​ស៊ីវិល ចាត់ទុកថា បទល្មើស​ព្រហ្មទណ្ឌ​វិញ ច្បាប់​នេះ​បាន​តម្រង់​គោលដៅ​ទៅលើ​អ្នកការពារ​សិទ្ធិមនុស្ស សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ ក៏​ដូច​ប្រជាពលរដ្ឋ​ទូទៅ​មាន​សភាព​ធ្ងន់ធ្ងរ។

សេចក្តី​ថ្លែងការណ៍​រួម ដែល​មាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អង្គការ​លី​កាដូ និង​សមាគម​មួយចំនួន​ទៀត បាន​កត់សម្គាល់​ថា បើ​ទោះបី​រដ្ឋាភិបាល​ថ្លែង​ថា ច្បាប់​នេះ​ស្របតាម​មាត្រា២២ នៃ​រដ្ឋធម្មនុញ្ញ និង​មាត្រា៤ នៃ​កតិ​កាស​ញ្ញាអន្តរជាតិ​ក៏ដោយ ប៉ុន្តែ ថា ច្បាប់​នេះ​មិន​មាន​ចែង​អំពី​បទប្បញ្ញត្តិ​ណាមួយ ដើម្បី​អនុវត្ត​វិធាន​នេះ​ទេ។

ក្រុម​អ្នកឃ្លាំមើល​ទាំងនោះ អំពាវនាវ​ទៅ​រដ្ឋាភិបាល ឱ្យពិគ្រោះ​យោបល់​ជាបន្ទាន់​ឡើងវិញ​ជាមួយ​អ្នក​ពាក់ព័ន្ធ រួម​ទាំង​ការិយាល័យ​ឧត្តម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស ព្រមទាំង​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ដើម្បី​ធានា​ថា ច្បាប់​នេះ​គោរព​កាតព្វកិច្ច​សិទ្ធិមនុស្ស​របស់​កម្ពុជា។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន បាន​ច្រានចោល​ការ​លើកឡើង​នេះ ដោយ​ថា បណ្តុំ​អង្គការ​ទាំងនោះ ​ហាក់​មិនទាន់​យល់​ច្បាស់​ពី​ខ្លឹមសារ​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​នេះ​នៅឡើយ។

អ្នកនាំពាក្យ​រូប​នេះ អះអាង​ទៀត​ថា បញ្ញត្តិ​ក្នុង​ច្បាប់​គ្រាអាសន្ន ថ្វីត្បិត​មាន​ចរិតរឹតត្បិត​សេរីភាព​មែន ប៉ុន្តែ លោក​ថា តប​តាម​បទដ្ឋាន​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ រួម​ទាំង​សេចក្តី​ប្រកាស​ជាសកល​ស្តី​ពី​សិទ្ធិមនុស្ស កតិកាសញ្ញា​ស្តី​ពី​សិទ្ធិពល​រដ្ឋ និង​សិទ្ធិ​នយោបាយ ​ជាដើម។

លោក​ ជិន ម៉ា​លីន៖ «វិធានការ​ដែល​កំណត់​នៅក្នុង​ច្បាប់​របស់​កម្ពុជា ​មិនមែន​ជា​វិធា​ន​ការដែល​រដ្ឋាភិបាល​អាច​ប្រើ​បាន​ខុស​ដែន​កំណត់​ដូច​ពួក​គាត់​យល់​ខុស​នោះ​ទេ គឺ​មាន​យន្តការ​នៃ​ការ​តាមដាន​ត្រួតពិនិត្យ មាន​លក្ខខណ្ឌ​ច្បាស់លាស់​នៃ​ការ​ដាក់ចេញ​វិធានការ រួម​ទាំង​មានការ​ទទួលខុសត្រូវ​សម្រាប់​មន្ត្រី​ដែល​អនុវត្ត​វិធាន​​នោះ​ផង»។

អ្នកជំនាញ​ផ្នែក​ច្បាប់​នៅ​អង្គការ​សង្គម​ស៊ីវិល លោក​មេធាវី សុក សំ​អឿន និយាយ​ថា ការ​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ សិទ្ធ​មួយចំនួន​ត្រូវ​បាន​ដកហូត។ ប៉ុន្តែ លោក​ថា ប្រទេស​ប្រជាធិបតេយ្យ​គេ​មិន​ធ្វើ​ច្បាប់​ទូលាយ​ក្នុង​ការប្រើ​ប្រាស់​កងទ័ព​ដើម្បី​ទប់ស្កាត់​បញ្ហាផ្ទៃក្នុង​ទេ។

មេធាវី​រូប​នេះ បង្ហាញ​ការយល់ឃើញ​ថា ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រា​អាស​ន្ន​ដែល​កំពុង​ចូលជាធរមាន គួរ​ចែង​លម្អិត​ជាង​នេះ ពី​ការ​អនុញ្ញាតិឱ្យ​រដ្ឋាភិបាល​ប្រើប្រាស់​កងទ័ព ដើម្បី​ចៀស​វាង​អនុវត្ត​ផ្ទុយពី​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ។

លោក​ថា៖ «ក្នុងករណី​ហ្នឹង​ ក៏​វា​ពាក់ព័ន្ធ​ទៅ​នឹង​ការប្រើ​ប្រាស់​កងទ័ព​ដែរ ​ព្រោះ​ធម្មតា​ ដើម្បីឱ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​រឹងមាំ ​យើង​មិន​ចេះតែ​ប្រើ​កងទ័ព​ឱ្យ​ជួយ​កិច្ចការ​ផ្ទៃក្នុង​ទេ ព្រោះ​យើង​មាន​ប៉ូលិ​សហើយ ព្រោះ​ប៉ូលិ​សគេ​យល់​ច្បាប់​ច្រើន បើ​ខាង​កងទ័ព​រៀន​តែ​ប្រយុទ្ធ​ហ្នឹង មាន​ប្រើ​ច្បាប់​ណា​?»

ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រទេសជាតិ​ក្នុង​ស្ថានភាព​អាសន្ន ត្រូវ​ប្រ​មុ​ខរដ្ឋ​ស្តីទី​ លោក សាយ ឈុំ ចុះ​ហត្ថ​លេខាដាក់ឱ្យប្រើប្រាស់​ក្នុង​ស្ថានភាព​ប្រញាប់ កាលពី​ថ្ងៃទី២៩ ខែមេសា​ឆ្នាំនេះ។ ច្បាប់​នេះ​មាន ៥ជំពូក ​និង ១២មាត្រា ។

មាត្រា ៥ នៃ​ច្បាប់​នេះ រដ្ឋាភិបាល​អាច​កម្រិត​សិទ្ធិការ​ធ្វើដំណើរ ការ​ជួបជុំ សកម្មភាព​ការងារ មុខរបរ ដកហូត​ការគ្រប់គ្រង ការចាត់ចែង​ទ្រព្យសម្បត្តិ និង​គ្រប់គ្រង​មធ្យោបាយ​ព័ត៌មាន​ជាដើម។

ទោ​សប្ប​ញ្ញ​ត្តិ​វិញ អ្នកប្រឆាំង​នឹង​វិធានការ​នេះ អាច​ជាប់ពន្ធ​នា​គារ​ពី ១ឆ្នាំ ដល់ ១០ឆ្នាំ តាម​ស្ថាន​ទម្ងន់ទោស ពិន័យ​ជា​ប្រាក់​ចន្លោះ​ពី ១លាន ដល់ ១០០លាន​រៀល ករណី​រក​ឃើញថា បាន​បង្ក​ឱ្យ​មាន​ចលាចល​សង្គម និង​សន្តិសុខជាតិ។

អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ លោកស្រី រ៉ូ​ណា ស្មី​ត តាម​សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃទី១៧ ខែមេសា បាន​ចាត់ទុក «ច្បាប់​គ្រប់គ្រង​ប្រទេស​ស្ថិត​ក្នុង​ភាព​អាសន្ន​នេះ រំលោភ​សិទ្ធ​ឯកជន រឹតត្បិត​ការ​បញ្ចេញមតិ​ដោយសេរី និង​ធ្វើ​ឱ្យ​ការ​ជួប​ប្រជុំ​ដោយសន្តិវិធី​ក្លាយជា​បទល្មើស​ព្រហ្មទណ្ឌ» និង​ថា ជា​ឧបសគ្គ​បង្ក​គ្រោះ​ថា្នក់​ដល់​សិទ្ធិមនុស្ស​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ