សាលា​ឧទ្ធរណ៍​​តម្កល់​​សេចក្ដី​សម្រេច​​សាលា​ដំបូង​ ជុំវិញ​​បណ្ដឹង​​ជំទាស់​​ការ​​ដាក់​​ភស្តុតាង​បន្ថែម​​

អតីតប្រធានគណបក្សប្រឆាំង លោក កឹម សុខា ជិះរថយន្តចាកចេញក្រោយពេលបញ្ចប់សវនាការនៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

តុលាការ​ជាន់ខ្ពស់​កម្ពុជា បានសម្រេច​រក្សា​សេចក្ដីសម្រេច​របស់​តុលាការ​ជាន់​ទាប ជុំវិញ​បណ្ដឹង​ជំទាស់​នឹង​ការ​ដាក់​ភស្តុតាង​ថ្មី​នៅក្នុង​ដំណើរការ​ជម្រះក្ដី​សំណុំរឿង​«ក្បត់ជាតិ»ចោល ​ទៅលើ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ផ្អាក​ដំណើរការ។

អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ លោក ទូច ថា​រិទ្ធ បាន​ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា ប្រធាន​ក្រុម​ចៅក្រម​ជំនុំជម្រះ លោក សេង ស៊ី​វុត្ថា កាលពី​ថ្ងៃម្សិលមិញ​នេះ បាន​យល់ស្រប​ទៅ​នឹង​សេចក្ដីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ខែមីនា​កន្លងមក ដែល​អនុញ្ញាត​ឱ្យ​មានការ​ដាក់បញ្ចូល​នូវ​ភស្តុតាង​ថ្មី​បន្ថែម​ទៀត ដោយ​ថា ការសម្រេច​នេះ​ស្របតាម​នីតិវិធី។

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ខុសច្បាប់​ហើយ​នោះ ត្រូវ​បាន​នាំ​យក​មក​ជំនុំជម្រះ​តាំងពី​ខែមករា​មក ជុំវិញ​សំណុំរឿង​ចោទប្រកាន់​«ក្បត់ជាតិ» ឬការ​ចោទ​ថា មេ​បក្ស​រូប​នេះ​បាន​ឃុបឃិតជាមួយ​រដ្ឋ​បរទេស​ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល។ ការចោទប្រកាន់​នេះ ត្រូវ​បាន​លោក កឹម សុខា ច្រានចោល។ ប្រសិនបើ​រក​ឃើញ​មានទោស លោក​នឹង​ប្រឈមមុខនឹង​ការ​ជាប់ពន្ធ​នា​គារ​ដល់ទៅ ៣០ឆ្នាំ។

ក្រុម​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា បាន​ជំទាស់​នឹង​សេចក្ដីសម្រេច​របស់​តុលាការ​រាជធានី​ភ្នំពេញ​កាលពី​ចុងខែ​មីនា​កន្លងមក​នេះ ដោយ​បាន​ចោទសួរ​ពី​មូលហេតុ​ដែល​ក្រុម​អយ្យការ​ត្រូវ​ដាក់បញ្ចូល​ភស្តុតាង​ថ្មី​នៅ​ដំណាក់កាល​ដំណើរការ​សវន​ាការ​ជំនុំជម្រះ​ក្ដី​នេះ ក្រោយពី​មេ​បក្ស​ប្រឆាំង​រូប​នេះ​ត្រូវ​បាន​ចាប់​ដាក់​ឃុំ​អស់​រយៈពេល​ជាង ២ឆ្នាំ​ ចាប់តាំងពី​ការ​ចាប់ខ្លួន​កាលពី​ឆ្នាំ២០១៧។

ដំណើរការ​សវន​ាការ​ជម្រះក្ដី​សំណុំរឿង​នេះ ត្រូវ​បាន​ពន្យារពេល​អស់​រយៈពេល ២ខែ​មក​ហើយ​ក្រោយពី​ក្រុម​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា និង​ក្រុម​មេធាវី​រដ្ឋាភិបាល បាន​ស្នើ​ផ្អាក​សវនាការ​អំឡុង​ពេល​ដែល​វីរុស​កូ​វីដ១៩ បន្ត​រាតត្បាត។

ភស្តុតាង​ថ្មី​ដែល​ស្នើ​ឡើង​ដោយក្រុម​អយ្យការ មាន​ឃ្លី​បវីដេអូ​ចំនួន ៧ មាន​បញ្ចូល​ទាំង​អក្សរ​រួចស្រេច ដែល​ត្រូវ​បាន​ដាក់បញ្ចូល​កាលពី​ចុងខែ​កុម្ភៈ​កន្លងមក និង​មាន​សេចក្ដីរាយការណ៍​របស់​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA​) ដែល​បង្ហាញ​ពី​ការបង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ២០១២ និង​វីដេអូ​យកចេញ​ពី​ការ​តវ៉ា​នៅ​ផ្លូវ វេង ស្រេង នៅ​ក្រោយ​ការបោះឆ្នោត​ជាតិ​ឆ្នាំ២០១៣។

និយាយ​ខាងក្រៅ​សាលាឧទ្ធរណ៍​ ក្រោយចេញ​ពីបន្ទប់​សវនា​ការ​កាលពី​ថ្ងៃពុធ អ្នកស្រី ម៉េ​ង សុភារី សហ​មេធាវី​មួយ​រូបការ​ពារ​ក្ដី​ឱ្យ​លោក កឹម សុខា បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា សាលាឧទ្ធរណ៍​សម្រេច​តម្កល់​សេចក្ដីសម្រេច​របស់​តុលាការ​ថ្នាក់ក្រោម ដោយ​ចៅក្រម​មួយ​រូប​និយាយ​ថា ភាគី​នៅក្នុង​បណ្ដឹង អាច​ដាក់​ភស្តុតាង​ដោយសេរី។

អ្នកស្រី សុភារី បាន​ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​តាម​ទូរសព្ទ​ថា ក្រុម​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា ខកចិត្ត​ចំពោះ​សេចក្ដីសម្រេច​របស់​សាលាឧទ្ធរណ៍ ហើយ​មិនទាន់​សម្រេច​ថា នឹង​ត្រូវ​ប្ដឹង​ជំទាស់​ទៅ​តុលាការ​កំពូល​ទៀត​ឬយ៉ាងណា​ទេ។

អ្នកស្រី សុភារី បន្ត​ទៀត​ថា អ្នកស្រី​មិន​គិតថា ភស្តុតាង​ដាក់​បន្ថែម​ថ្មី​នោះ នឹង​ដាក់បន្ទុក​លើ​កូនក្ដី​របស់​អ្នកស្រី​ឡើយ ប៉ុន្តែ ក្រុម​មេធាវី​មាន​ក្ដី​បារម្ភ​ថា សេចក្ដីសម្រេច​របស់​តុលាការ នឹង​អនុញ្ញាត​ឱ្យ​ភាគី​អយ្យការ​ដាក់បញ្ចូល​ភស្តុតាង​បន្ថែម​ទៀត​អំឡុង​ពេល​សវនា​ការ​ក្នុងករណី​ផ្សេង ដែល​ចំណុច​ទាំងនេះ​បញ្ជាក់​ថា រយៈពេល​នៃ​ការស៊ើបអង្កេត​កន្លងមក មិនសូវ​សំខាន់ ហើយ​បញ្ជាក់​ថា ការស៊ើបអង្កេត​កន្លងមក មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​សម្រាប់​យក​សំណុំរឿង​នេះ​មក​កាត់ក្ដី​នោះ​ឡើយ។

អ្នកស្រី សុភារី បន្ថែម​ថា នៅក្នុង​សំណុំរឿង​លោក កឹម សុខា នេះ ក្រុម​អយ្យការ​បាន​ចេញ​បញ្ជា​បិទ​បញ្ចប់​ការស៊ើបអង្កេត ហើយ​បញ្ជូន​សំណុំរឿង​ទៅ​ជំនុំជម្រះ​រួចហើយ។ អ្នកស្រី សុភារី បញ្ជាក់​ថា ដំណើរការ​ជំនុំជម្រះ​កើតឡើង​ក្រោយពី​មាន​ភស្តុតាង​គ្រប់គ្រាន់​សម្រាប់​ដាក់បន្ទុក​លើ​ជន​ត្រូវ​ចោទ។

អ្នកស្រី សុភារី និយាយ​ថា៖ «អ៊ីចឹង​ហើយ ខ្ញុំ​សូម​សួរ​ថា តើ​ភស្តុ​តាង​មុន​ៗមិន​គ្រប់គ្រាន់ ឬយ៉ាងម៉េច? បើ​មិន​គ្រប់គ្រាន់​ទេ ហេតុអ្វី​ត្រូវ​បញ្ជូន​សំណុំរឿង​នេះ​ទៅ​ជំនុំជម្រះ​?»

បើ​តាម​អ្នកស្រី សុភារី លោក កឹម សុខា ពុំ​បាន​បង្ហាញខ្លួន​ក្នុង​សវនាការ​នៅ​សាលាឧទ្ធរណ៍​នោះ​ឡើយ​កាលពី​ថ្ងៃពុធ ខណៈ​ដែល​លោក​មាន​ជំនួប​ពិភាក្សា​ជាមួយ​បណ្ដា​ទូត​បរទេស​នៅ​ឯគេហដ្ឋាន​របស់​លោក ​នៅ​រាជធានី​ភ្នំពេញ​ក្នុង​សប្ដាហ៍​នេះ។

យោង​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក អ្នកនយោបាយ​កម្ពុជា​រូប​នេះ បាន​ជួប​ជាមួយ​អគ្គរដ្ឋទូត​អាល្លឺម៉ង់ សហភាព​អឺរ៉ុប បារាំង និង​អូស្ត្រាលី ដែល​ជំនួប​ទាំងនេះ​កើតឡើង​មិនដល់​មួយ​សប្ដាហ៍​ផង ក្រោយពី​កម្ពុជា​ត្រូវ​បាន​សហភាព​អឺរ៉ុប​ដាក់​ក្នុង​បញ្ជី​នៃ​ប្រទេស​មាន​«ហានិភ័យ​ខ្ពស់»មាន​ប្រព័ន្ធ​ប្រយុទ្ធ​ទន់ខ្សោយ​ប្រឆាំង​នឹង​ការ​លាងលុយកខ្វក់ និង​ការ​ផ្ដល់​ហិរញ្ញវត្ថុ​ទៅ​ចលនា​ភេរវកម្ម។

លោក កឹម សុខា និង​លោក ហ៊ុន សែន បាន​ជជែកគ្នា​កាលពី​សប្ដាហ៍​មុន ​អំឡុង​ពិធីបុណ្យ​សព​ម្ដាយក្មេក​លោកនាយក​រដ្ឋមន្ត្រី ដោយ​រូបថត​នៃ​ជំនួប​អ្នក​ទាំងពីរ ត្រូវ​បាន​ចែកចាយ​ព្រោងព្រាត​លើ​បណ្ដាញ​សង្គម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ