អ្នកឃ្លាំមើលមួយចំនួនហៅការកកស្ទះសំណុំរឿងនៅតុលាការ ដែលបណ្តាលឱ្យពន្ធនាគារចង្អៀតណែន វាបានបង្កើតឡើងដោយកត្តាធំពីរ គឺទិដ្ឋភាពច្បាប់ និងអំពើពុករលួយក្នុងប្រព័ន្ធយុត្តិធម៌របស់កម្ពុជា ។
ក្រសួងយុត្តិធម៌ នៅសប្តាហ៍មុន បានបង្កើតគណៈកម្មការថ្មីមួយ ដើម្បីដោះស្រាយបញ្ហានេះ ក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មីគឺលោក កើត រិទ្ធ។
នាយករងអង្គការលីកាដូ និងជាអ្នកឃ្លាំមើលពន្ធនាគារ លោក អំ សំអាត និយាយថា ការកកស្ទះសំណុំរឿង រុញឱ្យចង្អៀតណែនក្នុងបន្ទប់ឃុំខ្លួន មកពីការអនុវត្តច្បាប់សម្រេចយកការឃុំខ្លួនបណ្តោះអាសន្ន ច្រើនជាងដាក់ជនសង្ស័យនៅក្រៅឃុំ ឬព្យួរទោស។
លោក អំ សំអាត និយាយទៀតថា កត្តាធំមួយទៀត គឺកង្វះការផ្សព្វផ្សាយអប់រំឱ្យពលរដ្ឋយល់ដឹងពីច្បាប់។
លោកថា៖ «ការអប់រំ ការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹងពីបញ្ហាផ្លូវច្បាប់ ដើម្បីកាត់បន្ថយបទល្មើស អាហ្នឹងក៏ជារឿងជួយកាត់បន្ថយនៃភាពចង្អៀតណែនក្នុងពន្ធនាគារដែរ»។
មន្ត្រីឃ្លាំមើលរូបនេះ កត់សម្គាល់ទៀតថា កត្តាចំបងមួយទៀត ច្បាប់បានចែងថា បទមជ្ឈឹម មន្ត្រីតុលាការអាចឃុំខ្លួនជនសង្ស័យពី៤ ទៅ ៦ខែ និងបទឧក្រិដ្ឋ អាចឃុំខ្លួនបានពី ៦ទៅ ១៨ខែ បិទការស៊ើបអង្កេត ហើយច្បាប់ទុកពេលឱ្យ ២ទៅ ៤ខែទៀត ទើបបញ្ជូនទៅជម្រះ។
បើតាមលោក អំ សំអាត បញ្ហាមួយទៀតដែលបង្កឱ្យកកស្ទុះសំណុំរឿង និងឃុំខ្លួនជនសង្ស័យលើសពេលកំណត់ដែរនោះ គឺការប្តូរចៅក្រោម ឬព្រះរាជអាជ្ញា ធ្វើឱ្យមានការពន្យារពេលនៃការស៊ើបអង្កេត រួមទាំងភាពមិនប្រក្រតីនៃការបញ្ជូនសំណុំរឿងទៅជម្រះជាដើម។
មន្ត្រីសង្គមស៊ីវិលរូបនេះ អះអាងទៀតថា កត្តាចំបងមួយទៀត គឺការធ្វើការមិនស៊ីសង្វាក់គ្នា រវាងមន្ត្រីតុលាការ និងមន្ត្រីពន្ធនាគារ ដើម្បីឱ្យប្រាកដថា ជនជាប់ចោទពេលទទួលទោសចប់ ត្រូវតែដោះលែង។
លោកថា៖ «តាមផ្លូវច្បាប់ គាត់ដឹងហើយ ពេលអ្នកទោសចូលទៅ គាត់ដឹងហើយថា គេកាត់ទោសប៉ុន្មាន ហើយចប់ [អនុវត្តទោស] ប៉ុន្មាន។ អ៊ីចឹង នៅពេលជិតដល់ហ្នឹង គាត់ [មន្ត្រីពន្ធនាគារ] ដឹងហើយ គាត់ត្រូវរំឭកទៅព្រះរាជអាជ្ញាថា គាត់ [អ្នកជាប់ឃុំ] ជិតដល់កម្រិតទោសហើយ ដើម្បីឱ្យព្រះរាជអាជ្ញាហ្នឹងគាត់ចាត់វិធានការ បើអត់សាលក្រមទេ គាត់ត្រូវធ្វើម៉េចដើម្បីដោះលែងទាន់ពេលវេលា»។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី បង្ហាញការយល់ឃើញប្រហាក់ប្រហែលដែរថា បញ្ហានេះវាបានកើតឡើងពីកត្តាធំពីរ គឺទិដ្ឋភាពច្បាប់ និងការឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ។
លោក ប៉ិច ពិសី កត់សម្គាល់ថា ប្រទេសប្រជាធិបតេយ្យមួយចំនួនដែលគេអាចដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតុលាការ និងទប់ស្កាត់អំពើពុករលួយក្នុងប្រព័ន្ធតុលាការបាន ជម្រើសនៃការឃុំខ្លួនមានតិចតួចបំផុត។
លោកថា៖ «នៅស្រុកយើងពិបាកបន្តិច ដោយសារតែពុករលួយផងអីផង ភាគច្រើនឱ្យតែមានដីកាចាប់ខ្លួន មានការចោទប្រកាន់ គឺគេចាប់ខ្លួនតែម្តង នេះជាបញ្ហាមួយដែលពិបាក។ អ៊ីចឹង យើងកែសម្រួលបញ្ហាទាំងអស់ហ្នឹងទៅ អាចកែសម្រួលបានហើយ»។
ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ដែលសមត្ថកិច្ចចាប់ដាក់ពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ៤ខែ ២៨ថ្ងៃ ដោយទាមទារលក្ខខណ្ឌការងារឱ្យកម្មករនោះ បានអះអាងថា អ្នកជាប់ឃុំ គ្មានបងប្អូនទៅសួរសុខទុក្ខ ឬគ្មានលុយរត់ការដើម្បីតតាំាងក្តី ត្រូវបានឃុំខ្លួនលើសទំហំទោស។
លោកថា៖ «កាលខ្ញុំនៅត្រពាំងផ្លុង គាត់នោះ បងប្អូនអត់រវល់ គេអត់កាត់ក្តីឱ្យគ្នា ដល់អ៊ីចឹងនៅតាមដំណើរទៅ វាជារឿងមួយអយុត្តិធម៌ ទម្រាំកាត់ក្តី គាត់ជាប់ទោសលើសអាទោសដែលគេត្រូវកាត់ទៀត។ […] បើអ្នកមានលុយ មានបងប្អូនធ្វើការធំក្នុងរាជការ គេកាត់លឿន ពិសេសពួកឧកញ៉ាអីដែលពាក់ព័ន្ធគ្រឿងញៀន ព្រោះសុទ្ធជាអ្នកមានលុយ និងខ្សែរយៈ»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន អះអាងថា ក្រសួងបានរកឃើញបញ្ហានៃការកកស្ទះសំណុំរឿងនៅតុលាការនេះ ច្រើនជាងការអះអាងរបស់សង្គមស៊ីវិល ហើយថា នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ក្រសួងនឹងធ្វើសន្និសីទ ប្រាប់លម្អិតពីយុទ្ធនាការនេះ។
អ្នកនាំពាក្យរូបនេះ អះអាងថា យុទ្ធនាការនោះ បញ្ហាចំពោះមុខ ដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតុលាការ ចំណែកផែនការកែទម្រង់វែងឆ្ងាយ វាត្រូវការពេល។ ប៉ុន្តែថា បុគ្គលដែលឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ នឹងមិនលើកលែង។
លោកថា៖ «ជាទូទៅ អំពើពុករលួយជាអំពើបំពានច្បាប់ អ៊ីចឹងបើរកឃើញថា នរណាប្រព្រឹត្តអំពើពុករលួយ ត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ អាហ្នឹងអត់មានរឿងអីត្រូវលើកលែងទេ»។
យ៉ាងនេះក្តី លោក អំ សំអាត ហៅប្រសិទ្ធភាពនៃការដោះស្រាយបញ្ហាសង្គមប្រកបដោយតម្លាភាព វាលុះណាតែមានការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការ តបតាមរដ្ឋធម្មនុញ្ញ ដោយគ្មានការជ្រៀតជ្រែកពីអ្នកនយោបាយ ។
បើតាមមន្ត្រីរូបនេះ ពន្ធនាគារស្ទើរទូទាំងប្រទេសស្ថិតក្នុងស្ថានភាពចង្អៀតណែន ក្នុងនោះពន្ធនាគារព្រៃស បានប្រកាសឈប់ទទួលយកជនសង្ស័យឃុំខ្លួនបណ្តោះអាសន្នចាប់ពីខែមករាមក។
គម្រោងយុត្តិធម៌ពិភពលោក (World Justice Project) បានចេញរបាយការណ៍កាលពីឆ្នាំ២០១៩ វាយតម្លៃថា ប្រព័ន្ធយុត្តិធម៌កម្ពុជា ស្ថិតនៅជិតបាតតារាងក្នុងចំណោម ១១៣ប្រទេសលើពិភពលោក ពោលគឺជាប្រទេសមាននីតិរដ្ឋទាប។
របាយការណ៍បញ្ជាក់ថា ចំណាត់ថ្នាក់យុត្តិធម៌របស់កម្ពុជា គិតក្នុងឆ្នាំ២០១៧ និង២០១៨ ជាប់ចំណាត់ថ្នាក់ទី ១១២ ក្នុងចំណោម ១១៣ ប្រទេស។
អង្គការតម្លាភាពអន្តរជាតិ កាលពីចុងខែមករាឆ្នាំនេះ បានចេញរបាយការណ៍វាយតម្លៃថា កម្ពុជាមានអំពើពុករលួយខ្លាំងជាងគេ បើធៀបនឹងប្រទេសទាំង ១០ ដែលជាសមាជិកអាស៊ាន។ ការវាយតម្លៃនេះ ផ្តោតលើប្រទេសចំនួន ១៨០៕