អ្នក​ខ្ចី​​ជំពាក់​ប្រាក់​​ជាង​១៣​ម៉ឺន​​នាក់ ​​ស្នើ​សុំ​​ស្ថាប័ន​​មីក្រូ​ហិរញ្ញ​វត្ថុ​​សម្រួល​លក្ខខណ្ឌ​​សង​​ប្រាក់​​ក្នុង​​វិបត្តិ​​កូ​វីដ​១៩​​

ការិយាល័យ ស្ថាប័ន ធនាគារ និងមីក្រូហិរញ្ញវត្ថុ នៅរាជធានីភ្នំពេញ។ (Matt Surrusco)

សមាគម​មីក្រូហិរញ្ញវត្ថុ អះអាង​ថា គិត​ត្រឹម​ថ្ងៃទី១០ ខែឧសភា មាន​អ្នក​ដែល​បាន​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ចំនួន​ជាង ១៣ម៉ឺន​នាក់ (១៣៧,១៥៨​) បាន​ដាក់ពាក្យ​ស្នើសុំ​ឱ្យ​ស្ថាប័ន​ហិរញ្ញវត្ថុ​នានា ដើម្បី​សម្រួល​លក្ខខណ្ឌ​សង​ប្រាក់ ឬរៀបចំ​ឥណទាន​ឡើងវិញ​ ក្រោម​ហេតុផល​បាត់បង់​ចំណូល​ក្នុង​ពេល​ផ្ទុះ​ជំងឺ​កូ​វីដ១៩។

សមាគម​អ្នកផ្ដល់​កម្ចី​មួយ​នេះ បាន​អះអាង​បែបនេះ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ខ្លួន​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃម្សិលមិញ​នេះ។

សមាគម​បន្ត​ថា ក្នុងចំណោម​អ្នកដាក់ពាក្យ​ស្នើ​សុំ​ពន្យារ​ពេល​បង់ប្រាក់​ទាំងនោះ​គឺ មាន​អ្នកខ្ចី​ប្រាក់​ចំនួន ១១៨,១៨២នាក់ ឬជិត ៩០ភាគរយ​ បាន​ទទួលការ​រៀបចំ​ឥណទាន​ឡើងវិញ ដែល​មាន​ប្រាក់ខ្ចី​សរុប​ជាង ៤៨៨លាន​ដុល្លារ។ ដោយឡែក ​អ្នកខ្ចី​ប្រាក់​ជាង ១ម៉ឺន ៨​ពាន់​នាក់​ទៀត មិន​ត្រូវ​បាន​អនុញ្ញាត ឬសម្រួល​លក្ខខណ្ឌ​សង​ប្រាក់​ឡើយ។

អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក កាំង តុង​ងី ថ្លែងប្រាប់​វី​អូ​ឌី​ថា គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា បាន​ទទួល​សំ​ណើភាគច្រើន​លើ​ការ​សុំ​ពន្យារ​ពេល​បង់ប្រាក់​ដើម​ រយៈពេល ៦ខែ ឬពន្យា​រពេល​បង់ប្រាក់​ទាំង​ការប្រាក់​ទាំង​ដើម ​រយៈពេល ៦ខែ។ លោក​ថា ក្រោយ​ការសិក្សា​រួចរាល់ ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ សម្រេច​ច្រានចោល​សំណើ​របស់​អ្នក​ជំពាក់​មួយចំនួន ដោយសារតែ​មិន​ត្រូវ​នឹង​លក្ខខណ្ឌ​កំណត់​របស់​ស្ថាប័ន​នី​មួយ​ៗ។

លោក កាំង តុង​ងី៖ «ជាង ១ម៉ឺន​នាក់​ហ្នឹង គឺ​មិនបាន​រៀបចំ​ឥណទាន​ជូន​ឡើងវិញ​ទេ។ ឧទាហរណ៍​ថា ករណី​ខ្លះ​ យើង​រក​ឃើញថា គាត់​មិន​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​កូ​វីដ១៩ទេ អ៊ីចឹង​ស្នើសុំ​ឱ្យ​អតិថិជន​បង់​ជា​ធម្មតា ទុក​លទ្ធភាព​ឱ្យ​អតិថិជន​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​។ ករណី​ខ្លះទៀត អតិថិជន​ហ្នឹង មាន​បញ្ហា​តាំងពី​មុន​កើត​កូ​វីដ​ហ្នឹង​ទៀត ក្នុងករណី​នេះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក៏​គេ​មិន​រៀបចំ​ឱ្យ​ដែរ»។

ធនាគារជាតិនៃកម្ពុជា ​បាន​ចេញ​សារាចរ​ណែ​នាំ​មួយ​កាលពី​ថ្ងៃទី២៧ ខែមីនា ដោយ​បង្គាប់​ឱ្យ​ស្ថាប័ន​ហិរញ្ញវត្ថុ​រៀបចំ​ឥណទាន​ឡើងវិញ​ជូន​អតិថិជន ដើម្បី​អនុគ្រោះ​ដល់​អតិថិជន​ដែល​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​បណ្ដោះអាសន្ន​ក្នុង​គ្រា​កូ​វីដ១៩។ ធនា​គារ​ជាតិ​ បាន​ផ្ដល់​ជម្រើស​ចំនួន ៩ ឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​យក​ទៅ​អនុវត្ត រួមមាន ​កាត់បន្ថយ​ប្រាក់ដើម​ឥណទាន ឬចំនួន​ដែល​ត្រូវ​សង​រំលស់ បន្ថយ​ការប្រាក់ ពន្យា​រពេល​សង​ប្រាក់ដើម និង​ការប្រាក់ ការ​ពន្យារ​ឥណ​ប្រ​ទិ​ទាន ឬពន្យារ​ពេល​សង​ប្រាក់ដើម​ក្នុង​ពេល​ដល់​ថ្ងៃ​ប្រមូល​បន្ថែម ឬផ្លាស់ប្ដូរ​អ្នក​រួម​ខ្ចី ឬអ្នកធានា ផ្លាស់ប្ដូរ​របៀប​បង់ប្រាក់​ពី​ការ​បង់​រំលស់​ទៅជា​ការ​បង់​តែ​ការប្រាក់​ លើកលែង ឬបន្ថយ​ទ្រព្យ​ធានា បន្ថយ​លក្ខខណ្ឌ​កិច្ចសន្យា ផ្ដល់​រយៈពេល​អនុគ្រោះ​ដោយ​គ្មាន​ការ​សង​ប្រាក់​ត្រលប់​(មិន​បង់​សោះ​)រយៈពេល ៦ខែ។

អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ លោក កាំង តុង​ងី អះអាង​ថា ស្ថាប័ន​ហិរញ្ញវត្ថុ​ទាំងនោះ ផ្ដល់​ការ​កែសម្រួល​លក្ខខណ្ឌ​បង់ប្រាក់​លើ​អតិថិជន ទាំង​ឥណទាន​ក្រុម​ធានា​ដែល​អ្នកខ្ចី​ចងក្រង​គ្នា​ជា​ក្រុម​ធានា​គ្នា​ទៅវិញទៅមក និង​ឥណទាន​បុគ្គល​ដែល​អ្នកខ្ចីបានខ្ចីប្រាក់​ម្នាក់ឯង​ដោយ​ដាក់​ទ្រព្យ​បញ្ចាំ ព្រមទាំង​អ្នកខ្ចី​បង់​រំលស់​ឧបករណ៍​ប្រើប្រាស់​ផង។

លោក កាំង តុង​ងី៖ «ការរៀបចំ​កម្ចី​ជូន​អតិថិជន នឹង​ធ្វើឡើង​សកម្ម​រហូតដល់​ចុងឆ្នាំ២០២០។ បើ​អតិថិជន​ណា​គាត់​មាន​បញ្ហា​ពិតប្រាកដ​ គាត់​អាច​ទាក់ទង​ភ្នាក់ងារឥណទាន ឬស្ថាប័ន​ដែល​គាត់​ខ្ចីប្រាក់ គេ ​[ស្ថាប័ន​ហិរញ្ញវត្ថុ​] នឹង​សិក្សា​ទៅលើ​ស្ថានភាព​ជាក់ស្ដែង និង​ទំហំ​ផល​ប៉ះពាល់។ គ្រឹះស្ថាន​ គេ​នឹង​ផ្ដល់​ជម្រើស​ជូន​អតិថិជន បើ​អតិថិជន​ទទួលយក​ជម្រើស​ណាមួយ​ គេ​នឹង​ផ្ដល់​ជូន​ពួក​គាត់»។

លោក កាំង តុង​ងី បន្ថែម​ថា អ្នកខ្ចី​ដែល​មាន​បញ្ហា​ហិរញ្ញវត្ថុ គឺ​មក​ពី​វិស័យ​សំខាន់​មួយចំនួន រួមមាន វិស័យ​សេវាកម្ម​ទេសចរណ៍ វិស័យ​ពាណិជ្ជកម្ម និង​វិស័យ​កសិកម្ម​ ជាដើម។ លោក​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អាច​រៀបចំ​ឥណទាន​ឡើងវិញ​ជូន​អតិថិជន​បាន លុះត្រាតែ​មានការ​ស្នើសុំ​ពីអ​តិថិ​ជន។

នាយករង​អង្គការ​លី​កាដូ លោក អំ សំអាត ថ្លែង​ស្វាគមន៍​ចំពោះ​ចំណាត់ការ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នេះ ប៉ុន្តែ លោក​លើកទឹកចិត្ត​ឱ្យ​ពង្រីក​ការងារ​នេះ​បន្ថែម​ទៀត ដោយ​លោក​ស្នើ​ឱ្យ​ស្ថាប័ន​ហិរញ្ញវត្ថុ​ត្រូវ​ផ្ដល់​ព័ត៌មាន​ទូលំទូលាយ​ពី​សំ​ណើសុំ​សម្រួល​របៀប​សង​ប្រាក់​នេះ។ លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ជាច្រើន​មិនទាន់​ដឹង​ថា ពួក​គាត់​អាច​សុំ​ពន្យារ​ពេល​សង​ប្រាក់ ឬស្នើសុំ​កែប្រែ​លក្ខខណ្ឌ​បង់ប្រាក់​ទៅ​ស្ថាប័ន​ហិរញ្ញវត្ថុ​បាន​នោះ​ឡើយ។

លោក អំ សំអាត៖ «បើសិនជា​គាត់ ​[ពលរដ្ឋ​] គ្មាន​លទ្ធភាព​សង ហើយ​មាន​មន្ត្រី​ឥណទាន​ចុះឡើង​ផ្ទះ​គាត់​ញឹកញាប់​ទៀត​នោះ ​គាត់​អាច​រត់ចោល​ផ្ទះ​ ឬធ្វើ​ចំណាកស្រុក​ដែល​មាន​ហានិភ័យ​ខ្ពស់។ មួយទៀត​ បើ​ដាក់​សម្ពាធ​ខ្លាំង ទំនងជា​គាត់​ [ពលរដ្ឋ​] អាច​បង្ខំចិត្ត​លក់​ផ្ទះ​លក់​ដី​សង​ទៅទៀត ​អាហ្នឹង​ជា​បញ្ហា។ មីក្រូហិរញ្ញវត្ថុ​ថា​ចង់​សម្រប​សម្រួល​ជាមួយ​ពួក​គាត់ [អតិថិជន​] តែ​ធ្វើ​យ៉ាងណា​ផ្សាយ​ឱ្យ​ទូលាយ ​កុំ​ដាក់​សម្ពាធ​ខ្លាំងពេក​លើ​ប្រជាពលរដ្ឋ នោះ​ជាការល្អ»។

សង្គម​ស៊ីវិល​ចំនួន ១៣៥អង្គភាព និង​សហគមន៍ កាលពី​ខែមេសា​កន្លងទៅ បាន​អំពាវនាវ​ទៅ​រដ្ឋាភិបាល និង​ធនាគារជាតិ ឱ្យ​បញ្ជា​ទៅកាន់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ (MFIs​) ឱ្យ​ពន្យារ​រាល់​ការ​សង​ប្រាក់កម្ចី និង​ការប្រាក់​យ៉ាងហោចណាស់ ៣ខែ និង​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជា​ទ្រព្យ​បញ្ចាំ​ដល់​កូនបំណុល​វិញ ដើម្បី​ចៀសវាង​ការ​គំរាមកំហែង​ដល់​សិទ្ធិ​កាន់កាប់​ដីធ្លី​ និងអាច​នាំ​ឱ្យ​មានការ​រំលោភសិទ្ធិមនុស្ស។ ប៉ុន្តែ មន្ត្រី​រដ្ឋាភិបាល​មិន​ឆ្លើយតប ខណៈ​ដែល​តំណាង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ រិះគន់​ថា ជា​សំ​ណើខ្វះ​វិជ្ជាជីវៈ​ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​វិស័យ​ហិរញ្ញវត្ថុ។

អ្នក​បើក​រថ​យន្ត​ឈ្នួលទៅមក បន្ទាយមានជ័យ​- ភ្នំពេញ លោក សែម សឿន ថ្លែងប្រាប់​វី​អូ​ឌី​ថា លោក​បាន​ខ្ចីប្រាក់​មីក្រូហិរញ្ញវត្ថុ​ជាង ១ម៉ឺន​ដុល្លារ​កាលពី​ឆ្នាំ២០១៩ ដើម្បី​បង្គ្រប់​ទិញ​ឡាន​រត់​ឈ្នួល​ (តាក់ស៊ី​)។ លោក​ថា លោក​ត្រូវ​បង់ប្រាក់​ជាង ៥០០ដុល្លារ​ក្នុង ១ខែ ប៉ុន្តែ ៣​ខែ​ចុងក្រោយ​នេះ លោក​រកចំណូល​មិនបាន ព្រោះ​មិនសូវ​មាន​អ្នក​ជិះឡាន​ដោយសារ​កូ​វីដ១៩។ លោក​ថា លោក​បាន​សុំ​ម្ចាស់​បំណុល​ពន្យារ​ពេល​សង​ប្រាក់​ទម្រាំ​ស្ថានភាព​កូ​វី​ដស្ងប់ស្ងាត់​វិញ ប៉ុន្តែ មិន​ទទួល​បានការ​យល់ព្រម​នោះ​ឡើយ។

លោក សែម សឿន ប្រាប់​ថា៖ «កាល​ខ្ចី​ ខ្ញុំ​យក​ប្លង់ដី​ម៉ែ​ខ្ញុំ​ដាក់ ដោយសារតែ​ដី​ខ្ញុំ​តូច​ពេក ​គេ​អត់ឱ្យ​លុយ​ច្រើន​គ្រប់​ទិញ​ឡាន។ តែ​ដល់ពេល​រត់ឡាន​មិនបាន យើង​អត់មាន​អី​បង់​ឱ្យ​គេ​ទេ ទៅ​សុំ​ពន្យារ​ដែរ ​តែ​គេ​ថា​ យើង​ខុស​លក្ខខណ្ឌ​គេ ព្រោះ​កាល​ខ្ចី​ដាក់​ថា លក់​ចាប់ហួយ។ យើង​ដាក់​ឱ្យ​តែ​បាន​លុយ​ទិញ​ឡាន​រកស៊ី​ទៅ ដល់​អីចឹង​មានតែ​បង់​យឺត​បង់​អី​ខ្វះ​ខ្លះ​អី​ទៅ ​គេ​ពិន័យ​ហូរហែ តែ​មិនដឹង​ធ្វើ​ម៉េច ​បើ​យើង​អត់​ ចេះតែ​ទ្រាំ​ទៅ»។

មន្ត្រី​សង្គម​ស៊ីវិល លើកឡើង​ថា ពលរដ្ឋ​ដែល​មាន​ប្រភព​ចំណូល​​មក​ពីការ​ធ្វើការ​រោងចក្រ អ្នកធ្វើការ​ងារ​សេវា​កម្សាន្ត ពលករ​ចំណាកស្រុក​នៅ​ក្រៅប្រទេស​ជាដើម អាច​នឹង​មិន​មានលទ្ធភាព​សងបំណុល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នោះ​ឡើយ។

អ្នកផ្ដល់​ប្រឹក្សា​ផ្នែក​ហិរញ្ញវត្ថុ លោក ង៉ែត ជូ មានប្រសាសន៍​ថា ស្ថាប័ន​ហិរញ្ញវត្ថុ​ត្រូវ​សិក្សា​ពី​លទ្ធភាព​រៀបចំ​ឥណទាន​ឡើងវិញ​ជូន​អតិថិជន ដោយមាន​ភាព​បត់បែន​ទៅតាម​ស្ថានភាព​ជាក់ស្ដែង។ លោក​ថា ធនា​គារ​ជាតិ​ក៏​គួរតែ​ណែ​នាំ​ឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ពង្រីក​ការ​ផ្ដល់​ការអនុគ្រោះ​លើ​ឥណទាន​វិ​ស័យ​ផ្សេង​ៗទៀត​លើ​ចំណាត់ការ​ដែល​មានស្រាប់។

លោក ង៉ែត ជូ ប្រាប់​ថា៖ «គ្រឹះស្ថាន​ទាំងអស់​ហ្នឹង​អាចយ​កកា​របក​ស្រាយ​ទៅ​លើ​ទិ​ដ្ឋភាព​ជាក់ស្ដែង​ ហើយ​ដាក់​សំ​ណើទៅ​ធនា​គារ​ជាតិ​ទៅ ឧទាហរណ៍​ថា​ គាត់​ខ្ចី​យក​មក​ធ្វើ​កសិកម្ម​ តែ​ប្រភព​ចំណូល​សង​ពី​រោងចក្រ ខាង​ស្ថាប័ន​ហិរញ្ញវត្ថុ​គួរ​អនុគ្រោះ​ដែរ។ បើ​ពន្យា​របាន ​គួរ​ពន្យារ​ថែមទៀត​ទៅ»។

សេចក្ដីប្រកាស​របស់​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ បង្ហាញថា គិត​ត្រឹម​ដំណាច់​ត្រីមាស​ទីមួយ​ឆ្នាំ២០២០ អ្នកខ្ចី​ប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ មាន​ចំនួន​ជាង ២លាន ២សែន​នាក់ សរុប​ទឹកប្រាក់​ជាង ៣០ម៉ឺន​លាន​រៀល ឬស្មើនឹង​ជាង ៧,៤០០លាន​ដុល្លារ។ អតិថិជន​ផ្ញើ​ប្រាក់​សរុប​មាន​ចំនួន​ជាង ២.៨លាន​នាក់ និង​មាន​ទំហំ​ទឹកប្រាក់​សរុប​ជាង ១៤ម៉ឺន​លាន​រៀល ឬស្មើ​នឹង​ង ៣,៦០០លាន​ដុល្លារ។ ផ្អែក​តាម​តួលេខ​នេះ អតិថិជន​ម្នាក់​ជាប់បំណុល​មីក្រូហិរញ្ញវត្ថុ​ប្រមាណ ៣៥០០ដុល្លារ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ