កម្មករ-កម្មការិនីបម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ឡាក់ឃី លី សាន់ឡុង (Lucky Ly Sunn Long Garment Co.Ltd) ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ បាននាំគ្នាដេកយាមមុខរោងចក្ររយៈពេល ៤ថ្ងៃហើយ ក្រោយសង្ស័យថា ថៅកែរត់ចោលដោយមិនបានបើកប្រាក់ឈ្នួល និងទូទាត់អត្ថប្រយោជន៍ជូនពួកគេ។
កម្មការិនីមានផ្ទៃពោះ ៨ខែ ដែលកំពុងយាមមុខរោងចក្រ ដោយបារម្ភខ្លាចមានការដឹកសម្ភារបន្ថែមទៀតនោះ អ្នកស្រី មិត វ៉ាន់នៀន រៀបរាប់ប្រាប់វីអូឌីថា ដំបូងឡើយ ថៅកែរោងចក្រ ឡាក់ឃី លី សាន់ឡុង បានព្យួរការងារកម្មករ ១ខែ គឺចាប់ពីថ្ងៃទី៤ ខែមេសា ដល់ថ្ងៃទី៤ ខែឧសភា ដោយតម្រូវឱ្យកម្មករទទួលប្រាក់ឈ្នួល ៥០ភាគរយនៃប្រាក់ឈ្នួលគោល។
កម្មការិនីផ្នែកដេរ វ័យ ២៥ឆ្នាំរូបនេះ បន្តថា ពេលដល់ថ្ងៃកំណត់ចូលមកដល់ នៅថ្ងៃទី៤ ខែឧសភា គឺថៅកែសុំពន្យារពេលព្យួរការងារកម្មករ ២ខែបន្ថែមទៀត ខណៈប្រាក់ឈ្នួលអំឡុងពេលព្យួរការងារពីខែមុន មិនទាន់បានបើកជូនកម្មករនៅឡើយ។
អ្នកស្រី មិត វ៉ាន់នៀន អះអាងថា អំឡុងពេលកម្មករឈប់សម្រាកនៅផ្ទះពេលព្យួរការងារនោះ គឺថៅកែបានលួចដឹកសម្ភារល្អៗចេញពីរោងចក្រអស់ និងបិទទ្វាររោងចក្រ ដោយមិនបានជូនដំណឹង និងដោះស្រាយសំណងជូនកម្មករត្រឹមត្រូវឡើយ។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំអំពាវនាវដល់ប្រមុខរដ្ឋាភិបាលជួយអន្តរាគមន៍ដោះស្រាយដល់ពួកខ្ញុំឱ្យបានឆាប់។ ជាពិសេសស្ត្រីមានផ្ទៃពោះ ពួកគាត់កំពុងជួបបញ្ហាច្រើនណាស់ ព្រោះពេលរោងចក្របិទទ្វារ គឺគាត់មិនទទួលបានសំណង ឬលុយអ្វីពីរោងចក្រទេ។ ពួកគាត់រំពឹងលើរឿងហ្នឹងហើយ ដើម្បីសម្រាលកូន។ ដល់ពេលថៅកែរត់ចោលអ៊ីចឹង ពួកគាត់អត់មានលុយទេ»។
កម្មការិនីដែលអះអាងថា បម្រើការងារនៅរោងចក្រ ឡាក់ឃី លី សាន់ឡុង អស់រយៈពេល ៤ឆ្នាំ អ្នកស្រី គង់ និច និយាយថា ករណីថៅកែបិទទ្វាររោងចក្រ និងមិនដោះស្រាយសំណងជូនកម្មករនេះ បានធ្វើឱ្យគ្រួសារអ្នកស្រីប្រឈមជួបការលំបាកក្នុងការចំណាយប្រចាំថ្ងៃ និងគ្មានលុយសងកម្ចីធនាគារឡើយ។
កម្មការិនីផ្នែកដេររូបនេះ ឱ្យដឹងថា មួយខែ អ្នកស្រីត្រូវបង់សងធនាគារប្រហែល ១៥០ដុល្លារ និងត្រូវចំណាយផ្សេងៗទៀត ដូចជា ថ្លៃបន្ទប់ជួល ទឹកភ្លើង ជាដើម។
អ្នកស្រីបន្ថែមថា៖ «កម្មករយើងកំពុងខ្វះលុយបង់ផ្ទះជួល ទឹកភ្លើង បង់ធនាគារ។ ឥលូវពិបាកខ្លាំងណាស់ ព្រោះផ្ទះជួលលើសមួយថ្ងៃ គេយកថែម ៣ម៉ឺនរៀលទៀត ខាងខ្ញុំនៅហ្នឹង។ ឥលូវខ្ញុំរើចេញហើយ ដោយសារអត់លុយបង់ឱ្យគេ»។
បើតាមអ្នកស្រី គង់ និច បច្ចុប្បន្ន សម្ភារនៅរោងចក្រ ឡាក់ឃី លី សាន់ឡុង នៅសល់បន្តិចបន្ដួចប៉ុណ្ណោះ និងជាសម្ភារចាស់ៗទៀត ដោយសារថៅកែលួចដឹកចេញអំឡុងពេលព្យួរការងារ ហើយអ្នកស្រីមិនរំពឹងថា សម្ភារដែលនៅសេសសល់នោះ អាចលក់យកមកដោះស្រាយសំណងជូនកម្មករបានសមរម្យនោះទេ។
វីអូឌីមិនអាចរកការឆ្លើយតបពីភាគីរោងចក្របានទេចំពោះករណីនេះ។
មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ជ័យ សុវណ្ណា ដែលចុះសម្របសម្រួលដោះស្រាយវិវាទការងារនៅរោងចក្រ ឡាក់ឃី លី សាន់ឡុង មានប្រសាសន៍ថា រហូតមកដល់ពេលនេះ ក្រសួងការងារមិនទាន់សម្រេចថាយ៉ាងណានៅឡើយទេ ដោយរង់ចាំការសម្រេចពីក្រុមកម្មករ។ លោកថា ក្នុងដំណើរការដោះស្រាយនោះ គឺកម្មករមួយក្រុមទាមទារដោះស្រាយតាមប្រព័ន្ធតុលាការ និងមួយក្រុមទៀតស្នើដោះស្រាយក្រៅប្រព័ន្ធតុលាការ។
ចំពោះករណីថា ថៅកែបិទទ្វាររោងចក្រ និងរត់ចោលនោះ គឺមន្ត្រីការងាររូបនេះសុំមិនឆ្លើយទេ ដោយលោកថា ក្រសួងការងារទុកឱសានវាទឱ្យថៅកែនោះពិចារណាចេញមុខមកដោះស្រាយសិន។
លោកបន្ថែមថា៖ «យើងចង់ធ្វើយ៉ាងណាឱ្យពួកគាត់មានការឯកភាពរួមមួយ។ ប្រសិនបើពួកគាត់ចង់ទៅប្រព័ន្ធតុលាការ យើងនឹងរៀបចំឯកសារ របាយការណ៍ដាក់ទៅឯកឧត្តមរដ្ឋមន្រ្តីដើម្បីឱ្យលោកពិនិត្យ ហើយរុញទៅដោះស្រាយតាមនីតិវិធីច្បាប់។ ប៉ុន្តែ បើពួកគាត់សម្រេចដោះស្រាយក្រៅប្រព័ន្ធតុលាការ អ៊ីចឹង គាត់ធ្វើលិខិតជូនដំណឹងទៅថៅកែ ទៅភាគីពាក់ព័ន្ធទាំងអស់ ដើម្បីចូលមកដោះស្រាយ ដោយទុកឱសានវាទយ៉ាងហោចណាស់ ៧ថ្ងៃដែរ។ បើក្នុងរយៈពេលថ្ងៃហ្នឹង អត់មានភាគីពាក់ព័ន្ធណាចូលមកដោះស្រាយ អ៊ីចឹងបងប្អូនកម្មករគាត់មានសិទ្ធិលក់សម្ភារឡាយឡុង ដើម្បីយកលុយទូទាត់ប្រាក់ឈ្នួលពួកគាត់»។
មន្ត្រីផ្នែកច្បាប់ និងដោះស្រាយវិវាទនៃសម័្ពន្ធសហជីពស៊ីខៅឌូ លោក ស៊ាង យ៉ូត មានប្រសាសន៍ថា តាមផ្លូវច្បាប់ នៅពេលរោងចក្របិទ ឬបញ្ឈប់កម្មករពីការងារ គឺការដោះស្រាយសំណងជូនកម្មករពឹងផ្អែកទៅលើកិច្ចសន្យាការងារ។
លោក ស៊ាង យ៉ូត បន្តថា ក្នុងករណីកម្មករប្រើប្រាស់កិច្ចសន្យាមិនកំណត់ ថៅកែត្រូវទូទាត់សំណងជូនកម្មករចំនួន ៥ចំណុច មានប្រាក់ខែចុងក្រោយ ប្រាក់ជូនដំណឹង ប្រាក់អតីតភាពការងារ ប្រាក់ជំងឺចិត្ត និងប្រាក់ដំណាច់ឆ្នាំ។
ចំពោះកម្មករដែលប្រើប្រាស់កិច្ចសន្យាកំណត់វិញ លោកថា ថៅកែត្រូវទូទាត់សំណងជូនពួកគេចំនួន ៤ចំណុចមាន ប្រាក់ឈ្នួលចុងក្រោយ ប្រាក់៥ភាគរយ ប្រាក់ដំណាច់ឆ្នាំដែលនៅសល់ និងប្រាក់ជំងឺចិត្ត ក្នុងករណីកិច្ចសន្យាការងាររបស់ពួកគេនៅសល់។
លោក ស៊ាង យ៉ូត បន្ថែមទៀតថា ក្នុងករណីថៅកែរត់បាត់ គ្មានលុយទូទាត់សំណងជូនកម្មករ គឺរដ្ឋាភិបាលត្រូវស្រាវជ្រាវស្វែងរកថៅកែឱ្យមកទទួលខុសត្រូវ ឬដកលុយដែលថៅកែតម្កល់នៅក្រសួងពាណិជ្ជកម្ម ឬបញ្ចេញកញ្ចប់ថវិកាណាមួយយកមកដោះស្រាយសំណងជូនកម្មករ។
ប្រធានសម្ព័ន្ធសហជីពស៊ីខៅឌូ លោក គង់ អាទិត្យ មានប្រសាសន៍ថា បច្ចុប្បន្ន លោកមើលឃើញរូបភាពអាក្រក់ពីររបស់ថៅកែរោងចក្រ ដែលកំពុងគេចវេសពីការដោះស្រាយសំណងជូនកម្មករ ក្រោមហេតុផលគ្មានអ្នកបញ្ជាទិញដោយសារបញ្ហាជំងឺកូវីដ១៩។
ប្រធានសម្ព័ន្ធសហជីពរូបនេះ បន្តថា ថៅកែរោងចក្រមួយចំនួន បានយកពេលវេលាអំឡុងព្យួរការងារ បិទទ្វាររោងចក្រ ហើយរត់ចោលដោយមិនបានដោះស្រាយសំណងជូនកម្មករត្រឹមត្រូវ និងថៅកែមួយចំនួនទៀត បានយកចន្លោះពេលព្យួរការងារនោះ ទៅបញ្ចប់កិច្ចសន្យាការងារកម្មករ ដោយមិនបានដោះស្រាយសំណងទៅតាមផ្លូវច្បាប់ឡើយ។
លោក គង់ អាទិត្យ បានស្នើឱ្យក្រសួងការងារចុះស្រាវជ្រាវ ឬធ្វើអធិការកិច្ចចំពោះរោងចក្រទាំងអស់នោះ ដើម្បីបង្ហាញភាពត្រឹមត្រូវពីមូលហេតុនៃការបិទអាជីវកម្មរបស់ខ្លួន។
លោកបន្ថែមថា៖ «ក្រសួងត្រូវធ្វើអធិការកិច្ចរកឱ្យឃើញថា រោងចក្រហ្នឹងបិទមែន ឱ្យវាប្រាកដជាបិទមែន ហើយមានភស្តុតាងអី? ហើយគោរពទៅតាមមាត្រាណានៃច្បាប់ការងារ ដោយមានការធ្វើអធិការកិច្ចឱ្យបានត្រឹមត្រូវ។ យើងមិនអាចធ្វើដូចរាល់ថ្ងៃហ្នឹងទេ។ ឧទាហរណ៍ថា ក្រុមហ៊ុនរំសាយកម្មករ រំសាយដោយសារមូលហេតុអី? ក្រុមហ៊ុននោះ ត្រូវធ្វើលិខិតដាក់ទៅក្រសួងឱ្យបានត្រឹមត្រូវ ដើម្បីយើងធ្វើនីតិវិធីបានត្រឹមត្រូវទាំងអស់គ្នា»។
បើតាមលោក គង់ អាទិត្យ មានរោងចក្រចំនួន ៦ហើយដែលបានបិទទ្វារខុសនីតិវិធីច្បាប់ និងដោះស្រាយជូនកម្មករមិនបានត្រឹមត្រូវនោះ។
វីអូឌីបានសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ តាមប្រព័ន្ធ Telegram ដែរ អំពីចំនួនរោងចក្រដែលបានបិទ ប៉ុន្តែ លោកមិនឆ្លើយតប៕